ជីវប្រវត្តិ​ពិស្តារ​របស់​ប៉ិច​សង្វាវ៉ាន នាម​ដើម​ព្រហ្មសង្វាវ៉ានជាអ្នកនិពន្ធខ្មែរ




ថតឆ្នាំ២០០៨ក្នុងស្ទុយឌីយោម៉ូដ៊ែលអន្តរជាតិនៅភ្នំពេញ

ខ្ញុំ​ស្រឡាញ់​ អក្សរសាស្ត្រ​ខ្មែរ​តាំង​ពី​នៅ​វ័យ​ក្មេង​ម៉្លេះ។​ ​ខ្ញុំ​តែង​តែ​គិតនិង​ស្រមៃ​ចង់​ក្លាយ​ទៅ​ជា​អ្នក​និពន្ធ​​មួយ​រូប​របស់​ កម្ពុជា​ហើយរមែង​តែង​តែ​ ចិញ្ចឹម​ចិត្ត​ប៉ង​ប្រាថ្នា​ជា​​និច្ច​ចង់​ចូល​ជា​សមាជិកា​មួយ​រូប​នៃ​សមាគម ​អ្នក​និពន្ឋ​ខ្មែរ។

ខ្ញុំ​ចាប់​កំណើត​នៅ​ថ្ងៃ​ទី ២៤​​ខែ​វិច្ឆិកា ​ឆ្នាំ​១៩៤៧ ​នៅ​សង្កាត់​លេខ​៤​ រាជធានី​ភ្នំពេញ ក្នុង​គ្រួសារ​មួយ​ដែល​ប្រកាន់​ខ្ជាប់​នូវ​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ខ្មែរ។ ខ្ញុំ​ជា​បុត្រី​ច្បង​របស់​លោក​ ចៅ យ៊ី ស៊ុម ​ចាង​ហ្វាង(សព្វ​ថ្ងៃគេ​ហៅ​ថា​ប្រធាន)សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ និង​លោក​ស្រី ឌីវណ្ណ​ ដឺឡូ​ប៉េស៍​ជា​មេផ្ទះ។ ខ្ញុំ​មាន​បង​ប្អូនទាំង​អស់​១២​នាក់ គឺ​ប្អូន​ស្រី​៧​នាក់ ​និង​ប្អូន​ប្រុស​៤​នាក់​ដែល​មាន​នាម​ដូច​ត​ទៅ​នេះ ៖
- ព្រហ្ម​ សង្វាវ៉ាន (ខ្ញុំ​ជា​កូន​ច្បង)
- ព្រហ្ម វ៉ាន់មុនី ​(ស្រី)
- ព្រហ្ម សិទ្ឋត្រា (ប្រុស)​ ត្រឡប់​មករស់នៅ​ប្រទេសកម្ពុជា​និង​ជា​រដ្ឋលេខាធិការនៃ​ក្រសួងយុត្តិធម៌ក្រុងភ្នំពេញ។
- ព្រហ្ម​ សេរីគិត (ស្រី)
- ព្រហ្ម ​វេតថូរីយ៉ា (ស្រីស្លាប់​នៅ​ប្រទេស​លាវ​ឆ្នាំ​១៩៧៦)
- ព្រហ្ម​ វិជ្ជីឡា (ស្រី)
- ព្រហ្ម​ រិទ្ឋី​ (ប្រុស​ស្លាប់​នៅ​ប្រទេស​បារាំង​ខែ​សីហា​ឆ្នាំ​២០១០)
- ព្រហ្ម ​កេណ្ឌី(ប្រុស)
- ព្រហ្ម​ ដាវុធ(ប្រុស)
- ព្រហ្ម លាភ​បុណ្ណា (ស្រី)
- ព្រហ្ម​ សិទ្ឋី (ស្រី)
- ព្រហ្ម​ សូភី (ស្រី)
(រូបខាងក្រោម៖​ខ្ញុំនិង​ស្វាមីព្រមទាំងប្អូនៗទាំង១១​នាក់ថតជា​មួយបិតា​មាតាថតឆ្នាំ១៩៧២ក្នុងវីឡារបស់យើង​នៅ​ភ្នំពេញ)
សព្វ​ ថ្ងៃ​នេះ ប្អូន​ស្រីប្អូនប្រុសរបស់ខ្ញុំ៨​នាក់​រស់​នៅក្នុង​ប្រទេស​បារាំង (ក្នុងចំណោមនេះ ​មាន​ប្អូន​ប្រុស​ម្នាក់បាន​ត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ)​។​ ចំណែកឯប្អូនស្រីម្នាក់​និង​ប្អូនប្រុសម្នាក់់ទៀត​ បានចានចេញពីប្រទេសបារាំងទៅរស់​នៅឯ​សហរដ្ឋអាមេរិក។
ក្នុង​ បថម​សិក្សា​ ​ខ្ញុំ​រៀន​នៅ​សាលា​បុទុមរាជា​នា​ទី​ក្រុង​ភ្នំពេញ។​ ក្នុង​មធ្យម​សិក្សា​  ខ្ញុំ​រៀន​ថ្នាក់​ទី​៦​ទំនើប​ជាតិ​ក្នុង​វិទ្យា​ល័យ​សង្គម​រាស្រ្ត​និយម​នៅ​ ទូល​គក ​​  រួច​បាន​ផ្លាស់​មក​រៀន​នៅ​វិទ្យាល័យ​ព្រះ​យុគន្ឋរ​ចាប់​ពី​ថ្នាក់​ទី​៥​ ទំនើប​រហូតដល់​ថ្នាក់​ទី​២​ទំនើប​ជាតិ ទើប​បាន​ផ្លាស់​មក​រៀន​ថ្នាក់ទី​១​ទំនើប​ដល់​ថ្នាក់​ទី​បញ្ចប់​ផ្នែក​វិទ្យា ​សាស្រ្តពិសោធន៍​នៅ​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្តិ​។​​ ខ្ញុំ​បាន​ជាប់​មធ្យម​សិក្សាប័ត្រ​ភាគ​ទី​២​នៅ​ឆ្នាំ ១៩៧០។
តាំង​ ពី​អាយុ​៨​ឆ្នាំ​ម្ល៉េះ ខ្ញុំ​ចូល​ចិត្ត​អាន​សៀវភៅ​ខ្មែរ​និង​សៀវភៅ​បារាំង​ណាស់​ ។​ លុះ​ដល់​ចម្រើនវ័យ​បាន​១៣​ឆ្នាំ ​ចំណង់​ចំណូល​ចិត្ត​អាន​សៀវភៅ​កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើង​ៗ។​  ខ្ញុំ​និយម​អាន​សៀវភៅ​សិក្សា​ទាំង​ភាសា​ខ្មែរ   ​ភាសា​​បារាំង   និង​ សៀវភៅ​ប្រលោម​លោក​ខ្មែរ​ផ្នែក​មនោសញ្ចេតនា ​និង​ជីវិត​សោក​សៅ​។
អាយុ​ ១៦​​ឆ្នាំ​ ខ្ញុំ​ចាប់​ផ្តើម​សរសេរ​រឿង​ខ្លីៗ​ ដោយ​ហេតុ​ថា មួយ​ថ្ងៃ​ មុន​ថ្ងៃ​ប្រឡងមធ្យម​សិក្សាប័ត្រភាគ​ទី១​ ឬបាក់អង( Baccalauréat 1ère partie) ​មិត្តនារី​រួម​ថ្នាក់​ពីរ​បី​នាក់ ​ដែល​មិន​ប្រឡង​ផ្លោះដូច​ខ្ញុំ​បាន​នាំ​គ្នា​មករំខានខ្ញុំ​ដល់​ផ្ទះ​ក្នុង​ ពេល​ដែល​ខ្ញុំ​កំពុង​តែ​រំលឹក​មេ​រៀន​ឡើង​វិញ ​ដើម្បី​ត្រៀម​ខ្លួន​ប្រឡង​ផ្លោះ​បាក់​អង​នៅ​ថ្ងៃ​ស្អែក។ ទោះ​បី​ជា​ពួក​គេ​បាន​ដឹង​ច្បាស់​ហើយ​ថា ខ្ញុំ​ត្រូវ​ប្រឡង​នៅ​ថ្ងៃ​ស្អែក​ក៏​ដោយ ក៏​ពួក​គេ​មិន​ត្រឡប់​ទៅ​វិញ​ឡើយ​។​ អំពើ​នេះ​បាន​បណ្តាល​ឲ្យ​ខ្ញុំ​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​នឹង​មិត្ត​ នារី​ទាំង​អស់​នេះ​ជា​ពន់​ពេក។ ការ​អន់​ចិត្ត​នេះ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ចាប់​ដង​ប៉ាកកា​បង្ហូរ​ទឹក​ខ្មៅ​ ជម្រុះ​ភាព​សៅហ្មង​តាម​រយៈ​ការ​សរសេរ​រឿង​ខ្លីៗ​ រួច​ផ្ញើ​ទៅ​ជូន​លោក​ ម៉ៅ ប៊ុន ថន ​ដែល​ជា​អ្នក​និពន្ឋ និង​ជា​អ្នក​រៀប​ចំ​ការ​ផ្សាយ​នាទី​ភាគ​និទាន​រឿង​ប្រលោម​លោក​ប្រចាំ​ វិទ្យុជាតិ​ភ្នំពេញ។ ​លោក​ម៉ៅ ប៊ុន​ថន ​ដែល​ជា​អ្នក​និពន្ឋ​រឿង​អប់រំ ​ក៏​បាន​យក​សាច់​រឿង​ខ្លីៗ​របស់ខ្ញុំទៅ​បញ្ចូល​ក្នុង​រឿង​ប្រលោម​លោក ដែល​លោក​បាន​និពន្ឋ​ហើយ​ក៏​ផ្សាយ​តាម​រលក​អាកាស​វិទ្យុជាតិ ក៏​ប៉ុន្តែ​លោក​ពុំ​បាន​បញ្ចេញ​ឈ្មោះ​ប៉ាកកា ឬ​រហស្សនាម ព្រហ្ម សុទ្ធ​ធីតា​របស់​ខ្ញុំ​ម្តង​ណា​ឡើយ​។​ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​ខ្ញុំ​មាន​ចិត្ត​រំភើប​រីក​រាយ​ណាស់​ទៅ​ហើយ​ថែម​ទាំង​មាន​មោទនភាព​យ៉ាង​ ក្រៃ​លែង​ក្នុង​គ្រា​នោះ។​ ម៉្លោះ​ហើយ ទឹក​ចិត្ត​ស្នេហា​អក្សរ​សាស្រ្ត និង​ការ​ចង់​សាង​ឈ្មោះ​ជា​អ្នក​និពន្ឋ​ ដែល​បាន​ចាក់​ឬស​ដុះ​កប់​យ៉ាង​មាំ​ជ្រៅ​ក្នុង​ដួង​ចិត្ត​ក៏​បាន​ចាប់​ប៉ិច​ ពន្លក​ក្នុង​បេះ​ដូង​ក្រពុំ​តាំង​ពី​ពេល​នោះ​មក​។*****អានជីវប្រវត្តិ​ពិស្តារ​របស់​អ្នកស្រី ប៉ិច​ សង្វាវ៉ាន*****

No comments:

Post a Comment