ខេត្តកំពង់ឆ្នាំង ៖ បុរសនិស្ស័យមិនកែប្រែម្នាក់បានត្រូវប៉ូលិសក្រុងកំពង់ឆ្នាំង ចាប់ឃាត់ខ្លួនដល់កន្លែងនេសាទត្រី បន្ទាប់ពីមានពាក្យបណ្តឹងរបស់នារីរងគ្រោះថា បានចាប់រំលោភរូបនាងរហូតបានសំរេចកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ មករា នៅលើទូកជាកន្លែងដែលនាងស្នាក់នៅ ស្ថិតនៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈឪពុកម្តាយនាងមិននៅជាមួយ ។ បុរសរូបនេះឈ្មោះសុក សារឿន អាយុ២៦ឆ្នាំ មានប្រពន្ធនិងកូនពីរនាក់ ។
សូមបញ្ជាក់ថា នារីរងគ្រោះរួមទាំងឪពុកម្តាយនាងជាអ្នកនេសាទត្រី ហើយយប់ឡើងតែងចតទូកនៅមាត់កំពង់ទឹកជិតផ្ទះបុរសជាជនល្មើស ។ ក្នុងពាក្យបណ្តឹងរបស់នារីរងគ្រោះបានបញ្ជាក់ថា ពេលកើតមានការចាប់រំលោភរូបនាងប្រឹងរើដែរ តែរើមិនរួច ស្រែកក៏ពុំរួច ព្រោះត្រូវជនល្មើសសង្កត់ និងខ្ទប់មាត់ជាប់ ណាមួយរូបនាងអស់កំលាំង ព្រោះធ្វើការពីថ្ងៃផង ។ ចំណែកជនល្មើសវិញបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ។
ជននេះនិយាយទៀតថា សូម្បីតែប្រពន្ធខ្លួនដែលបានគ្នាសព្វថ្ងៃមានកូនពីរទៅហើយនោះ ក៏ដោយការចាប់រំលោភដែរ ។ កាលណោះនាងទៅបេះត្រកួន ហើយរូបគេក៏ចូលទៅចាប់រំលោភនៅនឹងរងត្រកួនរហូតបានសំរេច ហើយដោយខ្លាចជាប់គុក ក៏ព្រមរៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធដល់សព្វថ្ងៃនេះ ។ ប៉ូលិសបញ្ជាក់ថា កាលនោះនៅកំលោះ ទើបមានការដោះស្រាយដោយការរៀបចំផ្សំផ្គុំជាប្តីប្រពន្ធ តែពេលនេះមានប្រពន្ធហើយ ដូច្នេះមានតែពន្ធនាគារទេទើបរាង ៕
No comments:
Post a Comment