ថ្ងៃសៅរ៏ ទី៣ ខែមិនា ឆ្នាំ២០១២ ម៉ោង ១២:៥៣
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២ មីនា ឆ្នាំ ២០១២ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រារព្ធពិធីអបអរទិវាអន្តរជាតិនារី៨ មីនា ក្រោមអធិបតីភាពលោកស្រីទូច សារ៉ុម អភិបាលរងរាជធានីភ្នំពេញ ស្របពេលដែលពិភពលោកកំពុងត្រៀមរៀបចំប្រារព្ធពិធីនេះដែរ ជាពិសេសស្ត្រី ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា បងប្អូននារីយើងបម្រើការងារជូនមន្ទីរមានច្រើនផ្នែកដូចជា ការងាររដ្ឋបាល, ការចុះបញ្ជីយានយន្ត, ការផ្តល់ប័ណ្ណបើកបរ, ការងារបោសសម្អាត,ថែទាំសួនច្បារ,ការងារបណ្តាញលូទឹកជាដើម ។ ការងារទាំងអស់នេះ បានរួមចំណែកអភិវឌ្ឍរាជធានីភ្នំពេញ ហើយមិនអាចខ្វះបានឡើយពីការចូលរួមរបស់បងប្អូននារី និងជាមោទនភាពមួយរបស់មន្ទីរដែលសម្រេចបាន សមិទ្ធផលយ៉ាងច្រើនជូនសាលារាជធានីភ្នំពេញ មិនតែប៉ុណ្ណោះ ពួកគាត់បានរួមចំណែកលើកទឹកចិត្តស្វាមីខ្លួនឱ្យបំពេញ ការងារបានល្អប្រសើរ ។
លោកស្រីទូច សារ៉ុម អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា ជីដូន, អ្នកម្តាយ, បងស្រី, ប្អូនស្រី មានតួនាទីសំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព តាមរយៈការបន្តអប់រំកូនចៅឱ្យដើរផ្លូវល្អ ធ្វើឱ្យភូមិ-សង្កាត់គ្មានក្មេងទំនើង, គ្មានគ្រឿងញៀន,គ្មានល្បែងស៊ីសង, គ្មានអំពើជួញដូរផ្លូវភេទជាដើម ។ លោកស្រីបញ្ជាក់ទៀតថា ក្មេងទំនើងមិនមែនមានតែក្មេងប្រុសនោះទេ ក្មេងស្រីក៏មានដែរ ដូច្នេះតួនាទីរបស់អ្នកម្តាយកាន់តែសំខាន់ទៀត ក្នុងការអប់រំកូនកុំឱ្យប្រព្រឹត្តខុសឆ្គងស្របនឹងប្រធានបទ ទិវាអន្តរជាតិនារីឆ្នាំនេះគឺ«អ្នកម្តាយដ៏ឆ្នើមរបស់ខ្ញុំ» ។ លោកស្រីបានបន្ថែមថា បងប្អូននារីមានតួនាទីដ៏ចាំបាច់ទាំងក្នុងសង្គម និងគ្រួសារតាមរយៈការគាំទ្រលើកទឹកចិត្តពីថ្នាក់ដឹកនាំអង្គភាព, មិត្តរួមការងារ, ក្រុមគ្រួសារ និងជាពិសេសនោះគឺកត្តាខ្លួនឯងតែម្តង ។ នាឱកាសនោះ បងប្អូនជាបុរសជាស្វាមីជាថ្នាក់ដឹកនាំ ក៏បានប្រគល់ជូនបាច់ផ្កា វត្ថុអនុស្សាវរីយ៍ដល់បងប្អូននារីយើងដោយភាពរីក
រាយស្និទ្ធស្នាល និងស្មើភាពគ្រប់ការងារ ៕
រាយស្និទ្ធស្នាល និងស្មើភាពគ្រប់ការងារ ៕
No comments:
Post a Comment