ដោយ ម៉ៅ សុធានី
ទស្សនាវដ្ដីអប់រំសុខភាពមួយដែលមានចំណងជើងថា Journal of Epidemiology & Community Health ចេញផ្សាយកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១០ កន្លងមកនេះ បានចុះផ្សាយអត្ថបទស្រាវជ្រាវមួយដែលបានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលប្រើប្រាស់ទូរស័ព្ទដៃជាប្រចាំ នឹងបណ្ដាលឲ្យកូនដែលកើតហើយរហូតដល់មានអាយុ ៧ឆ្នាំ អាចមានបញ្ហាផ្នែកអាកប្បកិរិយា និងផ្លូវចិត្តរបស់វា។
ស្តាប់សំឡេង
ក្រុមអ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានតាមដានអំពីផលវិបាកនានាដល់សុខភាពរបស់អ្នកប្រើប្រាស់ ទូរស័ព្ទដៃ បានរកឃើញកាលពីពេលថ្មីៗនេះថា ទារកនៅក្នុងផ្ទៃម្តាយ និងក្រោយដែលកើតរួចហើយ រហូតដល់មានអាយុ ៧ឆ្នាំចំនួន ៥០% អាចមានបញ្ហាអាកប្បកិរិយា និងផ្លូវចិត្ត ដោយសារតែម្តាយនៅពេលកំពុងមានគភ៌បានប្រើទូរស័ព្ទដៃជាប្រចាំ។ នេះបើប្រៀបធៀបទៅនឹងស្ត្រីមានផ្ទៃពោះពុំមានប្រើទូរស័ព្ទដៃ។
ការស្រាវជ្រាវចុងក្រោយនេះ គឺធ្វើឡើងចំពោះកុមារចំនួនជិត ៣ម៉ឺននាក់ អាយុក្រោម ៧ឆ្នាំ និងម្តាយរបស់គេ ហើយទទួលបានលទ្ធផលស្រដៀងគ្នាទៅនឹងការស្រាវជ្រាវនៅឆ្នាំ២០០៨ នៅក្នុងប្រទេសដាណាម៉ាក ទៅលើស្ត្រីមានផ្ទៃពោះចំនួន ១០ម៉ឺននាក់ ដែលមានគភ៌ក្នុងអំឡុងឆ្នាំ១៩៩៦ ដល់ ២០០២។
លោកស្រីវេជ្ជបណ្ឌិត លីកា ឃេសហ្វេតស៍ (Leeka Kheifets) សាស្ត្រាចារ្យផ្នែករោគរាតត្បាត និងជាប្រធានដឹកនាំក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា (UCLA) ផ្នែកសុខភាពសាធារណៈ បានអះអាងថា ការរកឃើញចុងក្រោយនេះ មានតម្លៃល្មមសមរម្យ ដែលគួរតែបន្តធ្វើការពិនិត្យតាមដានបន្ថែមទៀត អំពីផលប៉ះពាល់ដល់អាកប្បកិរិយារបស់កុមារ ដូចជាថា កុមារមានការរពឹសហួសហេតុខុសពីធម្មតា មានអាកប្បកិរិយាមិនចាប់អារម្មណ៍នឹងបរិយាកាសនៅជុំវិញខ្លួន មិនយកចិត្តទុកដាក់ស្តាប់បង្គាប់ ព្រមទាំងមិនអាចចុះសម្រុងលេងជាមួយកុមារដទៃទៀតបាន។
លោកស្រីវេជ្ជបណ្ឌិត លីកា ឃេសហ្វេតស៍ បានថ្លែងថា គេនៅពុំទាន់រកឃើញអំពីទិន្នន័យច្បាស់លាស់ថា តើហេតុអ្វីបានជាមានការប៉ះពាល់ជាមួយទារកក្នុងផ្ទៃម្ដាយនៅពេល ម្ដាយប្រើទូរស័ព្ទដៃ។ តែទោះជាយ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត លីកា ឃេសហ្វេតស៍ បានណែនាំថា ម្ដាយមានគភ៌ត្រូវមានការប្រុងប្រយ័ត្ន ការពារទុកជាមុនទៅនឹងផលវិបាកនានាបណ្ដាលមកពីការប្រើប្រាស់ ទូរស័ព្ទដៃ។ វិធីងាយស្រួលបំផុត លោកស្រីថា គឺប្រើខ្សែដោតបន្តទៅនឹងទូរស័ព្ទដៃ កុំដាក់ជាប់ជិតខ្លួន ដូចជាក្នុងហោប៉ៅអាវ ឬខោ និងកុំនិយាយផ្ទាល់ជាប់នឹងត្រចៀក ត្រូវប្រើខ្សែបន្ត។
ទាក់ទងនឹងការលើកឡើងអំពីផលប៉ះពាល់ដល់ទារក និងកុមារ ដែលម្តាយប្រើទូរស័ព្ទដៃពេលមានគភ៌នេះ លោកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា ម្ចាស់គ្លីនិក លី ស្រីវីណា នៅក្រុងភ្នំពេញ និងនៅសៀមរាប បានមានប្រសាសន៍ថា លោកស្រីមិនអាចហ៊ានបញ្ជាក់បានចំពោះការអះអាងនៃការស្រាវជ្រាវរក ឃើញអំពីបញ្ហាអាកប្បកិរិយារបស់កុមារទេ ប៉ុន្តែតាមបទពិសោធន៍ផ្ទាល់ លោកស្រីសង្កេតឃើញថា ទារក ឬកុមារតូចៗ នៅពេលឮទូរស័ព្ទដៃរោទ៍ភ្លាម ហាក់ដូចជាមានអារម្មណ៍ប្រែប្រួល មិនសប្បាយចិត្ត ខឹងមួម៉ៅតែម្តង។
លោកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា មានប្រសាសន៍ទៀតថា ៖ «ជម្រាបដោយ ត្រង់ ខ្ញុំមិនដែលធ្វើការស្រាវជ្រាវទេ ប៉ុន្តែខ្ញុំបានឃើញក្មេងតូចៗ ដែលម្តាយប្រើទូរស័ព្ទដៃ ឬគ្រាន់តែឮទូរស័ព្ទដៃរោទ៍ ធ្វើឲ្យវាមួម៉ៅ ធ្វើឲ្យវាឈប់បៅ យំកិកកុក ដូចនេះខ្ញុំជឿថា ពិតជាធ្វើឲ្យប៉ះពាល់អារម្មណ៍វាមែន។ បើកូនខ្ញុំផ្ទាល់ ពេលឮទូរស័ព្ទរោទ៍ វាលោតចេញពីកៅអីអង្គុយតែម្តង ហើយរាល់ពេលដែលវាកំពុងបៅ គឺវាឈប់ភ្លាម យំរករឿង»។
លោកស្រីវេជ្ជបណ្ឌិត លី ស្រីវីណា បានមានប្រសាសន៍បន្ថែមថា ភាគច្រើនអ្នកជំងឺដែលមកពិនិត្យរោគនៅគ្លីនិកលោកស្រី តែងតែត្អូញត្អែរថា ឧស្សាហ៍ឈឺក្បាល និងរោយក ៖ «ពាក់ព័ន្ធនឹង បទពិសោធន៍ផ្ទាល់ខ្លួន គឺថា ស្ត្រីមិនមានផ្ទៃពោះក៏ប៉ះពាល់សុខភាពដែរ ចុះទម្រាំមានផ្ទៃពោះ? គឺធ្វើឲ្យស្ត្រីជាម្ដាយមានអារម្មណ៍តានតឹង ធ្វើឲ្យសាច់ដុំនៅជុំវិញក្បាល និងកតានតឹង ដែលជាហេតុធ្វើឲ្យឈឺក្បាល ហើយនឹងធ្វើឲ្យបេះដូងដើរញាប់ខុសប្រក្រតី។ កាលណាម្ដាយមានអារម្មណ៍អ៊ីចឹង នោះវាពិតជានាំឲ្យប៉ះពាល់កូនក្នុងផ្ទៃផងដែរ»។
នៅក្នុងការស្រាវជ្រាវចុងក្រោយនេះ គឺបានតម្រូវឲ្យមាតាបំពេញសំណួរជាច្រើនអំពីរបៀបរបបរស់នៅក្នុង គ្រួសារ ប្រវត្តិសុខភាព និងស្ថានភាពផ្លូវចិត្ត អារម្មណ៍របស់មាតាបិតា រយៈពេលនៃការប្រើទូរស័ព្ទដៃ តើម្ដាយចំណាយពេលប៉ុន្មានជាមួយកូនក្នុងមួយថ្ងៃៗ ហើយមានបានបំបៅដោះកូនដែរ ឬទេ?
ការវិភាគទិន្នន័យនៃការស្រាវជ្រាវនោះ បានបង្ហាញច្បាស់ថា ចំពោះម្ដាយដែលចំណាយពេលច្រើនក្នុងការនិយាយទូរស័ព្ទដៃក្នុងអំឡុង ពេលមានផ្ទៃពោះ និងនៅតែបន្តប្រើទូរស័ព្ទដៃ បន្ទាប់ពីសម្រាលកូនរហូតដល់កូនបានអាយុ ៧ឆ្នាំ គឺកុមារចំនួន ៥០% មានបញ្ហាអាកប្បកិរិយា និងផ្លូវចិត្ត។ សម្រាប់ទារកនៅក្នុងផ្ទៃម្តាយដែលប្រើទូរស័ព្ទដៃ ប៉ុន្តែក្រោយកើតមក ទារក ឬកុមារនោះពុំមានប៉ះពាល់ទៅនឹងទូរស័ព្ទដៃ គឺ ៤០% មានបញ្ហាអាកប្បកិរិយា ហើយទារកក្នុងផ្ទៃ ដែលម្តាយមិនប្រើទូរស័ព្ទដៃ តែក្រោយកើតមកហើយ កុមារខ្លួនឯងផ្ទាល់ប្រើរហូតដល់អាយុ ៧ឆ្នាំ គឺវាមានបញ្ហាអាកប្បកិរិយា និងអារម្មណ៍តែ ២០% ប៉ុណ្ណោះ។
ក៏ប៉ុន្តែការអះអាងខាងលើនេះ ត្រូវបានលោក ចន វ៉លស៍ (John Walls) អនុប្រធានសមាគមឧស្សាហកម្មទូរស័ព្ទដៃ និងទូរគមនាគមន៍ ដែលហៅជាភាសាអង់គ្លេសថា Cellular Telecommunications Industry Association (CTIA) បានប្រតិកម្មតបថា តាមការបញ្ជាក់របស់ក្រុមភ្នាក់ងារសុខាភិបាលសាធារណៈជាច្រើនក្នុង ពិភពលោក បានឲ្យដឹងថា គេនៅពុំទាន់ឃើញផលប៉ះពាល់ និងការជាប់ទាក់ទងគ្នារវាងសុខភាព និងអ្នកប្រើប្រាស់ទូរស័ព្ទដៃនៅឡើយទេ។
ទោះជាយ៉ាងណាក្ដី នៅក្នុងអត្ថបទចុះផ្សាយក្នុងទំព័រវ៉ឹបសាយ The Journal of Epidemiology and Community Health កាលពីថ្ងៃ៦ ខែធ្នូ ឆ្នាំ២០១០ កន្លងមកនេះ លោកស្រីវេជ្ជបណ្ឌិត លីកា ឃេសហ្វេតស៍ បានបង្ហាញការព្រួយបារម្ភថា ប្រសិនបើការស្រាវជ្រាវរកឃើញនោះពិតមែន គឺជាបញ្ហាមួយដែលក្រុមអ្នកវិទ្យាសាស្ត្រ និងសុខភាព ត្រូវតែរកមធ្យោបាយគិតគូរដោះស្រាយ ពីព្រោះបច្ចុប្បន្ននេះ មានមនុស្សជាង ៦០% នៃចំនួនប្រជាពលរដ្ឋសរុបក្នុងពិភពលោកកំពុងប្រើប្រាស់ទូរស័ព្ទដៃ៕
No comments:
Post a Comment