ភ្នំពេញ៖ ករណីទិញក្មេងស្រីអាយុ១១ឆ្នាំម្នាក់យកមកចិញ្ចឹមជាកូនធម៌ ប៉ុន្តែបែរជាធ្វើទារុណកម្មយ៉ាងឃោរឃៅនោះ បានត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសប្រពន្ធជាគ្រូបង្រៀនដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ និងបុរសជាប្ដីដាក់ពន្ធនាគាររយៈពេល១០ឆ្នាំ ពីបទលក់ដូរមនុស្សដោយមានគោលដៅស្មុំកូននិងបង្ករបួសស្នាមដោយ ចេតនា កាលពីឆ្នាំ២០០៨ រហូតថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៩។
ចំណែកស្ត្រីចំណាស់អាយុ៦២ឆ្នាំម្នាក់ដែលជាអ្នកលក់ក្មេងស្រី នេះមកឲ្យពីរនាក់ប្ដីប្រពន្ធជាថ្នូរនឹងប្រាក់ចំនួន៤០០ដុល្លារ អាមេរិកនោះ ក៏ត្រូវសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ រយៈពេល៥ឆ្នាំ ពីបទលក់ដូរមនុស្សមានគោលដៅកាលពីឆ្នាំ២០០៨។ ដោយបង្គាប់ឲ្យមនុស្សទាំងបីនាក់នោះរួមគ្នាសងក្មេងស្រីរងគ្រោះ ចំនួន២០លានរៀល។
ពីរនាក់ប្ដីប្រពន្ធរូបនោះឈ្មោះ វ៉ា សារឿន អាយុ៦២ឆ្នាំ ជាមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ចូលនិវត្តន៍បច្ចុប្បន្នជាគ្រូបង្រៀនសាលាឯកជន និងប្រពន្ធឈ្មោះ មាស ណាវី អាយុ៤១ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសន្ធរម៉ុក មានទីលំនៅផ្ទះលេខ១៧១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចំណែកស្ត្រីដែលលក់ក្មេងស្រីនោះ ឈ្មោះ ថឺង រ៉េត អាយុ៦២ឆ្នាំ រស់នៅផ្ទះជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
មនុស្សទាំងបីនាក់នេះ បានត្រូវសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនជាបន្តបន្ទាប់ កាលបីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៩ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាជនថា មានការធ្វើទារុណកម្មលើក្មេងម្នាក់អាយុ១១ឆ្នាំ។
រឿងក្ដីនេះបានត្រូវសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ រួចលើកមកប្រកាសសាលក្រម នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១០ ដោយមានលោកស្រី ចាន់ ម៉ាឌីណា ជាប្រធានក្រុមប្រឹក្សា លោក ភូ ពៅស៊ុន លោក យូ ប៊ុនណា ជាសមាជិក លោក ហ៊ឹង ប៊ុនជា ជាតំណាងអយ្យការលោកហាក់ ខេង ងួន មេធាវីការពារជនជាប់ចោទ មេធាវី សន សុម៉ាឡែន ការពារជនរងគ្រោះ។
លោក យាយ ថឺង រ៉េត បានបញ្ជាក់ពេលសេវនាការថា ក្មេងស្រីនាងត្រូវបានយកមកប្រគល់ឲ្យតាំងពីអាយុ១ខួបកន្លះមក ម្ល៉េះ ហើយបាត់ខ្លួនរហូតហើយខ្លួនបានចិញ្ចឹមស្រីនាងមកដល់អាយុ១០ ឆ្នាំ ដោយសារតែខ្លួនក្រីក្រខ្វះលទ្ធភាពហើយចង់ឲ្យស្រីនាងមានការចេះ ដឹង ទើបសម្រេចចិត្តប្រគល់ស្រីនាងទៅឲ្យពីរនាក់ប្ដីប្រពន្ធគ្រូ បង្រៀនដើម្បីបានរៀនសូត្រ។ ចំណែកប្រាក់៤០០ដុល្លារ គឺអ្នកគ្រូណាវីប្រគល់ឲ្យទុកធ្វើបុណ្យប៉ុណ្ណោះ មិនមែនជាការលក់កូន។
ចំណែក មាស ណាវី ក៏បញ្ជាក់ដែរថា មកពីខ្លួនអាណិតស្រឡាញ់ស្រីនាង ហើយចង់អប់រំឲ្យល្អ ទើបបានជាវាយប្រដៅបែបនេះ មកពីស្រីនាងជាក្មេងមានល្បិចកលច្រើន រួចមិនស្ដាប់បង្គាប់ ចូលចិត្តរើឯកសារបោះចោលរញ៉េរញ៉ៃ ហើយក៏យកអំបោសស្មាអាវស្រោបជ័រ និងយកដង្កាប់មួលតែម្ដងទេដោយស្លាកស្នាមនោះជារបួសចាស់។ និងបានប្រើឲ្យស្រីនាងសម្អាតបន្ទប់ និងអនាម័យខ្លួនឯងប៉ុណ្ណោះ។
ដោយឡែកលោក វ៉ា សារឿន ក៏បញ្ជាក់ដែរថា ខ្លួនមិនបានទៅទទួលស្រីនាងទេ រួចមិនបានដឹងថាប្រពន្ធទិញស្រីនាងមកដែរ ហើយខ្លួនបានទះកំផ្លៀងស្រីនាងតែម្ដងទេ នេះមកពីទប់កំហឹងមិនបាន ដែលស្រីនាងរើឯកសារឲ្យរញ៉េរញ៉ៃ ហើយខ្លួនធ្លាប់ហាមឃាត់មិនឲ្យប្រពន្ធវាយស្រីនាងដែរ ប៉ុន្តែប្រពន្ធមិនស្ដាប់ទេ។
ហើយស្រីនាងបានរ៉ាយរ៉ាបប្រាប់តុលាការទាំងមានការភ័យខ្លាចថា អ្នកគ្រូណាវី បានប្រគល់ប្រាក់ឲ្យយាយ ថឺង រ៉េត នៅចំពោះមុខរួចខ្លួនបានមកនៅផ្ទះអ្នកគ្រូណាវី ហើយគាត់បានប្រើឲ្យបោសសម្អាតផ្ទះ និងសួនច្បាររួចធ្វើការងារជាច្រើនទៀតពេលដែលធ្វើមិនស្អាត អ្នកគ្រូណាវីមកក៏វាយនឹងអំបោសស្មាអាវ ខ្សែភ្លើង បោចសក់បោកទៅលើកៅអីនិងថ្ម ដែលត្រូវរបួសប្រហេល២០០កន្លែង ពេលខ្លួនអ្នកគ្រូណាវីវាយនៅចំពោះមុខ វ៉ា សាវឿន ផងដែរដោយនៅពេលខ្លះទៀតអ្នកគ្រូណាវីបានយកដង្កាប់មកកៀបសព្វ សាច់ រួមទាំងលើប្រដាប់ភេទទៀតរហូតធ្វើឲ្យខ្លួនទ្រាំលែងចង់បាន ប៉ុន្តែខ្លួនមិនហ៊ានរត់ទេ ព្រោះខ្លាចហើយបច្ចុប្បន្នខ្លួនរស់នៅក្នុងអង្គការ HAGAR៕
No comments:
Post a Comment