ភ្នំពេញ៖វិទ្យាស្ថាន
បើកទូលាយ
ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយក្រោមការសហការពីក្រសួងកិច្ចការ
នារី ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការជាដៃគូមួយចំនួន
កំពុងតែរៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីការទាញយកផលប្រយោជន៍ពី
វិស័យបច្ចេកវិទ្យាព័ត៌មានដើម្បីបញ្ចប់អំពើហិង្សាទៅលើស្ត្រីក្នុង
ទិវាសិទ្ធិនារីអន្តរជាតិថ្ងៃ៨មិនាខាងមុខនេះ ។
លោកស្រី ជឹម ម៉ាណាវី នាយិការប្រតិបត្តិនៃវិទ្យាស្ថានបើកទូលាយ
បានផ្ដល់បទសម្ភាសន៍លំអិតពន្យល់អំពីរបៀបនៃការទាញយកផលប្រយោជន៍ពី
ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានដើម្បីបញ្ចប់អំពើហិង្សាទៅលើ
ស្ត្រី៖
រហូតមកដល់ពេលនេះ តើលោកស្រីគិតថាអំពើហិង្សាទៅលើស្រ្តីនៅកម្ពុជាមានការថយចុះ ដែរឬទេ?
យើងមិនទាន់មានតួលេខច្បាស់លាស់ណាមួយដើម្បីបញ្ជាក់ថា តើអំពើហិង្សាលើស្ត្រីមានការថយចុះឬយ៉ាងណានោះទេ ព្រោះយើងមិនទាន់មានការស្រាវជ្រាវថ្នាក់ជាតិណាមួយអំពីបញ្ហា នេះនៅឡើយ។ កន្លងមកមានអង្គការផ្សេងៗក៏មានធ្វើការស្រាវជ្រាវអំពីអំពើ ហិង្សាលើស្ត្រី តែភាគច្រើនផ្ដោតលើអំពើហិង្សាក្នុងគ្រួសារ។ ហើយការស្រាវជ្រាវនោះទៀតសោតមានលក្ខណៈដាច់ដោយឡែកពីគ្នាដែលមិន ទាន់មានតួលេខរួម ច្បាស់លាស់អំពីអំពើហិង្សាលើស្ត្រីដែលយើងអាចយកមកប្រើប្រាស់បាន ជាលក្ខណៈជាតិនៅឡើយទេ។ ប៉ុន្តែស្ថានភាពអំពើហិង្សាលើស្រ្តីគឺហាក់ដូចជាមិនមានការថយ ចុះទេបើយើងនិយាយអំពីការរំលោភ សេពសន្ថវៈ ព្រោះយើងតែងឃើញសាព័ត៌មានចុះផ្សាយអំពីបញ្ហានេះសឹងរាល់ថ្ងៃ។
អំពើហិង្សាលើស្រ្តី គឺមិនមែនមានតែអំពើហិង្សាក្នុងគ្រូសារប៉ុណ្ណោះទេ គឺមានដូចជាការរំលោភ សេពសន្ថវៈ ការវាយដំ ការធ្វើបាបផ្លូវចិត្ត ការធ្វើឲ្យខូចកិត្តិយសស្ត្រី គឺសុទ្ធសឹងតែជាអំពើហិង្សាលើស្រ្តីទាំងអស់ ប៉ុន្តែបច្ចុប្បន្ននេះ មនុស្សភាគច្រើនផ្តោតសំខាន់តែទៅលើអំពើហិង្សាក្នុងគ្រួសារគឺអំពើ ហិង្សាលើរាយកាយ ចំណែកឯ អំពើហិង្សាផ្លូវចិត្ត និងផ្លូវសេដ្ឋកិច្ច យើងមិនសូវនិយាយទេ។
តើបច្ចេកវិទ្យាព័ត៌មានគឺសំដៅលើអ្វីខ្លះ?
បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែលភាសាអង់គ្លេសហៅថា Information Communication Technology ហៅកាត់ថា ICT មានន័យទូលំទូលាយសំដៅទៅលើឧបករណ៍និងវេទិកា ដែលយើងប្រើសម្រាប់ការប្រាស្រ័យទាក់ទងនិងការផ្សព្វផ្សាយ ព័ត៌មាន។ ជាឧទាហរណ៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា រួមបញ្ចូលទាំង វិទ្យុ ទូរស័ព្ទដៃ ការផ្សព្វផ្សាយតាមទូរទស្សន៍ និង អ៊ីនធឺណិតជាដើម។ ពេលខ្លះ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ត្រូវបានគេយល់ថាមានទម្រង់ចាស់និងថ្មី។ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ទម្រង់ចាស់ ចង់សំដៅទៅលើការបញ្ជូនព័ត៌មាន ដូចជាតាមរយៈវិទ្យុ ដែលស្រ្តីកម្ពុជាភាគច្រើននៅតាមស្រុកស្រែចំការ តំបន់ដាច់ស្រយាល ត្រូវការប្រើប្រាស់វាជាចាំបាច់ដើម្បីស្វែងរកព័ត៌មាន ។ ចំណែកឯទម្រង់ថ្មីសំដៅទៅលើ បញ្ជូនព័ត៌មាននិងឯកសារផ្សេងៗតាមរយៈឌីជីថល ជាដើម។
តើស្រ្តីកម្ពុជាប៉ុន្មាននាក់ដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ថ្មីនេះ?
កាលពីឆ្នាំ២០១០ថ្មីៗនេះ យើងបានធ្វើការស្រាវជ្រាវមួយស្តីពីស្រ្តីនិង បច្ចេកវិទ្យា សារ គមនាគមន៍ និងព័ត៌មានវិទ្យា ICT (Information Communication Technologies) ដោយផ្តោតទៅលើវិស័យអប់រំ និងការងារ ដែលការស្រាវជ្រាវនេះបានចប់សព្វគ្រប់ហើយ តែរង់ចាំបោះពុម្ពផ្សាយ។
តាមរយៈរបាយការណ៏ការស្រាវជ្រាវនេះបើពិនិត្យជារួមចំពោះអ្នកដែល បានចូល បម្រើការងារ ស្ត្រីដែលមានចំណេះដឹងផ្នែក ICT ឬ បច្ចេកវិទ្យា សារគមនាគមន៍ និងព័ត៌មានវិទ្យា នៅតាមអង្គការក្រៅរដ្ឋាភិបាលមានចំនួន៤៤.៤% នៅតាមគ្រឹះស្ថានសាធារណៈមាន ១៥.៥% ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ីនធឺណិត ៣២.៥% និងគ្រឹះស្ថានឧត្ដមសិក្សា ៣៣.៣%។ ប៉ុន្តែបើប្រៀបធៀបអ្នកដែលមានចំណេះដឹង ICT ដូចគ្នា ស្ត្រីប្រើប្រាស់កុំព្យូទ័រជាអ្នកជំនាញ មានត្រឹមតែ៦.៩% ធៀបនឹងបុរសដែលមានជំនាញនេះ៣៣% ។
បច្ចេកវិទ្យាព័ត៌មានផ្ដល់សារៈសំខាន់យ៉ាងដូចម្ដេចក្នុងការបញ្ចប់ អំពើហិង្សាដល់ស្ត្រី?
សារៈសំខាន់នៃបច្ចេកវិទ្យាព័ត៌មានគឺអាស្រ័យដោយយើងប្រើប្រាស់វា ដូចជានៅកម្ពុជាយើងនិយមប្រើប្រាស់វិទ្យុច្រើនជាងអ៊ីនធឺណែត ក្នុងការទទួលព័ត៌មាន។ បើសិនជាយើងប្រើប្រាស់បច្ចេកវិទ្យាច្រើនយើងទទួលព័ត៌មានច្រើន។ យើងតែងនិយាយថា ព័ត៌មាន គឺជាអំណាច។
ពេលដែលយើងអាចប្រើប្រាស់ ICT បាន គឺ តាមរយៈ ICT អាចផ្តល់ភាពអង់អាចដល់ស្រ្តីបាន ដោយសារថា ការចូលទៅកាន់ICT គឺការចូលទៅកាន់កន្លែងប្រមូលផ្ដុំនូវព័ត៌មាននិងចំណេះដឹងធ្វើ ឲ្យយើង ចេះវិភាគព័ត៌មានណាដែលអាចប្រើប្រាស់បាន និងធ្វើឲ្យសម្លេងយើងមានភាពខ្លាំងជាង។ ឧទាហរណ៌ ដូចដែលយើងប្រើប្រាស់អ៊ីនធឺណែត ដើម្បីពិភាក្សា ចែករំលែកព័ត៌មាន ជាដើម។ វាអាចជាកន្លែងមានសុវត្ថិភាព ដោយពុំមានការភ័យខ្លាចការគំរាមកំហែង ដើម្បីចែករំលែកនូវកង្វល់ របស់យើងនិងការបញ្ចេញមតិដោយសេរីទាក់ទងទៅនឹងសិទ្ធិស្រ្តីនិងយេនឌ័រដោយគ្មានកំណត់ ព្រំដែនដោយមិនមានប្រកាន់ពូជសាសន៍ ទីកន្លែង ឬអាយុទៀតផង។
លើសពីនេះទៅទៀត ភាពទូលំទូលាយនៃបច្ចេកវិទ្យាព័ត៌មានក៏អាចផ្តល់ឱកាសឲ្យស្រ្តីចងជាបណ្តេញ ដើម្បីប្រមូលនូវធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ គាំទ្រដល់ការអភិវឌ្ឍយុទ្ធសាស្ត្រនានា ដូចជាក្នុងវិស័យអប់រំ ការងារ ជំនួញ ជាដើម នេះយើងមិនទាន់និយាយដល់ការសម្រួលការស្វែងរកសេវាសុខភាព សេវាការពារផ្លូវច្បាប់ ដីធ្លី យេនឌ័រ និងសេវាកម្មនានាដែលអាចកាត់បន្ថយប្រាក់កាស ពេលវេលា និងសុវត្ថិភាពផងដែរ។ ការប្រាស្រ័យទាក់ទងគ្នាធ្វើឲ្យបុរសកាន់តែយល់អំពីតម្រូវការនិង តូនាទីខុសគ្នារវាងស្ត្រីនិងបុរស ដែលប្រការនេះអាចចូលរួមកាត់បន្ថយនូវផ្នត់គំនិតរើសអើងយេនឌ័រ( Gender stereotype) ផងដែរ។
តើកន្លងមកស្ថាប័នលោកស្រីដំណើរការយុទ្ធនាការផ្សព្វផ្សាយបច្ចេកវិទ្យាព័ត៌មាននេះ
ដូចម្តេចខ្លះដល់ស្រ្តី?
យើងមានគេហទំព័រដើម្បីចូលទស្សនា http://women.open.org.kh ដែលក្នុងនោះយើងមានព័ត៌មានផ្សេងៗដែលយើងប្រមូលបានដោយខ្លួនយើង និងពីប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ទាក់ទងនឹងស្រ្តី ទាំងអត្ថបទ រូបភាព សម្លេង វីដេអូ និងមាន(Links)ភ្ជាប់ទៅកាន់បណ្តេញសង្គមផ្សេងៗ ។ ក្នងគេហទំព័រនោះដែរ យើងមានដូចជាហ្វេសបុក (Facebook) ធ្វីតធឺ (Twitter) និងយូធូប (Youtube)ជាដើមដើម្បីចែករំលែកព័ត៌មាននិងចូលរួមយោបល់ជារួមពីស្រ្តីនិងបុរសផងដែរដែលក្នុង នោះយើងបានលើកទឹកចិត្តឲ្យស្រ្តីចូលរួមឲ្យបានច្រើនតាមរយៈការផ្តល់រង្វាន់ជាអាវយឺតផ្សេងៗ ចំពោះអ្នកដែលបានចូលរួមយោបល់បានច្រើន។លើសពីនេះទៅទៀតយើងក៏បានបោះពុម្ពជា ព្រឹត្តិបត្តិសៀវភៅនិងប័ណ្ណប្រកាសផ្សេងៗដែលមានលេខទំនាក់ទំនងទៅកាន់មន្ទីរ ឬស្ថាប័នពាក់ព័ន្ធ ផ្សេងៗនៅពេលដែលស្រ្តីជួបប្រទះបញ្ហាផ្សេងៗ ដូចជាអំពើហិង្សាការចាប់រំលោភ និងបញ្ហាពាក់ព័ន្ធ នឹងផ្នែកច្បាប់ជាដើមដែលអាចទាញប្រើប្រាស់បានពីគេហទំព័ររបស់យើងផងដែរ។
តើលោកស្រីរំពឹងយ៉ាងដូចម្ដេចពីគំរោងនេះសំរាប់ថ្ងៃអនាគត?
យើងកំពុងតែដំណើរការចែករំលែកវិស័យICT នេះដល់ស្រ្តីកម្ពុជា និងស្រាវជ្រាវឲ្យឃើញអំពីឬសគល់នៃបញ្ហាស្រ្តី។ ពិសេសជាងនេះ អង្គការវិទ្យាស្ថានបើកទូលាយ ជាដៃគូដ៏សំខាន់ជាមួយក្រសួងកិច្ចការនារី ដែលយើងបាននិងកំពុងសហការគ្នាលើគម្រោងស្ត្រី និងកំពុង រៀបចំឲ្យមានមជ្ឈមណ្ឌលឃ្លាំមើលបញ្ហាយេនឌ័រនៅប្រទេសកម្ពុជា (Gender Observatory)។ នេះជាអ្វីដែលយើងនឹងធ្វើក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ដើម្បីចូលរួមកាត់បន្ថយបញ្ហាគំលាតយេនឌ័រនៅកម្ពុជា។
ក្រៅពីយុទ្ធនាការ ការចែករំលែកចំណេះដឹងពីបច្ចេកវិទ្យាព័ត៌មានដើម្បីបញ្ចប់អំពើហិង្សា លើស្ត្រី ក្រសួងកិច្ចការនារី និងក្រសួងអប់រំយុវជន និងកីឡា ក៏បានសហការរៀបចំកម្មវិធីផ្សព្វផ្សាយដើម្បីលើកកំពស់ស្រ្តីនៅឯ សាកលវិទ្យាល័យបញ្ញាសាស្រ្តកាលពីព្រឹកម្សិលមិញផងដែរ ក្រោមប្រធានបទ «យុវវ័យជួយស្រ្តី គឺជួយខ្លួនឯង និងសង្គមជាតិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សាស្ត្រាចារ្យ និងនិស្សិត ប្រមាណ៣២០នាក់ ៕
No comments:
Post a Comment