អាមេរិក​ជូន​ពរ​ជន​ជាតិ​ខ្មែរ​ពេល​ចូល​ឆ្នាំ​ ថ្មី

RFA/Sok Serey
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក 
លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) ធ្វើ​សន្និសីទ​កាសែត​
នៅ​ឯ​ក្រសួង​ការបរទេសក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
2011-04-12
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ជូន​ពរ​ជន​ជាតិ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។
ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ទី​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១១ ខែ​មេសា លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary R. Clinton) បាន​ផ្ញើ​សារ​ជូន​ពរ​ដល់​ពលរដ្ឋ​កម្ពុជា​ថា ក្នុង​នាម​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) និង​ពលរដ្ឋ​អាមេរិក ខ្ញុំ​សូម​អប​អរសាទរ​ចំពោះ​ពលរដ្ឋ​កម្ពុជា ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​ខិត​ជិត​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ជា​ឱកាស​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ជួប​ជុំ​គ្រួសារ ញាតិ​មិត្ត​ជិត​ឆ្ងាយ និង​អ្នក​ជិត​ខាង​តាម​វប្បធម៌​ប្រពៃណី​សម្បូរ​បែប​របស់​ខ្លួន។

នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​មាន​ការ​លើក​ទឹក​ចិត្ត​នឹង​សុទិដ្ឋិនិយម​ជា​ខ្លាំង​អំពី​អ្នក​ដឹកនាំ​ ជំនាន់​ក្រោយ និង​ឱកាស​សម្រាប់​ប្រទេស​យើង​ទាំង​ពីរ ដើម្បី​ពង្រីក​ទំនាក់​ទំនង​ឱ្យ​បាន​កាន់​តែ​ជ្រាលជ្រៅ​ថែម​ទៀត ជា​មួយ​នឹង​ស្មារតីត​ស៊ូ​របស់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប។ ប្រទេស​យើង​ទាំង​ពីរ​បាន​ធ្វើ​សហប្រតិបត្តិការ​ជា​មួយ​គ្នា​លើ​បញ្ហា​ជា​ ច្រើន ចាប់​តាំង​ពី​ក្ដី​កង្វល់​លើ​បញ្ហា​សុខភាព​សាធារណៈ រហូត​ដល់​ការពង្រីក​សហប្រតិបត្តិការ​ថែរក្សា​សន្តិភាព​អន្តរជាតិ។ យើង​នៅតែ​ប្ដេជ្ញា​រក​មធ្យោបាយ​ថ្មីៗ ថែម​ទៀត ដើម្បី​ពង្រឹង​ភាព​ជា​ដៃ​គូ​របស់​យើង ដើម្បី​ផល​ប្រយោជន៍​នៃ​ប្រទេស​យើង​ទាំងពីរ។
ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ ខ្ញុំ​សូម​ជម្រាប​ជូន​លោក​អ្នក​ថា សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ចិត្ត និង​សូម​ជូន​ពរ​សព្វ​សាធុការ​យ៉ាង​កក់​ក្ដៅ ចំពោះ​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប សូម​ឱ្យ​ជួប​តែ​សេចក្ដី​សុខ និង​សេចក្ដី​ចម្រើន​គ្រប់​ប្រការ។ សួស្ដី​ឆ្នាំ​ថ្មី!

No comments:

Post a Comment