ស្រី
បីនាក់ត្រូវបានឃាតកលួចធ្វើឃាតនៅពេល
យប់បានសម្រេច
នៅកណ្ដាលក្រុងតាខ្មៅ ដែលគេគិតថាជាទីក្រុងមួយដ៏មានសុវត្ថិភាព
ព្រោះសម្បូរទៅដោយមន្ត្រីរាជការ អ្នកមុខអ្នកការរស់នៅ។
ឃាតកម្មនេះ កើតឡើងនៅយប់ថ្ងៃបង្ហើយបុណ្យភ្ជុំបិណ្ឌតែម្ដង
ហើយប៉ូលិសមិនទាន់ហ៊ានអះអាងថា ជារឿងគំនុំ ឬយ៉ាងណានោះទេ
ខណៈដែលកំពុងបើកការស៊ើបអង្កេត។
ចុចឧបករណ៍ដើម្បីស្តាប់
ម្ចាស់ភោជនីយដ្ឋានមួយនៅក្បែររង្វង់មូលក្រុងតាខ្មៅឈ្មោះ
«បុប្ផាកំពូលភ្នំ» រួមទាំងកូនស្រី និងអ្នកបម្រើស្រីម្នាក់ទៀត
ត្រូវបានឃាតកមិនស្គាល់មុខ លួចចូលបាញ់សម្លាប់ដល់ក្នុងផ្ទះ
ដោយស្ងាត់ៗកាលពីយប់ថ្ងៃទី៨ តុលានេះ។
សាក្សីដែលឃើញហេតុការណ៍នោះមុនគេនៅពេលព្រឹកឡើង លោក សុខ ឡេង
ដែលអះអាងថា លោកត្រូវជាសាច់ញាតិ ក្រុមគ្រួសារសពនេះ
បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ តុលាថា
សពទាំងបីត្រូវបានឃាតកបាញ់សម្លាប់ចំក្បាលទាំងអស់
ហើយលោកសន្និដ្ឋានថា ឃាតកម្មនេះ
ទំនងមិនមែនជាករណីប្លន់ទ្រព្យសម្បត្តិទេ តែហាក់ដូចជារឿងគំនុំ។
លោកឲ្យដឹងថា សព្វម្ចាស់ហាងឈ្មោះ សុខ គី ជាស្ត្រីមេម៉ាយ
អាយុ៤៨ឆ្នាំ កូនស្រីក៏ត្រូវឃាតកសម្លាប់ឈ្មោះ តេង សុខគា
អាយុ២៤ឆ្នាំ និងអ្នកបម្រើស្រីម្នាក់ទៀត
ក៏ត្រូវឃាតកបាញ់សម្លាប់ចំក្បាលដែរ។
ទាំងមន្ត្រីប៉ូលិសមូលដ្ឋាន ទាំងមន្ត្រីប៉ូលិសខេត្តកណ្ដាល
ពិបាកទាក់ទងដើម្បីសុំការអះអាងបន្ថែម
ដោយមន្ត្រីថ្នាក់ក្រោមរុញឲ្យសួរថ្នាក់លើ ហើយថ្នាក់លើឆ្លើយថា
ឲ្យសួរថ្នាក់ក្រោម។
អធិការស្រុកតាខ្មៅ លោក ឱ ផាន់ណា ថ្លែងថា លោកជាប់រវល់មិនអាចអធិប្បាយបន្ថែមបានទេ។
សាច់ញាតិគ្រួសារសពបញ្ជាក់ថា
កន្លងមកម្ចាស់ហាងនេះមានអ្នកបម្រើ២នាក់ស្នាក់នៅជាមួយ
តែយប់ថ្ងៃឃាតកម្មនេះ អ្នកបម្រើប្រុសមិននៅទេ
ដោយបានសុំច្បាប់ទៅលេងស្រុកក្នុងរដូវភ្ជុំបិណ្ឌ៕
No comments:
Post a Comment