កង្វះខាតការទទួលបានព័ត៌មាន គឺជាឧបសគ្គធំបំផុត ក្នុងការលើកកម្ពស់ សិទ្ធិស្ត្រីនិងសមភាពយេនឌ័រ។ ដោយហេតុនេះ នៅឆ្នាំ២០០៧ អង្គការវិទ្យាស្ថានបើកទូលាយ បានផ្ដើមគំនិត បង្កើតកម្មវិធីមួយ ឈ្មោះថា "កម្មវិធីស្ត្រី" ដែលផ្ដោតសកម្មភាពចម្បង លើការជំរុញការផ្សព្វផ្សាយព័ត៌មាន និងការពិភាក្សា ដើម្បីឲ្យស្ត្រីមានលទ្ធភាពពង្រឹងសមត្ថភាពយល់ដឹងនិងប្រើប្រាស់ សិទ្ធិរបស់ខ្លួនបានពេញលេញ ជំរុញឯករាជភាព និងការចូលរួមរបស់ពួកគេ នៅក្នុងសង្គមនិងនយោបាយ ។ ជាជំហានដំបូង កម្មវិធីស្ត្រី ចាប់ផ្ដើមប្រមូលនិងផ្សព្វផ្សាយព័ត៌មានជាភាសាខ្មែរ អំពីស្ត្រី និងអំពីសកម្មភាពរបស់ស្ថាប័នពាក់ព័ន្ធ នៅលើគេហទំព័រ "អំពីស្ត្រី" ជាសេវា ជូនដល់អាជ្ញាធរ និងអង្គការមិនមែនរដ្ឋាភិបាល ។ កម្មវិធីថែមទាំងជួយសម្របសម្រួលដល់ស្ថាប័នពាក់ព័ន្ធ និងបណ្ដុះបណ្ដាលអំពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីភាពងាយស្រួលដល់ការងារ និងទំនាក់ទំនងរបស់ពួកគេ។
ក្នុងឆ្នាំ២០០៩ក្រសួងកិច្ចការនារីនិងអង្គការវិទ្យាស្ថានបើកទូលាយបាន រួមគ្នាបង្កើតគម្រោងថ្មីមួយមានឈ្មោះថា"មជ្ឈមណ្ឌលឯកសារ និងការស្រាវជ្រាវសម្រាប់ស្ត្រី"(WDRC) ដែល ដើរតួយ៉ាងសំខាន់ ក្នុងការផ្ដល់ព័ត៌មានដល់អាជ្ញាធរ ជាពិសេសក្រុមប្រឹក្សាឃុំសង្កាត់ដែលមានសមាជិកជាស្ត្រី ។
គម្រោងបានរៀបចំបំពាក់បំប៉នជូនដល់មន្ត្រីក្រសួងកិច្ចការនារីឲ្យ ចេះប្រើប្រាស់និងគ្រប់គ្រងព័ត៌មានអេឡិចត្រូនិក និងគ្រប់គ្រង បណ្ណាល័យ ។ នាយកដ្ឋានព័ត៌មាន និងថ្នាក់ដឹកនាំជាន់ខ្ពស់ត្រូវបានផ្ដល់កុំព្យូទ័រ និងមានភ្ជាប់អ៊ីនធឺណិត ដើម្បីទាក់ទងគ្នាតាមរយៈអេឡិចត្រូនិករវាងក្រសួងនិងជាមួយដៃគូ សង្គមស៊ីវិលរបស់ក្រសួង ។ តំបន់បណ្ដាញថ្មីមួយរបស់ក្រសួងត្រូវបានបង្កើតឡើងដើម្បីផ្សព្វ ផ្សាយព័ត៌មាននានាទាក់ទងគោលនយោបាយនិងសកម្មភាពរបស់ក្រសួង។
គម្រោងបានគាំទ្រការអភិវឌ្ឍ និងចែកចាយព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងកិច្ចការនារីទៅដល់ ថ្នាក់ឃុំ/សង្កាត់ ជាមួយនឹងព្រឹត្តិបត្រព័ត៌មានរបស់អង្គការ វិទ្យាស្ថានបើកទូលាយ ដែលមានព័ត៌មានសម្រាប់ស្ត្រី និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើបញ្ហាយេនឌ័រ ។
ដោយយល់ឃើញ អំពីសារៈសំខាន់នៃការទទួលព័ត៌មានសម្រាប់ស្ត្រី នៅតាមជនបទ នៅឆ្នាំ២០១០ គម្រោងបានផ្ដល់កិច្ចគាំទ្រមួយទៀតដល់ការអភិវឌ្ឍ"សៀវភៅណែ នាំសម្រាប់ស្ត្រី" សហការជាមួយអង្គការសន្តិភាពនិងការអភិវឌ្ឍ (PyD)។ សៀវភៅនេះ ជាឯកសារយោង អំពីសិទ្ធិស្ត្រីនៅកម្ពុជា ព្រមទាំងមានព័ត៌មានអំពីសេវាកម្មរបស់រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលស្ត្រីអាចប្រើប្រាស់បាន ។ បន្ទាប់ពីត្រូវបានសម្ពោធ កាលពីថ្ងៃ ៦ ធ្នូ២០១០ រួចមក សៀវភៅនេះ ទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ ពីសំណាក់ស្ថាប័នពាក់ព័ន្ធ ពិសេសពីក្រសួងកិច្ចនារី ។ ប្រការ នេះ ស្ដែងឲ្យឃើញនូវជោគជ័យមួយ របស់គម្រោងថ្មីនេះ ។
ដោយការផ្ដោតសំខាន់លើការធ្វើសមាហរណកម្មស្ត្រីទៅក្នុងសង្គម ដែលផ្អែកលើចំណេះដឹង កម្មវិធីស្ត្រីបានបញ្ចប់ការងារស្រាវជ្រាវជាមូលដ្ឋាន សិក្សាអំពីការយល់ដឹងរបស់ស្ត្រីក្នុងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងសារគមនាគមន៍ (ICT) និងការចូលទីផ្សារការងារផ្នែកបច្ចេកវិទ្យាព័ត៌មាន ។
កម្មវិធីបានរៀបចំកិច្ចប្រជុំជាច្រើនដើម្បីសម្របសម្រួលរវាង រដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងការអនុវត្តផែនការ សកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងចូលរួម ក្នុងគណៈកម្មាធិការគ្រប់គ្រងគណៈកម្មាធិការCEDAW និងអង្គការសម្របសម្រួលផ្សេងៗទៀត ។
សរុបមក គេអាចនិយាយបានថា "កម្មវិធីស្ត្រី" នៃអង្គការវិទ្យាស្ថានបើកទូលាយ បានផ្ដល់ផ្លែផ្កាយ៉ាងច្រើន ពិសេសក្នុងការដើរតួនាទីជាអ្នកបង្កើតបណ្ដាញបង្កើនការផ្ដល់ ព័ត៌មានដល់ស្ត្រីនៅថ្នាក់មូលដ្ឋាន និងការសម្របសម្រួលការពិភាក្សារវាងស្ថាប័នរដ្ឋាភិបាលនិងសង្គម ស៊ីវិល អំពីការអនុវត្តគោលនយោបាយជាតិ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ឆ្ពោះទៅគោលដៅអភិវឌ្ឍសហស្សវត្ស ២០១៥ ។ ថ្វីបើយ៉ាងនេះក្ដី វាទាមទារនូវកិច្ចប្រឹងប្រែងបន្ថែមទៀត ដើម្បីឲ្យស្ត្រីកម្ពុជាទាំងអស់ មានលទ្ធភាពទទួលបានព័ត៌មាននិងសេវាសាធារណៈឲ្យបានច្រើនជាងមុន ។ ជាទិសដៅបន្តក្នុងបរិបទនេះ តាមសំណើរបស់ក្រសួងកិច្ចការនារី មជ្ឈមណ្ឌលឯកសារ និងការស្រាវជ្រាវសម្រាប់ស្ត្រី នឹងក្លាយជាគ្រាប់ពូជនៃគម្រោង"មជ្ឈមណ្ឌលឃ្លាំមើលអំពីបញ្ហា យេនឌ័រ"នៅប្រទេសកម្ពុជា។ ទីភ្នាក់ងារអេស្ប៉ាញAECID នឹងផ្ដល់ថវិកាសម្រាប់គម្រោងនេះ ។ មជ្ឈមណ្ឌល នេះនឹងពិនិត្យតាមដានលើការអនុវត្តគោលនយោបាយស្ដីពីយេនឌ័រដែល ត្រូវបានអនុម័ត ការវិភាគអំពីផលប៉ះពាល់ និងអំពីសំណើផ្សេងៗដើម្បីកែលម្អគោលនយោបាយទាំងនោះ ប្រសិនបើចាំបាច់ ៕
No comments:
Post a Comment