បទ​បង្ហាញ​ស្ដីពី​ស្ត្រី​និង​ការ​បោះ​ឆ្នោត​នៅ​ កម្ពុជា​ធ្វើ​ឡើង​នៅ​អាមេរិក

លោកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារ​ព័ត៌មាន​
នៅ​តុលាការ​សាលា​ឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញការថ្ងៃ២៨-តុលា-២០០៩។
2011-04-13
បទ​បង្ហាញ​មួយ​ស្ដី​អំពី​ស្ត្រី​និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​រៀបចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ មេសា នៅ​ទីស្នាក់ការ​កណ្ដាល​របស់​វិទ្យាស្ថាន​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NDI) នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​នៃ​គណបក្ស សម រង្ស៊ី បាន​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​ជា​វាគ្មិន​កិត្តិយស​ដើម្បី​ផ្ដល់​ព័ត៌មាន​ ស្ដីពី​ស្ថានភាព​របស់​ស្ត្រី​ខ្មែរ ដែល​ចូល​រួម​ក្នុង​ឆាក​នយោបាយ​នៅ​តាម​ថ្នាក់​មូលដ្ឋាន។ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រ​​នៃ​គណបក្ស សម រង្ស៊ី និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍​ថា ការ​បង្កើន​ឲ្យ​មាន​ចំនួន​ស្ត្រី​ជា​អ្នក​ដឹកនាំ​ច្រើន​នៅ​តាម​ថ្នាក់​ មូលដ្ឋាន គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​សង្គម​កម្ពុជា​បច្ចុប្បន្ន។

នៅ​ក្នុង​បទ​បង្ហាញ​មួយ​ស្ដី​អំពី​ស្ត្រី​និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ ទី​១២ មេសា លោកស្រី មូរ សុខ ហួរ បាន​មាន​ប្រសាសន៍​ថា ការ​បណ្ដុះ​ផ្នត់​គំនិត​ក្នុង​សង្គម​មួយ​ដែល​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ស្ត្រី និង​យុវនារី ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ ការ​គោរព​ច្បាប់ និង​អភិបាលកិច្ច​ល្អ ទង្វើ​ទាំង​អស់​នេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សង្គម​កម្ពុជា ជា​ពិសេស​គឺ​នឹង​អាច​ជួយ​លើក​ស្ទួយ​ស្ថានភាព​លំបាក​របស់​ស្ត្រី​បាន​ប្រសើរ​ ជាង​មុន។
លោកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​បញ្ជាក់​ពី​សេចក្ដី​ត្រូវការ​របស់​ស្ត្រី​ខ្មែរ​យ៉ាង​ដូច​ នេះ ៖ «ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​របស់​ស្ត្រី យើង​ត្រូវ​គិត​ពី​សេដ្ឋកិច្ច សុខភាព និង​ការ​អប់រំ​របស់​ស្ត្រី ។ ស្ត្រី​នៅ​កម្ពុជា មិន​ទាន់​ទទួល​បាន គឺ​ចំណុច​ទាំង​បី​ហ្នឹង។ ភាព​ក្រីក្រ​របស់​ស្ត្រី ស្ត្រី​លក់​ដូរ​បាន​បន្តិចបន្តួច ធ្វើ​ការ​បាន​ប្រាក់​តិចតួច។ បើ​និយាយ​ពី​សុខភាព​របស់​ស្ត្រី​គឺ​យើង​ផ្ដល់​សេវា​សុខភាព​ពុំ​យក​ប្រាក់ ហើយ​វិស័យ​អប់រំ​វិញ យ៉ាង​តិច​ស្ត្រី​យើង​រៀន​បាន ៩​ឆ្នាំ ទើប​អាច​ទៅ​ប្រើ​ការ​សម្រាប់​ការងារ​សមរម្យ​បាន»
កញ្ញា តាន់ ស៊ីនឌី និស្សិត​ពី​សកលវិទ្យាល័យ​ក្រុង​ឈីកាហ្គោ (Chicago) ដែល​បាន​អញ្ជើញ​មក​ចូល​រួម​ដែរ​នោះ បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ថា សារ​របស់​លោកស្រី មូរ សុខហួរ គឺ​ចង់​ផ្ញើ​ជូន​ដល់​ស្ត្រី​ទាំង​អស់​ក្នុង​ពិភពលោក​ឲ្យ​ចូល​រួម​យ៉ាង​សកម្ម ​ក្នុង​ឆាក​នយោបាយ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។
កញ្ញា តាន់ ស៊ីនឌី  បន្ត​ថា ៖ «ស្ត្រី​ចែក​រំលែក​បទពិសោធន៍​ពី​គ្នា​ ទៅ​វិញ​ទៅ​មក ហើយ​គេ​មាន​សារ​រួម​ដូច​គ្នា គឺ​មាន​ន័យ​ថា គេ​ចង់​បាន​សិទ្ធិ ចង់​បាន​សេរីភាព​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​គេ។ សំខាន់​សារ​របស់​លោកស្រី មូរ សុខហួរ គឺ​ចង់​ឲ្យ​វិទ្យាស្ថាន​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក និង​មេដឹកនាំ​ទាំង​អស់​ក្នុង​ពិភពលោក ត្រូវ​តែ​ហ៊ាន​និយាយ​ឡើង​ដើម្បី​ផ្ដល់​ការ​គាំទ្រ​ដល់​ស្ត្រី។ ចំណែក​ស្ត្រី​វិញ គេ​បាន​ប្រុងប្រៀប​ខ្លួន​ជានិច្ច ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ គេ​ត្រូវ​ការ​គាំទ្រ និង​ជួយ​ឧបត្ថម្ភ​ពី​សហគមន៍​អន្តរជាតិ។ ស្ត្រី​នឹង​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ស្ត្រី​នៅ​ប្រទេស​ផ្សេងៗ​ទៀត ហើយ​គេ​ត្រូវ​ដឹង​ថា ស្ត្រី​ទាំង​នោះ​អាច​មាន​លទ្ធភាព​ធ្វើ​ឲ្យ​ជីវិត​របស់​គេ​ផ្លាស់ប្ដូរ​បាន»
នៅ​ក្នុង​បទ​បង្ហាញ​ស្ដី​ពី​ស្ត្រី​និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គឺ​មាន​ការ​បញ្ចាំង​វីដេអូ​ផង​ដែរ អំពី​ការ​ចូលរួម​របស់​ស្ត្រី​នៅ​តាម​មូលដ្ឋាន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ កម្ពុជា។ ភ្ញៀវ​ដែល​ចូល​រួម​ប្រមាណ​ជិត ៥០​នាក់ គឺ​មក​ពី​ស្ថាប័ន​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក ក្នុង​នោះ​មាន​មន្ត្រី​ពី​ខាង​ក្រសួង​ការបរទេស ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​មាន​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​ទៀត៕

No comments:

Post a Comment