តួលេខអ្នកស្លាប់ក្នុងឧបទ្ទវហេតុ នៅស្ពានកោះពេជ្រជាផ្លូវការមាន ៤៥៦នាក់

អត្ថបទចុះផ្សាយ នៅថ្ងៃអង្គារ ២៤ វិច្ឆិកា ២៥៥៤ 19:40
រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច និងជាអនុប្រធានគណៈកម្មការដោះស្រាយការងារបន្ទាន់លើឧបទ្ទវហេតុ នៅស្ពានកោះពេជ្រ លោក អ៊ិត សំហេង បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ជាផ្លូវការនៅថ្ងៃទី២៤ ខែវិច្ឆិកា មានចំនួន ៤៥៦នាក់ និងរបួសចំនួន ៣៩៥នាក់ហើយ។ តួលេខនេះមានការខុសគ្នាជាមួយតួលេខកាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅ។
លោក ផៃ ស៊ីផាន បានពន្យល់ចំពោះតួលេខជាបឋមកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ដែលថា មានមនុស្សស្លាប់ ៣៧៩នាក់ និងរបួស ៧៥៥នាក់នោះថា គឺជាតួលេខក្រៅផ្លូវការ ដែលគេបូកសរុបពីខាងមន្ទីរពេទ្យរដ្ឋ និងតួលេខអ្នករងគ្រោះបានទៅព្យាបាលនៅតាមខែត្ររៀងខ្លួន។

សាស្ត្រាចារ្យ មួយរួបឈ្មោះ មុំ ជុត ទទួលបន្ទុកផ្នែករៀបចំសាកសពបញ្ជូនទៅឲ្យក្រុមគ្រួសារជនរងគ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា បានស្លាប់ម្នាក់ទៀត ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅផ្ទះភ្លាមៗ។
មន្ទីរពេទ្យ រដ្ឋដែលជួយសង្រ្គោះអ្នករងគ្រោះនៅក្នុងឧបទ្ទវហេតុ កោះពេជ្រ មានមន្ទីរពេទ្យចំនួន៨ ប៉ុន្តែមន្ទីរពេទ្យដែលមានអ្នកជំងឺកំពុងសម្រាកព្យាបាលរបួសនៅថ្ងៃ ទី២៤ ខែវិច្ឆិកា មានមន្ទីរពេទ្យចំនួន៤ ដូចជាមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យព្រះកេតុមាលា។
ចំនួន សាកសពដែលស្លាប់នៅពេទ្យកាល់ម៉ែត មានចំនួន ១៤៣នាក់ ក្នុងនោះមានមួយចំនួនស្លាប់មុនពេលបញ្ជូនដល់មន្ទីរពេទ្យ រីឯអ្នករបួសមាន ១៥៥នាក់ ក្នុងនោះស្រី ៧៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។
របាយការណ៍ ពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ហៅថា ពេទ្យរុស្ស៊ី បានបង្ហាញថា ចំនួនមនុស្សស្លាប់មាន ១៤០នាក់ ក្នុងនោះស្រី ៧៣នាក់ ប្រុស ៦៧នាក់ ប៉ុន្តែអ្នកស្លាប់ទាំងនេះបានស្លាប់នៅកន្លែងកើតហេតុមុនបញ្ជូន ដល់មន្ទីរពេទ្យ រីឯអ្នកស្លាប់ក្នុងមន្ទីរពេទ្យនេះមានតែម្នាក់ ទេ។
វេជ្ជបណ្ឌិត តិច វេង នៃមន្ទីរពេទ្យព្រះកេតុមាលាផ្នែកសង្គ្រោះបន្ទាន់ បានឲ្យដឹងថា តាមការសន្និដ្ឋានរបស់លោកបានបញ្ជាក់ថា បញ្ហាដែលបណ្ដាលឲ្យមានចំនួនមនុស្សស្លាប់ច្រើនបែបនេះ មកពីការប្រជ្រៀតគ្នារយៈពេលយូរ ហើយថប់ដង្ហើម។
ទាក់ទង ទៅនឹងសោកនាដកម្មដ៏គួរឲ្យរន្ធត់ដែលបានកើតមានកាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើសេចក្ដីថ្លែងការណ៍ភ្លាមៗ ដោយប្ដេជ្ញារកមូលហេតុក្នុងការធ្វើឲ្យកើតមានឧបទ្ទវហេតុនេះ។
ប៉ុន្តែ រហូតមកទល់ល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា មិនទាន់មានប្រភពព័ត៌មានផ្លូវការណាមួយអះអាងអំពីមូលហេតុពិតប្រាកដ ដែលបណ្ដាលឲ្យកើតមានឧបទ្ទវហេតុនៅលើស្ពានពេជ្រឆ្លងទៅកោះពេជ្រ បានធ្វើឲ្យមនុស្សស្លាប់រាប់រយនាក់នោះនៅឡើយទេ។
ប្រភពពី មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ការសន្និដ្ឋានជាបឋមថា ការស្លាប់នោះមកពីការរត់ជាន់គ្នា បើទោះបីជាប្រភពអ្នករងគ្រោះមួយចំនួនបានអះអាងថា មានការឆក់ខ្សែភ្លើង មានការច្រានគ្នាបណ្ដាលឲ្យដួលគរលើគ្នា ដោយសារមានការស្រែកបំភ័យថា ស្ពានបាក់ជាដើម៕
ប្រភព៖  វិទ្យុអាស៊ីសេរី
កាលបរិច្ឆេទផ្សាយ៖ ២៤ វិច្ឆិកា ២៥៥៤
អ្នករាយការណ៍៖ ទីន ហ្សាការីយ៉ា


No comments:

Post a Comment