អង្គការ​លីកាដូ​ចែក​អំណោយ​ជូន​ទណ្ឌិត​ស្ត្រី​នៅ​គុក​ព្រៃ​ស

2011-03-08
ស្ត្រី​ទណ្ឌិត​ជា​ច្រើន​រយ​នាក់ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ក៏​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ដែរ។
ទណ្ឌិត​ជា​ស្ត្រី​ភេទ​ចំនួន ៤៥៨​នាក់ និង​កុមារ​ទៅ​រស់​នៅ​តាម​ម្ដាយ​ជាប់​ពន្ធនាគារ​ចំនួន ១០​នាក់ នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១១ បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​នារី​អន្តរ​ជាតិ លើក​ទី​១០០ នៅ​ក្នុង​គុក​ព្រៃ​ស ឬ​ហៅ​ថា​មជ្ឈ​មណ្ឌល​អប់រំ​កែប្រែ (ម២) ដោយ​មាន​កម្មវិធី​សំដែង​របាំ​គោះ​ត្រឡោក ច្រៀង​លេង​កម្សាន្ត និង​ចែក​អំណោយ​ក្នុង​បរិយាកាស​សប្បាយ​រីក​រាយ។
នៅ​ក្នុង​ពិធី​នោះ អាជ្ញាធរ​គ្រប់​គ្រង​គុក​ព្រៃ​ស បាន​ហាម​ឃាត់​មិន​ឲ្យ​អ្នក​កាសែត​ថត​យក​រូប​ភាព​អ្នក​ទោស ដើម្បី​ផ្សព្វ​ផ្សាយ​ទេ ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​សម្ភាស និង​ចូល​យក​ព័ត៌មាន​នៅ​ក្នុង​ពិធី​នេះ​ជា​ធម្មតា។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licahdo) លោក​ស្រី ពុង ឈីវ​កេក ដែល​បាន​ដឹក​នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ទណ្ឌិត​ជា​ស្ត្រី​ភេទ​ទាំង​នោះ បាន​មាន​ប្រសាសន៍​ថា សូម​ឲ្យ​ស្ត្រី​នៅ​ទី​នេះ​កុំ​ឲ្យ​មាន​ប្រព្រឹត្តិ​ទោស​កំហុស​នៅ​ថ្ងៃ​ក្រោយ ​ទៀត ៖ "បាន​ន័យ​ថា បង​ប្អូន​មក​កន្លែង​ហ្នឹង អត់​មាន​សិទ្ធិ​ទទួល​ទារុណកម្ម​ទេ។ អត់​មាន​នរណា​ធ្វើ​បាប​បង​ប្អូន​អ៊ីចឹង​ទេ។ បង​ប្អូន​ត្រូវ​តែ​មាន​ម្ហូប​អាហារ​ទទួល​ទាន បង​ប្អូន​ឈឺ​មាន​ពេទ្យ​មក​មើល អត់​មាន​ការ​ធ្វើ​បាប​ទេ។ ហើយ​បង​ប្អូន​ត្រូវ​គិត​ថា ចូល​មក​កន្លែង​នេះ យើង​ត្រូវ​គិត​មើល​ពិចារណា យើង​ធ្វើ​ខុស​មែន យើង​រៀន​សូត្រ​ឡើង​វិញ យើង​ខំ​កែ​ខ្លួន​យើង ចេញ​ទៅ​វិញ យើង​ចូល​បម្រើ​សង្គម​យើង​វិញ"
ប្រធាន​គ្រប់​គ្រង​គុក​ព្រៃ​ស ផ្នែក ម​២ លោក ក្លូត ដារ៉ា ដែល​បាន​ចូល​រួម​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​នេះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ស្ថានការណ៍​រស់​នៅ​របស់​អ្នក​ទោស​បច្ចុប្បន្ន មាន​សភាព​ចង្អៀត​ណែន គឺ​បន្ទុក​មួយ​មាន​អ្នក​ទោស​រវាង ៣០​នាក់ ទៅ​៥០​នាក់។ លោក​បន្ត​ថា ៖ "រៀបចំ ​ពេល​នៅ​តាម​អាគារ​មួយៗ​ហ្នឹង យើង​ចែក​ឲ្យ​គាត់​ចេញ ដើម្បី​ឲ្យ​គាត់​មាន​សុខភាព​ស្រួល។ បច្ចុប្បន្ន​នេះ យើង​មាន​ផ្ទុក​ចំនួន ៥០​នាក់ ឬ​៣០​នាក់ ប៉ុន្តែ​អាគារ​វែងៗ។ អាគារ​មាន​ចាស់ៗ​ហ្នឹង មណ្ឌល​ខ្ញុំ​កំពុង​តែ​រៀបចំ​កែ​ដើម្បី​កាត់​បន្ថយ​ឲ្យ​គាត់​ទូលាយ"
លោក​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​អង្គការ​ដៃ​គូរ​ចំនួន​១៣ តែង​តែ​ជួយ​សម្ភារ​ផ្សេងៗ និង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដល់​អ្នក​ទោស​ទាំង​នោះ។
ទណ្ឌិត​ឈ្មោះ នី ពៅ អាយុ​៤២​ឆ្នាំ នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​គុក ១០​ឆ្នាំ ក្រោម​បទ​ជួញ​ដូរ​គ្រឿង​ញៀន តាំង​ពី​ឆ្នាំ​២០០៣ មក បាន​ថ្លែង​ថា ៖ "ចង់​ ឲ្យ​រួច​ឆាប់​បាន​ចេញ ហើយ​ខ្ញុំ​មាន​ផ្ទុក​មេរោគ​អេដស៍​ទៀត។ សុំ​ឲ្យ​ផ្ដល់​អ្វី​ហូប​ផង។ អត់​មាន​ម៉ែ​ឪ អត់​មាន​បង​ប្អូន​ទាំង​អស់"
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១១ បាន​និយាយ​ថា ប្រព័ន្ធ​គ្រប់គ្រង​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ទេ ដើម្បី​ផ្ដល់​តាម​សេចក្ដី​ត្រូវ​ការ​ចំពោះ​ស្ត្រី​ជា​ម្ដាយ និង​កូន នៅ​ក្នុង​ពន្ធនាគារ ដូច​ជា​ថ្នាំ​ព្យាបាល​សុខភាព របប​អាហារ​មាន​ជីវជាតិ និង​ទឹក​ស្អាត​ប្រើប្រាស់​ជា​ដើម៕

No comments:

Post a Comment