ចាប់​ក្មេង​ស្ទាវ​រំលោភ​កុមារី​៣ឆ្នាំ​ទៅតុលាការ

ថ្ងៃ ច័ន្ទ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១១
ខេត្ត​តាកែវ ៖ ក្មេង​ស្ទាវ​ម្នាក់​ត្រូវ​បាន​នគរ​​បាល​ស្រុក​បាទី​​ឃាត់​ខ្លួន​បញ្ជូន​​ មកកាន់​ស្នង​ការ​​ដ្ឋាននគរ​បាលខេត្ត​ ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ជី​ដូន​​កុមារី​រងគ្រោះ​ដោយ​ចោទ​ពីបទ​​ថា បាន​​ចាប់​បង្ខំ​រំលោភ​​សេព​សន្ថវៈ​​ព្រម​ទាំង​វាយ និង​គម្រាម ​កំហែង ខណៈ​ពេល​ដែល​ជីដូន​របស់កុមារី​រង​គ្រោះ​មិន​នៅផ្ទះ ។ ការ​ចាប់​ឃាត់​ខ្លួន​ក្មេង​ស្ទាវ​​នេះធ្វើ​ឡើង​កាល​ពីថ្ងៃទី២៧ ​កុម្ភៈ ​​វេលា​ម៉ោង​៨ និង​១០​នាទី​ ស្ថិតនៅ​ក្នុងឃុំ​តាំង​ដូង ​ស្រុក​បាទី ខេត្ត​តាកែវ ។
លោកយុត ឡូ អធិការ​​រង​នគរ​បាល​ស្រុក​បាទី​​បានឱ្យ​ដឹង​ថា ក្មេង​ស្ទាវ​​ដែលប៉ូលិស​ឃាត់​ខ្លួន​នោះ​​មាន​ឈ្មោះ​ឡុច រត្ន​តានី ​​អាយុ​១៨ឆ្នាំ ​​រស់​នៅ​​ក្នុងឃុំ​​​ខាងលើ ​។ ជន​នេះ​កាលពីថ្ងៃទី​២២ កុម្ភៈ ​វេលាម៉ោង​៥ល្ងាច ​បាន​ចូល​ទៅ​ចាប់​បង្ខំ​រំលោភ​​សេពសន្ថវៈ​​លើ​កុមារី​ឈ្មោះទ.ស.ណ​អាយុ​៣​ ឆ្នាំ ​រស់​នៅ​ជាមួយ​ជី​ដូន​តែ​២​នាក់​ ហើយ​ពេល​ដែល​​ក្មេង​ស្ទាវ​ចូល​ទៅ​ចាប់​នោះ​ ជី​ដូន​កុមារី​រង​គ្រោះ​មិន​ផ្ទះ ​ដោយ​រវល់ទៅ​រក​ទិញ​ម្ហូប ។ ​លោក​អធិការ​រង​បានបន្ត​ទៀត​ថា ម្តាយ​កុមារី​រងគ្រោះ​​​មានប្តី​​ត្រឹម​ត្រូវ​ តែនៅពេល​ម្តាយ​​នាងពពោះ​បាន​៥​ខែ ​ឪពុកនាងក៏​បានទុកចោល​ឱ្យ​ជីដូន​​ជា​អ្នក​ចិញ្ចឹម​​ ហើយ​ខ្លួន​ជា​ម្តាយ​ក៏បាន​ចេញ​ទៅ​ធ្វើ​​ជា​កម្ម​ការិនី​រោង​ចក្រ ។

នៅចំពោះ​មុខ​ប៉ូលិស​​ជន​ល្មើស​​បានសារភាព​​ទាំង​ទ្រហ៊ោយំ​ថា រូបគេ​ពិត​ជា​បាន​រំលោភ​គម្រាម​កំហែង​ទៅលើ​កុមារី​រង​គ្រោះ​ពិតប្រាក​ដ​​មែន ។ ឆ្លង​ការ​ពិនិត្យ​របស់គ្រូពេទ្យ​បានឱ្យ​ដឹង​ថា នៅលើ​ប្រដាប់ភេទ​កុមារី​រង​គ្រោះ​​មានស្នាម​ជាំ​ខ្មៅ និង​ហើម ។ បច្ចុប្បន្ន​ក្មេង​ស្ទាវ​​ល្មើស​ត្រូវ​បានបញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ដើម្បីកាត់​ទោស​ទៅ​តាម​ច្បាប់​ឱ្យ​សម​ទៅ​នឹង​ទង្វើ​របស់​ខ្លួន​បានធ្វើ៕

No comments:

Post a Comment