ច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ
អត្ថបទច្បាប់
មាត្រា៣ ៖ អាពាហ៍ពិពាហ៍គឺជាកិច្ចសន្យាដ៏ឧឡារឹកមួយ ធ្វើឡើងដោយបុរស និងស្ត្រីម្នាក់ដែលប្ដេជ្ញាខ្លួននឹងរួមសមគ្គសង្វាសជាមួយគ្នា តាមបញ្ញត្តិច្បាប់ហើយដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្ត របស់ខ្លួន។
អាពាហ៍ពិពាហ៍នឹងមានអានុភាពតាមលក្ខណៈច្បាប់បាន លុះត្រាតែអាពាហ៍ពិពាហ៍នោះធ្វើឡើងស្របតាមក្បួនខ្នាតដែលមានចែង ក្នុងច្បាប់នេះ។
ការពន្យល់អត្ថន័យច្បាប់៖
មានន័យថា មានការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់តែមួយគត់រវាងបុរសម្នាក់និង ស្ត្រីម្នាក់។ ប្រពន្ធទី២មិនស្របច្បាប់ទេ។ ត្រូវលែងលះគ្នាជាមុនសិនមុននឹងរៀបការជាមួយមនុស្សផ្សេងទៀត។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើប្ដីរបស់អ្នកមានប្រពន្ធចុង អ្នកអាចធ្វើបណ្ដឹងព្រហ្មទណ្ឌ ឬរដ្ឋប្បេវណីនៅតុលាការខេត្ត ឬក្រុងសម្រាប់ការរំលោភច្បាប់នេះ។ ចំណុចនេះមិនទាន់ប្រាកដនៅឡើយ។ ដោយផ្អែកទៅលើច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់គ្រឹះ មេធាវីខ្លះនិយាយថា ប្រពន្ធអាចធ្វើបណ្ដឹងអាជ្ញាប្រឆាំងនឹងប្ដីរបស់ខ្លួនបាន ប៉ុន្តែមេធាវីខ្លះនិយាយថាមិនអាច ពីព្រោះច្បាប់នេះមិនមាននៅក្នុងច្បាប់ព្រហ្មទណ្ឌ។ ប៉ុន្តែច្បាប់នេះនឹងមាននៅក្នុងពង្រាងច្បាប់ព្រហ្មទណ្ឌថ្មី នៅពេលដែលច្បាប់ព្រហ្មទណ្ឌថ្មីនេះត្រូវបានអនុម័តអោយប្រើប្រាស់ជា ផ្លូវការ។
អត្ថបទច្បាប់
មាត្រា៥៖ អាចរៀបអាពាហ៍ពិពាហ៍បាន បុរសចាប់ពីអាយុ២០ឆ្នាំឡើង នារីចាប់ពីអាយុ១៨ឆ្នាំឡើង។
ក្នុងករណីពិសេសបុរសដែលមានអាយុមិនទាន់ដល់២០ឆ្នាំ និងនារីដែលមានអាយុមិនទាន់ដល់១៨ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍ស្របច្បាប់បាន ប្រសិនបើនារីមានផ្ទៃពោះ ហើយមានការអនុញ្ញាតពីឪពុកម្ដាយ ឬអ្នកអាណាព្យាបាល។
ការពន្យល់អត្ថន័យច្បាប់៖
មានន័យថា បុរសអាចរៀបការបានទាល់តែមានអាយុ២០ឆ្នាំ ហើយស្ត្រីទាល់តែមានអាយុ១៨ឆ្នាំទើបអាចរៀបការបាន។ បើស្ត្រីមានផ្ទៃពោះ នាងអាចរៀបការនៅអាយុក្មេងជាងនេះបាន បើសិនជាមានការយល់ព្រមពីឪពុកម្ដាយរបស់នាង។ ច្បាប់នេះបំពាន នឹងមាត្រា៣១នៃរដ្ឋធម្មនុញ្ញ ព្រោះមានការចាត់ទុកស្ត្រីខុសពីបុរសទៅតាមច្បាប់។ យើងមិនដឹងថាច្បាប់នេះ នឹងមានការកែប្រែ ដោយគេនឹងដាក់ថា ទាំងបុរសទាំងស្ត្រីអាចរៀបការនៅអាយុ២០ឆ្នាំ ឬអាយុ១៨ឆ្នាំទាំងអស់គ្នា។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើសិនជាអ្នកមិនចង់រៀបការ ឬអ្នកមិនចង់អោយកូនស្រីរបស់អ្នករៀបការ អ្នកអាចនិយាយ ថា ច្បាប់តម្រូវអោយមនុស្សទាំងអស់គ្នាមានអាយុ២០ឆ្នាំសិនទើបរៀបការ បាន។ បើកូនស្រីរបស់អ្នកមានផ្ទៃពោះ ហើយនាងចង់រៀបការ ប៉ុន្តែអ្នកមិនចង់អោយនាងរៀបការ អ្នកអាចបដិសេធមិនអនុញ្ញាតអោយរៀបការបាន។
អត្ថបទច្បាប់
មាត្រា៩៖ ក្រោយពីអាពាហ៍ពិពាហ៍រលាយដោយមូលហេតុ ប្ដីស្លាប់ មោឃភាព នៃអាពាហ៍ពិពាហ៍ ឬលែងលះគ្នា នារីអាចរៀបអាពាហ៍ពិពាហ៍ថ្មីមួយទៀតបាន ប៉ុន្តែត្រូវស្ថិតនៅក្នុង វិធវភាព "ភាពមេម៉ាយ" ចំនួន៣០០ថ្ងៃគិតពីថ្ងៃដែលប្ដីស្លាប់ ឬពីថ្ងៃប្រកាសសាលក្រមដែលសម្រេច ពីមោឃភាពនៃអាពាហ៍ពិពាហ៍ ឬពីថ្ងៃប្រកាសសាលក្រមស្ថាពរនៃការការលែងលះ។ ក្នុងករណីដែលតុលាការប្រជាជនបានចេញដីកាសម្រេចអោយប្ដីប្រពន្ធនៅ បែកគ្នានោះសាលក្រមនៃការលែងលះ ត្រូវគិតវិធវភាពតាំងពីថ្ងៃដែលចេញដីកានេះ។
ប៉ុន្តែ បើនារីរៀបអាពាហ៍ពិពាហ៍មុនផុតរយៈពេល៣០០ថ្ងៃ ប្ដីដែលរៀបអាពាហ៍ពិពាហ៍ថ្មីនេះត្រូវចាត់ទុកជាឪពុករបស់កូនដែល កើតក្នុងអាពាហ៍ពិពាហ៍ថ្មីនេះ លើកលែងតែមានការជំទាស់ពីប្ដីមុន ដោយមានភស្តុតាងច្បាស់លាស់។
ការពន្យល់អត្ថន័យច្បាប់៖
មានន័យថា បន្ទាប់ពីប្ដីរបស់ខ្លួនស្លាប់ ឬក៏អាពាហ៍ពិពាហ៍ត្រូវបញ្ចប់ដោយការលះលែងគ្នា ឬក៏ត្រូវប្រកាសថា មិនស្របច្បាប់ ស្ត្រីអាចរៀបការម្ដងទៀតបាន ដោយរង់ចាំរយៈពេល៣០០ថ្ងៃសិន។ មូលហេតុដែលត្រូវរង់ចាំបែបនេះ ព្រោះថាស្ត្រីអាចមានផ្ទៃពោះ។ បើសិនជាកូនកើតមកក្នុងកំឡុងពេល៣០០ថ្ងៃនោះច្បាប់សន្មតថា ជាកូនរបស់ប្ដីមុននោះ។ បន្ទាប់ពីរយៈពេល៣០០ថ្ងៃនេះ កូនដែលកើតមកត្រូវសន្មតថាមិនមែនជាកូនរបស់ប្ដីមិននោះទេ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បន្ទាប់ពីលែងលះ អ្នកអាចប្ដឹងទៅតុលាការដើម្បីទារអោយឪពុករបស់កូននោះបង់លុយថ្លៃអាហារកិច្ច (ថ្លៃចិញ្ចឹមកូន)។
អត្ថបទច្បាប់
មាត្រា២២៖ អាពាហ៍ពិពាហ៍រវាងបុរសអាយុតិចជាង២០ឆ្នាំ ឬនារីអាយុតិចជាង១៨ឆ្នាំ ត្រូវទុកជាមោឃៈ។
អាពាហ៍ពិពាហ៍ដែលទុកជាមោឃៈនោះ នឹងលែងមោឃៈទៅវិញ កាលបើប្ដី ឬប្រពន្ធនោះចម្រើនវ័យដល់អាយុតាមបញ្ញត្តិច្បាប់ ឬក្នុងករណីដែលមានចែងក្នុងមាត្រា៥ វាក្យខណ្ឌទី២
ការពន្យល់អត្ថន័យច្បាប់៖
មានន័យថា ប្រសិនបើបុរសម្នាក់រៀបការនៅអាយុក្រោម២០ឆ្នាំ ឬស្ត្រីម្នាក់រៀបការនៅអាយុក្រោម១៨ឆ្នាំ នោះការរៀបការនោះពុំស្របច្បាប់ទេ។ ប៉ុន្តែត្រូវចងចាំថា ច្បាប់នេះរំលោភរដ្ឋធម្មនុញ្ញ ដែលតម្រូវអោយមានអាយុដូចគ្នាសម្រាប់បុរស និងស្ត្រី។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
ប្រសិនបើអ្នក ឬកូនរបស់អ្នករៀបការមុនអាយុដែលកំណត់ដោយច្បាប់ ការរៀបការនោះ នឹងមិនស្របច្បាប់ទេ។ ប៉ុន្តែដោយមូលហេតុថា ច្បាប់នេះរំលោភរដ្ឋធម្មនុញ្ញ យើងមិនអាចដឹងអោយច្បាស់ថា តើបុរសនិងស្ត្រីអាចរៀបការបាននៅ អាយុ១៨ឆ្នាំ ទាំងអស់គ្នា ឬអាយុ២០ឆ្នាំទាំងអស់គ្នា។
អត្ថបទច្បាប់
មាត្រា២៩៖ ក្នុងគ្រួសារប្ដីប្រពន្ធ ត្រូវមានភាពស្មើគ្នាលើគ្រប់ទស្សនៈ។
ការពន្យល់អត្ថន័យច្បាប់៖
មានន័យថាស្ត្រី និងបុរសមានសិទ្ធិស្មើគ្នាក្នុងការសម្រេចចិត្តក្នុងការរៀបការ នោះ។ គ្មាននរណាម្នាក់មានអំណាចជាងនរណាម្នាក់ទៀតទេ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើសិនជាប្ដីរបស់អ្នកចង់លក់របស់របរ ឬខ្ចីលុយ ឬយកកូនពីខ្លួន អ្នកអាចបញ្ឈប់គាត់បានព្រោះគាត់មិនអាចធ្វើអំពើទាំងនោះបានដោយ គ្មានការអនុញ្ញាតពីអ្នក។
ទី១៖ ប្រាប់មនុស្សទាំងឡាយដែលទាក់ទង -អ្នកទិញ ឬអ្នកអោយខ្ចីថាអ្នកពុំបានយល់ព្រមទេ ហើយប្រសិនគេមិនស្ដាប់ នោះការខ្ចី និងទិញនោះមិនស្របច្បាប់ទេ ហើយអ្នកនឹងប្ដឹងទៅតុលាការ។
ទី២៖ បើសិនជាប្ដីរបស់អ្នកនៅតែជំទាស់ ចូរប្ដឹងទៅតុលាការសុំអោយតុលាការបញ្ឈប់ប្ដីរបស់អ្នកកុំអោយធ្វើ អំពើខាងលើនេះព្រោះជាការរំលោភសិទ្ធិរបស់អ្នក។ យោងតាមមាត្រានេះ អ្នកអាចរៀបរាប់ថា អ្នកពុំបានយល់ព្រម ហើយអ្នកបានប្រាប់អ្នកទិញ ឬអ្នកអោយខ្ចីរួចហើយថា កុំអោយខ្ចី ឬទិញ។ អោយឯកសារប្ដឹងនេះទៅ អ្នកខ្ចី ឬអ្នកទិញផងដែរ ដើម្បីអោយគេដឹងថា ការទិញ ឬការអោយខ្ចីរបស់ពួកគេជាអំពើខុសច្បាប់ ហើយអ្នកអាចតប្ដឹងទៅតុលាការបាន។ ស្នើសុំអោយតុលាការចាត់អោយមានការជំនុំជម្រះអោយបានឆាប់ដើម្បី កុំអោយមានការ ខូចខាតមុនពេលមានសេចក្ដីសម្រេចរបស់តុលាការ។ ប្រាប់តុលាការថាការលក់ទ្រព្យសម្បត្តិ ឬការខ្ចីលុយនោះ និងធ្វើអោយកូននឹងរូបអ្នកជួបប្រទះ និងភាពក្រីក្រ ឬបាត់បង់ផ្ទះសំបែង ហើយនោះជាការងាររបស់តុលាការដែលត្រូវធ្វើការហាមឃាត់ការលក់ ឬការខ្ចីនេះ។
អត្ថបទច្បាប់
មាត្រា៣២៖ ប្រពន្ធ និងប្ដី មានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ ការអាស្រ័យផល ការចាត់ចែងទ្រព្យសម្បត្តិរួម។
សហព័ទ្ធម្នាក់ៗ មានសិទ្ធិពេញលេញក្នុងការប្រើប្រាស់ អាស្រ័យផល និងចាត់ចែងទ្រព្យផ្ទាល់របស់ខ្លួន។
ការពន្យល់អត្ថន័យច្បាប់៖
មានន័យថា ទាំងស្ត្រី និងបុរសអាចប្រើប្រាស់ទ្រព្យសម្បត្តិរួមដែលបានមកក្រោយការរៀប ការរបស់ពួកគេ។ ប្ដីរបស់អ្នកគ្មានសិទ្ធិហាមមិនអោយអ្នកប្រើប្រាស់ផ្ទះសំបែង យានជំនិះ គ្រឿងសង្ហារឹម ឬប្រាក់កាក់ដែលជាទ្រព្យសម្បត្តិរួម។ ទាំងប្ដីរបស់អ្នក និងខ្លួនអ្នកផ្ទាល់មានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់វត្ថុ ទាំងនោះ។ ប្ដីរបស់អ្នកពុំមានសិទ្ធិអោយអ្នកចាកចេញពីទ្រព្យសម្បត្តិឡើយ ហើយគាត់មិនអាចទុកទ្រព្យសម្បត្តិនោះដើម្បីប្រើប្រាស់តែម្នាក់ឯង ឡើយ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើសិនជាប្ដីរបស់អ្នកមិនអោយអ្នកប្រើប្រាស់ទ្រព្យសម្បត្តិរួមនោះ ទេ ឬក៏បណ្ដេញអ្នកចេញពីផ្ទះនោះចូរអ្នកប្ដឹងទៅតុលាការខេត្ត ឬក្រុង ដោយសុំអោយចៅក្រមចេញបញ្ជាអោយប្ដីរបស់អ្នក អនុញ្ញាតអោយអ្នកមានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ទ្រព្យ សម្បត្តិរួម។ ចូរអ្នកយកច្បាប់នេះ និងរដ្ឋធម្មនុញ្ញមាត្រា៣១ទាក់ទងនឹងសិទ្ធិស្មើគ្នាមកធ្វើជា អំណះអំណាង សុំអោយចៅក្រមបែងចែកទ្រព្យសម្បត្តិជាពីរ ហើយចែកពាក់កណ្ដាលម្នាក់ ឬក៏សុំអោយខ្លួនអាចប្រើប្រាស់ទ្រព្យសម្បត្តិរួមដូចដែលប្ដីអ្នក បានប្រើប្រាស់។ បើសិនជាប្ដីរបស់អ្នកបណ្ដេញអ្នកចេញពីផ្ទះ សុំអោយចៅក្រមចេញសេចក្ដីសម្រេចអោយបានឆាប់ ពីព្រោះប្ដីរបស់អ្នកបានរំលោភច្បាប់ និងធ្វើអោយអ្នក និងកូនរបស់អ្នកគ្មានទីលំនៅ។
អត្ថបទច្បាប់
មាត្រា៣៣៖ ទ្រព្យសម្បត្តិរួម គឺជាអ្វីៗទាំងអស់ដែលសហព័ទ្ធទាំងពីរ រកបានជាមួយគ្នា ឬសហព័ទ្ធណាម្នាក់រកបានក្នុងរយៈពេលមានចំណងអាពាហ៍ពិពាហ៍។
ការពន្យល់អត្ថន័យច្បាប់៖
មានន័យថាអ្វីៗ ដែលបានទិញ ទទួល ជួញដូរ ហើយដែលជាកម្មសិទ្ធិរបស់អ្នកនៅពេលឥលូវនេះ គឺស្ថិតនៅជាទ្រព្យសម្បត្តិរួមដែលពាក់កណ្ដាលជារបស់ប្រពន្ធ និងពាក់កណ្ដាលទៀតជារបស់ប្ដី។ ទ្រព្យសម្បត្តិរួមត្រូវតែជាទ្រព្យដែលទទួលបាននៅថ្ងៃទីមួយនៃ ការរៀបការនោះ និងថ្ងៃចុងក្រោយបំផុតនៅពេលចៅក្រមសម្រេចអោយលែងលះគ្នា វាមិនសំខាន់ទេថា នរណាម្នាក់បានចេញលុយទិញវត្ថុទាំងនោះ ហើយវាមិនសំខាន់ថា តើឈ្មោះរបស់អ្នកណានៅលើវត្ថុនោះដែរ រាល់វត្ថុណាដែលទទួលបានចាប់ពីពេលរៀបការមកជាទ្រព្យសម្បត្តិរួម។ ប្រាក់ដែលរកបានពីប្ដី និងប្រពន្ធទាំងពីរនាក់ជាទ្រព្យសម្បត្តិរួម។ ត្រូវចងចាំថា កិច្ចការក្នុងផ្ទះរបស់ស្ត្រីមានតម្លៃស្មើគ្នានឹងការងារដែលមាន ប្រាក់ចំណូលដែរ (មាត្រា៧០នៃច្បាប់អាពាហ៍ពិពាហ៍នឹងគ្រួសារ និងមាត្រា៣៦នៃរដ្ឋធម្មនុញ្ញ)។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
ប្រសិនបើប្ដីរបស់អ្នកនិយាយថា ទ្រព្យសម្បត្តិដែលទទួលបានក្រោយពេលរៀបការមិនមែនជារបស់អ្នក អ្នកអាចបង្ហាញច្បាប់នេះដល់គាត់បាន។ បើគាត់បដិសេធមិនអោយអ្នកប្រើប្រាស់ ឬគ្រប់គ្រងទ្រព្យសម្បត្តិនោះទេ អ្នកអាចប្ដីទៅតុលាការខេត្តក្រុង ដើម្បីបញ្ជាអោយគាត់ផ្ដល់សិទ្ធិស្មើគ្នាអោយអ្នកបានប្រើប្រាស់ ឬបែងចែកទ្រព្យសម្បត្តិជាពីរស្មើគ្នា។ បើអ្នកចង់ប្ដឹងលែងលះគ្នា អ្នកគួរតែស្នើសុំអោយបែងចែកទ្រព្យសម្បត្តិជាពីរស្មើគ្នា។ នៅពេលលែងលះគ្នា អ្នកគួរតែស្នើសុំអោយបែងចែកទ្រព្យសម្បត្តិជាពីរស្មើគ្នា។ នៅពេលលែងលះគ្នា អ្នកគួរសុំយកទ្រព្យសម្បត្តិដែលអ្នកមានមុនរៀបការយកមកអោយអ្នក តែម្នាក់គត់។ ស្រដៀងគ្នាដែរ ប្ដីរបស់អ្នកមានសិទ្ធិទទួលនូវទ្រព្យសម្បត្តិដែលគាត់មានតាំងពី មុនរៀបការ។
អត្ថបទច្បាប់
មាត្រា៣៥៖ ត្រូវធ្លាក់លើបន្ទុកទ្រព្យសម្បត្តិរួម៖
១-ការផ្គត់ផ្គង់គ្រួសារ និងចំណាយដើម្បីអប់រំ និងបណ្ដុះបណ្ដាលកូន។
២-បំណុល និងកាតព្វកិច្ចទាំងឡាយដែលសហព័ទ្ធទាំងពីរបានព្រមព្រៀងគ្នាសម្រេច ក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ ឬដែលសហព័ន្ធណាម្នាក់សម្រេចក្នុងរយៈពេលមានចំណងអាពាហ៍ពិពាហ៍ ដោយមានការយល់ព្រមពីសហព័ន្ធម្នាក់ទៀត។
៣-ការថែទាំ និងការគ្រប់គ្រងទ្រព្យសម្បត្តិរួម។
ការពន្យល់អត្ថន័យច្បាប់៖
១-ឪពុកម្ដាយទាំងពីរនាក់ មានកាទទួលខុសត្រូវក្នុងការឧបត្ថម្ភគ្រួសារ និងអប់រំកូនរបស់ខ្លួន។ត្រូវចងចាំថា ការងារជាមេផ្ទះមានតម្លៃស្មើនឹងការងារដែលទទួលបានប្រាក់ខែដែរ (មាត្រ៧០នៃច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ និងមាត្រា៣៦នៃរដ្ឋធម្មនុញ្ញ)។
២-មានន័យថា បំណុលដែលមានបន្ទាប់ពីរៀបការជាបំណុលរួម ហើយជំពាក់ទាំងប្រពន្ធនឹងប្ដី ប៉ុន្តែបំណុលនោះ ត្រូវទទួលបានដោយមានការព្រមព្រៀងទាំងប្ដីប្រពន្ធ។ ប្រសិនបើប្ដីមានបំណុលព្រោះស្រា ឬល្បែងដោយប្រពន្ធមិនបានដឹង និងមិនយល់ព្រម អ្នកអាចប្រាប់ប្ដីអ្នកថា បំណុលនោះជាបំណុលរបស់គាត់តែម្នាក់មិនមែនជាបំណុលរួមទេ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
១-បើសិនជាប្ដីរបស់អ្នកមិនព្រមអោយលុយអ្នកដើម្បីផ្គត់ផ្គង់ គ្រួសារ ឬក៏ដើម្បីការសិក្សារបស់កូនអ្នក អាចប្ដឹងទៅតុលាការសុំបញ្ជាអោយប្ដីរបស់អ្នកផ្ដល់លុយនោះដល់ អ្នក។ អ្នកអាចស្នើសុំអោយនិយោជករបស់គាត់បើកប្រាក់ខែរបស់គាត់អោយអ្នក ដើម្បីផ្គត់ផ្គង់គ្រួសារនិងកូន។
២-បើប្ដីរបស់អ្នកខ្ចីលុយ ឬជាអ្នកបង្កើតអោយមានបំណុល ហើយអ្នកមិនយល់ព្រមអោយមានបំណុលអ្នកត្រូវនិយាយអោយច្បាស់។ វាជាការល្អបំផុតដែលអ្នកសរសេរជាលាយលក្ខណ៍អក្សរថា អ្នកមិនយល់ព្រមទេ ហើយអោយច្បាប់ចម្លងនៃលិខិតនោះទៅប្ដីរបស់អ្នក និងអ្នកដែលអោយលុយប្ដីអ្នកខ្ចី។ ជាការល្អបើមានសាក្សីអាចបញ្ជាក់ថា អ្នកបានប្រាប់ប្ដីរបស់អ្នក ហើយអ្នកមិនបានយល់ព្រមអោយមានបំណុលទេ។ ហើយបើសិនជាម្ចាស់បំណុលទារលុយអ្នក ឬទារយកទ្រព្យសម្បត្តិរបស់អ្នកទៅសង អ្នកអាចយកមាត្រានេះមកប្រើបានដោយនិយាយថា បំណុលនោះពុំមែនជារបស់អ្នកទេ ប៉ុន្តែជារបស់ប្ដីអ្នក។ គេអាចយកទ្រព្យសម្បត្តិរបស់ប្ដី ឬទ្រព្យសម្បត្តិពាក់កណ្ដាលរបស់ប្ដីប៉ុណ្ណោះមកកាត់បំណុល។ គេមិនអាចកាត់បំណុលពីទ្រព្យសម្បត្តិរបស់អ្នក ឬពីទ្រព្យសម្បត្តិដែលជាចំណែកពាក់កណ្ដាលរបស់អ្នកឡើយ។ បើអ្នកលែងលះគ្នា ត្រូវរៀបរាប់ក្នុងពាក្យបណ្ដឹងថា អ្នកចង់អោយតុលាការបញ្ជាក់ថា បំណុលគាត់ជារបស់គាត់មិនមែនជារបស់រួមទេ។
អត្ថបទច្បាប់
មាត្រា៣៦៖ សហព័ន្ធម្នាក់ៗអាចប្រើប្រាស់សម្ភារៈដែលជាទ្រព្យសម្បត្តិរួមតាមការតម្រូវនៃសម្ភារៈនោះ។
សហព័ន្ធទាំងពីរនាក់ត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរួមជាមួយគ្នា។
សហព័ន្ធម្នាក់អាចទាមទារអោយសហព័ទ្ធ ម្នាក់ទៀតយល់ព្រមលើវិធានការចាំបាច់ដើម្បីថែទាំទ្រព្យសម្បត្តិ រួម ឬរក្សាទុកតម្លៃរបស់ទ្រព្យសម្បត្តិនោះ។
ការពន្យល់អត្ថន័យច្បាប់៖
ទាំងប្រពន្ធនិងប្ដីមានសិទ្ធិសម្រេចពីការប្រើប្រាស់ទ្រព្យ សម្បត្តិរួម។ គ្មាននរណាម្នាក់អាចប្រើប្រាស់ទ្រព្យសម្បត្តិ បើសិនជាប្ដី ឬប្រពន្ធមិនយល់ព្រម។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
ប្ដីរបស់អ្នកមិនអាចលក់ បោះចោល ឬប្រើទ្រព្យសម្បត្តិរួមអោយអស់ឡើយ បើសិនជាអ្នកមិនយល់ព្រម។ អ្នកអាចសុំតុលាការអោយជួយរូបអ្នក និងបញ្ជាអោយគាត់ចែកមកអ្នកពាក់កណ្ដាល។
អត្ថបទច្បាប់
មាត្រា៣៧៖ ទ្រព្យសម្បត្តិរួមអាចលក់ដូរ ឬធ្វើអំណោយបានលុះត្រាតែមាន ការព្រមព្រៀងពីសហព័ទ្ធទាំងពីរ។
ការពន្យល់អត្ថន័យច្បាប់៖
ប្រពន្ធ ឬប្ដីមិនអាចលក់ទ្រព្យសម្បត្តិរួមដោយគ្មានការអនុញ្ញាតពី ប្ដី ឬ ពីប្រពន្ធឡើយ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
ប្រសិនបើប្ដីរបស់អ្នកចង់លក់ទ្រព្យសម្បត្តិ តែអ្នកមិនយល់ព្រម គាត់មិនអាចលក់ទ្រព្យសម្បត្តិដោយស្របច្បាប់បានទេ។ វាជាការល្អបំផុតដែលអ្នកសរសេរជាលាយលក្ខណ៍អក្សរថា អ្នកមិនយល់ព្រមទេ ហើយអោយច្បាប់ចម្លងនៃលិខិតនោះទៅប្ដីរបស់អ្នក និងអ្នកដែលចង់ទិញទ្រព្យសម្បត្តិនោះ។
ជាការល្អបើមានសាក្សីអាចបញ្ជាក់ថា អ្នកបានប្រាប់ប្ដីរបស់អ្នក និងអ្នកទិញថាអ្នកមិនបានយល់ព្រមទេ។ ហើយបើសិនជាប្ដីរបស់អ្នកព្យាយាមលក់ទ្រព្យសម្បត្តិ តែអ្នកមិនយល់ព្រម អ្នកអាចប្ដឹងទៅតុលាការ ដោយនិយាយថាគាត់គ្មានសិទ្ធិធ្វើដូចនេះទេ ហើយអ្នកចង់បញ្ឈប់គាត់មិនអោយធ្វើបែបនេះទៀត។ អ្នកត្រូវសុំតុលាការអោយជំនុះជំរះអោយបានឆាប់ដើម្បីកុំអោយគាត់ អាចលក់ទ្រព្យសម្បត្តិបានមុន និងកុំអោយគាត់ធ្វើអោយរូបអ្នក និងកូនរបស់អ្នកបាត់បង់ផ្ទះសំបែង ឬធ្លាក់ខ្លួនក្រ។ អ្នកត្រូវអោយឯកសារមួយច្បាប់នោះទៅអ្នកទិញផងដែរ។ បន្ទាប់មកទៀត បើគេតែទិញទ្រព្យសម្បត្តិនោះទៀត អ្នកអាចសុំអោយតុលាការប្រកាសថា ការទិញនោះគឺខុសច្បាប់។
អត្ថបទច្បាប់
មាត្រា៣៩៖ ប្ដី ឬ ប្រពន្ធអាចប្ដឹងសុំលែងលះគ្នាបាន កាលបើមានមូលហេតុគ្រប់គ្រាន់បញ្ជាក់ថា ខ្លួនពុំអាចរស់នៅជាមួយគ្នាទៅទៀតបាន។
មូលហេតុជាអាទិ៍មានដូចខាងក្រោមនេះ៖
១.ការចុះចោលលំនៅសង្វាស ដោយឥតមូលហេតុត្រឹមត្រូវហើយឥតមានផ្គត់ផ្គង់ស្បៀងអាហារ និង ទំនុកបម្រុងកូនសោះ។
២.វាយដំឃោរឃៅ ធ្វើទុក្ខបុកម្នេញ ប្រមាថមើលងាយធ្ងន់ធ្ងរចំពោះសហព័ន្ធ ឬចំពោះបុព្វញាតិរបស់សហព័ន្ធនេះ។
៣.មានចរិយាផ្ទុយពីសីលធម៌ ឬប្រព្រឹត្តអនាចារ
៤.អពលានុភាពនៃលិង្គ
៥.បែកគ្នាអស់រយៈពេលជាង១ឆ្នាំ
ការពន្យល់អត្ថន័យច្បាប់៖
មានន័យថា បើសិនជាអ្នកចង់លែងលះគ្នា អ្នកត្រូវមានមូលហេតុមួយ ឬច្រើនដូចដែលបានរៀបរាប់។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើសិនជាអ្នកសុំលែងលះ អ្នកត្រូវតែសរសេរមូលហេតុ ដែលកើតឡើងចំពោះអ្នកទៅក្នុងឯកសារសុំលែងលះ ហើយអ្នកអាចមានមូលហេតុច្រើនជាងមួយ បើដូច្នេះអ្នកគួរតែបង្ហាញមូលហេតុទាំងអស់ដែលកើតឡើងចំពោះអ្នក។
អត្ថបទច្បាប់
មាត្រា៤០៖ ប្ដីប្រពន្ធអាចលែងលះគ្នាដោយស្ម័គ្រចិត្តបាន។
ការពន្យល់អត្ថន័យច្បាប់៖
មានន័យថា អ្នកនៅតែលែងលះបាន បើអ្នក និងប្ដីរបស់អ្នកព្រមព្រៀងគ្នាដោយមិនចាំបាច់មានមូលហេតុដែលកើត ឡើងចំពោះអ្នកដូចដែលបានរៀបរាប់នៅក្នុងមាត្រា៣៩។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើអ្នកសុំលែងលះ ហើយប្ដីរបស់អ្នកយល់ព្រម អ្នកត្រូវសរសេរចំណុចនេះថា ជាមូលហេតុនៃការលែងលះ ហើយសុំអោយប្ដីរបស់អ្នកស៊ីញ៉េរួចដាក់ពាក្យទៅតុលាការដើម្បីសុំ លែងលះ។
អត្ថបទច្បាប់
មាត្រា៤២៖ បណ្ដឹងសុំលែងលះគ្នា ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ចុះមូលហេតុដែលនាំអោយលែងលះគ្នា។
បណ្ដឹងនោះត្រូវដើមចោទយកទៅជូនតុលាការប្រជាជនខេត្តក្រុងផ្ទាល់ក៏ បាន ឬជួនគណៈប្រជាជនឃុំ ឬសង្កាត់ខាងលំនៅរបស់ចុងចម្លើយដោយខ្លួនឯងផ្ទាល់ក៏បាន។
ក្នុងករណីខាងក្រោយនេះ គណៈកម្មាធិការប្រជាជនឃុំ ឬសង្កាត់ ត្រូវធ្វើការផ្សះផ្សាក្នុងរយៈ១៥ថ្ងៃក្រោយពីបានទទួលពាក្យ បណ្ដឹង។ បើផ្សះផ្សាពុំបានសម្រេចត្រូវបញ្ជូនសំណុំរឿងជាបន្ទាន់ទៅតុលាការ ប្រជាជនខេត្ត ក្រុង។
ការពន្យល់អត្ថន័យច្បាប់៖
បើសិនជាអ្នកចង់លែងលះ អ្នកត្រូវសរសេរពាក្យបណ្ដឹងដាក់ទៅតុលាការក្រុង ឬខេត្តដែលអ្នករស់នៅហើយអ្នកក៏អាចប្ដឹងទៅឃុំ-សង្កាត់ ឬគណៈកម្មាធិការឃុំសង្កាត់ដែលប្ដីរបស់អ្នករស់នៅ បើសិនជាប្ដីរបស់អ្នកមិនរស់នៅជាមួយអ្នក។ មានតែការលែងលះដែលចេញពីតុលាការទេ ទើបអាចយកជាការបានទេ។
តុលាការមានកាតព្វកិច្ចជួយផ្សះផ្សាដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ របស់អ្នកបើសិនជាអាចធ្វើទៅបាន។ ដូច្នេះតុលាការធ្វើការផ្សះផ្សាបីលើកដើម្បីកុំអោយអ្នកលែងលះគ្នា។ លើកទីមួយ គឺធ្វើឡើងក្រោយ១៥ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកដាក់ពាក្យបណ្ដឹងសុំលែងលះ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
ការប្ដឹងលែងលះមិនមានទម្រង់អ្វីពិសេសទេ គឺគ្រាន់តែដាក់ពាក្យសុំជាលាយលក្ខណ៍អក្សរគឺជាការស្រេច ដោយអ្នកគ្រាន់តែបញ្ចូលឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់អ្នក និងប្ដីរបស់អ្នក ចំនួនកូន ឈ្មោះ និងអាយុរបស់ពួកគេ ពេលដែលអ្នករៀបការ មូលហេតុមួយ ឬច្រើននៃការលែងលះ តើអ្នកមានទ្រព្យសម្បត្តិរួមអ្វីខ្លះ? តើមានបំណុលរួមអ្វីខ្លះ? តើអ្នកមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងបំណុលផ្ទាល់ខ្លួនអ្វីខ្លះ? តើអ្នកចង់បានអ្វីខ្លះក្នុងចំណែកពាក់កណ្ដាលនៃទ្រព្យសម្បត្តិរួម ? តើបំណុលពាក់កណ្ដាលណាខ្លះដែលអ្នកនឹងសង? តើអ្នកណាគួរតែជាអ្នកថែរក្សាកូន? តើនៅពេលណាដែលអ្នកមិនមែនជាអ្នកថែរក្សាកូនអាចមកមើលកូនរបស់គេ បាន? តើអ្នកដែលមិនចិញ្ចឹមកូនគួរតែចេញលុយប៉ុន្មានដើម្បីចិញ្ចឹមកូន? តើប្ដីរបស់អ្នកគួរតែចំណាយប៉ុន្មានសម្រាប់អ្នករហូតដល់អ្នក ស្លាប់ ឬរៀបការម្ដងទៀត បើសិនជាអ្នកមិនមែនជាអ្នកខុសក្នុងការលែងលះនេះ។ ចូរអ្នកស៊ីញ៉េនិងចុះ ថ្ងៃ ខែ ឆ្នាំ នៅលើឯកសារនេះ។ អ្នកគួរតែរក្សាទុកមួយច្បាប់សម្រាប់ខ្លួនអ្នក និងមួយច្បាប់ទៀតសម្រាប់ប្ដឹងរបស់អ្នក។
អត្ថបទច្បាប់
មាត្រា៤៣៖ តុលាការប្រជាជនខេត្ត-ក្រុងត្រូវអញ្ជើញអ្នកប្ដឹងអោយចូលមក ហើយសម្រួលយ៉ាងណាតាមដែលខ្លួនយល់ឃើញដើម្បីបញ្ចូលចិត្តនោះអោយ ឈប់ប្ដឹង លើកលែងតែតុលាការប្រជាជនខេត្ត-ក្រុងយល់ឃើញថា ពាក្យសុំលែងលះគ្នានេះអាចមានហេតុធ្ងន់ធ្ងរណាស់។
ការពន្យល់អត្ថន័យច្បាប់៖
តុលាការនឹងអញ្ជើញប្រពន្ធ និងប្ដីទៅតុលាការបីដងដើម្បីធ្វើការផ្សះផ្សា ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ប៉ុន្តែបើវាមានមូលហេតុធ្ងន់ធ្ងរ សម្រាប់ការលែងលះគ្នានោះតុលាការមិនទាមទារអោយធ្វើការផ្សះផ្សាទេ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើសិនជាអ្នកប្ដឹងលែងប្ដីរបស់អ្នកដោយសារគាត់ប្រើអំពើហិង្សា ករណីនេះមិនចាំបាច់ធ្វើការផ្សះផ្សាទេ។ វាជាមូលហេតុធ្ងន់ធ្ងរមួយដែលតុលាការមិនគួរធ្វើការផ្សះផ្សាណា មួយទេ ពីព្រោះវាបណ្ដាលអោយមានគ្រោះថ្នាក់ដល់ប្រពន្ធនិងកូន។ ដូច្នេះបើសិនប្ដីរបស់អ្នកប្រើអំពើហិង្សា អ្នកត្រូវប្រាកដថា អ្នកបានបញ្ចូលរឿងនេះទៅក្នុងឯកសារដែលដាក់ទៅតុលាការ ហើយត្រូវយោងមាត្រានេះដើម្បីនិយាយថា មូលហេតុនេះធ្ងន់ធ្ងរ ហើយមិនមានការផ្សះផ្សាណាមួយត្រូវធ្វើឡើងឡើយ។ ចូរអ្នកប្រាប់តុលាការថា ពួកគេនឹងចំណេញពេលច្រើនបើសិនពួកគេមិនធ្វើការផ្សះផ្សា។
អត្ថបទច្បាប់
មាត្រា៤៤៖ ក្រោយពីបានទទួលដំណឹងសុំលែងលះ បើយល់ឃើញថា ជាការចាំបាច់ តុលាការប្រជាជនខេត្ត ក្រុង អាចចាត់វិធានការបណ្ដោះអាសន្នបាន ដូចជាការបំបែកលំនៅប្ដីប្រពន្ធ ការអោយថែរក្សាកូន ថែរក្សាទ្រព្យសម្បត្តិ ការផ្ដល់អាហារកិច្ច។ ក្នុងករណីនេះ មេធាវីនៃគូភាគីអាចចូលរួមស្ដាប់បាន។
ការពន្យល់អត្ថន័យច្បាប់៖
មានន័យថា មុននឹងមានការជំនុំជម្រះពីការលែងលះ តុលាការអាចចេញសេចក្ដីសម្រេចអោយប្ដី និងប្រពន្ធរស់នៅដាច់ពីគ្នាបណ្ដោះអាសន្នសិន។ ក្នុងរយៈពេលបណ្ដោះអាសន្ននេះ តើអ្នកណាគូររស់នៅក្នុងផ្ទះនៃចំណងអាពាហ៍ពិពាហ៍? តើកូនគួរតែរស់នៅជាមួយអ្នកណា? តើត្រូវធ្វើការបែងចែកទ្រព្យសម្បត្តិយ៉ាងដូចម្ដេច? ហើយតើអ្នកដែលមិនចិញ្ចឹមកូនបង់ប៉ុន្មានសម្រាប់កូន?
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
គ្មានទម្រង់ពិសេសសម្រាប់ស្នើសុំចេញសេចក្ដីសម្រេចបណ្ដោះអាសន្ននេះ ទេ។ បើសិនជាអ្នកនិងប្ដីរបស់អ្នកមិនអាចសម្រេចចិត្តទៅលើបញ្ហា ទាំងនេះបាន អ្នកគ្រាន់តែសរសេរពាក្យសុំទៅតុលាការអោយតុលាការចេញសេចក្ដី សម្រេចបណ្ដោះអាសន្នដោយយោងតាមមាត្រានេះ។ ចូរអ្នកប្រាប់តុលាការនូវអ្វីដែលអ្នកចង់អោយតុលាការសម្រេច។ តើគួរតែអោយប្ដី និងប្រពន្ធរស់នៅដាច់ពីគ្នាឬ? តើអ្នកណាគួរតែរស់នៅក្នុងផ្ទះនៃចំណងអាពាហ៍ពិពាហ៍? តើកូនៗគួរតែទៅរស់នៅជាមួយអ្នកណា? តើគួរតែចំណាយប៉ុន្មានសម្រាប់ផ្គត់ផ្គង់កូនៗ? តើគួរតែបែងចែកទ្រព្យសម្បត្តិរួមយ៉ាងដូចម្ដេច?
ចូរអ្នកប្រាប់អោយតុលាការចេញសេចក្ដីសម្រេចនេះអោយបានរហ័ស ពីព្រោះអ្នក និងកូនៗរបស់អ្នកត្រូវការកន្លែងសម្រាប់ស្នាក់នៅ និងការផ្គត់ផ្គង់សម្រាប់រស់។
អត្ថបទច្បាប់
មាត្រា៤៨៖ ប្រសិនបើដើមចោទដែលបានទទួលដ៏ការអញ្ជើញដោយត្រឹមត្រូវ ហើយមិនបានមកកាន់តុលាការប្រជាជនខេត្ត- ក្រុង ទាំងលើកទីមួយ ដោយគ្មានមូលហេតុនោះ ត្រូវចាត់ទុកថាសុខចិត្តឈប់ប្ដឹង។
ការពន្យល់អត្ថន័យច្បាប់៖
បើសិនជានៅអំឡុងពេលដែលអ្នកដាក់ពាក្យសុំលែងលះ ហើយអ្នកទទួលបានដីកា(សំបុត្រ)ពីតុលាការប្រាប់អ្នកពីពេលវេលា និងទីកន្លែងសម្រាប់ធ្វើការផ្សះផ្សា អ្នកត្រូវតែទៅកុំខាន។ បើសិនជាអ្នកមិនចូលទៅផ្សះផ្សានោះទេ តុលាការនិងសម្រេចថា អ្នកលែងចង់ប្ដឹងទៀតហើយ រួចហើយតុលាការនឹងបិទសំណុំរឿងរបស់អ្នកឈប់ចាត់ការ។ ក្នុងករណីនេះបើសិនជាអ្នកចង់លែងលះ អ្នកត្រូវចាប់ផ្ដើមធ្វើសារជាថ្មីទាំងអស់។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើសិនជាអ្នកចង់លែងលះ អ្នកត្រូវតែចូលទៅផ្សះផ្សា។ បើសិនជាអ្នកមិនអាចទៅបានដោយសារមូលហេតុយ៉ាងធ្ងន់ធ្ងរមួយចំនួន អ្នកត្រូវសរសេរលិខិតជាលាយលក្ខណ៍អក្សរអោយតុលាការបានដឹងអំពី បញ្ហានេះអោយបានឆាប់តាមដែលអ្នកអាចធ្វើទៅបាន នូវមូលហេតុដែលអ្នកមិនអាចទៅចូលរួមបាន ហើយអ្នកនៅតែចង់លែងលះ។
ចូរអ្នកប្រាប់តុលាការមុនបើសិនជាអ្នកមិនអាចទៅតាមកាលកំណត់តាមតុលាការដែលបានប្រាប់។
អត្ថបទច្បាប់
មាត្រា៥១៖ ការផ្សះផ្សាម្ដងៗ ត្រូវអោយឃ្លាតពីគ្នា ១ខែយ៉ាងឆាប់ និង២ខែយ៉ាងយូរ។
ការពន្យល់អត្ថន័យច្បាប់៖
តុលាការអាចស្នើសុំអោយមានការផ្សះផ្សាបីលើកចន្លោះពេលនៃការ ផ្សះផ្សានីមួយៗយ៉ាងយូរបំផុតគឺពីរខែ។ ការផ្សះផ្សាលើកទីមួយ ត្រូវធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃបន្ទាប់ពីបំពេញឯកសាររួច (យោងតាមមាត្រា៤២)។ ដូច្នេះការផ្សះផ្សាលើកទីពីរ មិនអាចធ្វើយឺតជាងពីរខែកន្លះ(២,៥ខែ) ឡើយ បន្ទាប់ពីបំពេញឯកសាររួច។ ការផ្សះផ្សាលើកទីបី មិនអាចធ្វើយឺតជាងបួនខែកន្លះ(៤,៥ខែ)ឡើយបន្ទាប់ពីបំពេញឯកសារ ដើមរួច។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើសិនជាតុលាកាមិនគោរពពេលវេលានៃការផ្សះផ្សាដែលបានកំណត់ អ្នកអាចរៀបចំឯកសារទៅតុលាការសុំអោយពួកគេធ្វើការអោយប្រញាប់ហើយ កំណត់ពេលវេលានៃការផ្សះផ្សា ឬប្រាប់តុលាការមិនចាំបាច់អនុវត្តតាមមាត្រា៤៣ទេ។
ចូរអ្នករៀបរាប់មាត្រានេះ ហើយនិយាយថា តុលាការកំពុងរំលោភច្បាប់ដោយមិនធ្វើការទាន់ពេលវេលា។
ចូរអ្នករំលឹកតុលាការថា ពួកគេនឹងចំណេញពេលវេលារបស់ពួកគេយ៉ាងច្រើនបើសិនជាពួកគេមិន ធ្វើការផ្សះផ្សា។ បើសិនជាតុលាការនៅតែមិនចាត់អោយមានការផ្សះផ្សាទៀតនោះ អ្នកអាចប្ដឹងឧទ្ធរណ៍ដោយបង្ហាញថា តុលាការក្រុង ឬតុលាការខេត្ត កំពុងរំលោភច្បាប់ដោយមិនធ្វើតាមមាត្រាទាំងនេះ។
អត្ថបទច្បាប់
មាត្រា៥៤៖ ប្រសិនបើដើមចោទ ត្រូវបានតុលាការប្រជាជនអញ្ជើញដោយត្រឹមត្រូវហើយមិនបានមកបង្ហាញ ខ្លួន ចំពោះតុលាការប្រជាជន និងមិនបានជួនសេចក្ដីដោះសារ ឬមិនបានសុំអោយបង្អង់កាត់សេចក្ដីទៅថ្ងៃក្រោយទេនោះ ត្រូវចាត់ទុកថាសុខចិត្តឈប់ប្ដឹងវិញហើយ។
ក្នុងករណីនេះ ត្រូវចេញសាលក្រមចំណាយរឿងក្ដីនោះចោល។
ការពន្យល់អត្ថន័យច្បាប់៖
នៅពេលដែលអ្នកកំពុងសុំការប្ដឹងលែងគ្នា ហើយអ្នកទទួលបានដីកា (សំបុត្រ) ពីតុលាការនិយាយថា អោយអ្នកមកកាន់តុលាការ អ្នកត្រូវតែទៅបើមិនអញ្ចឹងទេតុលាការនឹងបញ្ឈប់ការលែងលះរបស់ អ្នក។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើសិនជាអ្នកនៅតែចង់លែងលះ អ្នកត្រូវតែទៅតុលាការតាមអ្វីដែលគេបានប្រាប់បើសិនជាអ្នកមិន អាចទៅបាន ដោយសារមូលហេតុយ៉ាងធ្ងន់ធ្ងរមួយចំនួន អ្នកត្រូវសរសេរលិខិតជាលាយលក្ខណ៍អក្សរអោយតុលាការបានដឹងអំពី បញ្ហានេះ អោយបានឆាប់តាមដែលអ្នកអាចធ្វើទៅបាននូវមូលហេតុដែលអ្នកមិនអាច ទៅចូលរួមបានហើយអ្នកនៅតែចង់លែងលះ។
ចូរអ្នកប្រាប់តុលាការមុនបើសិនជាអ្នកមិនអាចទៅតាមកាលកំណត់តាមតុលាការដែលបានប្រាប់។
អត្ថបទច្បាប់
មាត្រា៥៥៖ ប្រសិនបើចុងចម្លើយ មិនបានចូលមកកាន់តុលាការប្រជាជនក្នុងលក្ខខ័ណ្ឌដូចខាងលើនេះដែរ ហើយបើយល់ឃើញថា ហេតុដែលដើមចោទប្ដឹងនោះមានភស្តុតាងពិតប្រាកដ ហើយតុលាការប្រជាជន អាចសម្រេចសេចក្ដីអោយលែងលះគ្នាបាន។ បើបណ្ដឹងនោះមិនទាន់មានភស្តុតាងគ្រប់គ្រាន់ទេតុលាការប្រជាជនត្រូវ ធ្វើការអង្កេតស៊ើបសួរអំពីរឿងនោះ។
ការពន្យល់អត្ថន័យច្បាប់៖
មិនចាំបាច់មានការយល់ព្រម ឬការបង្ហាញមុខប្ដីរបស់អ្នកនៅក្នុងការលែងលះឡើយ យ៉ាងណាក៏ដោយក៏អ្នកអាចលែងប្ដីរបស់អ្នកបាន។
អ្នកត្រូវប្រាប់ចៅក្រមអំពីមូលហេតុដែលអ្នកចង់លែងលះ។ ចូរអ្នកចងចាំអំពីហេតុផលនៃការចង់លែងលះដែលបានរៀបរាប់នៅក្នុង មាត្រា៣៩។
អ្នកគួរតែផ្ដល់ភស្តុតាងអោយបានគ្រប់គ្រាន់ដើម្បីអោយតុលាការជឿ ហើយព្រមអោយអ្នកលែងប្ដីរបស់អ្នក រួចហើយធ្វើការបែងចែកទ្រព្យសម្បត្តិរួម បំណុល (លុយជំពាក់គេ)រួម ការមើលកូន និងការចិញ្ចឹមកូន ដូចដែលអ្នកបានសុំ។
បើសិនជាអ្នកមានមូលហេតុគ្រប់គ្រាន់តុលាការមិនចាំបាច់ធ្វើការ ស៊ើបអង្កេតអ្វីទាំងអស់ហើយអាចអោយអ្នកលែងប្ដីរបស់អ្នកបាន ដោយសំអាងទៅលើភស្តុតាងរបស់អ្នក វាលឿនជាងការរង់ចាំចៅក្រមធ្វើការស៊ើបអង្កេត។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
សូម្បីតែប្ដីរបស់អ្នកនិយាយថា មិនព្រមលែងក៏ដោយ យ៉ាងណាក៏អ្នកអាចលែងបានដែរ។
ចូរអ្នកនិយាយតែមូលហេតុមួយ ឬច្រើនជាងមួយនៃមូលហេតុទាំងឡាយ ដែលមានចែងនៅក្នុងមាត្រា៣៩បាន ហើយមិនចាំបាច់រៀបរាប់បញ្ហាទាំងអស់ដែលអ្នកមានជាមួយប្ដីរបស់អ្នក ទេ។
ភស្តុតាង (សំអាង)ដែលត្រូវផ្ដល់មានដូចជា សំបុត្រអាពាហ៍ពិពាហ៍ ឯកសារ (ក្រដាសស្នាម)ដែលបង្ហាញពីភាពជាម្ចាស់ដី ឬជាម្ចាស់ទ្រព្យសម្បត្តិ (មានន័យថាសំបុត្រដីធ្លី ឬទ្រព្យសម្បត្តិដទៃដូចជា ផ្ទះ ម៉ូតូ កង់ គោ ក្របី។ល។) ឯកសារបង្ហាញពីបំណុល ឯកសារបង្ហាញពី កំណើតរបស់កូនៗ និងអាយុរបស់ពួកគេ ឯកសារបង្ហាញតើអ្នកនិងប្ដីរបស់អ្នករកបានលុយប៉ុន្មានជាមួយគ្នា រូបថត ឬ ប្លង់ផ្ទះរបស់អ្នក និងគ្រឿងសង្ហារឹម។
បើសិនជាប្ដីរបស់អ្នកធ្លាប់ប្រើអំពើហិង្សាអ្នកត្រូវផ្ដល់ របាយការណ៍នៃការពិនិត្យរបួសរបស់អ្នកដែលទទួលរងគ្រោះ។ ចូរអ្នកផ្ដល់រូបថតនៃស្លាកស្នាមរបួសរបស់អ្នក ឬកូនៗរបស់អ្នកដែលទទួលរងគ្រោះ។ ផ្ដល់ក្រដាសស្នាមជាលាយលក្ខណ៍អក្សរនានា ដោយសាច់ញាតិ មិត្តភ័ក្ដិ និងអ្នកជិតខាងអំពីអំពើហិង្សា និងអំពីថាតើអ្នកមើលកូនៗបានល្អ ឬអត់។ ចូរអ្នកនាំសាច់ញាតិ មិត្តភ័ក្ដិ និងអ្នកជិតខាងទៅតុលាការជាមួយអ្នកដែលអ្នកទាំងនោះ និងនិយាយប្រាប់ចៅក្រមអំពីអំពើហិង្សា ទ្រព្យសម្បត្តិ និងការយកចិត្តទុកដាក់របស់អ្នកចំពោះកូនៗ។
អត្ថបទច្បាប់
មាត្រា៥៨៖ ក្នុងករណីសុំលែងលះដោយព្រមព្រៀងគ្នាបើក្រោយពីការអង្កេតស៊ើបសួរ ឃើញថា ការសុំលែងលះគ្នានោះធ្វើដោយគ្មានការបង្ខិតបង្ខំ និងដោយស្ម័គ្រចិត្តពិតប្រាកដតុលាការប្រជាជនត្រូវសម្រេចអោយលែងលះ គ្នា។
ការពន្យល់អត្ថន័យច្បាប់
គូស្វាមីភរិយាអាចលែងលះគ្នាបាន បើសិនជាពួកគេទាំងពីរនាក់ព្រមព្រៀងគ្នា (មាត្រា៤០នៃច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ)។ ពួកគេមិនចាំបាច់ត្រូវតែមានមូលហេតុទាំងអស់ដែលមានចែងក្នុង មាត្រា៣៩ឡើយ។
ចូរអ្នកចងចាំថា ការរៀបការគឺជាការស្ម័គ្រចិត្តរវាងប្ដី និង ប្រពន្ធ (មាត្រា៤៥នៃរដ្ឋធម្មនុញ្ញ)។ បើសិនបើជាអ្នកមិនចង់រស់នៅជាមួយគ្នាអ្នកអាចលែងគ្នាបាន។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើសិនជាប្ដីរបស់អ្នកនិងអ្នកព្រមលែងគ្នាអ្នកទាំពីរត្រូវស៊ីញេ នៅលើក្រដាសស្នាមដែលអ្នកដាក់ទៅតុលាការ ដោយរៀបរាប់ថាចង់លែងលះនឹងប្ដីរបស់អ្នក ហើយអ្នកចង់បែងចែកកូន និង ទ្រព្យសម្បត្តិយ៉ាងដូចម្ដេច។
អត្ថបទច្បាប់
មាត្រា៥៩៖ ក្នុងករណីសុំលែងដោយឯកតោភាគី បើក្រោយពីការអង្កេតស៊ើបសួរ ឃើញថាស្ថានភាពរវាងប្ដីប្រពន្ធមានភាពធ្ងន់ធ្ងរការរួមរស់ជាមួយ គ្នាមិនអាចពន្យារយូរបាន គោលបំណងអាពាហ៍ពិពាហ៍លែងបានសម្រេច តុលាការប្រជាជន ត្រូវសម្រេចអោយលែងលះគ្នា។
ការពន្យល់អត្ថន័យច្បាប់៖
ទោះបីជាប្ដី ឬប្រពន្ធមិនព្រមលែងលះក៏ដោយ ប៉ុន្តែបើមានមូលហេតុមួយនៃមូលហេតុជាច្រើនទៀតនៅក្នុងមាត្រា៣៩ លេចឡើង នោះតុលាការត្រូវតែសម្រេចអោយលែងលះ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើសិនជាប្ដីរបស់អ្នកមិនព្រមលែង យ៉ាងណាក៏ដោយក៏អ្នកអាចប្ដឹងលែងបានដែរ ប៉ុន្តែត្រូវអោយប្រាកដថា អ្នកមានមូលហេតុមួយក្នុងចំណោមមូលហេតុទាំងឡាយដែលមានចែងនៅក្នុង មាត្រា៣៩។
អត្ថបទច្បាប់
មាត្រា៦១៖ ការវិនិច្ឆ័យដល់អង្គសេចក្ដី ត្រូវតែធ្វើក្នុងរយៈពេល១៥ថ្ងៃគិតពីថ្ងៃអង្កេតស៊ីបសួររួចមក។
ការពន្យល់អត្ថន័យច្បាប់៖
បើសិនជាចៅក្រមត្រូវតែធ្វើការស៊ើបសួរ ចៅក្រមត្រូវតែសម្រេចសេចក្ដីក្នុងរយៈពេល១៥ថ្ងៃបន្ទាប់ពីការ ស៊ើបអង្កេតចប់។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បញ្ហាគឺថា គ្មានការកំណត់ពេលវេលាសម្រាប់អោយចៅក្រមស៊ើបអង្កេតនោះទេ។ ដូច្នេះវាជាការប្រសើរប្រសិនបើគ្មានការស៊ើបអង្កេតចាំបាច់ ពីព្រោះអ្នកផ្ដល់ភស្តុតាង (អំណះអំណាង) គ្រប់យ៉ាងដូចដែលមានចែងក្នុងមាត្រា៥៥។
ប្រសិនបើចៅក្រមនិយាយថា គាត់ត្រូវការធ្វើការស៊ើបអង្កេត ចូរអ្នករំលឹកគាត់អំពីមាត្រា៥៥ ហើយនិយាយថា អ្នកនឹងផ្ដល់ភស្តុតាងអោយគ្រប់គ្រាន់។
អត្ថបទច្បាប់
មាត្រា៦៨៖ ប្រសិនបើប្រពន្ធមានផ្ទៃពោះប្ដីអាចនិងប្ដឹងប្រពន្ធបាន លុះត្រាតែប្រពន្ធនោះសម្រាលកូនបានមួយឆ្នាំសិន។
ការបន្ថយសិទ្ធិខាងលើមិនត្រូវអនុវត្តលើនារីទេ។ នារីអាចសុំលែងលះបាននៅពេលមានផ្ទៃពោះ។
កាពន្យល់អត្ថន័យច្បាប់៖
មានន័យថា ប្ដីមិនអាចប្ដឹងលែងលះប្រពន្ធនៅពេលដែលប្រពន្ធមានផ្ទៃពោះបានទេ ដូច្នេះត្រូវរង់ចាំរហូតដល់កូនង៉ែតមានអាយុ១ខួបសិន។ មូលហេតុនេះដើម្បីអោយឪពុកមិនទៅចោលម្ដាយកូនខ្ចី និងកូនង៉ែតតែម្នាក់ឯងគ្មានចំណីអាហារ និងជម្រកនៅពេលដែលកូនង៉ែតនៅខ្ចីខែពេក ហើយវាពិបាកក្នុងការអោយម្ដាយកូនខ្ចីទៅធ្វើការ។ មាត្រានេះមិនអនុវត្តន៍ចំពោះម្ដាយទេ ដូច្នេះបើពួកគេចង់ធ្វើការលែងលះប្ដីពួកគេអាចធ្វើទៅបាននៅពេល ដែលពួកគេកំពុងមានផ្ទៃពោះ ឬមានកូនតូច។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
ចៅក្រមភាគច្រើនយល់ខុសចំពោះមាត្រានេះ ហើយគិតថាមាត្រានេះអនុវត្តន៍ចំពោះស្ត្រី។ ចូរអ្នកបង្ហាញហើយ និងពន្យល់ចៅក្រមថាមាត្រានេះ ហើយគិតថា មាត្រានេះអនុវត្តន៍តែចំពោះបុរស ក្នុងគោលបំណងដើម្បីការពារស្ត្រី។ ប៉ុន្តែបើស្ត្រីចង់លែងប្ដីនាងអាចធ្វើបាន ជាពិសេសនៅពេលដែលប្ដីប្រើអំពើហិង្សាទៅលើនាង ស្ត្រីចង់ធ្វើការលែងលះ ព្រោះមិនចង់ទទួលរងនូវការរំលោភបំពាន។
អត្ថបទច្បាប់
មាត្រា៧០៖ ក្នុងករណីនៃការលែងលះគ្នា ទ្រព្យសម្បត្តិត្រូវបែងចែកទៅតាមកិច្ចព្រមព្រៀងនៃភាគីទាំងសងខាង។ បើគ្មានការព្រមព្រៀង សហព័ទ្ធម្នាក់ៗត្រូវយកតែទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួនដែលមាន មុនរៀបអាពាហ៍ពិពាហ៍ និងទ្រព្យសម្បត្តិដែលខ្លួនបានទទួលជាមត៌កក្ដី ជាអំណាចក្ដី ជាបច្ច័យទានក្ដី ក្នុងរយៈពេលមានចំណងអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។
ក្រៅពីនេះសហព័ទ្ធម្នាក់ៗ មានសិទ្ធិត្រូវបានទ្រព្យសម្បត្តិរួមពាក់កណ្ដាលម្នាក់។
ប៉ុន្តែក្នុងករណីពិសេស និងតាមសំណើរបស់សហព័ទ្ធណាមួយ តុលាការប្រជាជន អាចសម្រេចសេចក្ដីចែកទ្រព្យសម្បត្តិរួម ផ្សេងពីគោលការណ៍ខាងលើបាន ដោយគិតទៅដល់ផលប្រយោជន៍របស់កូន និងផលិតកម្ម។
ការងារនៃគេហកិច្ច ត្រូវចាត់ទុកជាមានតម្លៃស្មើនឹងការងារផលិតកម្ម។
ការពន្យល់អត្ថន័យច្បាប់៖
-ទ្រព្យសម្បត្តិដែលអ្នកមានមុនរៀបការនៅតែជារបស់អ្នក។
-បើសិនជាប្រពន្ធ និងប្ដីមិនព្រមព្រៀងគ្នាក្នុងការបែងចែកទ្រព្យសម្បត្តិរួម នេះចៅក្រមនឹងកាត់សេចក្ដីដោយ ចែកពាក់កណ្ដាលម្នាក់ រួចចៅក្រមនឹងកាត់សេចក្ដីថា ចំណែកពាក់កណ្ដាលណាត្រូវបានទៅអ្នកណា។
-បើសិនជាមានមូលហេតុសមរម្យថា ហេតុអ្វីបានជានរណាម្នាក់គួរតែទទួលចំណែកបានច្រើនជាងពាក់កណ្ដាល ចៅក្រមអាចអោយអ្នកនោះបានទ្រព្យសម្បត្តិច្រើនជាងពាក់កណ្ដាល។
-មាត្រានេះត្រូវបានពង្រឹងដោយមាត្រា៣៦នៃរដ្ឋធម្មនុញ្ញ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
-មុនរៀបអាពាហ៍ពិពាហ៍វាជាការល្អបើអ្នក បានធ្វើតារាងទ្រព្យសម្បត្តិរបស់អ្នក ហើយអ្នកត្រូវអោយប្ដីរបស់អ្នកស៊ីញេដោយ សរសេរថាប្ដីរបស់អ្នក ដឹងថានេះជាទ្រព្យសម្បត្តិរបស់អ្នកមុនរៀបការ។ បើអ្នកបានថតរូបទុកក៏ជាការល្អដែរ បន្ទាប់មកបើសិនជាអ្នកលែងលះគ្នា អ្នកនឹងមានភស្តុតាងថានេះជាទ្រព្យរបស់អ្នក ហើយវាមិនមែនជាទ្រព្យសម្បត្តិរួមទេ។
-នៅក្នុងឯកសារសុំលែងលះរបស់អ្នក អ្នកគួរតែប្រាប់ចៅក្រមនូវទ្រព្យសម្បត្តិពិតប្រាកដណាដែលអ្នក ចង់បានក្នុងចំណែកពាក់កណ្ដាលរបស់អ្នក។
-មូលហេតុដែលភាគីម្ខាងអាចទទួលបានទ្រព្យសម្បត្តិច្រើនជាងពាក់ កណ្ដាល គឺដោយសារអ្នកនោះគ្មានសមត្ថភាពដូចជាពិការឧទាហរណ៍ ពិការដើមដៃជាដើម ឬក៏ចាស់ជរា បើសិនជាម្នាក់នោះត្រូវអ្នកម្ខាងទៀតវាយអោយមានរបួស បើសិនជាអ្នកនោះត្រូវថែរក្សាកូនៗ បើសិនជាភាគីម្ខាងទៀតមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនច្រើនហើយគេ និងក្លាយជាអ្នកមាន ហើយម្នាក់ទៀតនិងធ្លាក់ខ្លួនក្រក្រោយពេលលែងលះ។ បើសិនជារឿងនេះដូចជារឿងរបស់អ្នក អ្នកត្រូវប្រាប់តុលាការពីរឿងនេះដោយសរសេរជាលាយលក្ខណ៍អក្សរ (ជាក្រដាសស្នាម)។
-ប្រសិនបើប្ដីរបស់អ្នកប្រកែកថា អ្នកមិនមានសិទ្ធិទទួលចំណែកពាក់កណ្ដាលនៃទ្រព្យសម្បត្តិរួម ពីព្រោះអ្នកមិនបានទៅធ្វើការរកប្រាក់ ចូរអ្នកបង្ហាញចៅក្រមនូវមាត្រានេះ និងមាត្រា៣៦ នៃរដ្ឋធម្មនុញ្ញ។ ចូរអ្នកប្រាប់ចៅក្រមថា តើអ្នកធ្វើដូចម្ដេចក្នុងការមើលថែកូន សំអាតផ្ទះ ដាំស្ល ដេរ ធ្វើស្រែ ដងទឹក ឬអ្វីៗផ្សេងទៀតដែលជារឿងពិតរបស់អ្នក។ ចូរអ្នករៀបរាប់ពីការងារប្រចាំថ្ងៃរបស់អ្នកដល់ចៅក្រម។ តើម៉ោងប៉ុន្មានអ្នកងើបពីគេង? តើអ្នកធ្វើអ្វីខ្លះក្នុងមួយថ្ងៃ? តើអ្នកធ្លាប់បានសម្រាកទេ? តើប្ដីរបស់អ្នកធ្លាប់ជួយធ្វើការអ្នកទេ? តើម៉ោងប៉ុន្មានអ្នកចូលគេង?
អត្ថបទច្បាប់
មាត្រា៧១៖ ប្រសិនបើទ្រព្យសម្បត្តិផ្ទាល់របស់សហព័ទ្ធម្នាក់ត្រូវសហព័ទ្ធម្នាក់ ទៀតបំផ្លាញ សហព័ទ្ធនេះត្រូវសងតម្លៃទ្រព្យនោះវិញ។
ការពន្យល់អត្ថន័យច្បាប់៖
បើសិនជាប្ដីរបស់អ្នកបំផ្លាញទ្រព្យសម្បត្តិរបស់អ្នក គាត់ត្រូវតែសងវិញ។ បើសិនជាគាត់ទាត់ទូរទស្សន៍ ឬបោកចានឆ្នាំង គាត់ត្រូវតែសង។ បើសិនជាគាត់ហែកខោអាវរបស់អ្នក ឬបោះគ្រឿងអលង្ការ (ខ្សែក ខ្សែដៃ។ល។) របស់អ្នកចោល គាត់ត្រូវតែចេញសងវិញ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើសិនជាប្ដីរបស់អ្នកបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក ឬទ្រព្យសម្បត្តិពាក់កណ្ដាលនៃទ្រព្យសម្បត្តិរួមរបស់អ្នក ចូរអ្នកសរសេរជាលាយលក្ខណ៍អក្សរ(ក្រដាសស្នាម)ទៅចៅក្រម ហើយចូរអ្នកសុំអោយតុលាការបញ្ជាអោយប្ដីរបស់អ្នកសងមកវិញនូវការ ខូចខាតទាំងឡាយ។
អត្ថបទច្បាប់
មាត្រា៧៣៖ ដើម្បីផលប្រយោជន៍របស់កូន ការអោយភាគីណាមួយរក្សាកូនត្រូវសម្រេចតាមការយល់ព្រមនៃប្ដី ប្រពន្ធដែលលែងលះគ្នានោះ។ តាមគោលការណ៍កូនដែលនៅបៅដោះត្រូវអោយទៅម្ដាយរក្សា។
ក្នុងករណីដែលគូភាគីទាំងសងខាង មិនឯកភាពគ្នាលើការរក្សាកូន តុលាការជាអ្នកសម្រេច។
ការពន្យល់អត្ថន័យច្បាប់៖
ការថែរក្សាកូនដែលនៅបៅដោះនៅឡើយគួរតែអោយទៅម្ដាយ ចំណែកឯកូនធំៗ បើសិនជាប្ដីប្រពន្ធមិនព្រមព្រៀងគ្នាទេនោះ តុលាការនឹងកាត់សេចក្ដី។
ឧទាហរណ៍អត្ថន័យច្បាប់៖
បើសិនជាអ្នកមានកូនកំពុងបៅដោះ ត្រូវអោយប្រាកដថាអ្នកបានប្រាប់ចៅក្រមជាលាយលក្ខណ៍អក្សរ(ក្រដាស ស្នាម)ដាក់ជាមួយឯកសារដែលអ្នកបានដាក់ទៅតុលាការ។ ចូរអ្នកសុំថែរក្សាពួកគេ ចំណែកឯកូនធំៗ ចូរអ្នកប្រាប់តុលាការប្រសិនបើអ្នកចង់បានពួកគេទៅរស់នៅជាមួយ អ្នក ឬនៅជាមួយប្ដីរបស់អ្នក។ បើសិនជាប្ដីរបស់អ្នកនិយាយថា គាត់ចង់ចិញ្ចឹមកូនៗ ដូច្នេះអ្នកត្រូវរកហេតុផលណាដែលអ្នកគួរតែមានពួកគេ។ ភស្តុតាងមួយចំនួនគួរតែជារបាយការណ៍មកពីសាលារៀន វត្ត សាច់ញាតិ មិត្តភ័ក្ដិ អ្នកធ្វើការថែរក្សាសុខភាព និងអ្នកជិតខាងអំពីរបៀបនៃការមើលកូនៗរបស់អ្នក ហើយថាអ្នកគឺជាមនុស្សតែម្នាក់គត់ដែលថែរក្សាពួកគេ។ បើសិនជាអាចចូរនាំអ្នកទាំងនេះទៅតុលាការជាមួយអ្នកដើម្បីប្រាប់ ចៅក្រម។ បើសិនជាកូនៗរបស់អ្នកត្រូវទទួលរងរបួសដោយសារប្ដីរបស់អ្នក ចូរអ្នកយកក្រដាសស្នាមពីគ្រូពេទ្យ ឬមន្ទីរពេទ្យដើម្បីបង្ហាញពីរឿងនេះ ហើយបើសិនជាអ្នកមានរូបថតនៃរបួសស្នាមទាំងនេះ ចូរយកវាទាំងអស់មក។ បើសិនជាបណ្ដឹងដាក់ទៅប៉ូលិស ចូរយកឯកសារទាំងនោះមកជាមួយផង។
អត្ថបទច្បាប់
មាត្រា៧៤៖ ឪពុក ឬម្ដាយដែលលែងលះគ្នា ត្រូវជួយផ្គត់ផ្គង់ ជួយបីបាច់រក្សា ជួយផ្ដល់សោហ៊ុយ អប់រំ និងរៀនសូត្រដល់កូនតាមលទ្ធភាពរបស់ខ្លួន។
កម្រិតអាហារកិច្ចដែលត្រូវអោយទៅកូនត្រូវសម្រេចតាមការព្រមព្រៀងនៃសហព័ទ្ធដែលលែងលះគ្នា។
ក្នុងករណីដែលគូភាគីទាំងសងខាងមិនឯកភាពគ្នា តុលាការប្រជាជន ត្រូវសម្រេចដោយផ្អែកទៅតាមលទ្ធភាពរបស់សហព័ទ្ធម្នាក់ៗ។
អាហារកិច្ចត្រូវផ្ដល់អោយកូនរហូតដល់កូនមាននីតិភាព។
ការពន្យល់អត្ថន័យច្បាប់៖
ទាំងឪពុកទាំងម្ដាយមានកាតព្វកិច្ចផ្ដល់លុយចិញ្ចឹមកូនរហូតដល់កូន ធំ។ បើសិនជាមានការលែងលះឪពុកម្ដាយដែលមិនមើលកូនៗត្រូវតែអោយលុយ សម្រាប់ចិញ្ចឹមកូនៗ។ តុលាការនឹងសម្រេចលើចំនួនទឹកប្រាក់។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
នៅក្នុងឯកសារដែលអ្នកដាក់ទៅតុលាការ ចូរអ្នកប្រាប់តុលាការនូវចំនួនទឹកប្រាក់ដែលអ្នកគិតថាឪពុកគួរតែ អោយដើម្បីចិញ្ចឹមកូនៗ។
ចូរអ្នកបង្ហាញឯកសារដែលបញ្ជាក់ពីទឹកប្រាក់ដែលឪពុកកូនៗរកបាន ប្រាប់តុលាការផងបើសិនជាមាន។
អត្ថបទច្បាប់
មាត្រា៧៥៖ ភាគីដែលមិនរក្សាកូនមានសិទ្ធិទៅសួរសុខទុក្ខកូន។ ភាគីដែលទទួលសិទ្ធិទៅសួរសុខទុក្ខកូន។ ភាគីដែលទទួលសិទ្ធិរក្សាកូនត្រូវបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាង ដល់ភាគីម្ខាងទៀត។
ភាគីដែលមិនបានរក្សាកូន មានសិទ្ធិប្ដឹងទៅតុលាការប្រជាជនគ្រប់ពេលវេលាអោយដកសិទ្ធិរក្សា កូនពីភាគីម្ខាងនោះបាន បើមានការប៉ះពាល់ដល់ផលប្រយោជន៍របស់កូន។
ការពន្យល់អត្ថន័យច្បាប់៖
ឪពុកម្ដាយដែលមិនបានថែរក្សាកូនមានសិទ្ធិទៅលេងកូនៗបាន។ តុលាការនឹងរៀបចំពេលវេលា និងទីកន្លែងនៃការទៅសួរសុខទុក។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើសិនជាអ្នកចង់អោយឪពុកកូនគេជួបគ្នា ចូរអ្នកប្រាប់តុលាការដោយសរសេរជាលាយលក្ខណ៍អក្សរទៅក្នុងឯកសារដែល អ្នកបញ្ជូនទៅថា នៅពេលណាគួរជាពេលល្អ និង កន្លែងណាដែលគួរជាទីកន្លែងល្អសម្រាប់ឪពុកទៅលេងកូនៗ។
បើសិនជាអ្នកមិនចង់អោយឪពុកទៅលេងកូនៗរបស់គាត់ដោយហេតុថា គាត់បានប្រើអំពើហិង្សាទៅលើពួកគេ ចូរអ្នកប្រាប់តុលាការពីរឿងនេះជាលាយលក្ខណ៍អក្សរនៅក្នុងឯកសារដែល អ្នកដាក់ទៅ ហើយសុំអោយចៅក្រមបញ្ជាអោយគ្មានការមកលេងគ្នាជាមួយកូនទេ។ នៅពេលដែលអ្នកទៅតុលាការ ចូរអ្នកយកភស្តុតាងទាំងឡាយដែលអ្នកមានដូចជា របាយការណ៍ពេទ្យ របាយការណ៍ប៉ូលិស រូបថត និង របាយការណ៍ផ្សេងៗទៀត។
អត្ថបទច្បាប់
មាត្រ៧៦៖ ក្នុងករណីលែងលះគ្នាភាគីដែលគ្មានកំហុស ហើយខ្វះខាត អាចស្នើសុំអាហារកិច្ចពីភាគីម្ខាងទៀតបាន។ ភាគីខាងក្រោមនេះ ត្រូវតែជួយឧបត្ថម្ភទៅតាមលទ្ធភាពរបស់ខ្លួន។
កម្រិតអាហារកិច្ចត្រូវសម្រេចតាមការយល់ព្រមរបស់គូភាគីទាំងសងខាង។
ក្នុងករណីដែលគូភាគីទាំងសងខាងមិនឯកភាពគ្នា តុលាការប្រជាជនត្រូវសម្រេចសេចក្ដី។ បើជនដែលទទួលអាហារកិច្ចរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ជននោះឈប់មានសិទ្ធិទទួលអាហារកិច្ចទៀតហើយ។
ការពន្យល់អត្ថន័យច្បាប់៖
បើសិនជាប្ដីនិងប្រពន្ធកំពុងធ្វើការលែងលះគ្នា ដោយសារមូលហេតុមួយក្នុងចំណោមមូលហេតុទាំងឡាយនៅក្នុងមាត្រា៣៩ អ្នកដែលមិនប្រព្រឹត្តខុសអាចទទួលលុយផ្គត់ផ្គង់ពីភាគីម្ខាងទៀត។ ការផ្គត់ផ្គង់នេះនិងត្រូវបញ្ចប់រហូតដល់ពេលស្លាប់ ឬការរៀបការជាថ្មីរបស់ភាគីដែលទទួលលុយ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើសិនជាអ្នកមិនមែនជាអ្នកខុសក្នុងការលែងលះនេះទេ ចូរអ្នកបញ្ជាក់ដោយសរសេរជាលាយលក្ខណ៍អក្សរក្នុងឯកសារដែលអ្នកដាក់ ទៅតុលាការ ហើយសុំអោយតុលាការបញ្ជាអោយបង់ចំពោះការផ្គត់ផ្គង់អ្នក។ អ្នកក៏គួរតែប្រាប់ចំនួនចំណូល ឬទ្រព្យសម្បត្តិដែលប្ដីរបស់អ្នកមាន ដូច្នេះតុលាការអាចសម្រេចនូវចំនួនដែលសមរម្យ។
អត្ថបទច្បាប់
មាត្រា៧៧៖ តុលាការប្រជាជនខេត្ត-ក្រុងអាចកែប្រែដោយបង្កើន ឬបន្ថយកម្រិតអាហារកិច្ចបានបើមានសំណូមពររបស់ភាគីម្ខាង។ ការបង្កើន ឬបន្ថយកម្រិតអាហារកិច្ចនោះត្រូវធ្វើឡើងតាមលទ្ធភាពនៃភាគីដែល ផ្ដល់អាហារកិច្ច និងតាមសេចក្ដីត្រូវការនៃភាគីដែលទទួលអាហារកិច្ច។ អាហារកិច្ចអាចផ្ដល់អោយជាទឹកប្រាក់ ឬជារបស់។
ការពន្យល់អត្ថន័យច្បាប់៖
បន្ទាប់ពីការលែងលះត្រូវបានបញ្ចប់ បើសិនជាស្ថានភាពផ្លាស់ប្ដូរ ចំនួនលុយអាហារកិច្ចមានការឡើងចុះ ឪពុក ឬម្ដាយអាចត្រលប់ទៅកាន់តុលាការ ហើយសុំអោយចៅក្រមផ្លាស់ប្ដូរថ្លៃអាហារកិច្ច (ថ្លៃចិញ្ចឹមកូន)។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
ហេតុផលដែលត្រលប់ទៅកាន់តុលាការវិញ គឺបើសិនជារំពេចនោះប្ដីរបស់អ្នកមានលុយជាច្រើន ឬបើសិនជាកូនមានជំងឺជាទម្ងន់ ឬក៏ត្រូវការពេទ្យពិនិត្យ។ បើម្ដាយមានការងារធ្វើ ប៉ុន្តែនាងត្រូវបាត់បង់ការងារហើយគ្មានលុយ នេះជាហេតុផលដែលអ្នកអាចត្រលប់ទៅតុលាការ ហើយសុំលុយអាហារកិច្ចបន្ថែមទៀត។ បើសិនម្ដាយធ្លាក់ខ្លួនពិការ នេះក៏ជាហេតុផលមួយដែរ។
ត្រូវដាក់ពាក្យបណ្ដឹងដែលរៀបរាប់អំពី ហេតុផលមួយទៀតទៅតុលាការនៅពេលដែលអ្នកទៅតុលាការ ម្ដងទៀត។ នៅពេលសវនាការ អ្នកដែលស្នើសុំលុយបន្ថែមត្រូវតែផ្ដល់នូវភស្តុតាងនៃ ហេតុផលដ៏ល្អមួយ។
អត្ថបទច្បាប់
មាត្រា៧៨៖ ការមិនព្រមបង់អាហារកិច្ចដូចបានចែងខាង លើនេះ ចាត់ទុកជាបទល្មើសព្រហ្មទណ្ឌដែល នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន បើកាលណាមានភស្តុតាងបញ្ជាក់ថា ជនដែលត្រូវផ្ដល់អាហារកិច្ចនោះមិនស្មោះត្រង់។
ការពន្យល់អត្ថន័យច្បាប់៖
បើសិនជាអ្នកដែលតុលាការ បញ្ជាអោយបង់ថ្លៃអាហារកិច្ច (ថ្លៃចិញ្ចឹមកូន) មិនព្រមបង់ នោះគឺជាបទល្មើស។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើឪពុកមិនព្រមបង់ថ្លៃអាហារកិច្ចដែលបញ្ជាដោយតុលាការ អ្នកអាចដាក់ពាក្យបណ្ដឹងទៅអយ្យការ ហើយសុំអោយអយ្យការចោទប្រកាន់ប្ដីរបស់អ្នកអំពីការល្មើសនេះ។
បើសិនជាឪពុកក្មេង មិនព្រមបង់លុយព្រោះគាត់ពិតជាអត់លុយ អ្នកមិនគួរប្ដឹងគាត់ទេ។ បើឪពុកនោះមានលុយ ប៉ុន្តែមិនព្រមបង់លុយចិញ្ចឹមកូន អ្នកគួរតែប្ដឹងគាត់។
អត្ថបទច្បាប់
មាត្រា៩៥៖ បើគ្មានលិខិតអ្វីទទួលស្គាល់ដោយស្ម័គ្រចិត្តនូវ កូនឥតខាន់ស្លាទេ នោះតុលាការប្រជាជនអាចតម្រូវអោយឪពុក ឬម្ដាយទទួលស្គាល់កូននោះបាន។
មាត្រា៩៦៖ កូនឥតខាន់ស្លាដែលឪពុក ឬម្ដាយមិនបានទទួលស្គាល់ មានសិទ្ធិប្ដឹងទៅតុលាការប្រជាជនរកឪពុក ឬម្ដាយអោយខ្លួនបាន។
ការពន្យល់អត្ថន័យ៖
នៅពេលដែលឪពុកម្ដាយដែលមិនបានរៀបការស្របច្បាប់ ហើយអ្នកទាំងពីរនោះមិនព្រមទទួលស្គាល់កូនថា ជាកូនរបស់ខ្លួនទាំង២អ្នក នោះឪពុកម្ដាយផ្សេងទៀត (ឧទាហរណ៍ដូចជា ឪពុកម្ដាយចិញ្ចឹម ឪពុកម្ដាយធម៌។ល។) អាចទៅតុលាការ ហើយបង្ខំអោយអ្នកទាំង២នោះទទួលស្គាល់កូនរបស់ពួកគេ។ ហេតុការណ៍នេះកម្រកើតមានឡើងចំពោះ ម្ដាយណាស់ ព្រោះម្ដាយស្គាល់ក្មេងច្បាស់នៅពេលដែលកូនកើតមក។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើអ្នកមានកូន ហើយឪពុករបស់កូនមិនទទួលស្គាល់ថា ជាកូនរបស់គាត់ អ្នកអាចទៅតុលាការហើយអោយតុលាការបញ្ជាដោយនិយាយថាគាត់គឺជាឪពុក។
អត្ថបទច្បាប់
មាត្រា៩៧៖ បណ្ដឹងសុំអោយតុលាការប្រជាជនតម្រូវអោយឪពុក ឬម្ដាយទទួលស្គាល់នោះ អាចធ្វើឡើងក្នុងរយៈពេល២ឆ្នាំគិតពីថ្ងៃដែលកូននោះមាននីតិភាព។
នីតិភាពត្រូវកំណត់ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។
នៅពេលកូនឥតខាន់ស្លា នៅក្នុងអនីតិភាពនៅឡើយ អ្នកអាណាព្យាបាលរបស់កូននោះមានសិទ្ធិប្ដឹងជួយសុំ អោយតុលាការប្រជាជនរកមាតុភាពអោយកូននោះ។
ការពន្យល់អត្ថន័យច្បាប់៖
សំណើសុំទៅតុលាការដើម្បីបង្ខំអោយឪពុកម្ដាយ ដែលមិនបានរៀបការទទួលស្គាល់កូន ត្រូវធ្វើឡើងមុនពេលក្មេងអាយុ១៨ឆ្នាំ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
អ្នកអាចរង់ចាំកូនរបស់អ្នកធំបាន ប៉ុន្តែវាមានភាពងាយស្រួលក្នុងការឈ្នះច្រើនជាង បើអ្នកដាក់ពាក្យបណ្ដឹងបន្ទាប់ពីក្មេងបានកើតមកភ្លាម។
អត្ថបទច្បាប់
មាត្រា៩៩៖ តុលាការប្រជាជនអាចតម្រូវអោយបុរសជា ឪពុកទទួលស្គាល់កូនឥតខាន់ស្លាបាន៖
១.បើបុរសនោះនាំពង្រាត់ ឬចាប់រំលោភសេពសន្ថវៈនារីជាម្ដាយដោយរំលោភ ហើយបើសម័យនាំពង្រាត់ ឬចាប់រំលោភសេពសន្ថវៈនោះត្រូវគ្នា នឹងសម័យដែលនារីនោះមានគភ៌។
២. បើបុរសនោះ បានខ្លួននារីដោយឧបាយកលបោកបញ្ឆោត ដោយការរំលោភ អំណាច ឬ ដោយសន្យាថានឹងរៀបចំអាពាហ៍ពិពាហ៍ជាមួយនារីនោះ។
៣.បើមានភស្តុតាងជាលាយលក្ខណ៍អក្សរពីបុរសនោះ បង្ហាញអោយច្បាស់ ថាបុរសនោះពិតជាឪពុកកូននោះ។
៤.បើបុរសនិងនារីជាឪពុកនិងម្ដាយ របស់កូននោះបានរួមរស់នឹងគ្នាជាអនីតិសង្វាសជាក់ស្ដែងក្នុងសម័យ នីត្យានុកូលភាពដែលនារីនោះមានគត៌។
៥. បើបុរសនោះបានផ្គត់ផ្គង់ ឬបានចូលរួមក្នុងការបីបាច់ថែរក្សា និងអប់រំកូននោះក្នុងឋានៈខ្លួនជាឪពុក។
ការពន្យល់អត្ថន័យច្បាប់៖
ដើម្បីបញ្ជាក់ថា បុរសម្នាក់គឺជាឪពុករបស់ក្មេង ម្ដាយត្រូវផ្ដល់នូវភស្តុតាងមួយក្នុងចំណោមការពិតទាំងនេះ។ នាងត្រូវបានរំលោភដោយបុរសនោះ ឬបានរួមរក្សជាមួយបុរសនោះនៅក្នុងអំឡុងពេល ដែលនាងអាចមានផ្ទៃពោះកូននោះ។ នាងនិងបុរសនោះបានរស់នៅជាមួយគ្នាក្នុងអំឡុងពេលដែលនាងចាប់ ផ្ដើមមានគភ៌។ បុរសនោះបានស៊ីញេទទួលស្គាល់ថា គេជាឪពុកក្មេង។ បុរសនោះធ្លាប់បានផ្ដល់លុយកាក់ចិញ្ចឹមកូនកាលពីអតីតកាល(មុន)។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើម្ដាយមានភស្តុតាងមួយ ឬច្រើនក្នុងចំណោមភស្តុតាងដែលត្រូវការទាំងអស់នេះ នាងអាចសរសេរពាក្យបណ្ដឹងទៅតុលាការខេត្ត ឬក្រុងសុំអោយតុលាការប្រកាសថា បុរសនោះជាឪពុក។ នាងនឹងត្រូវយកភស្តុតាងមកបង្ហាញចៅក្រមនៅពេលសវនាការ។
អត្ថបទច្បាប់
មាត្រា២៧៖ កូនកើតពីអាពាហ៍ពិពាហ៍ដែលតុលាការបានប្រកាស ជាមោឃៈ ត្រូវទុកជាកូនមានខាន់ស្លា ទោះបីហេតុដែលនាំអោយមានមោឃភាពនោះ យ៉ាងណាក៏ដោយ។
សិទ្ធិ និងកាតព្វកិច្ចរបស់ឪពុកម្ដាយនិងកូនត្រូវមានដូចគ្នាក្នុងករណីនៃ ឪពុកម្ដាយ និងកូនត្រូវមានដូចគ្នាក្នុងករណីនៃឪពុកម្ដាយលែងលះគ្នា។
ការចែកទ្រព្យសម្បត្តិរវាងប្ដីប្រពន្ធ នៃអាពាហ៍ពិពាហ៍ដែលតុលាការប្រកាសជាមោឃៈ ត្រូវធ្វើដូចករណីលែងលះគ្នាដែរ។
អត្ថបទច្បាប់
មាត្រា១០៤៖ កូនឥតខាន់ស្លា ដែលត្រូវបានទទួលស្គាល់មានករណីយកិច្ច និងមានសិទ្ធិដូចកូនមានខាន់ស្លាដែរ។
ការពន្យល់អត្ថន័យច្បាប់៖
កូនឥតខាន់ស្លា ក៏មានសិទ្ធិដូចកូនមានខាន់ស្លាដែរ ដូច្នេះឪពុកម្ដាយដែលមិនបានរៀបការតាមច្បាប់មានភារកិច្ច ក្នុងការផ្គត់ផ្គង់និងអប់រំកូនដូចជាឪពុកម្ដាយដែលរៀបការស្រប ច្បាប់ដែរ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើឪពុករបស់ក្មេងដែលមិនបានរៀបការស្របច្បាប់ មិនព្រមផ្គត់ផ្គង់និងអប់រំកូន ម្ដាយអាចដាក់ពាក្យបណ្ដឹងទៅតុលាការសុំអោយបុរសនោះ ទទួលស្គាល់កូន ហើយបង់ថ្លៃអាហារកិច្ចអោយកូន។
អត្ថបទច្បាប់
មាត្រា១០៦៖ សាលក្រមដែលកាត់សេចក្ដីឲ្យទទួលស្គាល់កូន ឥតខាន់ស្លា អាចនឹងបង្ខំអោយឪពុកសងសោហ៊ុយសម្រាលកូន និងប្រាក់ចំណាយចិញ្ចឹមបីបាច់រក្សាកូនតាំងពីថ្ងៃដែលកូននោះកើត មក ទៅម្ដាយនៃកូននោះបាន។
ការពន្យល់អត្ថន័យច្បាប់៖
តុលាការអាចបញ្ជាអោយឪពុករបស់ក្មេងដែលមិនបានរៀបការតាមច្បាប់បង់ថ្លៃសម្រាលកូន។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើម្ដាយចង់អោយឪពុកនោះចេញថ្លៃសម្រាលកូននាងត្រូវសរេសរលិខិតជា លាយលក្ខណ៍អក្សរស្នើសុំអោយតុលាការខេត្ត ឬក្រុងបញ្ជាអោយគាត់បង់ថ្លៃនោះ។
អត្ថបទច្បាប់
មាត្រា១១៥៖ ឪពុកម្ដាយមានករណីយកិច្ចត្រូវស្រលាញ់កូន និងយកចិត្តទុកដាក់អប់រំកូន គឺបណ្ដុះគំនិតកូនឲ្យស្រលាញ់ការរៀនសូត្រ ស្នេហាមាតុភូមិ មានស្មារតីសាមគ្គីអន្តរជាតិ ស្រឡាញ់ពលកម្ម គោរពទ្រព្យសម្បត្តិរដ្ឋ គោរពសិទ្ធិ និងទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃ។
កូនមានករណីយកិច្ចស្រលាញ់ និងគោរពឪពុក-ម្ដាយ ថែទាំរក្សាឪពុក-ម្ដាយ និងផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ឪពុក-ម្ដាយ។
ការពន្យល់អត្ថន័យច្បាប់៖
ឪពុកម្ដាយមានភារកិច្ចស្រលាញ់ អប់រំ និងបង្ហាត់កូន។ ឪពុកម្ដាយ ទាំងពីរនាក់មានភារកិច្ចដូចគ្នា។ ភារកិច្ចកូនៗចំពោះ ឪពុកម្ដាយគឺ ពួកគេត្រូវស្រលាញ់ គោរព និងស្ដាប់ដំបូន្មានរបស់ឪពុកម្ដាយ។
អត្ថបទច្បាប់
មាត្រា១១៦៖ ឪពុក-ម្ដាយ មិនត្រូវធ្វើបាបកូនរបស់ខ្លួន កូនប្រសា កូនចិញ្ចឹម កូនរបស់ប្ដី ឬរបស់ប្រពន្ធមុនឡើយ។
ការពន្យល់អត្ថន័យច្បាប់៖
គ្មានក្មេងណាម្នាក់ត្រូវបានគេធ្វើបាប ឬវាយដំទោះតាមវិធីណាក៏ដោយ មិនថាក្មេងនោះជាកូនបង្កើត កូនចុង និងកូនដទៃទៀត (ដូចជា៖ កូនចិញ្ចឹម កូនធម៌។ល។)
ឧទាហរណ៍អំពៅមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើឪពុកម្ដាយបង្កើតធ្វើបាបកូន ដោយប្រើប្រាស់អំពើហិង្សា ឬវិធីផ្សេងទៀត ឪពុកម្ដាយផ្សេង (ឧទាហរណ៍ដូចជា ឪពុកម្ដាយចិញ្ចឹម ឪពុកម្ដាយធម៌។ល។) ឬអ្នកដ៏ទៃទៀត អាចដាក់បណ្ដឹងអាជ្ញា (បណ្ដឹងព្រហ្មទណ្ឌ) ទៅអយ្យការ ឬអ្នកអនុវត្តច្បាប់។ មានមាត្រាជាក់លាក់មួយចំនួននឹងត្រូវពិភាក្សានៅក្នុងផ្នែកព្រហ្ម ទណ្ឌ។ បើឪពុកម្ដាយបង្កើតធ្វើបាបកូន
រំលឹកចៅក្រមអំពីមាត្រានេះដើម្បីធ្វើអោយប្រាកដថាការ ថែរក្សាកូន និងត្រូវផ្ដល់អោយឪពុកម្ដាយផ្សេងទៀត នៅពេលដែលឪពុកម្ដាយបង្កើតលែងលះគ្នា។
អត្ថបទច្បាប់
មាត្រា១១៧៖ កូនប្រុស កូនស្រី មានសិទ្ធិ និងករណីយកិច្ចដូចគ្នាក្នុងគ្រួសារ។
ការពន្យល់អត្ថន័យច្បាប់៖
កូនស្រីនិងកូនប្រុសមានសិទ្ធិស្មើគ្នានៅក្នុងគ្រួសារ។ ពួកគេមានសិទ្ធិទទួលការផ្គត់ផ្គង់ និង ការអប់រំដូចគ្នា។ ពួកគេមានសិទ្ធិទទួលធនធានដូចគ្នានៅក្នុងគ្រួសារ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់៖
បើឪពុកម្ដាយហាមឃាត់មិនអោយកូនស្រីទៅសាលារៀន ប៉ុន្តែអនុញ្ញាតអោយប្រុសទៅរៀន ពាក្យបណ្ដឹងអាចដាក់ទៅតុលាការខេត្ត ឬក្រុងដើម្បីស្នើសុំអោយគេទទួលបានសិទ្ធិស្មើគ្នា។ ប្រសិនបើឪពុកម្ដាយ បង្ខំនិងបញ្ជាអោយកូនស្រីទៅធ្វើការហើយមិនអោយកូនប្រុសទៅធ្វើការ ប៉ុន្តែបែរជាបញ្ជូនកូនប្រុសទៅរៀន ដូចគ្នាដែរ អ្នកអាចដាក់ពាក្យបណ្ដឹងបាន៕
ប្រាក់សម្រួលដល់ដំណើរការសុំរៀបអាពាហ៍ពិពាហ៍យ៉ាងលឿន
ថ្វីបើមនុស្សមួយចំនួននិយាយថា ស្នេហាពិតគឺជាវត្ថុមិនអាចកាត់ថ្លៃបានក៏ដោយ ក៏បុរសបរទេសដែលចង់រៀបការជាមួយស្ត្រីកម្ពុជាបានជួបប្រទះដែរថា ក្រុមមន្ត្រីក្រសួងការបរទេសមានបំណងលើសពីការវាយតម្លៃអំពី អាពាហ៍ពិពាហ៍របស់ពួកគេទៅទៀត។ ទោះជាយ៉ាងណាក៏ដោយ អនាគតកូនក្រមុំ និងកូនកំលោះនិយាយថា ពួកគេប្រឈមមុខនឹងដំណើរការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ដែលជា រឿយៗតែងតែស្មុគស្មាញ និងតាមតែអំពើចិត្តនៅឯក្រសួងនេះ ដែលពាក់ព័ន្ធនឹងឯកសារមួយចំនួនដែលពិបាកនឹងទទួលបានរួមទាំងសំណើ ដ៏គួរអោយងឿងឆ្ងល់។
ទោះជាយ៉ាងណាក៏ដោយ ផ្លូវទៅកាន់បរមសុខនៃអាពាហ៍ពិពាហ៍បានក្លាយជាងាយស្រួលយ៉ាងឆាប់ រហ័សនៅពេលដែលគេសូកប៉ាន់ក្រុមមន្ត្រីនៅក្រសួងនេះ ពេលខ្លះជាមួយនឹងការសូកប៉ាន់ដែលមានចំនួនរហូតដល់១.០០០ដុល្លារ។
បុរសបស្ចឹមប្រទេសម្នាក់ បាននិយាយប្រាប់អំពីរឿងរ៉ាវនៃរបៀបដែលគាត់អោយប្រាក់ទៅក្រុម មន្ត្រីនៅក្រសួងនេះជាង១.០០០ដុល្លារ ដើម្បីដំណើរការពាក្យសុំអាពាហ៍ពិពាហ៍របស់គាត់ដែលមានសុពលភាព អចិន្ត្រៃយ៍កាលពីខែកុម្ភៈ។ ជាផ្នែកមួយនៃដំណើរការនេះ គេស្នើឲ្យគាត់ធ្វើលិខិតមួយបញ្ជាក់ថា គាត់មានចំណូលយ៉ាងតិច១.០០០ដុល្លារក្នុងមួយខែ។ ប៉ុន្តែក្រោយមកគេស្នើឲ្យគាត់ធ្វើឯកសារមួយដែលបញ្ជាក់ថា គាត់រកបាន៣.០០០ដុល្លារក្នុងមួយខែ ដែលលើសពីប្រាក់ខែជាក់ស្ដែងរបស់គាត់។
នៅពេលគាត់និយាយរឿងនេះប្រាប់បុគ្គលិកការិយាល័យនៅក្រសួងនេះ ដែលទទួលបន្ទុកការដាក់ពាក្យស្នើសុំរបស់គាត់ ពួកគេស្នើអោយគាត់រកមិត្តភក្ដិម្នាក់អោយធ្វើលិខិតក្លែងក្លាយ។
ដោយសុំមិនបញ្ចេញឈ្មោះ ព្រោះពាក្យសុំអាពាហ៍ពិពាហ៍របស់គាត់នៅមិនទាន់សម្រេចនៅឡើយក្នុង ពេលដែលគាត់ផ្ដល់កិច្ចសម្ភាសន៍នោះ បុរសម្នាក់នេះបាននិយាយកាលពីថ្ងៃពុធថា "ពួកគេគ្រាន់តែប្រាប់ខ្ញុំថា ឲ្យខ្ញុំរកមនុស្សម្នាក់ធ្វើឯកសារបញ្ជាក់ថា ខ្ញុំរកប្រាក់បានច្រើនដូចនោះ។ នោះជាអ្វីដែលពួកគេប្រាប់ខ្ញុំឲ្យធ្វើ"។
មិត្តភក្ដិម្នាក់នៅក្នុងប្រទេសកំណើតរបស់គាត់ បានធ្វើលិខិតក្លែងក្លាយ ដែលក្រោយមកបុរសនេះបានដាក់ស្នើលិខិតនោះទៅការិយាល័យនេះ។ គាត់បាននិយាយថា គ្មានបញ្ហាកើតឡើងជុំវិញឯកសារក្លែងក្លាយនោះទេ ហើយគាត់ជឿជាក់ថា សំណូកដ៏ច្រើនដែលបុរសនេះបានសូកប៉ាន់ជួយត្រួសត្រាយផ្លូវអោយការ ដាក់ពាក្យសុំរបស់គាត់។
នៅពេលដែលបញ្ហាផ្សេងទៀតកើតឡើងជាមួយនឹងការពិនិត្យសុខភាពរបស់ គាត់ (ជាឯកសារសម្រេចដែលមិនមែនធ្វើឡើងដោយក្រសួងណាមួយឡើយ) បុគ្គលិកបានប្រាប់គាត់ម្ដងទៀតថា កុំបារម្ភអី។ គាត់បានថ្លែងថា "ដូច្នេះខ្ញុំបានសួរពួកគេថា តើអ្នកចង់អោយខ្ញុំធ្វើអ្វី? ពួកគេបាននិយាយថា យើងនឹងជួយមើលឲ្យ"។
នៅពេលគាត់មកលើកក្រោយ ព័ត៌មានស្ដីពីការពិនិត្យសុខភាពរបស់គាត់ដែលជាបែបបទសម្រេចត្រូវ បានបញ្ជូនទៅកាន់ក្រសួងមួយ។ កូនកំលោះជាជនបរទេសផ្សេងទៀត បាននិយាយប្រាប់អំពីរឿងរ៉ាវស្រដៀងៗគ្នានេះ។
បុរសជនជាតិអៀកឡង់ម្នាក់បាយរាយការណ៍ថា បានបង់ប្រាក់ប្រហែល៨០០ដុល្លារ ដើម្បីរៀបការជាមួយប្រពន្ធជាជនកម្ពុជារបស់គាត់កាលពីមួយឆ្នាំ កន្លះមុន។ គាត់បាននិយាយថា ថ្លៃបង់នេះដែលត្រូវបានស្នើដោយក្រុមមន្ត្រីដែលមានអាកប្បកិរិយា មិនអើពើ មិនធ្វើអោយគាត់ភ្ញាក់ផ្អើលទេ។ លើសពីការបង់ថ្លៃរបស់គាត់ទៅទៀតនោះ គាត់បានឮពីបុរសបស្ចិមប្រទេសផ្សេងទៀតដែលត្រូវបានគេស្នើអោយបង់ ប្រាក់ចំនួន១.០០០ដុល្លារ ឬច្រើនជាងនេះដើម្បីដំណើរការពាក្យសុំរបស់ពួកគេ។
ការចោទប្រកាន់នាពេលថ្មីៗនេះមិនមែនជាលើកទី១ទេ ដែលអាពាហ៍ពិពាហ៍រវាងជនបរទេស និងជនកម្ពុជាទទួលបានការរិះគន់យ៉ាងធ្ងន់ធ្ងរនោះ។ នៅខែមីនាឆ្នាំ២០០៨រដ្ឋាភិបាលបានផ្អាកការរៀបអាពាហ៍ពិពាហ៍រវាងជន កម្ពុជាជាបណ្ដោះអាសន្នក្រោយពីមានសេចក្ដីរាយការណ៍ពីអង្គការ អន្តរជាតិទេសន្ដរប្រវេសន៍ដែលលើកឡើងអំពីភាពងាយរងគ្រោះរបស់កូន ក្រមុំកម្ពុជាដែលក្រុមទីភ្នាក់ងារអាពាហ៍ពិពាហ៍ទុច្ចរិតកំពុងតែរក ស្វាមីឲ្យ ជាពិសេសទីភ្នាក់ងារមកពីប្រទេសកូរ៉េខាងត្បូង។
ការហាមឃាត់នេះត្រូវបានដកវិញកាលពីខែវិច្ឆិកា ដែលនៅពេលនោះក្រុមអាជ្ញាធរនិយាយថា ពួកគេបានរឹតបន្តឹងនីតិវិធីនៅក្នុងការរៀបអាពាហ៍ពិពាហ៍រវាងស្ត្រី កម្ពុជា និងបុរសបរទេស។
យោងតាមពាក្យសុំរៀបអាពាហ៍ពិពាហ៍បានអោយដឹងថា ជនបរទេសត្រូវតែផ្ដល់បែបបទសុំរៀបអាពាហ៍ពិពាហ៍ចំនួនពីរច្បាប់ ភ្ជាប់ជាមួយនឹងរូបថតបច្ចុប្បន្នចំនួនពីរសន្លឹក ច្បាប់ថតចំលងលិខិតឆ្លងដែន ភ្ជាប់ជាមួយទិដ្ឋាការដែលមានសុពលភាពរបស់អ្នកដាក់ពាក្យសុំ និងឯកសារផ្សេងៗទៀតរួមមានឯកសារពិនិត្យសុខភាព លិខិតថ្កោលទោស និងលិខិតដែលបញ្ជាក់ថា អ្នកដាក់ពាក្យស្នើសុំនៅលីវ។
លោក កុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានមានប្រសាសន៍ថា លោកមិនអាចនិយាយអំពីការចោទប្រកាន់អំពីអំពើពុករលួយ និងការក្លែងបន្លំលិខិតបានទេ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ឡើងវិញថា ដំណើរការសុំរៀបអាពាហ៍ពិពាហ៍នេះមិនបង់ថ្លៃទេ ហើយថា ក្រុមឆ្មាំសន្តិសុខគឺជាអ្នកទទួលខុសត្រូវលើការជំរិតទារប្រាក់ពី អ្នកដាក់ពាក្យសុំកាលពីលើកមុន។ លោកបានមានប្រសាសន៍ថា ក្រសួងក៏ធ្វើការយ៉ាងជិតស្និទ្ធផងដែរជាមួយស្ថានទូតរបស់អ្នកដាក់ ពាក្យសុំជាជនបរទេសដើម្បីពិនិត្យឯកសារ។
លោកបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា "យើងធ្វើតាមស្ថានទូតប្រទេសកំណើតរបស់ពួកគេ។ ប្រសិនបើស្ថានទូតរបស់ពួកគេយល់ព្រម យើងអាចបោះត្រាលើឯកសារនោះបាន ព្រោះស្ថានទូតរបស់ពួកគេដឹងយ៉ាងច្បាស់អំពីប្រជាជនរបស់ខ្លួន"។
ពាក្យសុំនេះត្រូវតែបញ្ជូនទៅក្រសួងការបរទេស ដែលនឹងបញ្ជូនពាក្យសុំនេះទៅក្រសួងមហាផ្ទៃ មុនពេលពាក្យសុំនេះត្រូវបញ្ជូនទៅក្រុមអាជ្ញាធរមូលដ្ឋានសម្រាប់ ដំណើរការចុងក្រោយ។
ប៉ុន្តែស្ត្រីកម្ពុជាម្នាក់ដែលស្វះស្វែងរៀបអាពាហ៍ពិពាហ៍ជាមួយបុរស ជាតិអូស្ត្រាលីម្នាក់បាននិយាយថា បុរសម្នាក់ដែលមិនមែនជាឆ្មាំសន្តិសុខនៅក្រសួងការបរទេសបានស្នើ អោយពួកគាត់បង់ប្រាក់៥៥០ដុល្លារដើម្បីបានរៀបអាពាហ៍ពិពាហ៍។
អ្នកស្រីបាននិយាយថា "យើងបានចូលទៅក្នុងបន្ទប់មួយហើយក្រោយមកពួកគេស្នើអោយខ្ញុំបង់ ប្រាក់៥៥០ដុល្លារសម្រាប់ឯកសារអាពាហ៍ពិពាហ៍"។ ស្ត្រីរូបនេះបាននិយាយថា "យើងមិនបានឃើញពួកគេស្លៀកពាក់ឯកសណ្ឋានសន្តិសុខទេ"។
អ្នកដាក់ពាក្យសុំទាំងពីរនាក់នេះមិនបានបង់ប្រាក់ទេ ហើយពួកគេទទួលបានការរារាំងមិនឲ្យកំណត់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ ខ្លួន ប៉ុន្តែស្ត្រីរូបនេះបាននិយាយថា គាត់នឹងបង់អោយប្រសិនបើប្រាក់នេះជាការតម្រូវពិតប្រាកដ ហើយបានចូលក្នុងចំណូលរបស់រដ្ឋ តែមិនមែនចូលក្នុងហោប៉ៅរបស់បុគ្គលិកទេនោះ។
គាត់បាននិយាយថា "ប្រសិនបើនេះជាតម្លៃពិតប្រាកដ ដែលក្រសួងការបរទេសតម្រូវ យើងនឹងបង់
ឲ្យ ព្រោះវាចាំបាច់"៕
ចំណេះដឹងផ្នែកច្បាប់សំរាប់ស្ត្រី: ច្បាប់ការងារ
អត្ថបទច្បាប់:
មាត្រា១២ : វៀរលែងតែមានបទបញ្ញតិនៃច្បាប់ការងារនេះបញ្ជាក់ច្បាស់ ឬអត្ថបទដទៃទៀតដែលមានលក្ខណៈជាច្បាប់ ឬបទបញ្ជាដែលការពារស្ត្រី និងកូនក្មេង ក៏ដូចជាបទបញ្ញតិទាំងឡាយដែលទាក់ទងនឹងការចូលមកក្នុងប្រទេសនិង ការស្នាក់នៅជនបរទេសបញ្ជាក់ច្បាស់ គ្មាននិយោជកណាម្នាក់អាចយកបញ្ហា:
-ពូជសាសន៍
-ពណ៌សម្បុរ
-ភេទ
-ជំនឿ
-សាសនា
-គំនិតនយោបាយ
-ជាតិកំណើត
-ដើមកំណើតសង្គម
-ការចូលជាសមាជិកសហជីពកម្មករនិយោជិត ឬការធ្វើសកម្មភាពក្នុងសហជីព។
ដើម្បីជាលេសធ្វើសេចក្ដីសម្រេចអំពី:
+ការជួល
+ការកំណត់ និងការបែងចែកការងារ
+ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ
+ការតំលើងថ្នាក់
+ការតំលើងឋានន្ដរសក្ដិ
ការពន្យល់អត្ថន័យច្បាប់:
និយោជក (ថៅកែ ចៅហ្វាយ ឬប្រធាន) គួរតែផ្ដល់អោយបុគ្គលិកស្រី និងបុគ្គលិកប្រុសនូវសិទ្ធិស្មើគ្នាក្នុងការ ជ្រើសរើសអោយចូលធ្វើការដូចជា: ល័ក្ខខ័ណ្ឌនៃការងារ ប្រាក់ខែ និង ការដេញចេញពីការងារលើកលែងតែកន្លែងណាដែលច្បាប់ចែងខុសគ្នា។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បើសិនចាំនិយោជករំលោភបញ្ញតិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេច អ្នកត្រូវបង្ហាញច្បាប់នេះទៅសហជីពរបស់អ្នកហើយសុំអោយពួកគេ ដាក់ពាក្យបណ្ដឹងអោយអ្នក។ តែបើគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុងបាន។
អត្ថបទច្បាប់:
មាត្រា៩៥: ការបញ្ឈប់នៃការងារដោយមកពីការបន្ថយសកម្មភាពនៃគ្រឹះស្ថាន ឬមកពីការរើរៀបចំផ្ទៃក្នុងដែលនិយោជកមានបំណងធ្វើ ត្រូវប្រតិបត្តិតាមនិតិវិធីដូចតទៅ:
និយោជកត្រូវរៀបលំដាប់នៃការបញ្ឈប់ការងារដោយគិតទៅតាមគុណសម្បត្តិ នៃវិជ្ជាជីវៈ អតីតភាពក្នុងគ្រឹះស្ថាននិងបន្ទុកគ្រួសារនៃកម្មករនិយោជិត។
និយោជកត្រូវអោយដំណឹងជាលាយលក្ខណ៍អក្សរ ទៅតំណាងកម្មករនិយោជិតដើម្បីទទួលសេចក្ដីស្នើអំពីជននេះជាអាទិ៍ វិធានការសំរាប់ប្រាប់មុននូវការបន្ថយចំនួនបុគ្គលិក និងវិធានការ ដើម្បីធ្វើអោយការបន្ថយបុគ្គលិកនោះប៉ះពាល់ជាអប្បបរមាទៅលើ ស្ថានភាពនៃសាម៉ីកម្មករនិងនិយោជិត។
ជាបឋម ត្រូវបញ្ឈប់ការងារកម្មករនិយោជិតណាដែលមានសម្បទាខាងវិជ្ជាជីវៈអន់ ជាងគេ។ បន្ទាប់មកក៏ត្រូវបញ្ឈប់កម្មករនិយោជិតដែលមានអតីតភាពតិចជាងគេ។ អតីតភាពនេះត្រូវតំលើងមួយឆ្នាំសំរាប់កម្មករនិយោជិកណាដែលមានគូ ស្រករ ហើយនិងមួយឆ្នាំថែមទៀតក្នុងកូននិមួយៗនៅក្នុងបន្ទុក។
កម្មករនិយោជិតដែលគេត្រូវបញ្ឈប់ពីការងារនោះ ត្រូវបានរក្សាទុករវាងពីរឆ្នាំនូវអាទិភាពក្នុងការទទួលឲ្យ ធ្វើការវិញក្នុងមុខងារប្រភេទដូចគ្នាក្នុងសហគ្រាស។
កម្មករនិយោជិតដែលមានអាទិភាពទទួលឲ្យធ្វើការ ត្រូវឲ្យដំណឹងទៅនិយោជកអំពីការផ្លាស់ប្ដូរអាស័យដ្ឋានជាដរាបចាប់ តាំងពីថ្ងៃចេញគ្រឹះស្ថានមក។
ក្នុងករណីដែលមានកន្លែងទំនេរ និយោជកត្រូវប្រាប់សាម៉ីខ្លួនតាមសំបុត្រអនុសិដ្ឋដែលមានបញ្ជាក់ថា បានទទួលហើយឬសំបុត្រជូនផ្ទាល់ដៃដែលមានចុះហត្ថលេខាបានទទួលហើយ ហើយដែលផ្ញើនៅអាស័យដ្ឋានចុងក្រោយបង្អស់នៃកម្មករនិយោជិត។ កម្មករនិយោជិតត្រូវទៅបង្ហាញខ្លួននៅគ្រឹះស្ថាននោះក្នុងរយៈពេល ប្រាំបីថ្ងៃយ៉ាងយូរបំផុតចាប់តាំងពីថ្ងៃទទួលសំបុត្រឲ្យដំណឹង។
ត្រូវផ្ដល់ជូនអធិការការងារនូវព័ត៌មានអំពីនិតិវិធីដែលមានចែង ក្នុងមាត្រានេះ។ តាមសំណើរបស់តំណាងកម្មករនិយោជិត អធិការការងារអាចកោះអញ្ជើញភាគីសាម៉ីឲ្យចូលរួមក្នុង សវនាការមួយលើក ឬច្រើនលើកដើម្បីពិនិត្យអំពីផលវិបាកបណ្ដាលមកពីការបញ្ឈប់កម្មករ និយោជិត និងវិធានការទាំងឡាយដែលកាត់បន្ថយផលវិបាកនៃការបញ្ឈប់នេះ។
ក្នុងករណីពិសេស រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកវិស័យការងារអាចចេញប្រកាសអោយព្យួរ ការបញ្ឈប់កម្មករនិយោជិតមួយរយៈពេលដែលមិនលើសពីសាមសិបថ្ងៃ ដើម្បីជួយភាគីសាម៉ីរកឃើញនូវដំណោះស្រាយមួយ។ ការព្យួរនេះអាចធ្វើជាថ្មីម្ដងទៀតគត់ដោយប្រកាសរបស់ក្រសួង។
ការពន្យល់អត្ថន័យច្បាប់:
បើសិនជានិយោជកចង់បញ្ឈប់ការងារបុគ្គលិកមួយរយៈ និយោជកត្រូវគិតអំពីការទទួលខុសត្រូវគ្រួសាររបស់បុគ្គលិកមុននឹង បញ្ឈប់ការងារបុគ្គលិក។ បុគ្គលិកដែលរៀបការហើយត្រូវបូកបន្ថែម១ឆ្នាំចំពោះភាពចាស់ទុំ របស់ពួកគេហើយនិងបន្ថែម១ឆ្នាំទៀតសំរាប់កូនក្រោមអាយុ១៨ឆ្នាំ។ ដូច្នេះការបញ្ឈប់ការងារបុគ្គលិក ត្រូវធ្វើឡើងទៅតាមចាស់ទុំរបស់អ្នកដែលរៀបការរួចហើយ និងអ្នកដែលមានកូន។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បើសិនជានិយោជករំលោភបញ្ញត្តិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេច អ្នកត្រូវបង្ហាញច្បាប់នេះទៅសហជីពរបស់អ្នកហើយសុំអោយពួកគេ ដាក់ពាក្យបណ្ដឹងអោយអ្នក។ តែបើសិនជាអ្នកគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងទៅក្រសួងសង្គមកិច្ចនិងការងារ។ បើសិនវាជាវិវាទសហករណ៍ ឧទាហរណ៍ដូចជា មនុស្សជាច្រើននៅក្នុងកន្លែងធ្វើការតែមួយមានបញ្ហាដូចគ្នា ដូច្នេះក្រសួងសង្គមកិច្ចនិងការងារអាចផ្ញើពាក្យបណ្ដឹងនោះទៅ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបាន ហើយអ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុងបានផងដែរ។
អត្ថបទច្បាប់:
មាត្រា១០៦: ចំពោះល័ក្ខខ័ណ្ឌស្មើគ្នា ភាពប៉ិនប្រសប់ខាងវិជ្ជាជីវៈ និងផលដែល ធ្វើបានស្មើគ្នាប្រាក់ឈ្នួលត្រូវឲ្យស្មើគ្នាដល់កម្មករនិយោជិត ទាំងអស់ដែលស្ថិតនៅក្រោមឱវាទច្បាប់នេះ ទោះមានដើមកំណើត ភេទ ឬអាយុយ៉ាងណាក៏ដោយ។
ការពន្យល់អត្ថន័យច្បាប់:
ប្រាក់ខែស្ត្រីត្រូវតែស្មើនិងប្រាក់ខែបុរស។ ស្ត្រីមិនត្រូវបានគេផ្ដល់ប្រាក់ខែទាបជាងបុរសទេ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បើសិនជានិយោជករំលោភបញ្ញត្តិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេចអ្នកត្រូវបង្ហាញច្បាប់នេះទៅសហជីពរបស់អ្នក ហើយសុំអោយពួកគេដាក់ពាក្យបណ្ដឹងអោយអ្នក។ តែបើសិនជាអ្នកគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងទៅក្រសួងសង្គមកិច្ចនិងការងារ។ បើសិនវាជាវិវាទសហករណ៍ ឧទាហរណ៍ដូចជា មនុស្សជាច្រើននៅក្នុងកន្លែងធ្វើការតែមួយមានបញ្ហាដូចគ្នា ក្រសួងសង្គមកិច្ចនិងការងារអាចផ្ញើពាក្យបណ្ដឹងនោះទៅក្រុមប្រឹក្សា អាជ្ញាកណ្ដាលបាន ហើយអ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុងបានផងដែរ។
អត្ថបទច្បាប់:
មាត្រា១៧២: និយោជកនិងនាយកគ្រឹះស្ថានដែលមានប្រើកម្មករជាក្មេងឬកូនជាងអាយុ តិចជាង១៨ឆ្នាំឬស្ត្រីអោយធ្វើការក្នុងនោះ ត្រូវមើលអោយមានកិរិយាមារយាទល្អហើយនិងរក្សាការសមរម្យចំពោះ សាធារណជនផង។ ត្រូវហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការរំលោភផ្លូវភេទគ្រប់ទ្រង់ទ្រាយ ទាំងអស់។
ការពន្យល់អត្ថន័យច្បាប់:
មិនអនុញ្ញាតអោយមានការបៀតបៀនខាងផ្លូវភេទស្ត្រីទេ។ បានន័យថាមិនអនុញ្ញាតអោយមានរឿងកំប្លែង ការពន្យល់ដែលប៉ុនប៉ងដើម្បីធ្វើអោយស្ត្រីរួមភេទជាមួយ ការប៉ះពាល់ឬចាប់ស្ត្រី ឬអាកប្បកិរិយាដែលទាក់ទងដល់ផ្លូវភេទដទៃទៀត។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បណ្ដឹងព្រហ្មទណ្ឌអាចធ្វើទៅបាននៅក្រោមច្បាប់ព្រហ្មទណ្ឌមាត្រា៤២ ដែលមានការពន្យល់នៅក្នុងផ្នែកច្បាប់ព្រហ្មទណ្ឌនៅក្នុងសៀវភៅនេះ។
បើសិនជានិយោជករំលោភបញ្ញត្តិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេច អ្នកត្រូវបង្ហាញច្បាប់នេះទៅសហជីពរបស់អ្នកហើយសុំអោយពួកគេដាក់ ពាក្យបណ្ដឹងអោយអ្នក។ តែបើសិនជាអ្នកគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងទៅក្រសួងសង្គមកិច្ចនិងការងារ។ បើសិនវាជាវិវាទសហករណ៍ ឧទាហរណ៍ដូចជា មនុស្សជាច្រើននៅក្នុងកន្លែងធ្វើការតែមួយមានបញ្ហាដូចគ្នា ក្រសួងសង្គមកិច្ចនិងការងារអាចផ្ញើពាក្យបណ្ដឹងនោះទៅក្រុមប្រឹក្សា អាជ្ញាកណ្ដាលបាន ហើយអ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុងបានផងដែរ។
អត្ថបទច្បាប់:
មាត្រា១៧៧:
១-អាយុអប្បបរមាអាចចូលធ្វើការជាកម្មករនិយោជិត ត្រូវបានកំណត់ត្រឹមដប់ប្រាំឆ្នាំ។
២- អាយុអប្បបរមារបស់កម្មករនិយោជិតត្រូវកំណត់ដល់ដប់ប្រាំបីឆ្នាំ ចំពោះមុខរបរ ឬការងារគ្រប់ប្រភេទដែលអាចធ្វើឲ្យខូចសុខភាព សន្តិសុខ ឬ សីលធម៌របស់មនុស្សពេញជំទង់ដោយសារតែល័ក្ខខ័ណ្ឌឬប្រភេទរបស់មុខរបរ និងការងារទាំងនោះបង្កឡើង។ បែបផែននៃមុខរបរ ឬការងារដែលមានចែងក្នុងកថាខ័ណ្ឌនេះត្រូវកំណត់ដោយប្រកាសក្រសួង ទទួលបន្ទុកវិស័យការងារ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយគណៈកម្មការប្រឹក្សាការងារ។
៣-ដោយមិនគិតដល់បទបញ្ញត្តិទាំងឡាយនៃកថាខ័ណ្ឌទី២ខាងលើបន្ទាប់ពី បានពិគ្រោះយោបល់ជាមួយគណៈកម្មការប្រឹក្សាការងារ ក្រសួងទទួលបន្ទុកវិស័យការងារអាចអនុញ្ញាតិ ឲ្យមុខរបរ ឬការងារសំរាប់មនុស្សពេញជំទង់ចាប់ពីអាយុដប់ប្រាំឆ្នាំឡើងទៅ ក្នុងល័ក្ខខ័ណ្ឌដែល សុខភាព សន្តិសុខ និងសីលធម៌របស់អ្នកទាំងនោះត្រូវបានធានាដោយពេញលេញ ហើយអ្នកទាំងនោះ អាចទទួលបាននូវការអប់រំពិសេសនិងត្រឹមត្រូវ ឬ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងផ្នែកសកម្មភាពដែលពាក់ព័ន្ធ។
៤- ដោយមិនគិតដល់ប្បញ្ញត្តិទាំងឡាយនៃកថាខ័ណ្ឌទី១ ខាងលើ ក្មេងដែលមានអាយុពីដប់ពីរដល់ដប់ប្រាំឆ្នាំ អាចអនុញ្ញាតឲ្យធ្វើតែការងារស្រាលៗក្នុងល័ក្ខខ័ណ្ឌដូចតទៅ:
ក-ការងារទាំងនោះមិនបណ្ដាលឲ្យខូចសុខភាពឬការអភិវឌ្ឍន៍នៃចិត្តនិងកាយរបស់កុមារ។
ខ-ការងារទាំងនោះមិនបណ្ដាលឲ្យប៉ះពាល់ដល់ការសិក្សាជាទៀងទាត់ ការចូលរួមក្នុងកម្មវិធីតំរង់ទិស ឬកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានកំណត់ដោយអាជ្ញាធរមាន សមត្ថកិច្ច។
៥- បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយគណៈកម្មការប្រឹក្សាការងារក្រសួង ទទួលបន្ទុកវិស័យការងារចេញប្រកាសកំណត់អំពីបែបផែននៃមុខរបរ និងកំណត់អំពីល័ក្ខខ័ណ្ឌការងារជាពិសេសអំពីថិរវេលាធ្វើការអតិបរមា ដែលអាចអនុញ្ញាតបាន ដោយតាមកថាខ័ណ្ឌទី ៤ ខាងលើ។
៦- បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយគណៈកម្មការប្រឹក្សាការងាររួចហើយ ក្រសួងទទួលបន្ទុកវិស័យការងារ អាចដកចេញមិនឲ្យអនុវត្តមាត្រានេះ មួយផ្នែកឬទាំងស្រុងចំពោះប្រភេទនៃមុខរបរ ឬការងារជាកំណត់ ដោយយល់ឃើញថាការអនុវត្តមាត្រានេះចំពោះប្រភេទនៃមុខរបរ ឬការងារទាំងនោះនាំឲ្យមានការលំបាកខ្លាំង។
ការពន្យល់អត្ថន័យច្បាប់:
អ្នកដែលអាចធ្វើការរកលុយបានទាល់អ្នកនោះមានអាយុយ៉ាងហោចណាស់ ១៥ឆ្នាំ។ បើការងារនោះមានភាពគ្រោះថ្នាក់ អ្នកដែលធ្វើការនោះត្រូវមានអាយុយ៉ាងហោច១៨ឆ្នាំ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បើសិនជានិយោជករំលោភបញ្ញត្តិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេច អ្នកត្រូវបង្ហាញច្បាប់នេះទៅសហជីពរបស់អ្នកហើយសុំអោយពួកគេដាក់ ពាក្យបណ្ដឹងអោយអ្នក។ តែបើសិនជាអ្នកគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងទៅក្រសួងសង្គមកិច្ចនិងការងារ។ បើសិនវាជាវិវាទសហករណ៍ ឧទាហរណ៍ដូចជាមនុស្សជាច្រើននៅក្នុងកន្លែងធ្វើការតែមួយមាន បញ្ហា ដូចគ្នាក្រសួងសង្គមកិច្ចនិងការងារអាចផ្ញើពាក្យបណ្ដឹងនោះទៅ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបាន ហើយអ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុង បានផងដែរ។
អត្ថបទច្បាប់:
មាត្រា១៨១: គ្មានក្មេងណាម្នាក់អាយុតិចជាង ១៨ឆ្នាំ ភេទណាក៏ដោយដែលមិនទាន់ ផុតពីការគ្រប់គ្រងរបស់ឪពុកម្ដាយ ឬអ្នកអាណាព្យាបាល អាចចុះកិច្ចសន្យាការងារដោយគ្មានការយល់ព្រមអំពីជនដែលខ្លួននៅ ក្រោមការគ្រប់គ្រងនោះទេ។
ការពន្យល់អត្ថន័យច្បាប់:
ក្មេងដែលមានអាយុក្រោម១៨ឆ្នាំអាចធ្វើការរកប្រាក់ទាល់តែមានការយល់ព្រមពីឪពុកម្ដាយ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បើសិនជានិយោជករំលោភបញ្ញត្តិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេច អ្នកត្រូវបង្ហាញច្បាប់នេះទៅសហជីពរបស់អ្នកហើយសុំអោយពួកគេដាក់ ពាក្យបណ្ដឹងអោយអ្នក។ តែបើសិនជាអ្នកគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងទៅក្រសួងសង្គមកិច្ចនិងការងារ។ បើសិនវាជាវិវាទសហករណ៍ ឧទាហរណ៍ដូចជា មនុស្សជាច្រើននៅក្នុងកន្លែងធ្វើការតែមួយមានបញ្ហាដូចគ្នា ក្រសួងសង្គមកិច្ចនិងការងារអាចផ្ញើពាក្យបណ្ដឹងនោះទៅក្រុម ប្រឹក្សាអាជ្ញាកណ្ដាលបាន ហើយអ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុងបានផងដែរ។
អត្ថបទច្បាប់:
មាត្រា១៤២: ក្នុងសហគ្រាសទាំងអស់ដែលមានរាប់ក្នុងមាត្រា១នៃច្បាប់នេះ ស្ត្រីទាំងឡាយត្រូវមានសិទ្ធិឈប់សំរាកកៅសិបថ្ងៃដើម្បីសំរាលកូន។
ក្រោយពីឈប់សំរាកសំរាលកូនមក ក្នុងរយៈពេលពីរខែដែលបានចូលធ្វើការ ត្រូវអោយស្ត្រីនោះធ្វើតែការស្រាលៗ។
ត្រូវហាមឃាត់មិនអោយនិយោជកបញ្ឈប់ស្ត្រីសំរាលកូននៅពេលឈប់ឆ្លង ទន្លេឬ នៅថ្ងៃណាមួយក្នុងពេលឈប់សំរាកកូននេះ ទោះដោយវិធីអោយដំណឹងមុនក៏ដោយ។
ការពន្យល់អត្ថន័យច្បាប់:
ត្រូវផ្ដល់ពេលឈប់សំរាកដល់ស្ត្រីដែលមានគត៌ចំនួន៩០ថ្ងៃសំរាប់ សំរាលកូននៅក្នុងកន្លែងធ្វើការភាគច្រើន។ ប៉ុន្តែយើងមិនប្រាកដថាស្ត្រីទទួលបានការសំរាកនេះប៉ុន្មានថ្ងៃ ចំពោះការងាររដ្ឋឬក៏ការងារនៅក្នុងផ្ទះ។ នៅពេលដែលស្ត្រីចូលធ្វើការវិញ ពួកគេត្រូវធ្វើការស្រួលៗនៅក្នុងរយៈពេល២ខែទៀត។ គេមិនអាចបណ្ដេញស្ត្រីចេញពីការងារ ឬបញ្ឈប់ការងារបណ្ដោះអាសន្ននៅពេលដែលស្ត្រីសុំសំរាកសំរាលកូនទេ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បើសិនជានិយោជករំលោភបញ្ញត្តិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេច អ្នកត្រូវបង្ហាញច្បាប់នេះទៅសហជីពរបស់អ្នកហើយសុំអោយពួកគេដាក់ ពាក្យបណ្ដឹងអោយអ្នក។ តែបើសិនជាអ្នកគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងទៅក្រសួងសង្គមកិច្ចនិងការងារ។ បើសិនវាជាវិវាទសហករណ៍ ឧទាហរណ៍ដូចជា មនុស្សជាច្រើននៅក្នុងកន្លែងធ្វើការតែមួយមានបញ្ហាដូចគ្នា ក្រសួងសង្គមកិច្ចនិងការងារអាចផ្ញើពាក្យបណ្ដឹងនោះទៅក្រុម ប្រឹក្សាអាជ្ញាកណ្ដាលបាន ហើយអ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុងបានផងដែរ។
អត្ថបទច្បាប់:
មាត្រា១៨៣: ក្នុងពេលដែលឈប់សំរាកដូចមានចែងក្នុងមាត្រាខាងលើនេះស្ត្រីមាន សិទ្ធិត្រូវបានប្រាក់ឈ្នួលពាក់កណ្ដាលគិតទាំងប្រាក់បន្ទាប់បន្សំ ផង ដោយនិយោជកបើកអោយ។
ស្ត្រីរក្សាសិទ្ធិខ្លួនទាំងស្រុងក្នុងការទទួលវត្ថុអំណោយផ្សេងទៀតប្រសិនជាមាន។
អនុសញ្ញារួមដែលផ្ទុយពីនេះ ត្រូវទទួលទុកជាមោឃៈដោយពេញច្បាប់។
ក៏ប៉ុន្តែការទទួលប្រាក់ឈ្នួលដូចមានចែងក្នុងកថាខ័ណ្ឌទី១នៃ មាត្រានេះនឹងឲ្យបាន តែចំពោះស្ត្រីណាដែលធ្វើការក្នុងសហគ្រាសបានយ៉ាងតិចមួយឆ្នាំ រៀងមក។
ការពន្យល់អត្ថន័យច្បាប់:
នៅក្នុងមាត្រា១៨២ដែលតំរូវអោយស្ត្រីសំរាកសំរាលកូនរយៈពេល៩០ថ្ងៃ ស្ត្រីត្រូវបានទទួលប្រាក់ខែពាក់កណ្ដាលបើសិនស្ត្រីបានធ្វើការ យ៉ាងហោច១ឆ្នាំនៅក្នុងកន្លែងដែលស្ត្រីធ្វើការ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បើសិនជានិយោជករំលោភបញ្ញត្តិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេច អ្នកត្រូវបង្ហាញច្បាប់នេះទៅសហជីពរបស់អ្នកហើយសុំអោយពួកគេដាក់ ពាក្យបណ្ដឹងអោយ។ តែបើសិនជាអ្នកគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹង ទៅក្រសួងសង្គមកិច្ចនិងការងារ។ បើសិនវាជាវិវាទសហករណ៍ ឧទាហរណ៍ដូចជា មនុស្សជាច្រើននៅក្នុងកន្លែងធ្វើការតែមួយមានបញ្ហាដូចគ្នា ក្រសួងសង្គមកិច្ចនិងការងារអាចផ្ញើពាក្យបណ្ដឹងនោះទៅក្រុម ប្រឹក្សាអាជ្ញាកណ្ដាលបាន ហើយអ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុងបានផងដែរ។
មាត្រានេះផ្ទុយទាំងស្រុងពីមាត្រា៤៦នៃរដ្ឋធម្មនុញ្ញ ដែលតំរូវអោយស្ត្រីទទួលបានប្រាក់ខែពេញនៅពេលស្ត្រីសំរាកសំរាល កូន។ ពីព្រោះច្បាប់រដ្ឋធម្មនុញ្ញគឺជាច្បាប់ដែលមានអានុភាពជាង ដូច្នេះគួរតែគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ។
អត្ថបទច្បាប់:
មាត្រា១៨៤: ក្នុងរយៈពេលមួយឆ្នាំចាប់ពីថ្ងៃដែលសំរាលកូនរួច ស្ត្រីដែលអោយកូនបៅដោះអាចបានពេលមួយម៉ោងក្នុងមួយថ្ងៃ ដើម្បីបំបៅកូនខ្លួនក្នុងពេលម៉ោងធ្វើការ។ រយៈពេលមួយម៉ោងនេះអាចចែកជាពីរវគ្គដែលមាន៣០នាទី ក្នុងមួយវគ្គគឺ ពេលធ្វើការព្រឹកម្ដង ពេលធ្វើការរសៀលម្ដងនៅម៉ោងណាដែលស្ត្រីនោះព្រមព្រៀងជាមួយ និយោជក។ បើគ្មានការព្រមព្រៀងទេ ត្រូវយកម៉ោងនៅពាក់កណ្ដាលពេលនៃរយៈពេលម៉ោងធ្វើការនីមួយៗ។
ការពន្យល់អត្ថន័យច្បាប់:
បើអ្នកបំបៅកូនដោយទឹកដោះ និយោជកត្រូវអនុញ្ញាតអោយអ្នកឈប់សំរាករយៈពេល១ម៉ោងក្នុងកំលុងពេលធ្វើការដើម្បីបំបៅកូន។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បើសិនជានិយោជករំលោភបញ្ញត្តិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេច បង្ហាញច្បាប់នេះទៅសហជីពរបស់អ្នកហើយសុំអោយពួកគេដាក់ពាក្យ បណ្ដឹងអោយអ្នក។ តែបើសិនជាអ្នកគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងទៅក្រសួងសង្គមកិច្ចនិងការងារ។ បើសិនវាជាវិវាទសហករណ៍ ឧទាហរណ៍ដូចជា មនុស្សជាច្រើននៅក្នុងកន្លែងធ្វើការតែមួយមានបញ្ហាដូចគ្នា ក្រសួងសង្គមកិច្ចនិងការងារអាចផ្ញើពាក្យបណ្ដឹងនោះទៅក្រុម ប្រឹក្សាអាជ្ញាកណ្ដាលបាន ហើយអ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុងបានផងដែរ។
អត្ថបទច្បាប់:
មាត្រា១៨៥: ការឈប់ដើម្បីបំបៅកូនត្រូវគិតដោយឡែកហើយមិនត្រូវបន្ថយពីការ ឈប់សំរាកធម្មតាដែលមានចែងនៅក្នុងច្បាប់ការងារ ក្នុងបទបញ្ជាផ្ទៃក្នុងនៃគ្រឹះស្ថាន ក្នុងអនុសញ្ញារួមនៃការងារ ឬក្នុងទំលាប់ស្រុកដែលកម្មករឯទៀតក្នុងប្រភេទជាមួយនេះត្រូវបាន ឈប់។
ការពន្យល់អត្ថន័យច្បាប់:
រយៈពេល១ម៉ោងនៃការបំបៅកូននេះគឺជារយៈពេលបន្ថែមលើរយៈពេលសំរាក ដទៃទៀតរបស់អ្នក។ អ្នកក៏អាចទទួលពេលសំរាកទាំងអស់នោះដែរ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បើសិនជានិយោជករំលោភបញ្ញត្តិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេច បង្ហាញច្បាប់នេះទៅសហជីពរបស់អ្នកហើយសុំអោយពួកគេដាក់ពាក្យ បណ្ដឹងអោយអ្នក។ តែបើសិនជាអ្នកគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងទៅក្រសួងសង្គមកិច្ចនិងការងារ។ បើសិនវាជាវិវាទសហករណ៍ ឧទាហរណ៍ដូចជា មនុស្សជាច្រើននៅក្នុងកន្លែងធ្វើការតែមួយមានបញ្ហាដូចគ្នា ក្រសួងសង្គមកិច្ចនិងការងារអាចផ្ញើពាក្យបណ្ដឹងនោះទៅក្រុម ប្រឹក្សាអាជ្ញាកណ្ដាលបាន ហើយអ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុងបានផងដែរ។
អត្ថបទច្បាប់:
មាត្រា១៨៦: នាយកសហគ្រិនទាំងឡាយដែលប្រើស្ត្រីចាស់ក្ដី ក្មេងក្ដី ចំនួនយ៉ាងតិចមួយរយនាក់ ត្រូវរៀបចំបន្ទប់សំរាប់បំបៅកូនមួយនៅក្នុង ឬនៅជិតនោះ ហើយនិងទារកដ្ឋានមួយផង។
ក្នុងករណីដែលសហគ្រាសពុំមានលទ្ធភាពរៀបចំទារកដ្ឋានសំរាប់ទទួលកុមារ អាយុលើសពីដប់ប្រាំបីខែផ្ទាល់បានទេនារីជាកម្មករនិយោជិតអាច ផ្ញើកូនរបស់ខ្លួនទៅទារកដ្ឋានណាមួយដោយនិយោជកជាអ្នកចេញសោហ៊ុយ ថែរក្សាទារកនោះ។
ការពន្យល់អត្ថន័យច្បាប់:
បើសិនជានិយោជករបស់អ្នកមានស្ត្រីជាង១០០នាក់ធ្វើការ និយោជកត្រូវផ្ដល់នូវបន្ទប់សំរាប់មើលក្មេងនិងមជ្ឈមណ្ឌលថែរក្សា សុខភាពក្មេងនៅក្នុងរោងចក្រឬនៅជិតនោះ។ បើនិយោជកមិនផ្ដល់មជ្ឈមណ្ឌលថែរក្សាក្មេងដែលមានអាយុច្រើនជាង១៨ ខែនៅក្នុងរោងចក្រឬនៅជិតរោងចក្រនោះទេ អ្នកអាចដាក់កូនរបស់អ្នកនៅកន្លែងថែរក្សាក្មេងមួយណាក៏បាន ហើយនិយោជកត្រូវតែចេញលុយ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បើសិនជានិយោជករំលោភបញ្ញត្តិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេច បង្ហាញច្បាប់នេះទៅសហជីពរបស់អ្នក ហើយសុំអោយពួកគេដាក់ពាក្យបណ្ដឹងអោយអ្នក។ តែបើសិនជាអ្នកគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងទៅក្រសួងសង្គមកិច្ចនិងការងារ។ បើសិនវាជាវិវាទសហករណ៍ ឧទាហរណ៍ដូចជា មនុស្សជាច្រើននៅក្នុងកន្លែងធ្វើការតែមួយមានបញ្ហាដូចគ្នា ក្រសួងសង្គមកិច្ចនិងការងារអាចផ្ញើពាក្យបណ្ដឹងនោះទៅក្រុមប្រឹក្សា អាជ្ញាកណ្ដាលបាន ហើយអ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុងបានផងដែរ។
មាត្រា២០០: កម្មករនិយោជិតធ្វើការទៀតទាត់ក្នុងចំការគ្រប់ រូបមានសិទ្ធិត្រូវបានសំរាប់ប្រពន្ធខ្លួននិងសំរាប់កូនខ្លួន ដែលជាអនិតិជននៅក្នុងបន្ទុក ទោះមានខាន់ស្លា ឬឥតខាន់ស្លា អាយុតិចជាង១៦ឆ្នាំនូវអង្ករប្រចាំថ្ងៃតាមចំនួនកំរិតដូចតទៅ នេះ:
-៨០០ក្រាម សំរាប់ប្រពន្ធ
-២០០ក្រាម សំរាប់កូនម្នាក់ដែលមានអាយុតិចជាង២ឆ្នាំ
-៤០០ក្រាម សំរាប់កូនម្នាក់ដែលមានអាយុពី២ឆ្នាំទៅ៦ឆ្នាំ
-៦០០ក្រាម សំរាប់កូនម្នាក់ដែលអាយុពី៦ឆ្នាំទៅ១០ឆ្នាំ
-៧៥០ក្រាម សំរាប់កូនម្នាក់ដែលមានអាយុពី១០ឆ្នាំទៅ១៦ឆ្នាំ
តាវកាលិកនេះត្រូវបានដល់កម្មករនិយោជិតជាមេគ្រួសារ រាល់ថ្ងៃធ្វើការដែលបើក សិទ្ធិឲ្យបានប្រាក់ឈ្នួលឬក្នុងករណីព្យួរការងារបណ្ដាលមកពីការ ដេកពេទ្យ ឬការមានជំងឺដែលបានបញ្ជាក់អោយត្រឹមត្រូវ។
កូនអាយុតិចជាង១៦ឆ្នាំ ហើយតិចជាង២១ឆ្នាំដែលនៅជាប់រៀនក្នុងគ្រឹះស្ថានសាធារណៈខាងមធ្យម សិក្សាឬឧត្ដមសិក្សា ឬក្នុងគ្រឹះស្ថានឯកជនខាងមធ្យមសិក្សាឬខេត្តសិក្សាដែលបាន អនុញ្ញាតិត្រឹមត្រូវឬកូនដែលគេដាក់អោយរៀនធ្វើការ ត្រូវបានវត្ថុផ្ដល់ក្នុងល័ក្ខខណ្ឌ័ដូចគ្នានឹងកូនជាអនីតិជនអាយុ ១៦ឆ្នាំដែរ។
ដើម្បីអោយបានវត្ថុផ្ដល់សំរាប់គ្រួសារនេះ ប្រពន្ធត្រូវបំពេញល័ក្ខខ័ណ្ឌដូចតទៅ:
ក-មិនបានប្រកបអាជីវកម្មអ្វីដែលមានឈ្នួលទេ។
ខ-ត្រូវនៅជាមួយប្ដីខ្លួនក្នុងចំការប្រសិនបើប្ដីជាកម្មករនិយោជិត ស្ថិតស្ថេរ មានទីលំនៅក្នុងចំការឬនៅក្នុងផ្ទះឬលំនៅធម្មតារបស់ប្ដីនៅ ក្រៅចំការ ប្រសិនបើប្ដីមិននៅចំការទេ។
ដើម្បីអោយមានសិទ្ធិទទួលវត្ថុផ្ដល់ឲ្យគ្រួសារនោះ ទាល់តែកូនជាអនីតិជនទាំងឡាយនៅជាមួយនឹងមេគ្រួសារក្នុងចំការ បើគ្រួសារនេះជាកម្មករនិយោជិតស្នាក់នៅចំការនោះ ឬមួយនៅនឹងលំនៅរបស់មេគ្រួសារឬផ្ទះសម្បែងធម្មតាក្រៅចំការកាល បើមេគ្រួសារដេកនៅក្រៅចំការ។
ក៏ប៉ុន្តែកូនដែលត្រូវទៅរៀននៅសាលាឆ្ងាយ ឬចូលរៀនផ្នែកវិជ្ជាជីវៈរស់នៅក្រៅលំនៅមាតាបិតាត្រូវមានសិទ្ធទទួល វត្ថុផ្ដល់ កាលបើបង្ហាញលិខិតបញ្ជាក់ពីសាលារៀនសាធារណៈ ឬឯកជនដែលបានអនុញ្ញាតិត្រឹមត្រូវ។ ប្រសិនបើសាលារៀននោះជាសាលាឯកជនត្រូវអោយមានសេចក្ដីបញ្ជាក់ពី ក្រសួងមានសមត្ថកិច្ចលើហត្ថលេខានាយកគ្រឹះស្ថានឯកជននោះផង។
ការពន្យល់អត្ថន័យច្បាប់:
បើប្ដីរបស់អ្នកធ្វើការនៅចំការ ប្ដីរបស់អ្នកគួរទទួលបានអង្ករ៨០០ក្រាមសំរាប់ប្រពន្ធ ហើយគាត់ក៏ត្រូវទទួលបានអង្ករសំរាប់កូនៗដែរ។ ប្ដីរបស់អ្នកគួរទទួលបានអង្ករ៨០០ក្រាមសំរាប់ប្រពន្ធ ហើយគាត់ក៏ត្រូវទទួលបានអង្ករសំរាប់កូនៗដែរ។ ចំនួនអង្ករគឺចាប់ពី២០០ក្រាមសំរាប់កូនតូចជាងគេ រហូតដល់៧៥០ក្រាមសំរាប់កូនដែលជិតពេញវ័យ។ ប្រពន្ធអាចទទួលបានអង្ករបើសិនជាប្រពន្ធនោះមិនធ្វើការរកលុយដោយ ខ្លួនឯង ហើយនាងត្រូវតែរស់នៅជាមួយប្ដីដើម្បីទទួលបានអង្ករនោះ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បើសិនជានិយោជករំលោភបញ្ញត្តិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេច បង្ហាញច្បាប់នេះទៅសហជីពរបស់អ្នក ហើយសុំអោយពួកគេដាក់ពាក្យបណ្ដឹងអោយអ្នក។ តែបើសិនជាអ្នកគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងទៅក្រសួងសង្គមកិច្ចនិងការងារ។ បើសិនជាវិវាទសហករណ៍ ឧទាហរណ៍ដូចជា មនុស្សជាច្រើននៅក្នុងកន្លែងធ្វើការតែមួយមានបញ្ហា ដូចគ្នាក្រសួងសង្គមកិច្ចនិងការងារអាចផ្ញើពាក្យបណ្ដឹងនោះទៅ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបាន ហើយអ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុងបានផងដែរ។
អត្ថបទច្បាប់:
មាត្រា២៧១: កម្មករនិយោជិតទាំងអស់ទោះមានភេទ អាយុ សញ្ជាតិអ្វីក៏ដោយមានសិទ្ធិចូលជាសមាជិកសហជីពវិជ្ជាជីវៈតាមការ ជ្រើសរើសរបស់ខ្លួនដោយសេរី។
ការពន្យល់អត្ថន័យច្បាប់:
អ្នកធ្វើការទាំងអស់រួមទាំងស្ត្រីអាចចូលរួមក្នុងសហជីពកម្មករដែល ពួកគេជ្រើសរើស។ និយោជកមិនអាចតំរូវអោយអ្នកធ្វើការរបស់ខ្លួន ចូលរួមសហជីពកម្មករជាក់លាក់ណាមួយទេ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បើសិនជានិយោជករំលោភបញ្ញត្តិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេច បង្ហាញច្បាប់នេះទៅសហជីពរបស់អ្នក ហើយសុំអោយពួកគេដាក់ពាក្យបណ្ដឹងអោយអ្នក។ តែបើសិនជាអ្នកគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងទៅក្រសួងសង្គមកិច្ចនិងការងារ។ បើសិនវាជាវិវាទសហកណ៍ ឧទាហរណ៍ដូចជា មនុស្សជាច្រើននៅក្នុងកន្លែងធ្វើការតែមួយមានបញ្ហាដូចគ្នា ក្រសួងសង្គមកិច្ចនិងការងារអាចផ្ញើពាក្យ បណ្ដឹងនោះទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលបាន ហើយអ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុងបានផងដែរ។
មាត្រា២៨៦: អាចមានសិទ្ធិបោះឆ្នោត គឺកម្មករនិយោជិតទាំងពីរភេទមានអាយុយ៉ាងតិចដប់ប្រាំបីឆ្នាំហើយ ដែលបានធ្វើការយ៉ាងតិចបីខែក្នុងសហគ្រាស និងគ្មានទទួលទោសស្ដីពីការដកសិទ្ធិបោះឆ្នោតដូចមានចែងក្នុង ច្បាប់បោះឆ្នោត។
មានសិទ្ធិឈរឈ្មោះបោះឆ្នោត គឺកម្មករនិយោជិតដែលមានសិទ្ធិបោះឆ្នោត មានអាយុយ៉ាងតិចម្ភៃប្រាំឆ្នាំនិងមានអតីតភាពការងារក្នុង សហគ្រាសយ៉ាងតិចប្រាំមួយខែ។ បន្ថែមលើល័ក្ខខ័ណ្ឌនេះជនបរទេសដែលអាចឈរឈ្មោះបោះឆ្នោតបាន ត្រូវមានសិទ្ធិស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមបទប្បញ្ញត្តិនៃច្បាប់អន្ដោប្រវេសន៍ រហូតដល់ពេលបញ្ចប់អាណត្តិដែលគ្រោងទុក។
ការពន្យល់អត្ថន័យច្បាប់:
អ្នកធ្វើការទាំងអស់រួមទាំងស្ត្រីអាចបោះឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំសហជីពបើពួកគេជាសមាជិកសហជីពនោះ។
ឧទាហរណ៍អំពីមធ្យោបាយនៃការប្រើប្រាស់ច្បាប់:
បើសិនជានិយោជករំលោភបញ្ញត្តិនេះ ជាដំបូងអ្នកត្រូវបង្ហាញច្បាប់នេះទៅពួកគាត់ ហើយប្រាប់ពួកគាត់អោយដោះស្រាយបញ្ហានេះ។ បើមិនបានសំរេច បង្ហាញច្បាប់នេះទៅសហជីពរបស់អ្នកហើយសុំអោយពួកគេដាក់ពាក្យ បណ្ដឹងអោយអ្នក។ តែបើសិនជាអ្នកគ្មានសហជីពនោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងទៅក្រសួងសង្គមកិច្ចនិងការងារ។ បើសិនវាជាវិវាទសហកណ៍ ឧទាហរណ៍ដូចជា មនុស្សជាច្រើននៅក្នុងកន្លែងធ្វើការតែមួយមានបញ្ហា ដូចគ្នាក្រសួងសង្គមកិច្ចនិងការងារអាចផ្ញើពាក្យបណ្ដឹងនោះទៅ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបាន ហើយអ្នកក៏អាចដាក់ពាក្យបណ្ដឹងទៅតុលាការខេត្ត-ក្រុងបានផងដែរ។
ស្វែងរកអនុសាសន៍រួមគ្នា ដើម្បីលើកកម្ពស់យុត្តិធម៌ជូនស្ត្រីកម្ពុជា
ភ្នំពេញ៖ តំណាងក្រសួងកិច្ចការនារី តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងយុត្តិធម៌ តំណាងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និងតំណាងពាក់ព័ន្ធមួយចំនួនទៀតបានមកជួបជុំគ្នា ដើម្បីពិភាក្សាបញ្ហាដែលជួបប្រទះ និងស្វែងរកអនុសាសន៍រួមគ្នាដាក់ជូនរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់យុត្តិធម៌ជូនស្ត្រីនៅក្នុងប្រទេសកម្ពុជា។
ការជួបប្រជុំគ្នានេះធ្វើឡើងតាមរយៈសិក្ខាសាលាប្រចាំឆ្នាំមួយ ស្ដីពី «ការប្រឈមនិងមេរៀនដែលទទួលបានពីការអនុវត្តន៍គម្រោងសេវាកម្មជំនួយ ផ្នែកច្បាប់ដល់ស្ត្រី» កាលពីថ្ងៃទី១១ខែកុម្ភៈកន្លងទៅនេះ នៅសណ្ឋាគារសាន់វ៉េ។
លោកស្រី ពឹង យក់ហៀប នាយិកាប្រតិបត្តិនៃអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជាបានមាន ប្រសាសន៍ថា នេះជាលើកទី១ហើយ ដែលជំនួយផ្នែកច្បាប់នៃកម្ពុជាបានធ្វើការងារជាដៃគូជាមួយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ក្នុងការផ្ដល់សេវាកម្មជំនួយផ្នែកច្បាប់ដល់ស្ត្រីនៅក្នុងបណ្ដា ខេត្តចំនួន៣ កំពង់ឆ្នាំង កំពង់ស្ពឺ និងសៀមរាប។ លោកស្រីបានបន្តថា ការផ្ដល់សេវាកម្មនេះ គឺជាការតភ្ជាប់ជំនួយផ្នែកច្បាប់រវាងដៃគូសហប្រតិបត្តិការ អន្តរជាតិ និងស្ត្រីងាយរងគ្រោះ ដែលត្រូវការជំនួយផ្នែកច្បាប់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ពួកគេនៅចំពោះមុខតុលាការ។
លោកស្រី យក់ហៀប បានបន្ថែមថា បច្ចុប្បន្ននេះយើងសង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ស្ទើរលើគ្រប់វិស័យទាំងអស់ ហើយក្នុងនោះវិស័យច្បាប់ក៏បានបោះជំហានយ៉ាងលឿនគួរឲ្យកត់សម្គាល់ ដែរ។ មានន័យថាថ្មីកន្លងទៅនេះប្រទេសកម្ពុជាបានអនុម័ត និងធ្វើសេចក្ដីព្រាងច្បាប់ជាច្រើន ប្រយោជន៍ដើម្បីគ្រប់គ្រងសង្គមកម្ពុជាឲ្យមានស្ថិរភាពនយោបាយសង្គម និងសេដ្ឋកិច្ច និងធានានូវការអភិវឌ្ឍន៍ឆ្ពោះទៅរកនីតិរដ្ឋ។ លោកស្រីបានឲ្យដឹងថា ទោះបីជាយ៉ាងនេះក៏ដោយ យើងក៏សង្កេតឃើញថា ការអនុវត្តច្បាប់នៅប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ លោកស្រីមានសង្ឃឹមថា តាមរយៈសិក្ខាសាលាពិគ្រោះយោបល់បែបនេះ និងឆន្ទៈគោរពច្បាប់របស់មន្ត្រីមានសមត្ថកិច្ច ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានសេចក្ដីទុកចិត្តពីសហគមន៍ជាតិ និងអន្តរជាតិ ហើយជាពិសេសស្ត្រីទទួលបានយុត្តិធម៌។
លោកស្រី សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា ការធានានូវយុត្តិធម៌ជូនស្ត្រីមិនមែនជាបញ្ហាតែមួយគត់ និងងាយស្រួលនោះទេ តែវាជាបញ្ហាដែលតម្រូវឲ្យមន្ត្រីពាក់ព័ន្ធស្ថាប័នទាំងអស់ ធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធ ហើយការងារនេះទៀតសោត ទាមទារឲ្យមានការប្ដេជ្ញាខ្ពស់ពីមន្ត្រីអនុវត្តច្បាប់ទាំងអស់។ បន្ថែមលើសនេះទៀតយើងក៏ទទួលស្គាល់ថា មន្ត្រីអនុវត្តច្បាប់មួយចំនួនមានការយល់ដឹងអំពីភាពយុត្តិធម៌ សម្រាប់ស្ត្រីមានកម្រិតទាបនៅឡើយ ដោយសារតែប្រទេសយើងទើបតែមានសុខសន្តិភាពបរិបូរណ៍ ហើយច្បាប់និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធមួយចំនួនធំទើបតែត្រូវបាន អនុម័តឡើង។ ដូច្នេះនៅក្នុងពេលអន្តរកាលនេះ ជាពេលវេលាដែលយើងត្រូវអនុម័តច្បាប់ផង និងជាពេលដែលយើងរៀនសូត្រនូវចំណេះដឹងថ្មីៗផង។
លោកស្រីបានបញ្ជាក់ថា មូលហេតុនេះហើយដែលនាំឲ្យមានការយឺតយ៉ាវនូវប្រសិទ្ធភាពនៃការ អនុវត្តច្បាប់នៅឡើយ។ តាមរយៈសិក្ខាសាលានេះលោកស្រីមានសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងបានរៀនសូត្របន្ថែមទៀតនូវបទពិសោធន៍ល្អៗ និងចំណេះដឹងថ្មីៗ ដើម្បីលើកស្ទួយនិងជួយរកយុត្តិធម៌ជូនស្ត្រី។
ដោយឡែកលោក អ៊ិត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា ស្ត្រីនៅកម្ពុជាប្រឈមមុខទៅនឹងការលំបាក និងគ្រោះថ្នាក់ជាច្រើនរាប់មិនអស់។ អំពើហិង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ ការជួញដូរមនុស្ស ដើម្បីធ្វើអាជីវកម្មផ្លូវភេទ គឺជាបទល្មើសមួយចំនួន ក្នុងចំណោមអំពើរំលោភសិទ្ធិធ្ងន់ធ្ងរ។ លោកបានបន្តថា នៅពេលដែលអំពើហិង្សាប្រឆាំងស្ត្រីនៅកម្ពុជា ជាបញ្ហាមួយដែលមិនអាចកំណត់ចំនួនវាបានច្បាស់លាស់ថា អំពើហិង្សាប្រឆាំងនឹងស្ត្រី គឺជាបញ្ហាធ្ងន់ធ្ងរមួយ ហើយជាងនេះទៅទៀតរបាយការណ៍ស្ដីអំពីអំពើហិង្សានៅក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ និងការជួញដូរមនុស្ស នៅតែកើតមានឡើងជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជាមានតួនាទីការពារស្ត្រីទាំងឡាយប្រឆាំងនឹងការ រំលោភបំពានផ្សេងៗ ដោយធានាកំណត់អំពីសិទ្ធិរបស់ស្ត្រីនៅក្នុងប្រព័ន្ធច្បាប់៕
អង្គការ LAC បើកវគ្គបណ្ដុះបណ្ដាល អំពីច្បាប់ពាក់ព័ន្ធនឹងស្ត្រីនៅក្រុងច្បារមន
កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៩ នៅបរិវេណសាលាក្រុងច្បារមនអង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា (LAC) បានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការបើកវគ្គបណ្ដុះបណ្ដាល អំពីច្បាប់ដែលពាក់ព័ន្ធនឹងស្ត្រីដល់មន្ត្រីនគរបាលយុត្តិធម៌ចំនួន ៣០នាក់ដែលស្ថិតនៅក្នុងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។
កញ្ញា សុខ សុខា អ្នកបណ្ដុះបណ្ដាលផ្នែកច្បាប់នៃអង្គការជំនួយផ្នែកច្បាប់នៃ កម្ពុជា LAC បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃ មានសិក្ខាកាមសរុប៣០នាក់សុទ្ធសឹងជាមន្ត្រីនគរបាលយុត្តិធម៌ក្នុង នោះមានមន្ត្រីនគរបាលនៅតាមប៉ុស្ដិ៍រដ្ឋបាលមន្ត្រីកងរាជអាវុធហត្ថ មន្ត្រីកិច្ចការនារីព្រមទាំងលោកមេឃុំ និងលោកជំទប់ទី១ ក្នុងសង្កាត់៥របស់ក្រុងច្បារមនបានចូលរួមផងដែរ។ ពិធីនេះត្រូវបានលោក ហ៊ុយ ស៊ីធឿន អភិបាលក្រុងច្បារមន និងលោក អ៊ុក គឹមឡេង នាយកបច្ចេកទេសច្បាប់នៃអង្គការ LAC ចូលរួមផងដែរ។ វគ្គបណ្ដុះបណ្ដាលនេះឧបត្ថម្ភដោយអង្គការ OSI ចំពោះគោលដៅបណ្ដុះបណ្ដាលគឺមានធ្វើនៅក្នុងខេត្តកំពង់ស្ពឺ និងនៅក្នុងខេត្តកំពង់ឆ្នាំង។ កញ្ញា សុខ សុខា ឲ្យដឹងទៀតថា វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងឲ្យសិក្ខាកាមយល់ដឹងបន្ថែមអំពី ច្បាប់ដែលទាក់ទងនឹងស្ត្រីក្នុងនោះមានច្បាប់ស្ដីអំពីការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ។ ច្បាប់ឯកព័ន្ធភាព ច្បាប់ទប់ស្កាត់អំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទជាដើម។
លោក អ៊ុក គឹមឡេង នាយកបច្ចេកទេសច្បាប់របស់អង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា LAC បានលើកឡើងនៅក្នុងពីនោះថា វគ្គសិក្សានេះបង្ហាញឲ្យឃើញនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាង សង្គមស៊ីវិល និងរដ្ឋាភិបាលដើម្បីស្វែងរកនូវដំណោះស្រាយផ្សេងៗ និងភាពរីកចម្រើនសម្រាប់ស្ត្រីទូទៅនៅក្នុងសង្គមជាតិនាពេល បច្ចុប្បន្ន ក៏ដូចជានៅពេលខាងមុខ៕
កិច្ចប្រជុំពិភាក្សាវេទិកាតុមូល ស្ដីពីបណ្ដាញស្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ អង្គការចំរើនស្ត្រីបានបើកកិច្ចប្រជុំពិភាក្សាតុមូលថ្នាក់ជាតិ ស្ដីពីវេទិកាបណ្ដាញស្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃក្រោមអធិបតីភាពលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី. លោក សួ សុខខេង អគ្គនាយករងអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ និងលោកស្រី ប៉ុក ណណ្ដា នាយិកាប្រតិបត្តិអង្គការចំរើនស្ត្រីព្រមទាំងសមាជិក-សមាជិកាជាច្រើន រូបទៀត។
លោកស្រី ប៉ុក ណណ្ដា នាយិកាប្រតិបត្តិអង្គការចំរើនស្ត្រី បានថ្លែងក្នុងឱកាសបើកកិច្ចប្រជុំពិភាក្សាតុមូលថ្នាក់ជាតិ ស្ដីពីវេទិកាបណ្ដាញស្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់នោះថា អង្គការចំរើនស្ត្រីបានបង្កើតឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៤ ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មានបេសកកម្មលើកស្ទួយ និងគាំទ្រសិទ្ធិរបស់ស្ត្រីឲ្យស្មើភាពជាមួយបុរស បង្កើតភាពជឿជាក់លើខ្លួនឯង លើទឹកចិត្តឲ្យស្ត្រីចូលរួមក្នុងកិច្ចការសាធារណៈ និងទទួលបានតួនាទីជាអ្នកដឹកនាំធ្វើសេចក្ដីសម្រេចនៅគ្រប់កម្រិត ក្នុងសង្គម។
ដើម្បីរួមចំណែកជំរុញការអនុវត្តប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការ អង្គការចំរើនស្ត្រីបានធ្វើចំណាត់អាទិភាពផ្នែកបង្កើត និងពង្រឹងសមត្ថភាពធនធានមនុស្ស ការលើកកម្ពស់សមភាព សមធម៌យេនឌ័រ និងការពង្រឹងសេវាសង្គមនៅមូលដ្ឋានដែលផ្ដល់ប្រយោជន៍ជូនប្រជា ពលរដ្ឋ ជាពិសេសដល់ស្ត្រី និងកុមារចំពោះមុខច្បាប់ ។ល។
អង្គការចំរើនស្ត្រីបានទទួលការអនុញ្ញាត និងកិច្ចសហការពីក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ដើម្បីបើកវគ្គបំប៉នដល់បេក្ខនារីឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី១ បានចំនួន៥.៥២៧រូបនៅទូទាំងប្រទេស និងអាណត្តិទី២ បានចំនួនប្រមាណ២.០០០រូប។ លទ្ធផលជាវិជ្ជមានដែលប្រទេសកម្ពុជាទទួលបានគឺស្ត្រីចំនួន៨ភាគរយ បានជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអាណត្តិទី១ និងអាណត្តិទី២ ចំនួនស្ត្រីជាប់ឆ្នោតបានកើនឡើងរហូតដល់ទៅ១៥ភាគរយ។
ក្រោយពេលជាប់ឆ្នោតនៅអាណត្តទី១អង្គការចំរើនស្ត្រីបានបើកវគ្គ បំពាក់បំប៉នដល់ស្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេសលើប្រធាន បទ «ស្ត្រី និងអភិបាលកិច្ច» និងលើកទឹកចិត្តដល់ពួកគាត់ ដោយបង្កើតជាបណ្ដាញមានចំនួន១៤៤រូប (៦រូបក្នុងខេត្ត-រាជធានីនីមួយៗ) ហើយបានផ្ដល់ឱកាសជូនដល់ពួកគាត់បានជួបជុំគ្នាតាមតំបន់ ដើម្បីរៀនសូត្រចែករំលែកបទពិសោធន៍ និងលើកទិសដៅសម្រាប់អនុវត្តន៍ការងារឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។
កិច្ចប្រជុំតុមូលថ្នាក់ជាតិថ្ងៃនេះ គឺជាសកម្មភាពចុងក្រោយនៃយុទ្ធសាស្ត្រ៣ឆ្នាំ ដើម្បីជម្រាបជូនអង្គពិធីទាំងមូលជ្រាបអំពីសកម្មភាព លទ្ធផលទទួលបានកន្លងមក និងជាកិច្ចផ្ទេរវេទិកានេះជាផ្លូវការជូនដល់ខេត្តនីមួយៗព្រមជា មួយកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ក្នុងការធានាឲ្យមានវេទិកាមាន និរន្តរភាព។
អង្គការចម្រើនស្ត្រីប្រមើលមើលថា វេទិកានឹងមាននិរន្តរភាពប្រសិនជាអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនឹងវិមជ្ឈការ ចូលរួមចំណែកលើកកម្ពស់សមត្ថភាពស្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ឲ្យ ពួកគេក្លាយជាដៃគូដ៏មានប្រសិទ្ធភាពក្នុងការចូលរួមអភិវឌ្ឍន៍ ឃុំ-សង្កាត់របស់ខ្លួន។ ក្នុងន័យនេះសូមស្នើដល់សមាគមក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុង ខេត្តទាំង៩ អនុញ្ញាតឲ្យក្រុមអ្នកសម្របសម្រួល នៃបណ្ដាញស្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់មានទីតាំងសម្រាប់ពួកគាត់ ជួបជុំគ្នា និងលើកផែនការសម្រាប់រៀបចំវេទិកា។ លោកប្រធានសមាគមក្រុមប្រឹក្សាឃុំ-សង្កាត់ អាចផ្ដល់ប្រឹក្សា និងចូលរួមពិភាក្សាការងារទាំងអស់នេះព្រោះលទ្ធផលបានចុងក្រោយ គឺជាការបង្កើននូវការយល់ដឹងក៏ដូចជាសមត្ថភាព និងកិច្ចសហការល្អរវាងស្ត្រី និងបុរសក្នុងជួរក្រុមប្រឹក្សាឃុំ-សង្កាត់។
នៅក្នុងកិច្ចប្រជុំតុមូលថ្នាក់ជាតិនោះដែរលោក សួ សុខខេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃបានមាន ប្រសាសន៍ថា កន្លងមកអង្គការចម្រើនស្ត្រីបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង មហាផ្ទៃ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការធ្វើសេចក្ដីសម្រេចចិត្ត ជាពិសេសនៅថ្នាក់មូលដ្ឋានចាប់តាំងពីឆ្នាំ២០០២ ដោយរៀបចំវេទិកាជាច្រើនក្នុងគោលបំណងដើម្បីផ្ដល់ឱកាសឲ្យស្ត្រី ក្រុមប្រឹក្សាឃុំ-សង្កាត់បានជួបប្រជុំគ្នារៀនសូត្រចែករំលែកបទ ពិសោធន៍ បង្កើតសាមគ្គីភាព ដោយធ្វើយ៉ាងណាឲ្យពួកគេចេះចាត់ចែងរៀបចំ និងរៀនសូត្រដោយខ្លួនឯង ចេះស្វែងយល់បញ្ហាដោយខ្លួនឯង ដើម្បីយកមកពិភាក្សា និងបង្កើតយុទ្ធសាស្ត្រសម្រាប់ដោះស្រាយ ព្រមជាមួយនេះ ពួកគេក៏ទទួលបាននូវចំណេះដឹងថ្មីៗ និងជំនាញសម្របសម្រួលដើម្បីឲ្យពួកគេចេះរៀបចំ និងដឹកនាំវេទិកាបណ្ដាញស្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយខ្លួនឯង នាពេលអនាគត។ ប្រការនេះ នឹងនាំទៅរកការផ្លាស់ប្ដូរដឹកនាំដើម្បីឈានទៅរកអភិបាលកិច្ចល្អ និងការគោរពសិទ្ធិមនុស្ស។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមន្ត្រីអង្គការចំរើនស្ត្រី និងមន្ត្រីនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ។ កិច្ចប្រជុំតុមូលថ្នាក់ជាតិនេះមានគោលបំណងដើម្បីធានាឲ្យមាន និរន្តរភាពនៃវេទិកាដោយឆ្លុះបញ្ចាំង និងពិភាក្សាប្រធានបទ៣ គឺរបាយការណ៍ស្ដីពីការសម្រេចបានក្នុងការអនុវត្តយុទ្ធសាស្ត្រដកថយ៣ ឆ្នាំ ការប្រឈមមុខក្នុងការស្វែងរកថវិកាសម្រាប់និរន្តរភាពថវិកានេះដែរ។ ទាំងនេះជាគោលដៅធំ និងសំខាន់បំផុតនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសំដៅពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាលឯកភាព មួយនៅថ្នាក់ក្រោមជាតិ ដែលជាគោលដៅជាសារវន្ត គឺអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែប្រសើរជាងមុនថែមមួយកម្រិតទៀត។
កិច្ចប្រជុំពិគ្រោះយោបល់ យុទ្ធសាស្ត្រសិទ្ធិស្ត្រីថ្នាក់ជាតិ
កិច្ចប្រជុំពិគ្រោះយោបល់រៀបចំយុទ្ធសាស្ត្ររបស់ក្រុមការងារស្ត្រី និងកុមារថ្នាក់ជាតិស្ដីពីដំណើរការ និងរចនាសម្ព័ន្ធនៃយន្តការអាស៊ាន នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០០៩ នៅវិទ្យាស្ថានជាតិអប់រំ ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ កិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន ៦៥ និងសម្របសម្រួលដោយ PCC អង្គការបន្ទាយស្ត្រី អង្គការ CWPD NGO-CRC និង CPWP។ អ្នកចូលរួមជាតំណាងរបស់សកម្មជនសិទ្ធិស្ត្រី និងសិទ្ធិកុមារ ពី NGO-CEDAW GAT/NET CPWP NGO-Forum សមាជិករបស់ NGO-CRC និងពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិដទៃទៀត។ កិច្ចប្រជុំនេះគាំទ្រដោយ APWLDនិង IWRAW ។
សម្រាប់ព័ត៌មានលម្អិតអំពីគោលគំនិត គោលដៅ លទ្ធផលរំពឹងទុក និងកម្មវិធីនៃកិច្ចប្រជុំនេះ សូមទាញយកនូវឯកសារខាងក្រោមនេះ។
Translate Concept paper women right asian.pdf