ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ពុធ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០
ខេត្តបាត់ដំបង ៖ ស្ត្រីប្រកបរបររកស៊ីផ្លូវភេទយ៉ាងតិចចំនួន១០នាក់ ត្រូវបានកំលាំងនគរបាលការិយាល័យជំនាញនៃស្នងការដ្ឋានខេត្ត សហការជាមួយអង្គការ «ស៊ីសា» ឆ្មក់ចូលទៅរំដោះចេញពីផ្ទះបនស្រីពេស្យាមួយកន្លែងនៅភូមិភ្នំ តូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ជាប់ព្រំដែនសៀម កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៨ ធ្នូ ហើយថៅកែស្រីម្នាក់ដែលជាម្ចាស់ផ្ទះបននេះក៏ត្រូវបានចាប់ខ្លួន ផងដែរ ។ លោកកុយ ហៀង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្តបានថ្លែងថា កិច្ចប្រតិបត្តិការបង្ក្រាបផ្ទះបនស្រីពេស្យានៅតំបន់ព្រំដែន ខាងលើនេះ គឺមានការសហការពីអង្គការ «ស៊ីសា» ដែលជាដៃគូផងដែរ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត ។ លោកនាយការិយាល័យរូបនេះ បានបន្តទៀតថា ផ្ទះបនស្រីមួយនេះ ជ្រកក្រោមស្លាកផ្ទះសំណាក់យីហោ «ភ្នំតូច» ហៅ «កុលាបស» ប៉ុន្តែធាតុពិតមានតែបន្ទប់សំរាប់វ៉ៃសិច និងបន្ទប់ខារា៉អូខេតែប៉ុណ្ណោះ ។ លោកកុយ ហៀង បានបញ្ជាក់ថា យើងបានរំដោះពួកនាងៗដែលរកស៊ីផ្លូវភេទបានចំនួន១០នាក់ និងថៅកែស្រីម្នាក់ត្រូវបានចាប់ខ្លួន រួមជាមួយវត្ថុតាងមួយចំនួនទៀត ។
ថៅកែស្រីដែលត្រូវបានចាប់ខ្លួននោះឈ្មោះអិុច ស្រីមុំ អាយុ៤៦ឆ្នាំ និងពួកនាងៗទាំង១០នាក់នោះ ១-ឈ្មោះស៊ាន កញ្ញារ៉ា អាយុ៣២ឆ្នាំ ២-ឈ្មោះឆូយ ស៊ីថា អាយុ២២ឆ្នាំ ៣-ឈ្មោះពៅ លក្ខណា អាយុ២៥ឆ្នាំ ៤-ឈ្មោះខាត់ ចន្ធូ អាយុ២៥ឆ្នាំ ៥-ឈ្មោះទី ស្រីពៅ អាយុ២២ឆ្នាំ ៦-ឈ្មោះនូ ស្រីធា អាយុ២៦ឆ្នាំ ៧-ឈ្មោះណា ស្រីអូន អាយុ២៥ឆ្នាំ ៨-ឈ្មោះខៀវ ស្រីលីន អាយុ២០ឆ្នាំ ៩-ឈ្មោះយូ ស្រីអូន អាយុ២២ឆ្នាំ និង១០-ឈ្មោះហួង ស្រីវី អាយុ២៩ឆ្នាំ ។ សមត្ថកិច្ចនិយាយថា ពួកនាងសុទ្ធតែមកពីតាមបណ្តាខេត្តផ្សេងៗគ្នា ។
នៅពេលធ្វើការសាកសួរនៅក្នុងការិយាល័យនគរបាល ជំនាញ គ្មានចំលើយណាមួយដែលពួកនាងៗឆ្លើយថា មានការបង្ខិតបង្ខំពីថៅកែស្រី របស់ពួកគេទេ ។ ពួកនាងនិយាយថា ពួកនាងមានតួនាទី២សំខាន់ៗនៅក្នុងបនស្រីនេះ គឺទី១ ច្រៀង និងបំរើពួកបុរសនៅក្នុងបន្ទប់ខារ៉ាអូខេ និងទី២ លក់ខ្លួនឱ្យពួកបុរសនៅនឹងកន្លែងនេះតែម្តង ។ ពួកនាងៗទាំងនេះបញ្ជាក់ថា លក់ខ្លួនឱ្យពួកបុរសរួមភេទម្តងថ្លៃ២០០បាតទៅ៤០០បាត តាមកាលីបស្រីស្អាត ឬមិនស្អាត ប៉ុន្តែតំលៃនេះត្រូវបែងចែកពាក់កណ្តាលទៅឱ្យថៅកែស្រី។ នាងបានបញ្ជាក់បន្ថែមថា ពួកនាងគ្មានទទួលការបង្ខិតបង្ខំពីថៅកែស្រីទេ គឺពួកនាងសំរេចចិត្តធ្វើដោយខ្លួនឯង ។
ថៅកែស្រីឈ្មោះអ៊ិច ស្រីមុំ បាននិយាយដែរថា ពួកនាងៗទាំងនោះសុទ្ធតែស្ម័គ្រចិត្តទទួលបំរើភ្ញៀវដោយខ្លួនឯង ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។ ស្ត្រីមេបនរូបនេះបានបញ្ជាក់ថា ការស្នាក់នៅហូបចុក គឺខ្លួនជាអ្នកទទួលខុសត្រូវ ប៉ុន្តែពួកនាងត្រូវចែកប្រាក់ពាក់កណ្តាលមកឱ្យរូបខ្លួន ដែលបានមកពីការរួមភេទជាមួយភ្ញៀវ ។ មេបនដដែលនេះបានបន្តទៀតថា កន្លងមកខ្លួនធ្លាប់បានផ្អាកអាជីវកម្មខុសច្បាប់នេះម្តងម្កាល ដែរ ក្រោយពីសមត្ថកិច្ចបញ្ជាឱ្យបិទទ្វារ ប៉ុន្តែក្រោយមកខ្លួនបានបើកឱ្យដំណើរការវិញ បន្ទាប់ពីការបង្ក្រាបរបស់សមត្ថកិច្ចស្ងប់ស្ងាត់បន្តិច ។ ស្ត្រីរូបនេះក៏បានទំលាយផងដែរថា ការបើកទ្វារដំណើរការនូវមុខរបរមិនស្របច្បាប់នេះអាចធ្វើ ទៅបានក៏ដោយសារតែមានការផ្តល់សញ្ញាភ្លើងខៀវពីសមត្ថកិច្ច និងអាជ្ញាធរនៅស្រុកភ្នំព្រឹកនេះផងដែរ ពោលគឺគាត់បានបង់ប្រាក់សំណូកដល់ពួកគេគ្រប់លំដាប់ថ្នាក់នៅ ស្រុកភ្នំព្រឹកនេះ ។
លោកកុយ ហៀង នាយការិយាល័យជំនាញខាងលើនេះបានបញ្ជាក់ថា បើតាមការចុះស៊ើបអង្កេតកន្លងមក ផ្ទះបនស្រីនេះ គឺបើកបំរើសេវាផ្លូវភេទជាអាជីពតែម្តង ។ លោកបានបន្ថែមថា កន្លងមកកំលាំងរបស់លោកធ្លាប់ចុះទៅបង្ក្រាបប៉ុន្មានលើកហើយ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សរ ថេត ស្នងការខេត្ត ប៉ុន្តែផែនការនេះបានបែកធ្លាយធ្វើឱ្យម្ចាស់ផ្ទះបននេះបិទ ទ្វារមុនពេលសមត្ថកិច្ចរបស់លោកចុះទៅដល់ លុះនៅរសៀលថ្ងៃទី២៨ ធ្នូ ទើបកិច្ចប្រតិបត្តិការនេះបានជោគជ័យ ។ លោកកុយ ហៀង បានបន្តថា ស្ត្រីមេបនឈ្មោះអ៊ិច ស្រីមុំ អាចនឹងត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើសញ្ចារកម្ម និងផ្តល់ទីកន្លែងប្រកបរបររកស៊ីផ្លូវភេទ ហើយកំលាំងរបស់លោកកំពុងកសាងសំណុំរឿងបញ្ជូនស្ត្រីមេបនរូបនេះ និងវត្ថុតាងមួយចំនួនទៅកាន់តុលាការហើយ ៕
No comments:
Post a Comment