កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី២ ស្ដីពី «ការ​ចូលរួម​អនុវត្ត​ផែនការ​សកម្មភាព​​ជាតិ ស្ដីពី ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី»

ភ្នំពេញ ៖ ដើម្បី​ស្វះស្វែង​រក​យុទ្ធសាស្ត្រ​រួម​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្ថយ ​អំពើ​ហិង្សា​លើ​ស្ត្រី ក្រសួង​កិច្ចការ​នារី​ និង​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ដោយ​រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០ ផ្សេង​ទៀត​ដែល​បំពេញ​ការងារ​ស្ត្រី និង​សិទ្ធិ​នៅ​ព្រឹក​ថ្ងៃ​ទី ១២ មីនា​នេះ​បាន​មក​ជួប​ជុំ​​ពិគ្រោះ​យោបល់​គ្នា​លើ​បញ្ហា​នេះ​។
នៅ​ក្នុង​កិច្ច​ពិភាក្សា​ដែល​ចំណាយ​អស់​រយៈ​ពេល ៤ ម៉ោង នោះ អ្នក​ចូលរួម​បាន​រក​ឃើញ​បញ្ហា​បី​ដ៏​ចម្បង​ទាក់ទិន​នឹង​ការ​រំលោភ​បំពាន​លើ​ ស្ត្រី ដែល​ក្នុង​នោះ​រួម​មាន ការរំលោភ​សេពសន្ថវៈ ដែល​សូម្បី​តែ​ឪពុក​ក៏​ចាប់​រំលោក​កូន​បង្កើត​របស់​ខ្លួន​ដែរ; ហិង្សា​ក្នុង​គ្រួសារ; និង​ការ​ជួញ​ដូរ​ទាំង​នៅ​ក្នុង​ប្រទេស និង​ឆ្លង​ដែន។

បញ្ហា​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​កិច្ច​ប្រជុំ​កំណត់​ថា​ជា​អំពើ​ហិង្សា និង​ជា​ហេតុ​នាំ​ឲ្យ​មាន​អំពើ​នេះ​ដែរ ដែល​ក្នុង​នោះ​មាន​ការ​ជះ​ទឹក​អាស៊ីដ; ការ​ប្រើ​កម្លាំង​កុមារី​តាម​ផ្ទះ និង​សហគ្រាស​នានា; ការ​រំលោភ​លើ​ស្ត្រី​បម្រើ​សេវា​កម្សាន្ត; ការ​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ; ការ​ចូលរួម​របស់​បុរស​នៅ​មាន​កម្រិត​នៅ​តាម​សហគមន៍; ព័ត៌មាន​មិន​បាន​ដល់​សហគមន៍; និង​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត។
បន្ទាប់​ពី​បាន​រក​ឃើញ​នូវ​ការ​ប្រឈម​ទាំង​នេះ​រួច​មក អ្នក​ចូលរួម​ក៏​បាន​រក​ឃើញ​យុទ្ធសាស្ត្រ​មួយ​ចំនួន ដើម្បី​ដោះស្រាយ ​បញ្ហា ដោយ​រួម​មាន ៖
  • បង្កើន​ការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​ដល់​សហគមន៍ និង​ការ​ផ្សព្វផ្សាយ​ដោយ​ប្រយោល​តាម​បណ្ដាញ​សារព័ត៌មាន។
  • បណ្ដុះ​បណ្ដាល​​ពី​ចំណេះ​ដឹង​ច្បាប់ និង​វិធាន​ផ្សេងៗ​ទាក់ទិនទៅនឹង​ហិង្សា​លើ​ស្ត្រី​ដល់​ប្រជាពលរដ្ឋ​ទាំង​ ស្ត្រី និង​បុរស ដល់​អាជ្ញាធរ​មូលដ្ឋាន សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​កង​កម្លាំង​នគរបាល។
  • ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ គមនាគមន៍ ព័ត៌មានវិទ្យា (ICT) ដូចជា​ប្រព័ន្ធ​ទូរស័ព្ទ អ៊ីមែល ការ​បង្កើត​បញ្ជី​អ៊ីមែល​រួម​ដើម្បី​បញ្ជូន​សារ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​បង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​ហត់ឡាញ​ដើម្បី​ផ្ដល់​ព័ត៌មាន​ឲ្យ​ទាន់​ ពេល​វេលា។
  • បង្កើត​បណ្ដាញ​ដើម្បី​ធ្វើ​ឲ្យ​ព័ត៌មាន​បាន​ទៅ​ដល់​គោលដៅ​ដោយ​ផ្ទាល់។
  • សង្គម​ស៊ីវិល​ត្រូវ​ធ្វើ​ការ​រួមគ្នា​យ៉ាង​ជិត​ស្និត​លើ​ការងារ​ស្ត្រី ដោយ​មាន​ការ​សហការ​ជា​មួយ​ស្ថាប័ន​រាជ​រដ្ឋាភិបាល។
  • ដោយ​សង្គម​ស៊ីវិល​មាន​បទពិសោធន៍​ច្រើន​នៅ​តាម​សហគមន៍​លើ​ការងារ​ហិង្សា​ លើ​ ស្ត្រី សង្គម​ស៊ីវិល​ត្រូវ​ចែក​រំលែក​បទពិសោធន៍​ទាំងនោះ​ដល់​ក្រសួង​កិច្ចការ​នារី​ ដែល​នៅ​ចន្លោះ​ប្រហោង ដោយ​សារ​ការ​ខ្វះ​ថវិកា និង​ធនធាន​មនុស្ស​សម្រាប់​ប្រតិបត្តិការ។
  • បណ្ដុះបណ្ដាល​ដល់​សង្គម​ស៊ីវិល​ពី​សារ​សំខាន់​នៃ​ការ​សិក្សា​ផ្នែក ICT និង​ជំរុញ​ឲ្យ​ប្រព័ន្ធ ICT មាន​តម្លៃ​ទាប។
  • រៀបចំ​ពិគ្រោះ​យោបល់​ដាច់​ដោយឡែក​រវាង​ស្ត្រី​ជា​មួយ​សមាជិក​ ក្រុមប្រឹក្សា​ ឃុំ-សង្កាត់ និង​នគរបាល និង ការ​ពិគ្រោះ​យោបល់​រវាង​បុរស​ជា​មួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​នគរបាល។ ការ​ភ្ជាប់​ទំនាក់ទំនង​រវាង​ស្ថាប័ន​សិក្សា និង​អង្គភាព​ប្រតិបត្តិ​នានា​លើ​ការងារ ICT ដើម្បី​ឲ្យ​ស្រប​តាម​គោល​នយោបាយ ICT។
  • រៀបចំ​ការ​កំណត់​ឲ្យបាន​ច្បាស់លាស់​ថា​តើ​អង្គការ​ណា​ធ្វើ​អ្វី និង​ធ្វើ​នៅ​ទី​ណា ដើម្បី​ចៀសវាង​ការ​ធ្វើ​ការងារ​ជាន់​គ្នា។
ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ លោក​ជំទាវ ស៊ី​ដេហ្វីន ​រដ្ឋ​លេខាធិការ​ក្រសួង​កិច្ច​ការ​នារី​បាន​មាន​ប្រសាសន៍​ថា ក្រសួង​ពិត​ជា​ឯកភាព​ចំពោះ​ចំណុច​ខាង​លើ ហើយ​ក្រសួង​បើក​ចំហ​ជានិច្ច​ក្នុង​កិច្ច​សហការ​ជាមួយ​សង្គម​ស៊ីវិល​ ព្រោះ ក្រសួង​តែ​ឯង «ពុំអាចសម្រេចបានទេនូវ​គោលដៅ​លុប​បំបាត់​​អំពើ​ហិង្សា​​លើ​ស្ត្រី​ និងកុមារនេះ ពោល​គឺ​ការ​ចូល​រួម​ពី​ស្ថាប័ន​​ពាក់ព័ន្ធ​ ពីអង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​ អន្តរជាតិ គឺ​សេចក្តី​ត្រូវការចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ» ។
លោក​ជំទាវ​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ពី​ប្រសិទ្ធភាព​ខ្ពស់​នៃ​ការ​ ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​វិទ្យា​សម្រាប់​ការទប់ស្កាត់​​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ ។ លោក​ជំទាវ​ក៏​បាន​ជំរុញ​ និង​លើក​ទឹកចិត្ត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ខិតខំ​ស្វែង​រក​មូលនិធិ ដើម្បី​ការងារ​​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី ហើយ​ក្រសួង​នឹង​គាំទ្រ និង​រង់ចាំ​សហការ​ជា​និច្ច។
ឯកឧត្ដម ម៉ូវ ចរិយា អគ្គនាយក​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​និយាយ​ថា ​ICT ពិត​ជា​មាន​សារសំខាន់​ក្នុង​ការ​ជួយ​ទប់ស្កាត់​ការ​រំលោភបំពាន​ផ្សេងៗ​មក​លើ ​ស្ត្រី ដូចនេះ ការ​បង្កើន​ការសិក្សា ហើយ​បង្កើត​ការងារ​ធ្វើ​ឲ្យ​បាន​ច្រើន និង​ភ្ជាប់​ទំនាក់ទំនង​រវាង​ស្ថាប័ន​សិក្សា និង​អង្គភាព​ប្រតិបត្តិ​នានា ដើម្បី​ភ្ជាប់​ចំណេះ​ដឹង​ទៅ​នឹង​ការអនុវត្ត​ជាក់ស្ដែង។
មាន​ប្រសាសន៍​បិទ​កម្មវីធី​ប្រជុំ​នោះ លោក​ស្រី ជឹម ម៉ាណាវី នាយិកា​ប្រតិបត្តិ​អង្គ​ការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​និយាយ​ថា តាម​រយៈ​បទ​បង្ហាញ និង​ការ​ពិភាក្សា «យើង​ឃើញ​ថា អង្គការ​របស់​អស់​លោក លោក​ស្រី​បាន​និង​កំពុង​ធ្វើ​ការងារ​ និង​​មាន​យុទ្ធ​សាស្ត្រ​សំខាន់​ៗ​ ជា​ច្រើន​ក្នុង​ការ​ចូលរួម​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ។​ យើង​ទាំង​អស់​គ្នា​កំពុង​ធ្វើ​ការ​លើ​គម្រោង​រួម​មួយ​ ស្ដី​ពី​ ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​និង​កុមារ ដែល​ក្នុង​នោះ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា​បាន​ដើរ​តួនាទី​យ៉ាង​សំ​ខាន់​»។
លោក​ស្រី​បាន​បន្ថែម​ថា ផែនការ​សកម្មភាព​ជាតិ​ស្ដី​ពី​ការ​ទប់ស្កាត់​​​អំពើ​ហិង្សា​លើ​ស្ត្រី​គឺ​ជា ​ផែន​ការ​មួយ​«សម្រាប់​យើង​ទាំង​អស់​គ្នា ធ្វើ​ការ​រួម​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​រក​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​២០១៥​ គោល​ដៅ​៣ ស្ដីពី​សមភាព​យេនឌ័រ និង​ការ​ផ្ដល់​អំណាច​ដល់​ស្ត្រី»។
គួរ​បញ្ជាក់​ដែរ​ថា នេះ​គឺ​ជា​ជំនួប​លើក​ទី ២ ហើយ ដែល​បាន​ផ្ដោត​លើ​ប្រធានបទ​ដូច​គ្នា​គឺ «ការ​ចូលរួម​ការ​អនុវត្ត​ផែន​ការ​​សកម្មភាព​ជាតិស្ដី​ពីការទប់ស្កាត់​​​អំពើ ​ហិង្សា​លើ​ស្ត្រី​» ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជា ៣០ រូប។ ជំនួប​លើក​ដំបូង​គឺ​បាន​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី ១៧ កុម្ភៈ កន្លង​មក​នេះ ដែល​មាន​អ្នក​ចូលរួម​​មក​ពី​ស្ថាប័ន​ជាង ៤០ ​ដែល​ធ្វើ​ការ​ងារ​អំពី​ស្ត្រី​និង​សិទ្ធិ។
អង្គការ​ចំនួន ១០ ផ្សេង​ទៀត​ក៏​បាន​សហការ និង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​នោះ​រួម​មាន​អង្គការ​សន្តិភាព និង​អភិវឌ្ឍន៍ (PyD)​; អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ (CDP); គណៈកម្មាធិការ​លុប​បំបាត់​រាល់​ទំរង់​នៃ​ការ​រើស​អើង​ប្រឆាំង​នារី​ភេទ (NGO-CEDAW); អង្គការ​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ (PADV); អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា (LAC); អង្គការ​កម្ពុជា​ដើម្បី​​ជួយ​ស្ត្រី​មាន​វិបត្តិ (CWCC); មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា (WMC); អង្គការ​បំលាស់​ប្តូរ​ជា​វិជ្ជមាន​សម្រាប់​កម្ពុជា (PCC); អង្គការ​​​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំ​ដែន (PSF); និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ (LICADHO)៕
ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ http://women.open.org.kh/km/second-consultation-meeting-implementation-nappvw

No comments:

Post a Comment