របាយការណ៍បឋមអំពីឧបទ្ទវហេតុកោះពេជ្រ



អត្ថបទចុះផ្សាយ នៅថ្ងៃអង្គារ ២៣ វិច្ឆិកា ២៥៥៤ 21:30
ឧបទ្ទវហេតុ មនុស្សជាន់គ្នាស្លាប់នៅលើស្ពានមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាកន្លងមកនេះ ត្រូវបានមន្ត្រីគណៈកម្មាធិការដោះស្រាយការងារបន្ទាន់ផ្សព្វផ្សាយ របាយការណ៍បឋមនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែវិច្ឆិកានេះថា មានអ្នកស្លាប់រហូតដល់ ៣៧៨នាក់ និងមានអ្នករបួស ៧៥៥នាក់។ តាំងពី ព្រឹកព្រលឹមនៅថ្ងៃទី២៣ ខែវិច្ឆិកា ក្រោយពីឧបទ្ទវហេតុផ្អើលរត់ជាន់គ្នាស្លាប់នៅលើស្ពានក្នុង មជ្ឈមណ្ឌលកម្សាន្តកោះពេជ្រមួយថ្ងៃមក ក្រុមគ្រួសារសព និងអ្នករបួសភាគច្រើនមកពីតាមបណ្ដាខេត្តនានា នៅតែកំពុងស្វះស្វែងរកសាច់ញាតិនៅសាលតម្កល់សាកសពនិងបន្ទប់សង្គ្រោះរបស់មន្ទីរពេទ្យ។
នៅក្នុង មន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅថាពេទ្យរុស្ស៊ី សាកសពអ្នករងគ្រោះ ត្រូវបានគេដាក់តម្រៀបគ្នាត្រៀបត្រា ដែលក្រុមគ្រូពេទ្យកំពុងធ្វើកោសល្យវិច័យ និងផ្ដិតម្រាមដៃដើម្បីសំគាល់ និងរកអត្តសញ្ញាណរបស់សាកសព។ លោក វេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន នៅមន្ទីរពេទ្យព្រះកុសុមៈ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកាថា លោកកំពុងធ្វើកោសល្យវិច័យលើសាកសពចំនួន ៤៩នាក់ ៖ «យើងរៀបចំធ្វើ កោសល្យវិច័យទាំងអស់ហ្នឹង ព្រោះឥឡូវខ្ញុំធ្វើនៅពេទ្យរុស្សីហើយអស់ កាល់ម៉ែត្រអីធ្វើហើយ នៅសល់ប៉ុន្មានយើងធ្វើបន្ត»។ សាកសពប្រមាណ ១៣៩នាក់ ក៏កំពុងដាក់តម្កល់នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីធ្វើកោសល្យវិច័យដូចគ្នាដែរ។ គ្រួសារ ដែលស្វែងរកសាកសពបានដើរបើកក្រណាត់ក្របសពដើម្បីរកសាច់ ញាតិរបស់ខ្លួន។ ជាមួយក្រុមគ្រួសារដែលបានរកឃើញសាកសពជាសាច់ញាតិរបស់ខ្លួន បានស្រែកទ្រហោយំនឹកស្រណោះស្រណោក នៅពេលដែលឃើញសាច់ញាតិរបស់ខ្លួនស្លាប់បាត់បង់ជីវិតយ៉ាងអាណោច អាធ័មបែបនេះ។ក្បែរ ទីកន្លែង ឬសាលតម្កល់សព នៅក្នុងមន្ទីរពេទ្យក្រុមគ្រួសារសាច់ញាតិសពជាមួយនិងសមត្ថកិច្ច កំពុងធ្វើការយ៉ាងមមាញឹកបំពេញបែបបទដោយបង្ហាញអត្តសញ្ញាណប័ណ្ណសៀវភៅ គ្រួសារ និងរូបថតសពជាដើម ដើម្បីទទួលយកសាកសពទៅធ្វើបុណ្យនៅស្រុកកំណើត។ លោក សំហេង បុរស អគ្គលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាមានប្រសាសន៍ថា មន្ត្រីក្រសួងកំពុងរៀបចំបញ្ជូនសាកសពទៅតាមមន្ទីរសង្គមកិច្ចខេត្ត ដោយសហការជាមួយក្រសួងការពារជាតិជាការសម្រួលដល់ក្រុមគ្រួសារសព ដែលពុំមានលទ្ធភាពដឹកជញ្ជូនសាកសពទៅដោយខ្លួនឯង ៖ «នៅពេលដែល យើងកំណត់អត្តសញ្ញាណបានហើយនៅពេលដែលគ្រួសារសពមកដល់ នៅពេលហ្នឹងគឺយើងប្រមូលព័ត៌មានរបស់គេ ហើយយើងចេញលិខិតបញ្ជាក់មួយ លិខិតហ្នឹងដើម្បីផ្ដល់ថវិកាជូនគេនៅពេលក្រោយ»។ រដ្ឋាភិបាល នៃប្រទេសកម្ពុជាបានប្រកាសឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងប្រទេសកាន់ទុក្ខមួយថ្ងៃ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១០ ដើម្បីចូលរួមកាន់ទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ផងដែរ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
កាលបរិច្ឆេទផ្សាយ៖ ២៣ វិច្ឆិកា ២៥៥៤
អ្នករាយការណ៍៖ ខែ សុណង

No comments:

Post a Comment