ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០១០
ជនដែលត្រូវចាប់ខ្លួនឈ្មោះពែល សំរាំង អាយុ១៩ឆ្នាំ ជាប់ចោទពីបទល្បួងកូនក្រមុំគេ
នារីរងគ្រោះ យុវជនម្នាក់នេះជាប់ចោទល្បួង និងគំរាមកូនក្រមុំគេយកទៅរួមរ័ក រថយន្តបិទកញ្ចក់ខ្មៅត្រូវសមត្ថកិច្ចបកបានប្រមាណជាង២០គ្រឿង និងផាកពិន័យអ្នកជិះម៉ូតូអត់ពាក់មួក អត់កញ្ចក់បានជាច្រើនគ្រឿង
ជនដែលត្រូវចាប់ខ្លួនឈ្មោះពែល សំរាំង អាយុ១៩ឆ្នាំ ជាប់ចោទពីបទល្បួងកូនក្រមុំគេ
រាជធានីភ្នំពេញ ៖ យុវជនពីរនាក់ដែលក្នុងនោះម្នាក់ជាប់ចោទលួងលោមកូនក្រមុំគេ ក្នុងបំណងយកទៅរួមរ័កនៅភ្នំពេញ និងម្នាក់ទៀតជាអ្នករួមដំណើរជាមួយត្រូវបានកំលាំងគណៈបញ្ជាការ ឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោកអភិបាលខណ្ឌគិត សុផា ចាប់បានក្នុងពេលកំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះតាមផ្លូវ ។
ជនខាងលើបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនដោយមានឌុបនារី ម្នាក់ផង ហើយនៅពេលឃើញកំលាំងសមត្ថកិច្ចភ្លាមពួកគេបានបត់ត្រឡប់ក្រោយ ប្រុងរត់គេចខ្លួន ពេលនោះកំលាំងសមត្ថកិច្ចបានដេញតាមចាប់បាន ហើយនារីម្នាក់នោះក៏បានប្តឹងសមត្ថកិច្ចឱ្យជួយដល់រូបនាងផង ដែរ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៧ ធ្នូ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីមុខផ្សារស៊ិនជូរីផ្លាហ្សា ភូមិតាងួន សង្កាត់កាកាប ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនដែលត្រូវចាប់ខ្លួនឈ្មោះពែល សំរ៉ាំង អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១ មានទីលំនៅភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវជាប់ចោទថា បានល្បួងកូនក្រមុំគេប៉ងនាំទៅរួមរ័ក ចំណែកឯយុវជនម្នាក់ទៀតជាអ្នករួមដំណើរឈ្មោះនឹម សុភ័ណ អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិជាមួយគ្នា ។ ដោយឡែកនារីរងគ្រោះឈ្មោះដ.ព អាយុ១៨ឆ្នាំ មានទីលំនៅខេត្តកំពត ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលចាប់ខ្លួនគេបានឃើញពួកគេជិះម៉ូតូ១គ្រឿង ម៉ាក Citi C100 កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល 1H-4288 ឌុបគ្នា៣នាក់ ប្រុស២នាក់ និងស្រីម្នាក់ជិះកណ្តាលបើកបរធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ លុះទៅដល់ចំណុចខាងលើជួបនឹងកំលាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោ កំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះ ពួកគេក៏បានបត់ម៉ូតូត្រឡប់ក្រោយវិញយ៉ាងលឿន ទោះបីសមត្ថកិច្ចផ្លុំកញ្ចែឱ្យឈប់ក៏មិនព្រមឈប់ដែរ ពេលនោះកំលាំងក៏បានដេញតាមចាប់បានយ៉ាងប៉ផាប់ចាប់ពផីង ។ ពេលនាំយកទៅដល់គោលដៅត្រួតពិនិត្យអាវុធផ្ទុះនោះ លោកគិត សុផា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានសាកសួរពីទំនាក់ទំនងរវាងស្ត្រីរូបនោះនិងពួកគេត្រូវបានយុវ ជនឈ្មោះពែល សំរ៉ាំង ម្តងឆ្លើយថា ត្រូវជាប្អូន ម្តងថាជាសង្សារ លុះពេលឆែកឆេរខ្លួនទៅឃើញមានស្រោមអនាម័យចំនួន២ នៅជាប់ខ្លួន ។ ជាមួយគ្នានេះលោកអភិបាលខណ្ឌបានសួរនាំទៅនារីរងគ្រោះត្រូវនាង បដិសេធថា មិនមែនជាប្អូន ឬសង្សារជននោះឡើយ ប៉ុន្តែឈ្មោះពែល សំរ៉ាំង បានល្បួង និងគំរាមវាយសំលាប់នាងដើម្បីនាំទៅរំលោភតែប៉ុណ្ណោះ ។ បន្ទាប់ពីសួរដឹងរឿងត្រួសៗបែបនេះ លោកអភិបាលខណ្ឌបានបញ្ជាឱ្យកំលាំងនាំពួកគេទៅឃុំខ្លួនជាបណ្តោះ អាសន្ន នៅផ្នែកព្រហ្មទណ្ឌប៉ូលិសខណ្ឌ ដើម្បីកសាងសំណុំរឿង ។
ប្រភពដដែលបានបន្តទៀតថា ពេលនាំទៅដល់ផ្នែកព្រហ្មទណ្ឌ នារីរូបនោះបានបំភ្លឺប្រាប់ប៉ូលិសថា កន្លងមកនាងមានមុខរបរលក់បាយនៅស្ថានីយរថភ្លើងអស់កង្វល់ខេត្ត កំពត ប៉ុន្តែក្រោយមកនាងឈប់លក់នៅផ្ទះ ហើយរវាងរូបនាង និងឈ្មោះពែល សំរ៉ាំង ជាមនុស្សស្គាល់គ្នា ព្រោះជននេះធ្លាប់ចាប់នាងរំលោភបានសំរេច២លើករួចមកហើយ ប៉ុន្តែនាងមិនហ៊ានប្តឹង ព្រោះជននោះគំរាមសំលាប់ ។ នារីរូបនោះបានបន្តទៀតថា នៅវេលាម៉ោង១រសៀល ថ្ងៃទី២៧ ធ្នូ ជនឈ្មោះពែល សំរ៉ាំង នោះបានធ្វើដំណើរទៅដល់ផ្ទះរបស់នាងជួបជាមួយម្តាយរបស់នាង ផ្ទាល់ ព្រោះរូបគេក៏ស្គាល់ម្តាយនាងដែរ ហើយបាននិយាយសុំឱ្យនាងទៅជាមួយនឹងរូបគេដោយប្រាប់ម្តាយនាងថា មានគេរកអ្នកធ្វើការនៅម្តុំស្ថានីយរថភ្លើងអស់កង្វល់នោះ ។ បន្ទាប់ពីឮថា គេរកអ្នកធ្វើការម្តាយរបស់នាងក៏បានយល់ព្រមឱ្យនាងទៅជាមួយ ហើយពេលទៅដល់ស្ថានីយរថភ្លើងជននោះបានឌុបនាងហួស ហើយបន្ទាប់មកចូលយកមិត្តភក្តិម្នាក់ទៀត ពេលនាងសួរនាំត្រូវជននោះគំរាមវាយធ្វើបាប ទើបនាងលែងហ៊ានតវ៉ា ហើយចេះតែជិះជាមួយរហូតដល់ចំណុចខាងលើ ទើបត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន ។
នារីរងគ្រោះបានបន្តថា ជននោះមានបំណងនាំនាងទៅរំលោភនៅផ្ទះបងប្អូនរបស់គេនៅភ្នំពេញ ហើយបើកុំតែសមត្ថកិច្ចចាប់បានម៉្លេះសមរូបនាងមិនដឹងជាមាន រឿងអ្វីកើតឡើងនោះឡើយ ។ កន្លងមកជននោះធ្លាប់រំលោភនាងបានសំរេចចំនួន២លើក គឺលើកទី១ នៅ យប់ថ្ងៃទី១៥ ធ្នូ ឆ្នាំ២០១០ នៅក្រោមផ្ទះរបស់គេពេលដែលនាងទៅលេង និងលើកទី២ នៅយប់ថ្ងៃទី១៩ ធ្នូ គឺរំលងបាន៤ថ្ងៃនៅលើផ្ទះមីងរបស់គេ ហើយនៅរាល់លើកជននោះតែងតែគំរាមសំលាប់ ទើបនាងមិនហ៊ានប្តឹង ចំណែកឯជនម្នាក់ទៀតឈ្មោះនឹម សុភ័ណ អត់ដឹងរឿងទេ ហើយក៏មិនមែនជាអ្នករួមគំនិតអ្វីដែរ ។ ក្រោយពេលចាប់ខ្លួនជនឈ្មោះពែល សំរ៉ាំង បាននិយាយថា នាងម្នាក់នោះមិនមែនក្រមុំទេ នាងជាស្រីបំរើនៅហាងខារ៉ាអូខេមួយក្បែរស្ថានីយរថភ្លើងខេត្ត តាកែវ ។ កន្លងមកនាងបានស្រលាញ់ខ្លួន ហើយយល់ព្រមរួមរ័កជាមួយខ្លួនដោយស្ម័គ្រចិត្តគ្មានការបង្ខិត បង្ខំអ្វីទាំងអស់ ហើយពេលនេះក៏រូបនាងយល់ព្រមមកជាមួយខ្លួនដោយគ្មានការគំរាម កំហែងដូចការចោទ ប្រកាន់របស់នាងនោះឡើយ ប៉ុន្តែពេលត្រូវសមត្ថកិច្ចឃាត់នាងបែរជាប្តឹងថា ខ្លួនលួងលោម និងគំរាមនាំយកទៅរំលោភបែបនេះទៅវិញ ។ ដោយឡែកសំរាប់ការត្រួតពិនិត្យអាវុធជាតិផ្ទុះនោះធ្វើឡើងរយៈ ពេលជាង២ម៉ោង ដោយមានទាំងការពិនិត្យជាតិអាល់កុល និងបកកញ្ចក់រថយន្តខ្មៅផងដែរ ប៉ុន្តែលទ្ធផលគ្មានអាវុធឆ្លងកាត់ទេ មានតែអ្នកស្រវឹងម្នាក់ប៉ុណ្ណោះ ឯរថយន្តបិទកញ្ចក់ខ្មៅត្រូវសមត្ថកិច្ចបកបានប្រមាណជាង២០គ្រឿង និងផាកពិន័យអ្នកជិះម៉ូតូអត់ពាក់មួក អត់កញ្ចក់បានជាច្រើនគ្រឿង ៕
No comments:
Post a Comment