ថ្ងៃបុណ្យនៃក្តីស្រលាញ់បង្កើតសន្តិភាព សាមគ្គីភាព ការភ្លើតភ្លើនរបស់យុវវ័យខ្លះធ្វើឱ្យពិធីបុណ្យប្រែធាតុ

បុណ្យ​នៃ​ក្ដី​ស្រលាញ់​១៤ កុម្ភៈ ដែល​ហៅ ម្យ៉ាងទៀត​ថា ថ្ងៃ​បុណ្យ​សង្សារ​ហាក់ដូចជាមាន​ប្រជាប្រិយភាព​កាន់តែ​ច្រើន​ឡើង​ ក្នុងស្រទាប់​យុវវ័យ ឬ​មនុស្ស​វ័យក្មេង ។ ពិតណាស់​ការ​ចេះ​ស្រលាញ់​រាប់អាន​គ្នា​ទៅ​វិញទៅ​មក គឺជា​ប្រការ​ល្អ​មួយ​ក្នុង​សង្គម​ជា​ជាងការ​ស្អប់ខ្ពើម​គ្នា​ដូច​ជា​ការ​ ស្រលាញ់​រវាងម្ដាយ ឪពុក និង​កូនប្រុស​ស្រី បងប្អូនស្រលាញ់​គ្នា មិត្ដភក្ដិ​ស្រលាញ់​គ្នា គ្រួសារ មួយ​ទៅ​គ្រួសារ​មួយ​ក៏​ចេះ​ស្រលាញ់ដែលប្រការ​​នេះ​មិន​ថា​ពូជសាសន៍​ណា​ទេ គឺ​ចង់បានបែប​នេះ ព្រោះ​វា​បង្កើត​នូវ​សន្ដិភាព និងសាមគ្គីភាព ។

ប៉ុន្ដែ​កា​រកំ​ឡាយ​ពី​ខ្លឹមសារ​បុណ្យ​នេះ​ទៅ ជា​​ថ្ងៃ​បុណ្យ​សង្សារ​មិន​មាន​ន័យ​គ្រប់គ្រាន់ នោះ​ទេ ហើយ​ពិត​ណាស់​វា​បាន​ប្រាសចាក​ពីទំនៀម​ទំលាប់​ខ្មែរ​ដែល​បាន​ចាត់​ទុក​ថា ម្ដាយទុក​ឪពុក​ដាក់ ។ ការ​យល់​បែប​នេះ​យុវវ័យមួ​ួ​យ​ចំនួន​ពិតជា​ចោទ​ថា ជា​គំនិត​អភិរក្សចាស់​គំ​រិល ឬ​ជា​តម្រា​នំ​មិនធំ​ជាង​នាឡិ និងហួស​សម័យ​សំរាប់​បច្ចុប្បន្ន ។ ទោះបីជា​បែបណា​មិត្ដភក្ដិ គឺ​សំខាន់​ណាស់​មិន​ថា​ស្រី ឬ​ប្រុសទេ ហើយ​និយម​ន័យ​នៃ​ការ​ស្រលាញ់​មានភាព​ទូលំទូលាយ​ណាស់​មិន​មែន​​ត្រឹមតែ​ ជាស្នេហា​រវាង​បុរស នារី​នោះ​ទេ ។ អ្វី​ដែល​ចង់ឱ្យ​គ្រប់​គ្នា​លើក​ស្ទួយ​តំលៃ​នៃ​ថ្ងៃ​បុណ្យ​​នៃ​ក្ដីស្រលាញ់ គឺ​ត្រូវ​តែ​យល់​ន័យ និង​ប្រវត្ដិ​នៃ​ការធ្វើ​ពិធីបុណ្យ​នេះ​ដែល​នៅ​លើ​ពិភព​លោកតែង​ប្រារឰ​ធ្វើ​ នៅ​ថ្ងៃ​១៤ កុម្ភៈ ដែល​ក្នុង​នោះនៅ​កម្ពុជា​ក៏​បាន​ទទួលយក​ពិធីបុណ្យ​នេះ​រួច ទៅ​ហើយ​ដែរ ពិសេស​គឺ​ស្រទាប់​យុវវ័យ ។ ខាង​ក្រោម​នេះ​គឺជា​អត្ថន័យ​ថ្ងៃ​បុណ្យ​នៃ​ក្ដីស្រលាញ់​ដែល​បាន​ស្រាវជ្រាវ​ ដោយ​លោក​ឌិ​ត សុធី ។
នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ រៀង​រាល់​ឆ្នាំ​នៅ​បស្ចិម ប្រទេស ជា​ពិសេស​បណ្ដា​ប្រទេស ឬ​ប្រជាជន មាន​ជំនឿ​លើ​គ្រឹ​ស្ដ​សាសនា​តែងតែ​ឈប់សំរាក​ដើម្បី​ប្រារឰ​ពិធីបុណ្យ​នៃ​ ក្ដី​ស្រលាញ់ដែល​ភាសា​អង់គ្លេស​ហៅ​ថា Valentine’s Day ។ ឱ្យ​តែ​មក​ដល់​ថ្ងៃនេះ មនុស្ស​ដែលមាន​ដៃគូ​ស្នេហា​តែងតែ​បញ្ជាក់​ពី​មនោស​ញ្ចេ​ត​នា​នឹង​គ្នា​ទៅ​ វិញ​ទៅ​មក ហើយមនុស្ស​ម្នា​ទាំងឡាយ​ផ្សេង​ទៀត​បាន​ផ្ញើ​លិខិតវ៉ា​ឡេ​ទី​ន (​សេចក្ដី​ស្រលាញ់​)​ទៅ​ឱ្យ​មនុស្សដែល​ខ្លួន​ចង់​ប្រគល់​ឱ្យ ឬ​ក៏​ផ្ដល់​ស្ករ​គ្រាប់​ដ៏មាន​រសជាតិ​ទៅ​ឱ្យ​មនុស្ស​ជាទី​ស្រលាញ់ របស់​ខ្លួន ។ ជា​ទូទៅ​ថ្ងៃនេះ​មាន​អត្ថន័យណាស់​ក្នុង​ការ​ជូន​ផ្កា​ទៅ​ឱ្យ​នរណា​ម្នាក់ ។ ដូច្នេះ​វា​ជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​សំខាន់​របស់ពួក​អឺរ៉ុប និង​ប្រទេស ឬ​ប្រជាជន​គោរព​គ្រឹ​ស្ដសាសនា ។ សព្វ​ថ្ងៃនេះ​សូ​ម្បី​តែ​ប្រទេសកម្ពុជា ពិធីបុណ្យ​នេះ​ហាក់ដូចជា​មាន​ប្រជាប្រិយភាព​ណាស់​នៅ​ក្នុង​ចំណោម​ស្រទាប់​ យុវវ័យ​នៅ​តាម​ទីក្រុង ។ តើ​លោក​អ្នក​បានដឹងអ្វីខ្លះ​ទាក់ទង​ទៅ​នឹង​ពិធីបុណ្យ​នៃ​សេចក្ដីស្រលាញ់​នេះ ?
ទាក់ទង​ទៅ​នឹង​ពិធីបុណ្យ​នៃ​ក្ដី​ស្រលាញ់នេះ​មាន​មតិ​ លេចឡើង​ខុស​ៗ​គ្នា​ជា​ច្រើន ​។ តាម​អ្នក ឯកទេស​មួយ​ចំនួន​បាន​លើក​ឡើង​ថា ពិធីបុណ្យ​នេះ​មាន​ប្រភព​ចេញពី​លោក​សាំង វ៉ា​ឡេ​ទី​ន (​Saint Valentine​) គឺជា​ជនជាតិរ៉ូ​ម​មួយ​រូប​ដែល​បាន​ទទួល​រង​ទុក្ខទោសដោយសារ​តែ​លោក​មិន​ព្រម​ លះបង់​ចោលភាព​ជា​គ្រឹ​ស្ដ​សាស និក ។ លោក​សាំង វ៉ា​ឡេទី​ន បាន​បាត់បង់​ជីវិត​នៅ​ចំ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ២៦៩ នៃ​គ្រឹ​ស្ដ​សករាជ គឺ​ត្រូវ​នឹង​ថ្ងៃ​ដែល​ជនជាតិ​រ៉ូ​ម​ប្រារឰ​ពិធី​រំលឹក​ដល់​ទេពធីតា​ហ្សូ​ ណូដែល​ជា​ទេពធីតា​តំណាង​ស្ដ្រី និង​ចំណងអាពាហ៍ពិពាហ៍ ។ តាម​រឿងព្រេង​ក៏​បាន និយាយ​ដែរ​ថា លោក​វ៉ា​ឡេ​ទី​ន គឺជា​បព្វជិត ជន ជាតិ​រ៉ូ​ម​នៅ​អំឡុង​សតវត្សរ៍​ទី​៣​នៃ​គ្រឹ​ស្ដសក
រាជ ។ នៅ​ពេល​នោះ​ចក្រភព​រ៉ូ​ម​ស្ថិត នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះ​ចៅ​អធិរាជក្លូ​ឌី​យូ​ស​ទី​២​ដែល​មិន​បាន​ ទទួល​ការ​គាំទ្រ​ពីប្រជារាស្ដ្រ​ឡើយ ។ លោក​វ៉ា​ឡេ​ទី​ន ក៏​ដូច មនុស្ស​ម្នា​ជា​ច្រើន​ទៀត​ដែរ មិន​ពេញចិត្ដ​នឹង របប​គ្រប់គ្រង​របស់​ព្រះ​ចៅ​អធិរាជ​ក្លូ​ឌី​យូ​ស​ទី​២​ទេ ពីព្រោះ​គេ​ចាត់​ទុក​ថា របប​គ្រប់គ្រងរបស់​ព្រះ​ចៅ​អធិរាជ​ក្លូ​ឌី​យូ​ស​ទី​២​ពោរពេញទៅ​ដោយ​ភាព​ ឃោរឃៅ និង​ការ​បង្ហូរឈាម​។
ព្រះ​ចៅ​អធិរាជ​ក្លូ​ឌី​យូ​ស​ទី​២​ចង់​រៀបចំ​ឱ្យ មានកំ​លាំង​ទ័ព​ដ៏​ធំ​មួយ ។ ហេតុនេះ​ទ្រង់ សង្ឃឹម ថា បុរស​ជនជាតិ​រ៉ូ​ម​នឹង​ស្ម័គ្រចិត្ដ​ចូលបំរើកង ទ័ព ។ ការ​រំពឹង​ទុក​របស់​ទ្រង់​មិន​សមដូច​ព្រះ រាជ​បំណង​ឡើយ ពីព្រោះ​មនុស្ស​ប្រុសយ៉ាង ច្រើន​មិន​ចង់​ធ្វើសង្គ្រាម​ឡើយ ដោយហេតុ​ថា ពួក​គេ​មិន​ចង់​ចាក​ចេញពី​ប្រពន្ធ​កូន គ្រួសារ និង​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​។ ដោយហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ព្រះ​ចៅអធិរាជ​ក្លូ​ឌី​យូ​ស​ទី​២​ខឹងសម្បា​ យ៉ាង​ខ្លាំង និងនាំ​ឱ្យ​ទ្រង់​ឈាន​ទៅ​មាន គំនិត​ឆ្កួត​ៗគឺ​ការបង្កើត​ច្បាប់​មិន​អនុញាត​ឱ្យ​មាន​អា​ពា​ហ៍ពិពាហ៍​តទៅ​ ទៀត​ឡើយ ។ មនុស្ស​ម្នា​ទាំងឡាយ​យល់​ឃើញ​ថា ច្បាប់​ថ្មី​របស់​ព្រះ​ចៅ អធិរាជ​ក្លូ​ឌី​យូ​ស​ទី​២មាន​ភាព​ឃោរឃៅណាស់ ហើយ​ពួក​គេ​យល់​ថា ច្បាប់​នេះ​មិនសម​ហេតុ ផល​ឡើយ ។ ហេតុនេះ​ប្រជាជន មិន​គាំទ្រ​ដល់​ច្បាប់​នេះ​ឡើយ ។ ច្បាប់​នេះ មិន​អនុញាត​ឱ្យ​មាន​អាពាហ៍ពិពាហ៍​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​លោក​សាំង វ៉ា​ឡេ​ទី​ន ដែល​ជាបព្វជិត​បាន​ជួយ​រៀប​មង្គលការ​ឱ្យ​គូ​ស្វាមីភរិយា​ជា​ច្រើន​គូ​ដោយ​ ស្ងាត់​ៗ ។ ចូរ​អ្នក​នឹងស្រមៃ​មើល​ពិធី​មង្គលការ​មួយ​ដែល​ធ្លាប់តែអ៊ូរ​អរ​អធិកអធម បែរជា​ត្រូវ ធ្វើ​ដោយ​លួចលាក់​នៅ​ក្នុង​បន្ទប់​តូច​មួយ​ដែល​មាន​តែ​កូនកំលោះ កូនក្រមុំ និង​បព្វជិត​សាំង​វ៉ា​ឡេ​ទី​ន និង​ក្រោម​ពន្លឺ​ភ្លើងទៀន​តូច​មួយ​ប៉ុណ្ណោះ និងត្រូវ​បួងសួង​ក្នុង​សំលេង​ស្ងាត់​ៗ ហើយ​ក្នុង ខណៈ​ពេល​ដែល​មាន​សំ​រឹប​ជើង​ពួក​កងទ័ពចូល​មក តើ​លោក​អ្នកមាន​អារម្មណ៍​បែបណា? នេះ​ពិតជា​គួរ​ឱ្យ​ភ័យ​ខ្លាច​មែន​។
លោក​សាំង វ៉ា​ឡេ​ទី​ន បាន​ជួយ​រៀបចំ មង្គលការ​ឱ្យ​គូ​ស្វាមីភរិយា​ជា​ច្រើន​គូ ។ តែនៅ​យប់​មួយ​ខណៈ​ពេល​លោក​កំពុង​តែ​រៀបចំ​មង្គល ការ​ឱ្យ​គូ​ស្វាមីភរិយា​មួយគូ​ស្រាប់តែពេល​នោះ​លោក​ឮ​សូរ​សំលេង​ជើង​ របស់ទាហាន​ចូល​មក ។ គូ​ស្វាមីភរិយា​ថ្មី​នោះ​ត្រូវបាន​លោក​សាំង វ៉ា​ឡេ​ទី​នជួយ​ឱ្យ​គេចខ្លួន​ផុតពី​ការ​តាម​ចាប់​របស់​ទាហាន ។ តែ​ផ្ទុយ​ទៅវិញ​ខ្លួន​លោក​ផ្ទាល់​ត្រូវ​បាន​ទាហាន​ចាប់ខ្លួន ហើយ​បញ្ជូន​គាត់​ចូល​ក្នុង​ពន្ធនាគារ​ ។ ទាហានទាំងនោះ​បាន​ប្រាប់​គាត់​ថា ទោស​កំហុស​របស់គាត់​នឹង​ត្រូវ​ប្រហារជីវិត ។ បើ​ទោះបី​លោករស់នៅ​ក្នុង​គុក​ក៏​ដោយ ប៉ុន្ដែ​លោក​សាំងវ៉ា ឡេ​នទី​ន បាន​ព្យាយាម​ធ្វើ​ឱ្យ​ជីវិត​មាន​ភាពរីករាយ មិនតែប៉ុណ្ណោះ​មាន​មនុស្ស​ជា​ច្រើនបាន​ចូល​មក​សួរសុខទុក្ខ​គាត់​នៅ​ក្នុង​ គុក​ទៀតផង ។ មនុស្ស​ម្នា​ទាំងនោះ​បាន​យក​ផ្កា និង សំបុត្រ​មក​ដាក់​នៅ​តាម​មាត់​បង្អួច​ក្នុង​បន្ទប់គុក​របស់​គាត់ ។ ពួក​គេ​ទាំងនោះ​សុទ្ធតែ​ចង់បញ្ជាក់​ថា ពួក​គេ​ក៏​មាន​មនោសញ្ចេតនា​ដែរ ហើយ​
ពួក ​គេ​ស្រលាញ់​លោក​សាំង វ៉ា​ឡេ​ទី​ន ខ្លាំង​ណាស់ ។ ក្នុង​ចំណោម​អ្នក​មក​សួរ​សុខទុក្ខ​គាត់​ក៏​មាន​នារី​ម្នាក់​ដែរ ដែល​ជា​កូន​របស់ឆ្មាំ​យាមគុក ។ ឪពុក​របស់​នារី​ម្នាក់​នោះ​បានអនុញាត​ឱ្យ​នាង​ចូល​ទៅ​មើល​លោក​សាំង វ៉ាឡេ​ទី​ន នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ដោយ​ផ្ទាល់ ។  ជួនកាល​អ្នក​ទាំង​ពីរ​បាន​អង្គុយ​ជជែក​គ្នា​រាប់ម៉ោង​ទៀត​ផង។ នារី​ម្នាក់​នេះ​បាន​ជួយ​ធ្វើ​ឱ្យលោក​សាំង វ៉ា​ឡេ​ទី​ន មាន​ស្មារតី​រឹងប៉ឹង​ឡើង ហើយ​នាង​យល់​ឃើញ​ថា ទ​ង្វើ​របស់​លោក​ជាទ​ង្វើ​ត្រឹមត្រូវ​ដែល​ហ៊ាន​ប្រឆាំង​នឹង​ព្រះ​ ចៅអធិរាជក្លូ​ឌី​យូ​ស​ទី​២ និង​បាន​ជួយ​រៀប​មង្គលការ​ស្ងាត់​ៗ​ឱ្យ​មនុស្ស​ទាំងឡាយ ។ នៅ​ថ្ងៃដែល​លោក​សាំង វ៉ា​ឡេ​ទី​ន ទទួលមរណភាពគាត់​បាន​បន្សល់​ទុក​សំបុត្រ​មួយ​សន្លឹក​សំរាប់មិត្ដ​របស់​គាត់ គឺ​នារី​ម្នាក់​ដែល​ជា​កូន​ឆ្មាំ​យាមគុក ។ លោក​បាន​សរសេរ​នៅ​លើ​សំបុត្រ​នោះថា «សេចក្ដី​ស្នេហា​ពី​មនុស្ស​ជាទី​ស្រលាញ់» ។
ក្រោយ​មរណភាព​របស់​លោក​សាំង វ៉ាឡេ​ទី​ន ពាក្យ​នៅ​ក្នុង​សំបុត្រ​នោះ​ត្រូវ​បាន​គេចាត់​ទុក ជា​លិខិត​ស្នេហា​សំរាប់​ផ្ញើ​ទៅ​ឱ្យមនុស្ស​ជាទី​ស្រលាញ់​នៅ​ក្នុង​ថ្ងៃ​ បុណ្យ​នៃសេចក្ដី​ស្រលាញ់​នេះ។ លោក​សាំង វ៉ា​ឡេ​ទី​ន បាន​ទទួល​មរណភាព នៅ​ចំ​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ២៦៩ នៃ​គ្រឹ​ស្ដ​សករាជ ។
សូម​បញ្ជាក់​ថា នៅ​ក្នុង​សង្គម​រ៉ូ​ម​បុរាណ ប្រជាពលរដ្ឋ​តែងតែ​ឈប់​សំរាក​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ដើម្បី​ប្រារឰ​ពិធីបុណ្យ​រំលឹក​ដល់​ទេពធីតា​ហ្សូ​ណូ​ដែល​ជា​ទេពធីតា​តំណាង​ ឱ្យ​ស្ដ្រី និង​ចំណង​អាពាហ៍ពិពាហ៍ ។ នៅ​ក្នុង​ពិធីបុណ្យ គេ​បាន​សរសេរ​ឈ្មោះ​ក្មេង​ស្រី​ក្រមុំ​នៅលើ​ក្រដាស​តូច​មួយ រួច​ហើយ​ដាក់​ក្នុង​ក្អមមួយ ។ បន្ទាប់​មក​គេ​ឱ្យ​ក្មេង​ប្រុស​កំលោះចូល​ទៅ​ចាប់​ឈ្មោះ​ក្មេង​ស្រី​ក្រមុំ​ នៅ​ក្នុង​ក្អមនោះ ។ បើ​ចាប់​បាន​ឈ្មោះ​នារី​ក្រមុំ​ណាមួយក្មេង​កំលោះ​ម្នាក់​នោះ​ត្រូវ​ចាប់​ ដៃគូ​ជាមួយនារី​ក្រមុំ​ម្នាក់​នោះ​នៅ​ក្នុង​ពិធីបុណ្យ​នេះ ។ នេះ​ជា​ពិធី​ដើម្បី​ធ្វើ​ឱ្យ​ក្រមុំ​កំលោះ​លួច​ប្រ​តិព័ទ្ធ​គ្នា​ទៅ​វិញ​ទៅ​ មក និង​ឈាន​ទៅ​មានអាពាហ៍ពិពាហ៍ ។ ក្រោយ​ពី​លោក​សាំង វ៉ាឡេ​ទី​ន ទទួលមរណភាព​ទៅ​គណៈ​គ្រប់គ្រង វិហារ​គ្រឹ​ស្ដ​សាសនា​នៅ​ទីក្រុង​រ៉ូ​ម​ដំបូង​បានខិត​ខំ​ប្រឹងប្រែង​ដើម្បី​ យក​ថ្ងៃ​ទី​១៤ កុម្ភៈ ដាក់​ជា​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ដើម្បី​ជាកិត្ដិយស​រំលឹក​ដល់​លោក​ សាំង វ៉ា​ឡេ​ទី​ន ។ ដូចនេះ​ប្រពៃណី​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់បាន​ចាប់ផ្ដើម​មាន​តាំង​ពី​សម័យ​ ចក្រភព​រ៉ូ​មបុរាណ​មក​ម្លេ៉ះដោយ​គ្រាន់​តែ​ពី​មុន​មរណភាព​របស់​លោក​សាំង វ៉ា​ឡេ​ទី​ន គេ​ធ្វើ​ពិធីបុណ្យ​នេះ​ដើម្បី​រំលឹក​ដល់​ទេពធីតា​ហ្សូ​ណូ និងក្រោយមក​បាន​ក្លាយទៅជាValentine’s Day ។
រីឯ​ការ​ប្រារឰ​ពិធីបុណ្យ​ត្រូវ​បាន​រៀបចំ​ធ្វើ ខុស​ប្លែក​ៗ​ពី​គ្នា​ទៅ​តាម​ប្រទេស​នីមួយ​ៗ​ ។ ជា ឧទាហរណ៍​នៅ​ប្រទេស​អង់គ្លេស​កាលពី​ប៉ុន្មាន រយ​ឆ្នាំ​មុន គេ​បាន​ស្លៀកពាក់​ឱ្យ​កូន​ក្មេងតូច​ៗ​ឱ្យ​ដូច​មនុស្ស​ជំទង់​យ៉ាង​ដូច្នេះ​ ដែរ ក្នុងឱកាស​ពិធីបុណ្យ​នៃ​សេចក្ដី​ស្រលាញ់​នេះ​។ ពួកក្មេង​ទាំង​អស់នោះ​បាន​ចេញ​ទៅ​ដើរច្រៀង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នូវ​ ចំរៀង​មួយបទ​ដែល​មាន​ទំនុក​ថា «Good morning to you, Valentine, Girl your locks as I do mine... Two before and three behind. Good morning to you, Valentine.​» ​។ រីឯនៅ​ប្រទេស​វែ​ល​វិញ គេ​បាន​ឆ្លាក់​ពាក្យ «Love» នៅ​លើ​ស្លាបព្រា​ឈើ បន្ទាប់​មក​គេបាន​យក​ស្លាបព្រា​ឈើ​នោះ​ប្រគល់​ឱ្យ​មនុស្ស​ជាទី​ស្រលាញ់​ ទុកជា​អំណោយ​សំរាប់​ថ្ងៃ​ទី​១៤ កុម្ភៈ ។ រូបភាព «បេះដូង កូនសោ និង​រន្ធសោ» គឺជា​រូបភាព​ដ៏​គួរ​ឱ្យ​ចូល​ចិត្ដ​ដែល​ត្រូវបាន​គេ​ឆ្លាក់​នៅ​លើ​ ស្លាបព្រាដែល​នេះ​មាន ន័យ​ថា «អ្នក​មិន​ចាក់សោ​បេះដូង​នោះឡើយ»។
នៅ​ម​ជ្ឈឹ​ម​សម័យ​គេ​ឱ្យ​យុវជន និង​យុវតី ចាប់​យកឈ្មោះ​ពី​ក្នុង​ចាន​មួយ​ដើម្បី​រក​មើលថា តើ​នរណា​ជា​មនុស្ស​ជាទី​ស្រលាញ់​របស់ពួក​គេ ។ ពួក​គេ​ត្រូវ​ដាក់​ឈ្មោះ​នេះ​នៅ​លើដៃ​អាវ​ក្នុង​រយៈ​ពេល​មួយ​សបា្ដហ៍ ។ ការបំពាក់​រូបភាព​បេះដូង​នៅ​លើ​ដៃ​អាវ​របស់យុវវ័យ​សព្វ​ថ្ងៃនេះ​មាន​ន័យ​ថា ដើម្បី​ផ្ដល់ភាព​ងាយស្រួល​ដល់​មនុស្ស​ដទៃ​ស្វែង​យល់​ពីអារម្មណ៍​របស់​គេ​ថា តើ​គេ​កំពុង​មានអារម្មណ៍​បែប​ណា? ចំណែក​នៅ​តាម​ប្រទេសមួយ​ចំនួន​ក្មេង​ស្រី​ក្រមុំ​ៗ​តែងតែ​ទទួល​បានអំណោយ​ សំលៀក​បំពាក់​ពី​មនុស្ស​ប្រុស​ណា ម្នាក់ ។ប្រសិនបើ​នារី​ម្នាក់​នោះ​រក្សា​ទុកអំណោយ​​​សំលៀក​បំពាក់​នេះ នោះ​មាន​ន័យថា នាង​នឹង​យល់ព្រម​រៀប​ការ​ជាមួយ​បុរសម្នាក់​នោះ។ កៅអី​​ស្នេហា គឺជា​កៅអី​ដ៏​ធំមួយ​ដែល​ដំបូង​ឡើយ គេ​ផលិត​ឡើង​សំរាប់ឱ្យ​នារី​ស្លៀកពាក់​សំលៀក​បំពាក់​ធំ​អង្គុយ ។ តែ​វេលា​ក្រោយមក កៅអី​ស្នេហា​ត្រូវ​បានផលិត​ឡើង​បែងចែក​ជា​ពីរ​ផ្នែក​ក្នុង​ទំរង់​ជាអក្សរ «​S»​​។ កៅអី​នេះ​អាច​ឱ្យ​គូស្នេហ៍​អង្គុយជាមួយ​គ្នា​បានតែ​មិនមែន​អង្គុយ​កៀក​ គ្នាពេក​នោះ​ឡើយ ។ ក្រៅពី​នេះ​នៅ​មាន​ជំនឿមួយទៀត គឺ​តំរូវ​ឱ្យ​លោក​រក​នឹក​ឈ្មោះ មនុស្ស​ប្រុស​ស្រី​ចំនួន​ប្រាំ​ទៅ​ប្រាំមួយ​នាក់ដែល​លោក​អ្នកមាន​បំណង​ចង់​ រៀប​ការជាមួយ។ បន្ទាប់​មក​គេ​តំរូវ​ឱ្យ​លោក​អ្នក​មូលមែក​ដើម​ប៉ម​ជ្រុះ​អស់ ។ លោក​អ្នក​នឹង​ត្រូវរៀប​ការ​ជាមួយ​មនុស្ស​ដែល​លោក​អ្នក​សូត្រ នៅ​ពេល​ដែល​មែក​ប៉ម​ជ្រុះ​អស់ ។ ជំនឿ​មួយទៀត​ទៅ​លើ​ផ្លែ​ប៉ម​គឺថា ប្រសិនបើ​លោក​អ្នកពុះ​ច្រៀក​ផ្លែ​ប៉ម​ជា​ពីរ​ពាក់កណ្ដាល ហើយចាប់ផ្ដើម​រាប់​គ្រាប់​ប៉ម​នៅ​ខាងក្នុង​ផ្លែ​ប៉មនោះ​លោក​អ្នក​នឹង​ដឹង​ថា លោក​អ្នក​នឹង​មានកូន​ស្មើ​ចំនួន​គ្រាប់​ផ្លែ​ប៉ម ។
មួយវិញទៀតថ្ងៃ​ទី​១៤ កុម្ភៈ គឺជា​ថ្ងៃ​ដ៏ ពិសេស និង​មាន​អត្ថន័យ​ណាស់​ក្នុង​ការ​ជូន​ផ្កា កុលាប​ទៅ​ឱ្យ​មនុស្ស​ណា​ម្នាក់ ។ ផ្កា​កុលាប មាន​​​ច្រើន​ពណ៌ និង​មាន​អត្ថន័យ​រៀង​ៗ​ខ្លួនទៅ​តាម​ពណ៌​នីមួយ​ៗ ។ តើ​លោក​អ្នក​កំពុងត្រៀម​ជូន​ផ្កា​កុលាប​ទៅ​ឱ្យ​មនុស្ស​ជាទីស្រលាញ់​ណា​ ម្នាក់​មែន​ឬទេ?តើ​លោកអ្នកមាន​ដឹង​អំពី​អត្ថន័យ​របស់​ផ្កា​កុលាប​ដែល​លោក​ អ្នក​បំរុង​នឹង​ជូន​នោះ​ហើយ​ឬ​នៅ? បើមិន​ទាន់​ដឹង​ទេ ចូរ​ស្វែង​យល់​ជាមួយ​យើងខ្ញុំ​ ។ បើ​លោក​អ្នក​ជូន​ផ្កា​កុលាប​ពណ៌​ក្រហម​មានន័យ​ថា លោក​អ្នក​កំពុង​ប្រកាស​ថា «ខ្ញុំស្រលាញ់​អ្នក ឬ​បង​ស្រលាញ់​អូន ឬ​អូន ស្រលាញ់​បង»​។ ជា​ទូទៅ​ផ្កា​កុលាប​ពណ៌​នេះ តំណាង​ឱ្យ​សេចក្ដី​ស្នេហា​បែប​មនោសញ្ចេតនា និង​ស្ថិតស្ថេរ​ឥត​ប្រែប្រួល ។ ចំណែក​កុលាប ពណ៌​លឿង​មាន​ន័យ​ថា​លោក​អ្នក​ចង់​បញ្ជាក់​ពី​មិត្ដភាព និង​សេរីភាព ដូច្នេះ​លោក​អ្នក​មិនគួរ​ប្រគល់​ផ្កា​កុលាប​ពណ៌​លឿង​នេះ​ទៅ​ឱ្យមនុស្ស​ដែល​ លោក​អ្នក​ស្រលាញ់ និង​ចង់​រស់នៅ​ជាមួយ​គេ​នោះ​ឡើយ​។ ប៉ុន្ដែ​ផ្កា​កុលាបពណ៌​លឿង​នេះ​មាន​តំលៃ​ណាស់​សំរាប់​ផ្ញើ​ជូនដើម្បី​អប​អរ​ សាទរ​ដល់​អ្នក​ទើប​រៀប​ការថ្មីថ្មោងអ្នក​ទើប​បញ្ចប់​ការ​សិក្សា មិត្ដភក្ដិ និង​អ្នក​ម្ដាយ​ថ្មី ។ រីឯ​កុលាប​ពណ៌​ផ្កាឈូក គឺ​គេ​ប្រើ​សំរាប់​បញ្ជាក់​ពី​ភាព​រម្យទម សុភាពរាបសា និង​ការ​ដឹងគុណ តែ​ចំពោះ​ផ្កា​កុលាបពណ៌​ផ្កាឈូក​ស្រាល​ព្រាល​ៗ​វិញ គឺ​បញ្ជាក់​ពីភាព​សប្បាយ​រីករាយ និង​សុភ​មង្គល ។ ចំណែកឯ​ផ្កា​កុលាប​ពណ៌​ផ្កាឈូក​ឆ្អៅ គឺ​​ចង់ថ្លែង «​អំណរ​គុណ»ឬ  «​អរគុណ» ​ចំពោះ​នរណាម្នាក់ ។ ចំពោះ​ផ្កា​កុលាប​ពណ៌​ស​តំណាង​ឱ្យទំនុកចិត្ដ និង​ទឹកចិត្ដ​បរិសុទ្ធ ។ តែបើ​លោក អ្នក​ដាក់​ផ្កា​កុលាប​ចំរុះ​ពណ៌​គ្នា​មាន​ន័យ​ថា «​សូម​ខំប្រឹង​តស៊ូ​ឡើង» ហើយ​បើ​លោក​អ្នកដាក់​ផ្កា​កុលាប​ពណ៌​ស​បញ្ចូល​ជាមួយ​ផ្កាកុលាប​ពណ៌​លឿង​​នោះ ​បញ្ជាក់​អំពី​ភាព​ចុះសំរុង​គ្នា ។ តើ​លោក​​អ្នក​សំរេចចិត្ដ​បាន​ហើយ ឬ​នៅ​?

No comments:

Post a Comment