មូរ សុខហួរ រក​អន្តរាគមន៍​ដើម្បី​សង្គ្រោះ​ពលករ​ចំណាកស្រុក​ម្នាក់

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ
ធ្វើ​សន្និសីទ​កាសែត​នា​រដ្ឋ​សភា 
នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១១។
2011-04-04
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី ស្វែង​រក​អន្តរាគមន៍​ដើម្បី​សង្គ្រោះ​ពលការិនី​ខ្មែរ​ម្នាក់ ដែល​រង​ការ​ធ្វើ​បាប​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ប្រទេស​ម៉ាឡេស៊ី។
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ នៅ​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មេសា ឆ្នាំ​២០១១ បាន​ចេញ​មុខ​ប្ដឹង​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​ការបរទេស​កម្ពុជា និង​ស្ថានទូត​ប្រទេស​ម៉ាទ្បេស៊ី នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​អន្តរាគមន៍​ឲ្យ​បាន​ឆាប់​ក្នុង​ការ​សង្គ្រោះ​ពលការិនី​ម្នាក់​ដែល​បាន​រង​ការ​រំលោភ​សេពសន្ថវៈ និង​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ម៉ាទ្បេស៊ី នៅ​ពេល​ថ្មីៗ​នេះ។ពលការិនី​រង​គ្រោះ​នោះ មាន​ឈ្មោះ អ៊ុក សេង អាយុ ២៧​ឆ្នាំ នៅ​ក្នុង​ឃុំ​ធ្លោក ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។ ពលការិនី​រូប​នេះ​បាន​ទៅ​ធ្វើ​ការងារ​ជា​អ្នក​បម្រើ​នៅ​ក្នុង​ផ្ទះ នៅ​ប្រទេស​ម៉ាទ្បេស៊ី កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ កន្លង​មក។ នាង​បាន​ទូរស័ព្ទ​មក​ប្រាប់​ម្តាយ​ថា ម្ចាស់​ផ្ទះ​ចាប់​រំលោភ​នាង​ចំនួន ៣​ដង និង​បាន​គំរាម​សម្លាប់ បើ​សិន​ណា​នាង​ទម្លាយ​រឿង​នេះ​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ឮ។

នាង​បាន​ប្រាប់​មក​ម្តាយ​ថា នៅ​ពេល​ណា​ម្ចាស់​ផ្ទះ​ចោទ​ថា នាង​បោស​ជូត​ផ្ទះ​មិន​ស្អាត គេ​ចាក់​សោ​ឃុំ​ក្នុង​បន្ទប់ វាយ​ធ្វើ​បាប និង​បង្អត់​បាយ។ នាង​ចង់​វិល​ត្រទ្បប់​មក​ផ្ទះសំបែង​វិញ​ឲ្យ​បាន​ឆាប់។
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្នុង​សភា​ជាតិ​ថា លោកស្រី​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​រឿង​នេះ គឺ​ចាំបាច់​ត្រូវ​មាន​ការ​ដោះស្រាយ​ជា​បន្ទាន់ ៖ «គឺ​យើង​ឃើញ​ថា ស្ថានការណ៍ ​រឿង​ស្រ្តី​យើង​ទៅ​ម៉ាទ្បេស៊ី​នេះ គឺ​ជា​ស្ថានការណ៍​ដ៏​ធ្ងន់ធ្ងរ​ណាស់។ តែ​ផ្ទុយ​ទៅ​វិញ បើ​យើង​មើល​ទៅ​ក្រសួង​ការងារ​វិញ ឃើញ​ថា ធ្វើ​ការងារ​នេះ​ដោយ​រំភើយ»
ម្ដាយ​របស់​ពលការិនី​រង​គ្រោះ គឺ​លោកស្រី ស្រី សុផល អាយុ ៦៦​ឆ្នាំ នៅ​ឃុំ​ធ្លោក ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​ថ្លែង​ថា លោកស្រី​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​សង្គ្រោះ​កូនស្រី​ឲ្យ​បាន​ឆាប់​មក​ប្រទេស​កម្ពុជា​វិញ ៖ «រំដោះ​កូន​ខ្ញុំ​ឲ្យ​បាន​មក​ស្រុក​ខ្មែរ​វិញ​ក្នុង​ពេល​ឆាប់ៗ ពីព្រោះ​កូន​ខ្ញុំ​ភ័យ​ណាស់ យំ​ស្រែក​មក។ ខ្លាច​ថា អ្នក​ចាប់​រំលោភ​ហ្នឹង​យក​ថ្នាំ​មក​ឲ្យ​លេប មិន​ដឹង​ជា​ថ្នាំ​អ្វី មិន​ស្គាល់​ខ្លាច​គេ​ឲ្យ​លេប​ថ្នាំ​ញៀន វង្វេងវង្វាន់​លែង​ដឹង​អី»
លោកស្រី​បន្ត​ថា លោកស្រី​បាន​រង​ការ​គំរាម​ប្តឹង​ពី​ក្រុមហ៊ុន​នាំ​ពលករ​ឈ្មោះ ចំប៉ា មែន ផៅវើ (Champa Man Power) នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​សិន​ណា​រឿង​នេះ​មិន​ពិត។
វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ចំប៉ា មែន ផៅវើ បាន​នៅ​ទ្បើយ​ទេ ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​ការ​ដោះស្រាយ​រឿង​នេះ ដោយសារ​ទូរស័ព្ទ​បាន​បិទ ប៉ុន្តែ​ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា លោក អ៊ន ប៊ុនហាក់ បាន​មាន​ប្រសាសន៍​ថា បើ​សិន​ណា​រឿង​នេះ​ជា​រឿង​ពិត ស្ត្រី​រង​គ្រោះ​គប្បី​ប្ដឹង​ទៅ​នគរបាល​ប្រទេស​ម៉ាទ្បេស៊ី ឬ​ស្ថានទូត​កម្ពុជា នៅ​ក្នុង​ប្រទេស​ម៉ាទ្បេស៊ី។
លោក អ៊ន ប៊ុនហាក់ មាន​ប្រសាសន៍​បន្ត​ថា ៖ «បើ​សិន​ជា​មាន​ការ​រំលោភ​បំពាន​យ៉ាង​នេះ គេ​លើក​ទឹក​ចិត្ត​ឲ្យ​យើង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គេ ពីព្រោះ​កន្លង​មក យើង​ឭ​តែ​ថា មាន​បញ្ហា​ចាប់​រំលោភ​បំពាន ប៉ុន្តែ​យើង​មិន​ដែល​មាន​ករណី​ណា​មួយ​បញ្ជូន​ទៅ​គេ​ទេ»
ប្រភព​ពី​មន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា មាន​ពលការិនី​កម្ពុជា សរុប​ជាង ២៥.០០០​នាក់​នៅ​ក្នុង​ប្រទេស​ម៉ាទ្បេស៊ី។
កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ មន្ត្រី​តំណាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ តំណាង​ក្រុមហ៊ុន​នាំ​ចេញ​ពលករ និង​តំណាង​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពង្រឹង​ច្បាប់ និង​គោលការណ៍​នានា ក្នុង​ការ​ការពារ​ពលករ​ចំណាក​ស្រុក និង​ការពារ​សិទ្ធិ​របស់​ពួក​គាត់​មិន​ឲ្យ​រងគ្រោះ​ក្រោម​អំពើ​ជួញដូរ​កម្លាំង​ពលកម្ម អំពើ​រត់​ពន្ធ​មនុស្ស និង​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ជា​ដើម៕

No comments:

Post a Comment