ជន​អគតិ​បង្ខំ​ស្ត្រី​បំរើ​ស្រា​បៀរ​ឱ្យ​ផឹក​ នាង​មិន​ស្រួល​​ខ្លួន និងប្រកែក​គប់​នាង​បែក​ក្បាល

ថ្ងៃ សុក្រ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១១ រាជធានីភ្នំពេញ ៖ ​ជន​ទំនើង​ម្នាក់​ដែល​​ជា​អ្នក​បើក​បរ​រថយន្ត​​ឱ្យ​ឧកញ៉ា​ម្នាក់​​រួម​ជា​ មួយ​បក្ស​ពួក​៣​​នាក់​ទៀត បាន​ទាញ​​កែវ​ស្រា​គប់​ក្បាល​ស្ត្រី​លក់​ស្រា​បៀរ​ម្នាក់ បណ្តាល​ឱ្យ​រង​របួស​បែក​រយះ​យ៉ាង​ធ្ងន់​ធ្ងរ​រហូត​ដួល​សន្លប់​​បាត់​ ស្មារតី។ អំពើ​ហិង្សា​​កំរោល​​បួន​ជ្រុង​នេះ​កើត​ឡើង​ ដោយ​​សារ​​តែ​​ជន​ទាំង​នោះ​បង្ខំ​ឱ្យ​​ស្ត្រី​​លក់​ស្រា​បៀរ​នោះ​ផឹក​​ស្រា ប៉ុន្តែ​​​នាង​មិន​សូវ​ស្រួល​ខ្លួន​នាង​ផឹក​អស់​​ត្រឹម​តែ​​កន្លះ​កែវ​នៅ​​ សល់​​កន្លះ​កែវ​ទៀត​មិន​ព្រម​​ផឹក ​​ធ្វើ​ឱ្យ​​ជន​នោះ​ខឹង​ចោទ​ថា នាង​មើល​​ងាយ​​មើល​ថោក​ខ្លួន ​ក៏​បាន​ទាញ​​កែវ​គប់​​​ក្បាល​នាង​ទាំង​កំរោល​តែ​ម្តង ។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​​ ៣០​នាទី​​យប់ ​ថ្ងៃ​ទី​២៣ កុម្ភៈ ​ឆ្នាំ ២០១១ នៅ​​ក្នុង​ភោជនីយ​ដ្ឋាន​​យីហោ​ «ថ្ងៃ​នេះ​ថ្ងៃ​ជ័យ​» ដែល​មាន​​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០០៤ ​ភូមិត្រពាំង​ល្វា សង្កាត់​​កាកាប ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ ។

ជន​ទំនើង​ដែល​មាន​ចរិត​ឃោរ​ឃៅ​គប់​ក្បាល​ស្ត្រី​ទន់​ខ្សោយ​​នឹង​កែវ​ស្រា​ បៀរ​នោះ​ឈ្មោះ​តេង វិចិត្រ អាយុ​ជាង​៣០​ឆ្នាំ ជា​អ្នក​​បើក​បរ​រថយន្ត​ឱ្យ​ឧកញ៉ាម្នាក់​ មាន​ស្រុក​កំណើត​ភូមិ​ផ្សារ​លើ ឃុំ​​​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ សព្វ​​ថ្ងៃ​​ស្នាក់​នៅ​សង្កាត់​​មិត្ត​ភាព ខណ្ឌ ៧​មករា រាជ​ធានី​ភ្នំពេញ។ ​ជន​នេះត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​​កាកាប និង​ម្ចាស់​ហាង​សហ​ការ​គ្នា​ចាប់​ខ្លួន​​​បញ្ជូន​ទៅ​កាន់​ផ្នែក​​ព្រហ្ម​ ទណ្ឌ​ខណ្ឌ​ដង្កោ ចំណែក​ឯ​ស្ត្រី​លក់​ស្រា​បៀរ​រង​គ្រោះ​ឈ្មោះ​លីដា ​អាយុ​១៨​ឆ្នាំ ​ជា​ស្ត្រី​​បំរើ​ស្រា​បៀរ​ថៃ​ហ្គ័រ​ ប្រចាំ​នៅ​ក្នុ​ង​ភោជនីយ​ដ្ឋាន «ថ្ងៃ​នេះ​ថ្ងៃ​ជ័យ​​» នោះ ។ នាង​មាន​ទីលំនៅ​​ក្នុង​ភូមិ​សាក់​សំពៅ សង្កាត់​សាក់​សំពៅ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ សព្វ​ថ្ងៃ​ស្នាក់​នៅ​ផ្ទះ​ជួល​​ក្នុង​ភូមិ​កើត​ហេតុ​​ដោយ​រង​របួស​ដេរ​៦​ ថ្នេរ ហើយ​​ពេល​នេះ​នាង​​កំពុង​សម្រាក​ព្យា​បាល​របួស​នៅ​ក្នុង​មន្ទីរ​ពហុ​ព្យា​ បាល និង​សម្ភព​ឡាំ​ប៊ុន​ថន។ ​តាម​​ប្រភព​​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​​ជន​​អគតិ​រូប​នេះ​​​មាន​គ្នា​៤​​នាក់​ ជិះ​រថយន្ត​ម៉ាក​តូយ៉ូតា ស៊ើប​​មួយ​គ្រឿង​ ទៅ​ផឹក​ស៊ី​​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​​ខាង​លើ ដោយ​ផឹក​ស្រា​បៀរ ABC ។ នៅ​ពេល​ផឹក​ស៊ី​នោះ ក្រុម​ជន​ខាង​លើ​បាន​និយាយ​ឡូ​ឡា​ខ្លាំងៗ​​ធ្វើ​ឫក​ពា​សម្បើម​ខ្លាំង​ណាស់​​ ហាក់​គ្មា​ន​សុជី​វ​ធម៌​​ក្នុង​ខ្លួន​បន្តិច​ណា​ឡើយ ។ ប្រភព​ដ​ដែល​បាន​បន្ត​​ទៀត​ថា ​ពេល​នោះ​ស្ត្រី​រង​គ្រោះ គឺ​​ជា​អ្នក​​ចាក់​ស្រា​​ឱ្យ​ ហើយ​​ជន​ដៃ​ដល់​បាន​​ហុច​ស្រា​បៀរ​ ABC ពេញ​១​កែវ​ឱ្យ​នាង​ផឹក​ ពេល​នោះ​នាង​ប្រកែក​ថា មិន​ស្រួល​ខ្លួន​អត់​ហ៊ាន​ផឹក​ទេ ។ ​ប៉ុន្តែ​​ដោយ​សារ​ជន​នោះ​បង្ខំ​ខ្លាំង​ពេក នាង​ក៏​យល់​ព្រម​​ផឹក​ទាំង​បង្ខំ​ចិត្ត​អស់​កន្លះ​កែវ នៅ​សល់​កន្លះ​កែវ​ទៀត​នាង​ទុក​នៅ​លើ​​តុ​វិញ ។ ប្រភព​ដ​ដែល​បាន​បន្ត​ទៀត​ថា ក្នុង​ខណៈ​នោះ​ជន​ខាង​លើ​​បាន​បង្ខំ​នាង​ផឹក​ឱ្យ​អស់ ប៉ុន្តែ​នាង​មិន​ផឹក​​ធ្វើ​ឱ្យ​ជន​នោះ​ខឹង​ក៏​បាន​​ស្រែក​ឡូឡា​ថា នាង​មើល​ងាយ​ខ្លួន​រួច​ក៏​ទាញ​​កែវ​មក​ដាក់​ទឹក​កក​ ព្រម​ទាំង​ចាក់​ស្រា​​បៀរ​ថែម​ពេញ​​១​កែវ​​ ​យក​មក​គប់​ក្បាល​ស្ត្រី​រង​គ្រោះ​​បណ្តាល​ឱ្យ​បែក​រយះ​ចេញ​ឈាម និង​ដួល​សន្លប់​បាត់​ស្មារតី។ ​ភ្លាម​នោះ​ជន​​អគតិ​នេះ​​​ប្រុង​រត់​គេច​ខ្លួន​ ប៉ុន្តែ​ត្រូវ​ម្ចាស់​​ហាង​ឃាត់​ និង​ទូរស័ព្ទ​​ប្តឹង​ប៉ូលិស​ឱ្យ​​​​មក​ចាប់ខ្លួន​តែ​ម្តង ។ ដោយ​ឡែក​ស្ត្រី​ជា​ម្តាយ​​ស្ត្រី​រង​គ្រោះ​​បាន​និយាយ​ថា កូន​របស់​គាត់​អត់​មាន​ទំនាស់​ជា​មួយ​ជន​ទាំង​នោះ​ទេ គឺ​ពួក​គេ​មាន​ទំនាស់​ជា​មួយ​ម្ចាស់​ហាង​​ ហើយ​ទាញ​កែវ​គប់​ម្ចាស់​​​ហាង​ខុស​ក៏​ប្លាត​​ទៅ​ត្រូវ​​​ក្បា​លកូ​នស្រី​ របស់​គាត់​​តែ​ម្តង ៕

No comments:

Post a Comment