រាជធានី
ភ្នំពេញ៖ ថ្ងៃទី៨ មីនា
គឺជាថ្ងៃពិសេសសម្រាប់ស្ត្រីនៅទូទាំងពិភពលោក ដែលទាំងស្ត្រី
និងបុរសប្រារព្ធ "ទិវាសិទ្ធិនារីអន្តរជាតិ"។
ជាការពិតទិវានេះបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៨ មីនា
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នាឆ្នាំនេះ
គឺទិវានេះបានធ្វើឡើងក្នុងដំណាក់កាលនៃការវិវត្តយ៉ាងគំហុករបស់
បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា។
ដើម្បីជាការស្វែងយល់បន្ថែមស្ដីពីផលប្រយោជន៍បច្ចេកវិទ្យាគមនាគមន៍
ព័ត៌មានវិទ្យាទាក់ទិននឹងស្ត្រីអ្នកយកព័ត៌មានយើងបានធ្វើបទសម្ភាសន៍
មួយជាមួយលោកស្រី ជឹម ម៉ាណាវី
នាយិកាប្រតិបត្តិអង្គការវិទ្យាស្ថានបើកទូលាយដែលមានខ្លឹមសារ
ទាំងស្រុងដូចខាងក្រោម៖
អ្នកយកព័ត៌មាន៖ តើអ្វីទៅជាបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា?
លោកស្រី ជឹម ម៉ាណាវី បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ដែលភាសាអង់គ្លេសហៅថា Information Communication Technology ហៅកាត់ថា ICT មានន័យទូលំទូលាយសំដៅទៅលើឧបករណ៍និងវេទិកា ដែលយើងប្រើសម្រាប់ការប្រាស្រ័យទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មាន។ ជាឧបករណ៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា រួមបញ្ចូលទាំងវិទ្យុ ទូរស័ព្ទដៃ ការផ្សព្វផ្សាយតាមទូរទស្សន៍ និងអ៊ីនធឺណិតជាដើម។ ពេលខ្លះបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាត្រូវបានគេយល់ថាមាន ទម្រង់ចាស់និងថ្មី។ បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាទម្រង់ចាស់ចង់សំដៅទៅលើការ បញ្ជូនព័ត៌មាន ដូចជា តាមរយៈវិទ្យុ។ ចំណែកឯទម្រង់ថ្មីសំដៅទៅលើការបញ្ជូនព័ត៌មាននិងឯកសារផ្សេងៗ តាមរយៈឌីជីថលជាដើម ។
អ្នកយកព័ត៌មាន៖ តើបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យានេះមានប្រយោជន៍អ្វីខ្លះចំពោះ ស្ត្រីកម្ពុជាយើង?
លោកស្រី ជឹម ម៉ាណាវី ៖ ពេលណាស្ត្រីមានលទ្ធភាពចូលទៅកាន់ និងប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ពេលនោះស្ត្រីបានចូលទៅកាន់ទីកន្លែងប្រមូលផ្ដុំព័ត៌មាននិង ចំណេះដឹង។ ឧទាហរណ៍ដូចជាការចូលទៅអាននិងប្រើប្រាស់ព័ត៌មានតាមគេហទំព័រជាដើម ដែលជាប្រភពផ្ដល់ព័ត៌មានច្រើនលើសលប់ដែលស្ត្រីត្រូវការ ដើម្បីពិភាក្សា ចែករំលែកព័ត៌មានជាដើម ធ្វើឲ្យសំឡេងស្ត្រីមានភាពខ្លាំងជាង។ ក្រៅពីនោះ អ៊ីនធឺណិតក៏ជាកន្លែងមួយដែលមានសុវត្ថិភាពសម្រាប់ស្ត្រីក៏ដូចជា បុរសចូលរួមចែករំលែកកង្វល់រួមនឹងសម្រាប់ការបញ្ចេញមតិដោយសេរី ដោយមិនគិតពីទីកន្លែង ជាតិសាសន៍ឬអាយុឡើយ។ អង្គការនិងបណ្ដាញស្ត្រីនៅប្រទេសជាច្រើននៅទូទាំងពិភពលោក បានប្រើប្រាស់ព័ត៌មានឬឯកសារពីគេហទំព័រ និងការពិភាក្សាតាមរយៈអេឡិចត្រូនិកសម្រាប់ស្វែងរកការគាំទ្រដល់ សកម្មភាពជាក់លាក់ និងដើម្បីរួមគ្នាអភិវឌ្ឍយុទ្ធសាស្ត្ររួមជាសាកល។ ពួកគេបានប្រើប្រាស់ ICT ដើម្បីពង្រឹងចលនាស្ត្រីនិងពង្រឹងបណ្ដាញតភ្ជាប់គ្នា ដោយពួកគេបានយល់អំពីសក្ដានុពលនិងកំហិតរបស់ខ្លួន។ ម្យ៉ាងវិញទៀតការប្រាស្រ័យទាក់ទងគ្នាធ្វើឲ្យបុរសកាន់តែយល់អំពី តម្រូវការនិងតួនាទីរបស់ស្ត្រីក្នុងសេដ្ឋកិច្ចសង្គមនិងនយោបាយ ដែលអាចចូលរួមកាត់បន្ថយនូវផ្នត់គំនិតរើសអើងយេនឌ័រផងដែរ។
អ្នកយកព័ត៌មាន៖ តើកន្លងមកអង្គការរបស់លោកស្រីបានធ្វើអ្វីខ្លះ ដើម្បីជួយឲ្យស្ត្រីកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យានេះបាន?
លោកស្រី ជឹម ម៉ាណាវី ៖ អង្គការវិទ្យាស្ថានបើកទូលាយបានសហការជាមួយក្រសួងកិច្ចការនារី និងអង្គការមិនមែនរដ្ឋាភិបាលជាង១០ទៀតដែលធ្វើការងារទាក់ទងនឹង ស្ត្រី និងសិទ្ធិ បានរៀបចំជាកិច្ចប្រជុំពិគ្រោះយោបល់និងសិក្ខាសាលាជាច្រើនលើកអំពី ការជំរុញការបញ្ជ្រាបគោលនយោបាយលើកទឹកចិត្តស្ត្រីចូលរួមក្នុងការ ប្រើប្រាស់និងអភិវឌ្ឍបច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា ទៅក្នុងគោលនយោបាយនានារបស់រដ្ឋាភិបាល។កិច្ចប្រជុំក៏បានផ្ដល់ ចំណេះដឹងអំពីតម្រូវការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា ក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី។ក្រៅពីនោះអង្គការវិទ្យាស្ថាន បើកទូលាយក៏បានសហការជាមួយអង្គការ Association for Progressive Communications-APC អនុវត្តកម្មវិធី ការពង្រឹងសមត្ថភាពក្នុងវិស័យនេះដល់ស្ត្រី និងដល់ស្ថាប័នរដ្ឋាភិបាលដូចជា ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ក្រសួងព្រះបរមរាជវាំង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនទៀត ដើម្បីទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ។
អ្នកយកព័ត៌មាន៖ លើលោកស្រីគិតថា ការយល់ដឹងរបស់ស្ត្រីកម្ពុជានាពេលបច្ចុប្បន្នលើបច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យានេះ មានការខុសគ្នាយ៉ាងដូចម្ដេច បើប្រៀបធៀបឆ្នាំមុនៗ ?
លោកស្រី ជឹម ម៉ាណាវី ៖ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលរបស់យើងជាច្រើនកន្លងមកយើងសង្កេតឃើញថា អ្នកចូលរួមមានចំណេះដឹងអំពីគោលគំនិតទូទៅនៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា និងអំពីរបៀបប្រើប្រាស់ ICT ប្រកបដោយយុទ្ធសាស្ត្រ ធ្វើឲ្យលទ្ធផលការងារស្ថាប័នមានប្រសិទ្ធភាពជាងមុន។ ស្ត្រីដែលជាមន្ត្រី និងបុគ្គលិកស្ថាប័នបានចាប់ផ្ដើមយល់អំពីផលប្រយោជន៍នៃការប្រើប្រាស់ ICT និងថា ICT មិនមែនសំដៅតែលើការប្រើប្រាស់កុំព្យូទ័រប៉ុណ្ណោះទេ តែសំខាន់ជាងនោះគឺ ការប្រើប្រាស់ចែករំលែកព័ត៌មានការពិភាក្សានិងស្វែងរកការគាំទ្រ តាមរយៈការប្រើបច្ចេកវិទ្យាអ៊ីនធឺណិត។
អ្នកយកព័ត៌មាន៖ តើអ្វីជាការប្រឈមដែលស្ត្រីកម្ពុជាមិនអាចទទួលបានចំណេះដឹងផ្នែក បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា?
លោកស្រី ជឹម ម៉ាណាវី៖ កង្វះគោលនយោបាយជាក់លាក់ជំរុញលើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងការ អភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា។ ក្រៅពីនោះកត្តាសង្គមនិងវប្បធម៌បានជះឥទ្ធិពលខ្លាំងដល់ការចូលរួម របស់ស្ត្រីក្នុងបញ្ហានេះ ។ ផ្នត់គំនិតសង្គមយល់ថា ការរៀនសូត្រ និងការងារវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា គឺជាការងារបុរស ព្រោះការងារនេះ ទាមទារឲ្យមានភាពវៃឆ្លាតខាងគណិតវិទ្យាគិតច្រើន និងប្រើកម្លាំងកាយច្រើន ដែលមានតែបុរសទេទើបធ្វើបាន។ ជាងនេះទៅទៀត ការទទួលខុសត្រូវច្រើនកន្លែងធ្វើការផងនៅផ្ទះផង បានកាត់បន្ថយពេលវេលាស្ត្រីក្នុងការចូលទៅកាន់បច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា។
អ្នកយកព័ត៌មាន៖ ដោយបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យាមានប្រយោជន៍ដល់ស្ត្រី តើលោកស្រីមានអ្វីបន្ថែមទេ ដើម្បីធ្វើឲ្យស្ត្រីកម្ពុជាអាចទទួលបានចំណេះដឹងនេះកាន់តែមាន វិសាលភាព?
លោកស្រី ជឹម ម៉ាណាវី៖ យើងគួរតែមានគោលនយោបាយជាក់លាក់ជំរុញលើកទឹកចិត្តស្ត្រីឲ្យចូលរួម ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា មានដូចជាគោលនយោបាយជំរុញឲ្យមានសិស្សស្រីចូលរៀនខាង ICT ឲ្យបានច្រើន ការបញ្ជូនបុគ្គលិកស្រីចូលរួមវគ្គបណ្ដុះបណ្ដាល ការលើកទឹកចិត្តផ្ដល់តួនាទីដល់ស្ត្រីធ្វើជាអ្នកដឹកនាំធ្វើសេចក្ដី សម្រេចចិត្ត និងចូលរួមក្នុងការធ្វើផែនការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា។ ម្យ៉ាងវិញទៀតការធ្វើឲ្យតម្លៃចូលទៅកាន់អ៊ីនធឺណិតមានតម្លៃទាប ក៏ជាកត្តាចូលរួមជំរុញការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យានេះផងដែរ ៕
No comments:
Post a Comment