ដោយ ៖ កោះឯករាជ្យ
ថ្ងៃ អង្គារ ទី ២៨ ខែ ធ្នូ ឆ្នាំ ២០១០
រាជធានីភ្នំពេញ ៖ ភ្លើងស្នេហ៍មួយគូដែលស្រលាញ់គ្នាដល់ឆ្អឹងភ្លេចអស់សេចក្តីអៀន ខ្មាសសូម្បីតែនៅកណ្តាលវាលទាំងថ្ងៃក៏ឱបថើបគ្នារមួលសួតដែរ ដែលកាយវិការបែបនេះបានបង្ហាញពីភាពអនាចារ មិនគប្បីសំរាប់សាធារណជន ហើយក៏វាប៉ះពាល់ទៅដល់សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់មនុស្សផងដែរ។ ទីបំផុតភាពអនាចារនេះត្រូវបានចាប់ខ្លួនដោយជាប់ចោទពីបទ ប្រព្រឹត្តអំពើអនាចារ។ តាមមន្ត្រីប៉េអឹមខណ្ឌដង្កោឱ្យដឹងថា ពួកគេត្រូវបាននាំទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ទីបញ្ជាការប៉េអឹមរាជធានី។
ហេតុការណ៍ដែលកំរមាននេះកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី២៨ ធ្នូ នៅក្នុងដីឡូត៍ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ។ ជាការពិតណាស់បើនិយាយពីសិទ្ធិសេរីភាពនោះគឺពួកគេមានសិទ្ធិ ស្រលាញ់គ្នាពេញច្បាប់ តែអ្វីដែលពួកគេបានធ្វើអាចជាអំពើអនាចារមួយ ព្រោះតែស្ថិតនៅកណ្តាលវាលបង្ហាញឱ្យគេមើលឃើញនូវភាពស្រើបស្រាល នោះ។ គូស្នេហ៍នោះ ខាងប្រុសឈ្មោះធ.ត.រ អាយុ១៩ឆ្នាំ ជាអ្នកថែសួននៅសណ្ឋាគារមួយ និងមានទីលំនៅក្នុងខណ្ឌដង្កោ។ ចំណែកឯនារីជាគូស្នេហ៍ឈ្មោះស.ល.ណ អាយុ១៩ឆ្នាំ ជាអ្នករៀបចំបន្ទប់សណ្ឋាគារនោះដែរ និងមានកំណើតក្នុងខេត្តស្វាយរៀង សព្វថ្ងៃស្នាក់នៅផ្ទះជួលក្នុងខណ្ឌសែនសុខ។
តាមសមត្ថកិច្ចប៉េអឹមខណ្ឌដង្កោបានឱ្យដឹងថា ប្រជាពលរដ្ឋបានរាយការណ៍សុំឱ្យកំលាំងប៉េអឹមទៅឃាត់ខ្លួនគូ ស្នេហ៍នោះ ខណៈកំពុងប្រព្រឹត្តអំពើអនាចារមិនចេះអៀនខ្មាស ដោយដោះអាវថើបបឺតមាត់«ប៊ីៗ» លូករាវច្របាច់គ្នាសព្វកៀនកោះក្នុងដីឡូត៍ទំនេរមួយ មិនខ្វល់ពីការចោមរោមមើលពីសំណាក់អ្នកដទៃឡើយ។ បន្ទាប់ពីទទួលព័ត៌មាននោះភ្លាមសមត្ថកិច្ចប៉េអឹមបានទៅកាន់ ចំណុចកើតហេតុ ហើយឃើញពួកគេកំពុងធ្វើសកម្មភាពដូចសេចក្តីរាយការណ៍មែន ដោយអង្គុយនៅលើម៉ូតូដាក់ចន្ទល់១គ្រឿង។ ប៉ុន្តែពួកគេមិនបានដោះអាវទុកខ្លួនអាក្រាតទេ គឺដោះតែអាវរងាខាងក្រៅចេញប៉ុណ្ណោះ។ ប្រភពដដែលបន្តទៀតថា សមត្ថកិច្ចបានឃាត់ខ្លួនគូស្នេហ៍នោះបញ្ជូនទៅកាន់ទីបញ្ជាការ ប៉េអឹមខណ្ឌដង្កោដើម្បីសាកសួរ ព្រោះតាមច្បាប់ថ្មីពួកគេត្រូវជាប់ចោទពីបទប្រព្រឹត្តអំពើអនា ចារ។ ច្បាប់ថ្មីនេះ សូម្បីតែបុរសណាម្នាក់បត់ជើងតូចឱ្យស្ត្រីឃើញ ហើយស្ត្រីនោះប្តឹងក៏អាចមានទោសពីបទអំពើអនាចារដែរ មិនចាំបាច់ដល់ទៅឱបថើបគ្នាកណ្តាលវាលបែបនេះទេ។
គូស្នេហ៍នេះនិយាយប្រាប់សមត្ថកិច្ចទាំងទឹក មុខភិតភ័យ និងខ្មាសអៀនថា ពួកគេស្រលាញ់គ្នារយៈពេល៤ឆ្នាំមកហើយ ចាប់តាំងពីពេលធ្វើការនៅក្នុងសណ្ឋាគារនោះម្ល៉េះ ប៉ុន្តែពុំដែលធ្វើអ្វីឱ្យស៊ីជំរៅខុសពីគន្លងប្រពៃណីឡើយ។ នៅថ្ងៃកើតហេតុនោះ ខាងនារីទើបត្រឡប់មកពីស្រុកកំណើតវិញដល់ផ្សារច្បារអំពៅក៏ហៅ ឱ្យយុវជនជាសង្សារទៅទទួល។ ពួកគេក៏បានជិះម៉ូតូទៅសាសងគ្នាលេងនៅក្នុងដីឡូត៍នោះ តែមិនបានធ្វើដូចជាការចោទប្រកាន់ទេ។ ពួកគេក៏មិននឹកស្មានថា គ្រាន់តែឱបថើបគ្នាក៏មានទោសដែរនោះទេ។ មន្ត្រីប៉េអឹមខណ្ឌឱ្យដឹងថា ការប្រព្រឹត្តអនាចារមិនត្រឹមតែធ្វើឱ្យពួកគេជាប់ពន្ធនាគារទេ គឺត្រូវពិន័យជាប្រាក់ថែមទៀតផង។ បន្ទាប់ពីសាកសួរកសាងសំណុំរឿងរួចមក គូស្នេហ៍នេះត្រូវបញ្ជូនទៅទីបញ្ជាការប៉េអឹមរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕
No comments:
Post a Comment