រដ្ឋាភិបាល​កម្ពុជា​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ទិវា​នារី​អន្តរជាតិ



RFA/Keo Nimol
រូប​ថត​ថ្ងៃ​ទី​៨ មីនា ២០១១៖ លោក ភីល រ៉ូប៊ើតសាន់ 
(Phil Robertson) នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់ 
យូ​មិន​រ៉ៃ​វ៉ាត់ (Human Right Watch)

2011-03-08
នៅ​កម្ពុជា​មាន​រៀបចំ​ពិធី​ជួប​ជុំ​អបអរ​ទិវា​នារី ៨ មីនា តែ​ការ​អនុញ្ញាត​នៅ​មាន​ភាព​លំអៀង ដោយ​សមាគម និង​អង្គការ​ខ្លះ​គេ​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​នៅ​កន្លែង​ស្នើ​សុំ​ទេ។
អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​ឈ្មោះ យូ​មិន​រ៉ៃ​វ៉ាត់ (Human Right Watch) បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ នៅ​ថ្ងៃ​ទី​៨ មីនា រិះគន់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បដិសេធ​មិន​ឲ្យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ ឈ្មោះ​អង្គការ​ចលនា​ស្ត្រី​កម្ពុជា (CWMO) រៀបចំ​ការ​ជួប​ជុំ​សមាជិក​ប្រមាណ ២០០០​នាក់ នៅ​មុខ​វត្តបទុមវតីដើម្បី​អបអរ​ខួប​លើក​ទី​១០០ ទិវា​នារី​អន្តរ​ជាតិ ៨​មីនា។
លោក ភីល រ៉ូប៊ើតសាន់ (Phil Robertson) នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់ យូ​មិន​រ៉ៃ​វ៉ាត់ (Human Rights Watch) បាន​មាន​ប្រសាសន៍​ថា ៖ "អង្គការ Human Right Watch មាន​ការ​ព្រួយ​បារម្ភ​ថា ចំពោះ​ការ​ចុះ​ថយ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ថ្ងៃ​នេះ យើង​បាន​ឃើញ​សេរីភាព​នៃ​ការ​ជួប​ជុំ​គ្នា​ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង គឺ​ការ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ជួប​ជុំ​ដើម្បី​អបអរ​ទិវា​នារី​អន្តរ​ជាតិ ​នៅ​ក្បែរ​វិមាន​ឯករាជ្យ ដែល​បាន​ដាក់​តាំង​ដោយ​ក្រសួង​របស់​រដ្ឋាភិបាល។ រដ្ឋាភិបាល​បាន​រំលោភ​លើ​ស្មារតី​ទិវា​នារី ៨ មីនា ដោយ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ក្បែរ​អតីត​សាល​ប្រជុំ​រដ្ឋ​សភា។ ការ​ជួប​ជុំ​នោះ​គ្រោង​មាន​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ចូល​រួម​ផង​ ដែរ តែ​គាត់​បាន​បដិសេធ​មិន​ចូល​រួម​វិញ ក្រោយ​ពេល​សាលា​រាជ​ធានី​មិន​អនុញ្ញាត​ឲ្យ​ជួប​ជុំ​នៅ​ទី​នោះ។ ហើយ​ការ​បដិសេធ​នោះ មិន​បាន​ប្រាប់​ហេតុ​ផល​ទៀត​ផង"
លោក ភីល រ៉ូប៊ើតសាន់ បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរ​ជាតិ និង​ប្រទេស​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ឲ្យ​ពិនិត្យ​មើល និង​ជួយ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​ស្រប​ ច្បាប់​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា។
សេចក្ដី​ថ្លែង​ការណ៍​របស់ យូ​មិន​រ៉ៃ​វ៉ាត់ (Human Rights Watch) បាន​លើក​ឡើង​ថា សាលា​រាជ​ធានី​ភ្នំពេញ មិន​បាន​បញ្ជាក់​ហេតុ​ផល​ចំពោះ​ការ​បដិសេធ​មិន​ឲ្យ​អង្គការ​ចលនា​ស្ត្រី​ កម្ពុជា (CWMO) រៀបចំ​ការ​ជួប​ជុំ​ស្ត្រី​កម្ពុជា ប្រមាណ ២០០០​នាក់ នៅ​ទី​ធ្លា​មុខ​វត្តបទុមវតី​នោះ​ឡើយ។ ហើយ​ការ​បដិសេធ​នោះ បាន​ជូន​ដំណឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៧ មីនា ក្រោយ​ពេល​អង្គការ​ចលនា​ស្ត្រី​កម្ពុជា (CWMO) បាន​ស្នើ​សុំ និង​បាន​រៀបចំ​ជា​យូរ​មក​ហើយ។
លោក ប៊្រែត អាដាម (Brad Adams) ដែល​នាយក​ផ្នែក​អាស៊ី​របស់ យូ​មិន​រ៉ៃ​វ៉ាត់ (Human Rights Watch) បាន​មាន​ប្រសាសន៍​ថា ការ​បដិសេធ​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ ហាក់​ដូច​ជា​រឿង​កំប្លែង​មួយ ហើយ​ការ​ហាម​ប្រាម​របស់​រដ្ឋាភិបាល​ទាក់​ទង​គោល​ការណ៍​គ្រឹះ​នៃ​សិទ្ធិ​ មនុស្ស មិន​មាន​អ្វី​ជា​ការ​ចម្លែក​ឡើយ។
លោក​ស្រី មាស មរកត ប្រធាន​អង្គការ​ចលនា​ស្ត្រី​កម្ពុជា (CWMO) ដែល​ជា​អ្នក​រៀបចំ​គម្រោង​ការ​ជួប​ជុំ​របស់​ស្ត្រី​ជិត ២០០០​នាក់ នៅ​មុខ​វត្តបទុមវតី ក្បែរ​អតីត​សាល​ប្រជុំ​រដ្ឋ​សភា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​ស្រី​បាន​ដាក់​លិខិត​ស្នើ​សុំ​រៀបចំ​ការ​ជួប​ជុំ​ស្ត្រី មក​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល រោង​ចក្រ សហ​គ្រាស​នានា។ លិខិត​នោះ​បាន​ដាក់​ស្នើ​សុំ​សាលា​រាជ​ធានី​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក​ ម្ល៉េះ ហើយ​មាន​ការ​តាម​ដាន​លិខិត​នោះ ដើម្បី​រង់ចាំ​ការ​អនុញ្ញាត​ជា​បន្ត​បន្ទាប់ រហូត​ដល់​មាន​ជូន​ដំណឹង​ទៅ​សាលា​រាជ​ធានី​ថា ការ​ជួប​ជុំ​នោះ​មាន​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី​ចូល​រួម​ថ្លែង​ សុន្ទរកថា​ទៀត​ផង ៖ "ប៉ុន្តែ​យើង​បាន​ទទួល​ព័ត៌មាន​មុន​នេះ គឺ​សាលា​រាជ​ធានី​ភ្នំពេញ​មិន​បាន​ផ្ដល់​កន្លែង​នៅ​មុខ​វត្តបទុមវតី​នេះ​ឲ្យ ​ក្រុម​យើង​ខ្ញុំ​ទាំង​អស់​គ្នា ដែល​មក​ពី​អង្គការ​សមាគម សហព័ន្ធ​សហជីព ដើម្បី​រៀបចំ​ទេ"
លោក​ស្រី មាស មរកត បាន​មាន​ប្រសាសន៍​ទៀត​ថា ទោះបី​ជា​សាលា​រាជ​ធានី​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​ការ​ជួប​ជុំ​នៅ​មុខ​ វត្តបទុមវតី​ក្ដី តែ​នៅ​ថ្ងៃ​ទី​៨ មីនា​នេះ ក្រុម​អង្គការ​លោក​ស្រី​បាន​រៀបចំ​ការ​ជួប​ជុំ​គ្នា​នៅ​ជាយ​ក្រុង​ភ្នំពេញ​ វិញ គឺ​នៅ​ទីស្នាក់ការ​អង្គការ​សុវណ្ណ​កុមារ នៅ​ច្បារ​អំពៅ​វិញ ៖ "ជួប​ ជុំ​គ្នា​នៅ​ទី​នោះ យើង​មាន​ការ​សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​ថ្ងៃ​នេះ​ដែរ យើង​មាន​ការ​ផ្ដល់​កិត្តិយស​ដោយ​លោក​ស្រី​ចៅ​សង្កាត់។ ចៅ​សង្កាត់​មាន​ជ័យ​នេះ គាត់​អញ្ជើញ​ចូល​រួម​ជា​អធិបតី"
ចំពោះ​សំណួរ​ថា​ហេតុ​អ្វី​មិន​មាន​ការ​រៀបចំ​នៅ​ទី​លាន​សេរីភាព​នៅ​ ទីក្រុង​ភ្នំពេញ លោក​ស្រី មាស មរកត បាន​មាន​ប្រសាសន៍​ថា ដោយ​ពេល​វេលា​ខ្លី​មិន​អនុ​គ្រោះ​ក្នុង​ការ​ដាក់​លិខិត​សុំ​ធ្វើ​នៅ​ទី​លាន​ សេរីភាព​នោះ និង​ដោយ​ចំនួន​អ្នក​ចូល​រួម​ធ្វើ​មីទីង នៅ​ទីលាន​សេរីភាព​មាន​ការ​កំណត់​នោះ ទើប​លោក​ស្រី​បាន​រៀបចំ​ទៅ​ធ្វើ​នៅ​ជាយ​ក្រុង​ភ្នំពេញ​វិញ ៖ "ចំពោះ​ការ​ មិន​អនុញ្ញាត មិន​ផ្ដល់​កន្លែង​របស់​សាលា​រាជ​ធានី​នេះ យើង​ក៏​មិន​មាន​ទស្សនៈ​អី ថា​ខឹង​សម្បារ​អី​ដែរ។ នោះ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​ផ្ដល់​ជូន និង​មិន​ផ្ដល់​ជូន​របស់​សាលា​រាជ​ធានី​ភ្នំពេញ។ យើង​ខ្ញុំ​យល់​ថា ប្រហែល​ជា​គាត់​មិន​ទាន់​បាន​យល់ និង​បាន​ស្គាល់​អំពី​យើង​ខ្ញុំ​ណា"
លោក កែប ជុតិមា អភិបាល​ក្រុង​ភ្នំពេញ​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​លើ​ការ​មិន​អនុញ្ញាត​ ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​នោះ និង​បក​ស្រាយ​ចំពោះ​ការ​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់ យូ​មិន​រ៉ៃ​វ៉ាត់ (Human Rights Watch) ឡើយ។
លោក ផៃ ស៊ីផាន រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​មិន​អនុញ្ញាត​របស់​សាលា​រាជ​ធានី​មាន​ហេតុ​ផល​របស់​គេ ពី​ព្រោះ​កាល​ណា​មាន​ការ​ជួប​ជុំ​មនុស្ស​ណា​មួយ ដែល​មាន​ចំនួន​ច្រើន ត្រូវ​មាន​ការ​ការ​ពារ​សន្តិសុខ ត្រូវ​ចៀស​វាង​ការ​ស្ទះ​ចរាចរ​ជា​ដើម។
លោក​ស្រី ពុង ឈីវហ្គិច ប្រធាន​អង្គការ​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស​មួយ​ឈ្មោះ​លីកាដូ បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​មាន​ការ​សោក​ស្ដាយ​ចំពោះ​ការ​មិន​អនុគ្រោះ​របស់​សាលា​រាជ​ធានី ដែល​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​នោះ ពី​ព្រោះ​ការ​ជួប​ជុំ​នោះ មិន​មែន​ជា​បាតុកម្ម​ទាមទារ​អ្វី​មួយ​នោះ​ឡើយ គ្រាន់​តែ​ជា​ការ​ជួប​ជុំ​គ្នា​ដើម្បី​រំលឹក​ខួប​នារី​ប៉ុណ្ណោះ។
អង្គការ​ចលនា​ស្ត្រី​កម្ពុជា (CWMO) ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​របស់​ស្ត្រី​ជា​ពលករ បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ ដោយ​មាន​ការ​ចូល​រួម​របស់​ស្ត្រី​មក​ពី​វិស័យ​កាត់​ដេរ សណ្ឋាគារ សំណង់ មក​ពី​សហព័ន្ធ​សហជីព​ចំនួន​៦។ វែបសាយ​របស់​អង្គការ​នេះ​បាន​ប្រកាស​ថា សមាជិក​អង្គការ​ចលនា​ស្ត្រី​កម្ពុជា (CWMO) រួម​មាន​ចំនួន​ប្រមាណ ១៥​ម៉ឺន​នាក់៕

No comments:

Post a Comment