ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ដែលរៀបនឹងបញ្ជូនទៅតុលាការហើយនោះ បានឆ្លៀតប្រាប់ប៉ូលិសឱ្យយកដំបងដែលខ្លួនវាយប្រពន្ធ និងកាន់នៅនឹងដៃ ហើយត្រូវបានរឹបអូសជាវត្ថុតាងនោះទៅដាំទឹកផឹកទៅ ព្រោះវាអាចបង្កើនកំលាំងផ្លូវភេទ កុំចោលវាឱ្យសោះ ពិបាករកណាស់ ដើមក្របីឡើង.ក ។ បុរសរូបនេះឈ្មោះតុប ពៅ អាយុ៤៦ឆ្នាំ រស់នៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៩ ធ្នូ តាមពាក្យបណ្តឹងរបស់ស្ត្រីជាប្រពន្ធពីបទប្រើអំពើហិង្សា ក្នុងគ្រួសារ ។
នៅចំពោះមុខសមត្ថកិច្ច ជនឈ្មោះតុប ពៅ បានរៀបរាប់ថា ប្រពន្ធរបស់ខ្លួនឈ្មោះប៊ិន ឃាង អាយុ៣៩ឆ្នាំ ។ កន្លងមកនេះ ការគ្រប់គ្រងក្នុងក្រុមគ្រួសារមិនសូវបានល្អទេ គឺលក់ទ្រព្យសម្បត្តិដែលខ្លួនខំរកបានមកគ្មានសល់ ប៉ុន្តែខ្លួនចេះតែខំអត់ធ្មត់ ។ នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១០ ប្រពន្ធរបស់ខ្លួនបានលួចលក់ស្រូវអស់ចំនួន២បាវធំ អាគុយ១គ្រឿង និងបាត់ផ្លែព្រួញចំនួន១ទៀត ។ នៅពេលដែលខ្លួនសួរនាំ គេបានប្រកែក ហើយបង្ករឿងតូចទៅជារឿងធំ ធ្វើឱ្យខ្លួននឹកឃើញរឿងពីមុនមកផងនោះ ទប់កំហឹងមិនបានក៏ទាញដំបងដើមក្របីឡើង.កវាយប៉ុន្មានដំបង ។ នៅពេលប្រពន្ធតដៃខ្លួនក៏ដាក់ពីរកែង ទាត់៣ជើង និងគប់មួយកែវទៀតចំក្បាលពីក្រោយ បណ្តាលឱ្យឈាម លុះប៉ុន្មានម៉ោងក្រោយមក សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនតែម្តង ។
លោកវរសេនីយ៍ត្រីប៉ុល ចំរើន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តមានប្រសាសន៍ថា បុរសឈ្មោះតុបពៅ នេះបានប្រើអំពើហិង្សាក្នុងគ្រួសារ បើតាមមាត្រា២៣៦ បទបង្កឱ្យមានរបួសដោយចេតនានៃក្រមព្រហ្មទណ្ឌគឺត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី៦ខែដល់២ឆ្នាំ និងពិន័យជាប្រាក់ពី១.០០០.០០០រៀល ដល់៤.០០០.០០០រៀល ។ បុរសឈ្មោះតុប ពៅ ត្រូវបានបញ្ជូនទៅសាលាដំបូងនាថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១០ ដើម្បីផ្តន្តាទោសទៅតាមច្បាប់ ។ ប៉ុន្តែអ្វីដែលគួរឱ្យអាណិតនោះគឺមុនពេលរៀបចំបញ្ជូនទៅសាលា ដំបូង បុរសនេះបានប្រាប់ប៉ូលិសឱ្យយកដំបងដែលខ្លួនវាយប្រពន្ធនោះទៅដាំ ទឹកផឹក កុំចោលវាឱ្យសោះ ព្រោះដើមនោះជាដើមក្របីឡើង.ក អាចជួយបង្កើនកំលាំងផ្លូវភេទ ហើយក៏លំបាករកដែរ ៕
No comments:
Post a Comment