ស្រឡាញ់ដល់ឆ្អឹងមិនបានខ្លួនដេញចាប់នាងអារ.កក្លាយជាឧក្រិដ្ឋជន ថ្ងៃអង្គារ ទី១០ ខែឧសភា

ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១១ ម៉ោង ០៨:៣៥
ខេត្ត​កំពង់ចាម ៖​ យុវជន​អគតិ​ម្នាក់​​បាន​ធ្វើ​ឱ្យ​ល្បែង​ស្នេហា​​របស់​ខ្លួន​ក្លាយ​​ទៅ​ជា​បទ ​ឧក្រិដ្ឋ​​ជំនួស​ឱ្យ​ទឹក​ចិត្ត​​ភក្តី​ភាព ។​ ជា​ការ​ពិត​ណាស់​ ទោះ​បី​ជា​ស្រឡាញ់​ស្ទើរ​លេប​ក៏​ដោយ ក៏​ត្រូវ​មាន​ព្រំដែន​ដែរ មិន​ត្រូវ​មាន​​ចិត្ត​ចង្អៀត​​រហូត​​បិទ​ទ្វារ​បេះដូង ហើយ​​ជ្រើស​រើស​ផ្លូវ​ទាល់​ច្រក​មួយ​ដែល​មាន​ន័យ​ថា បើ​មិន​បាន​នាង​មក​ធ្វើ​ជា​គូ​អនាគត​​បុរស​ណា​ក៏​មិន​អាច​បាន​ដូច​គ្នា​​ដែរ ។ នេះជា​គំនិតឆ្កួត​ៗ​តែប៉ុណ្ណោះ ​គ្មាន​ហេតុ​ផល​ណា​មួយ​លើស​ពី​​ប្រុស​ពេញ​ដី ស្រីពេញ​នគរ​នោះ​ឡើយ ។ ​ទាក់​ទិន​នឹង​គំនិត​ឆ្កួតៗ​របស់​យុវជន​ម្នាក់​ បាន​ធ្វើ​ឱ្យ​នាង​ជា​គូ​សង្សារ​​​រងរបួស​ដោយ​សារ​​ការ​ចាប់​អារ.ក​​​ប៉ុន​ ប៉ង​សម្លាប់​​​ ហើយ​ប្រុស​ស្នេហ៍​អគតិ​ដែល​​សម្រេច​​ចិត្ត​ប៉ុន​ប៉ង​​សម្លាប់​នារី​ដែល​​ ខ្លួន​ស្រឡាញ់​ស្ទើរ​លេប​បាន​គិត​​​ថា ពេល​សម្លាប់​​នាង​ហើយ​ខ្លួន​ក៏​ធ្វើ​​អត្ត​ឃាត​​ស្លាប់​តាម​នាង​ដែរ គឺ​សុខ​ចិត្ត​ស្លាប់​ដើម្បី​ស្នេហា​ដែល​គ្មាន​អ្វី​មក​ជំនួស​បាន ។

ចំណង​ស្នេហ៍​​រវាង​កំលោះ​​ក្រមុំ​​មួយ​គូនេះ ​ត្រូវ​បាន​គេ​ដឹង​ថា ពួក​គេ​បាន​​ខិត​ខំ​ថែរក្សា​​ភាព​ផ្អែម​ល្ហែម​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ ​តែ​នៅ​ពេល​ជួប​ឧបសគ្គ​​មក​រារាំង​ក៏​បង្កើត​ជា​ព្យុះ​​សង្ឃរា​បោក​បក់​យា៉ង ​ខ្លាំង​ ព្រោះ​​មិន​អាច​ឱ្យ​ពួក​គេ​យក​គ្នា​ធ្វើ​ជា​​គូ​អនាគត​បាន​ ។ យុវជន​ឈ្មោះ​គ្រីម ឡុង​ហ៊ួត អាយុ​២៤​ឆ្នាំ ដោយ​សារ​ភាព​​អគតិ​​របស់​​ខ្លួន​​បាន​យក​កូន​កាំបិត​ចិត​បន្លែ​​ទៅ​អារ​ ផ្តាច់​បំពង់​.ក​នាង​​ខេង សុធាវី​ ហៅ​ដា អាយុ​២០​ឆ្នាំ ដែល​ជា​សង្សារ​​ ដើម្បី​បញ្ចប់​​ជីវិត​នាង​នៅ​​ចំការ​ចេក​​ខាង​ក្រោយ​ផ្ទះ​របស់​នាង ស្ថិត​នៅ​ភូមិ​ផ្ទះ​កណ្តាល​ក្រោម ​ឃុំ​ផ្ទះ​កណ្តាល ស្រុក​​ស្រី​សន្ធរ វេលា​ម៉ោង​៥​​ល្ងាច​ ​ថ្ងៃទី​៧ ឧសភា ​រួច​ទើប​សម្លាប់​ខ្លួន​តាម​ក្រោយ ។ តែ​គម្រោង​​ការ​នេះ​មិន​បាន​សម្រេច ​ដោយ​គ្រាន់​តែ​ធ្វើ​ឱ្យ​នាង​រង​របួស​២​កន្លែង​​ធ្ងន​់ធ្ងរ​ ហើយ​ភ្លាមៗ​នោះ​ត្រូវ​បាន​អ្នក​ភូមិ​ផង​របង​ជា​មួយ​​នាំគ្នា​​ជួយ​ទាន់​ពេល​ វេលា​ និង​ចាប់​យុវជន​នេះ​ប្រគល់​ឱ្យ​ទៅសមត្ថ​កិច្ចចាត់ការតាមច្បាប់ ។

លោក​វរ​សេនីយ៍​ទោ សាន សុភា នាយ​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​ខេត្ត​បាន​ឱ្យ​ដឹង​ថា យោង​តាម​​ពាក្យ​បណ្តឹង​​រប​ស់​អ្នក​ស្រី​អ៊ូ ងីន ​ហៅងីម ​ដែល​ត្រូវជា​ម្តាយរបស់​នារី​រងគ្រោះ​​បាន​ឱ្យ​ដឹង​ថា ក្នុង​ខណៈ​ពេល​ដែល​​​គាត់​ជិះ​​កង់​ចេញ​​មក​ពី​​ចម្ការ​​នា​ល្ងាច​​នោះ ត្រូវ​បាន​អ្នក​ភូមិ​​រស់​នៅ​ក្បែរ​ផ្ទះ​​រត់​មក​ប្រាប់​គាត់​​​ថា ​កូន​ស្រី​គាត់​ត្រូវ​គេ​​ចាប់​អារ.ក​ ហើយ​​គំរាម​សម្លាប់​​ទាំង​គ្រួសារ​​ទៀត​ផង ។ ចំណែក​ជន​សង្ស័យ​​ឈ្មោះ​​ឡុងហ៊ួត ត្រូវបាន​អ្នក​ភូមិ​ចាប់​ខ្លួន​​ ​ព្រម​ទាំង​បាន​ទូរស័ព្ទ​​ប្តឹង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ ​ហើយ​ត្រូវ​បាន​នាំ​ទៅ​កាន់​អធិ​ការ​ដ្ឋាន​នគរបាល​​ស្រុក​ស្រី​សន្ធរដើម្បី​ ​សួរ​នាំ​ ជុំ​វិញ​ការ​ប​៉ង​សម្លាប់​​នារីរង​គ្រោះ​​ដែល​​ខ្លួន​ស្រឡាញ់​យូរ​មក​ហើយ ។

លោក​អនុ​សេនីយ៍​​ ខេង ស្រេង​​​ អធិ​ការ​​​រង​​​ស្រុក​​ស្រី​សន្ធរ ​ទទួល​​ផែន​យុត្តិ​ធម៌​​បាន​ឱ្យ​ដឹង​ថា តាម​ប្រវត្តិ​នៃការ​ទាក់ទង​ស្រឡាញ់​គ្នា​​រវាង​ពួកគេ​ទាំងពីរនាក់ គឺ​​នៅ​ក្នុង​ឆ្នាំ​២០០៩ ​កន្លង​ទៅ នាង​សុធាវី បាន​ទៅ​លេង​ផ្ទះ​បង​ស្រី​​​របស់​នាង​នៅ​ភូមិ​រវាង​ ឃុំ​ខ្នុរ​ដំបង ស្រុក​ជើង​ព្រៃ ហើយ​ផ្ទះ​របស់​ឈ្មោះ​​គ្រីម ឡុង​ហ៊ួត ​ក៏​​នៅ​ក្បែរ​គ្នា​​ដែរ ពួកគេ​បាន​​ចាប់​ផ្តើម​​​ស្គាល់​គ្នា​​ និង​រាប់​អាន​គ្នា​ជា​ធម្ម​តា​។​ ក្រោយ​ៗ​មក​ទៀត​បាន​ទាក់​ទង​​តាម​ទូរស័ព្ទ​ទៅវិញ​ទៅ​មក​ជា​ញឹក​ញាប់​ក៏​ឈាន​ ដល់​ការ​ស្រឡាញ់​គ្នា​​ជ​ាសង្សារ និង​មាន​ពេល​ខ្លះ​យុវ​ជន​នេះបាន​ធ្វើ​ដំណើរ​ទៅ​​លេង​នាង​ដល់​ផ្ទះ​នៅ​ស្រុក​ ស្រីសន្ធរ​ទៀត​ផង ។

ឈ្មោះ​គ្រីម ឡុង​ហ៊ួត ​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​​ជួល​កង់​​មួយ​នៅ​ខេត្ត​សៀម​រាប ​ក្រោយ​ពេល​ចាប់​ខ្លួន​បាន​ឆ្លើយ​សារ​ភាព​ថា ​រូប​គេ​និង​នាង​តែង​តែ​បាន​ណាត់​ជួប​គ្នា​​ជា​ច្រើន​ដង បន្ទាប់​ពី​បាន​ដឹងចិត្ត​​ថ្លើម​​គ្នា​មក​ គឺ​បាន​ស្រឡាញ់​គ្នា​ចិត្ត​និង​ចិត្ត ។ តាម​ការ​សារ​ភាព​បាន​រំលឹកថា ​​មក​ដល់​ថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០០៩ រូប​គេ​បាន​ទូរស័ព្ទ​​ទៅ​នាង​សុធាវី ហើយ​​ត្រូវ​បាន​​នាង​ប្រាប់​ថា បង​នាង​បាន​ដឹង​ពីរឿង​រប​ស់​ពួក​យើង​​អស់​ហើយ គឺ​គាត់​មិន​ឱ្យ​ទាក់​ទង​គ្នា​​បន្ត​ទៀត​ទេ។ ពេល​ដែល​បាន​​ស្តាប់​ឮ​ដំណឹង​បែប​នេះ ខ្លួន​ក៏​បាន​​​សុំ​លេខ​ទូរស័ព្ទ​​បង​ស្រី​នាង រួច​​បាន​ទូរស័ព្ទ​សួរ​នាំ ដោយ​បាន​លើក​ពី​ហេតុ​ផល​នានា​និង​​និយាយ​អង្វរ​​បង​នាង ហើយ​បាន​ទទួល​នូវ​ការ​វាយ​តម្លៃ​ថា ខ្លួនមិន​មាន​លទ្ធ​​ភាពចិញ្ចឹម​ប្អូន​ស្រី​​គេ​នោះ​ទេ។ ទោះ​បី​ជា​បែប​ណា​ ​ខ្លួន​បាន​តាំង​ចិត្ត​ថា​នឹង​រៀន​បន្ត​នៅ​មហា​វិទ្យា​ល័យ​​ដើម្បី​បាន​ចូល​ ​ស្តី​​ដណ្តឹង​នាង ។ ​តែ​ទោះ​បី​ជ​ាខ្លួន​បានខិត​ខំ​​ព្យា​យាម​អង្វរ​យ៉ាង​ណា​ក្តី ក៏​បង​នាង​មិន​​យល់​ព្រម​​ទៀត ។ យុវ ជន​រូប​នេះ ​បាន​នាំ​ដំណឹង​បរា​ជ័យ​ស្នេហា​នេះ​ទៅ​​ប្រាប់​នាងសុធាវី ដែល​បង​របស់​នាង​មិន​ឱ្យ​ជួប​គ្នា​ទេ ហើយ​នាង​បាន​​និយាយថា បើ​អ៊ីចឹង​មែន​នោះ ​ពួក​​​យើង​បែក​គ្នា​ត្រឹម​នេះ​ទៅ ចាត់​ទុក​ថា នាង​បាន​ស្លាប់​ទៅ​ចុះ ។ ក្នុង​ពេល​ដែល​មាន​ទុក្ខ​ព្រួយ​​​​ព្រោះ​មិន​អាចស្រឡាញ់​​នារី​ម្នាក់​ដែល​ ខ្លួន​ស្រឡាញ់​បាន​ ខ្លួនក៏​នៅតែ​ព្យា​យាម​​បន្ត​ការ​​ទាក់​ទង​​គ្នា​ ហើយ​នាង​ក៏​បាន​យល់​ព្រម​តាម។​លុះ​ពេល​មកដល់​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១០ ​នាង​​​ឧស្សាហ៍​បិទ​ទូរស័ព្ទ​ ជា​ហេតុ​ធ្វើ​ឱ្យ​ខ្លួន ​និង​នាង​មាន​ការ​ឈ្លោះ​​ប្រកែក​​គ្នា​ដោយ​ពាក្យ​សម្តី​ខ្លះៗ។ ​បន្ត​មក​ទៀត ក្នុង​ឱកាស​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១១​ ខ្លួន​បាន​ព្យា​យាម​ទូរស័ព្ទ​មក​នាង​ជា​ច្រើន​​លើក ​តែ​មិន​​ត្រូវ​បាន​នាង​លើក​នោះ​ទេ ។

នៅ​ថ្ងៃ​ទី​២៨ មេសា ​រូបគេ​បាន​ធ្វើដំណើរ​​​ពី​ខេត្ត​សៀម​រាប​​​ដើម្បី​ស្កាត់​មក​ជួប​នាង​នៅ​ ស្រុក​ស្រី​សន្ធរ សួរ​នាំ​ឱ្យ​​បានច្បាស់​ ក្នុង​ពេល​ដែល​​ជួប​សា​សង​ជា​មួយ​គ្នា​នោះនាង​បាន​ឆ្លើយថា ​«ពេញ​ចិត្ត​តែ​បង​មួយ​ទេ» ។ ​យុវ​ជន​រូប​នេះ​បាន​និយាយថា ​រូប​គេតែង​ទូរស័ព្ទ​​មក​នាង​តែ​មិន​ចូល​សោះ ។ ​នៅថ្ងៃទី​៥ ឧសភា ​ឆ្នាំ ២០១១ រូប​គេ​បាន​ចេញ​ដំណើរ​មក​ជួប​នាង​នៅ​​លើ​ស្ពាន​​​ក្បែរ​​សាលា​​ស្រុក​ស្រី​ សន្ធរ និយាយ​គ្នា​បាន​បន្តិច​ក៏​បែក​គ្នា​ត្រឡប់​ទៅ​ផ្ទះ ។ លុះ​មក​ដល់​​ព្រឹក​ថ្ងៃ​ទី​៦ ឧសភា ​ក៏​បាន​ជួប​នាង​ម្តង​​ទៀត ហើយ​នាង​បាន​សុំ​ចែក​ផ្លូវ​ពីរូប​គេ ភ្លាម​នោះ​រូបគេ​បាន​យល់​ព្រម​ និង​បាន​ស្ទុះ​មក​​អោប​គ្នា ហើយ​​រូប​គេ​បាន​និយាយ​សុំ​នាង​ជិះ​កង់​ឌុប​នាង​ដើរ​លេង​ជា​មួយ​គ្នា​ និង​ជិះ​រហូត​​ជិត​​​មក​ដល់​​ស្ពាន​ព្រែក​តា​មាក់ ​ហើយ​នាង​បាន​ឡើង​ជិះ​ម៉ូតូឌុប​ត្រឡប់​ទៅ​​ផ្ទះ​វិញ។ ​លុះ​មក​ដល់​ព្រឹក​ថ្ងៃទី​៧ ឧសភា ​រូបគេ​បាន​មក​រង់​ចាំ​នាង​នៅ​ក្បែរ​សាលា​ស្រុក​​ស្រីសន្ធរ ​ទៀត ​ដោយ​ចាំ​យូរ​ពេក​មិន​ឃើញ​ក៏​បាន​ជិះ​ម៉ូតូ​ឌុប​សំដៅ​ទៅ​ផ្ទះ​នាង នៅ​ភូមិ​ផ្ទះ​កណ្តាល​ក្រោម​ ហៅ​នាង​មក​និយាយ​នៅ​ខាង​ក្រោយ​ផ្ទះប្រាប់​នាង​ថា ខ្លួនអត់​មាន​លុយ​ធ្វើ​ដំណើរត្រឡប់​ទៅ​វិញ​ទេ ​ពេល​នោះ​នាង​បាន​យក​លុយ​ចំនួន​៤​ម៉ឺន​រៀល​​មក​ឱ្យ ។ ពេល​បាន​ទទួល​លុយ​ហើយ គេ​បាន​សុំ​នាង​​ដេក​ជា​មួយ​តែ​នាង​មិន​ព្រម ហើយ​​បាន​ព្រលយ​ពាក្យ​ថា បើ​​មិន​សុខ​​ចិត្ត​ទេ ​សម្លាប់​នាង​ចោល​ទៅ។ ​ភ្លាម​​នោះរូប​គេបាន​គំរាម​ថា «បើ​មិន​ព្រម​ទេ ​រូប​គេ​នឹង​សម្លាប់​ទាំង​គ្រួសារ​​ម្តង​មួយៗ» ពេលនោះ​នាង​សុធាវី បាន​និយាយ​ពន្យុះ​ថា នុះ​កាំបិត​​​​ ហើយ​រូប​គេ​​ក៏​បាន​យក​កូន​កាំបិត​មក​ភ្ជង់​​ និង​អារ.ក​នាង​ទាំង​បង្ខំ​ចិត្ត​​ រួច​​ហើយ​នឹង​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​​​​​​​​​​​​តាម​ក្រោយ ។

​ចំណែក​នាង​ខេង សុធាវី ហៅដា បាន​ឆ្លើយ​​ បំភ្លឺ​ប្រាប់​សមត្ថ​កិច្ច​ថា កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃទី​៧ ឧសភា​ ​ឆ្នាំ​២០១១ ​ក្នុង​ពេល​ដែល​​នាង​កំពុង​តែ​ឈរ​ពក្មួយ​នៅ​ក្រោម​ផ្ទះ​អ្នក​ភូមិ​នៅ​ក្បែរ​ គ្នា ស្រាប់តែ​បាន​ឃើញ​ឈ្មោះ​គ្រីម ​ឡុង​ហ៊ួត ​ដើរ​មក​ហៅ​នាង ។ ​ពេល​​នាង​ដើរ​ចេញ​ទៅ​ស្រាប់តែ​​ជន​នេះ​បាន​ចាប់​​នាង​ផ្តួល​ផ្ទប់​នៅ​នឹង​ ស្មា ហើយ​​អារ.ក​​នាង​នឹង​កាំបិត​ ភ្លាម​នោះ​​នាង​បាន​ប្រឹង​រើ​បំរះ​​រត់​ចេញ​ រួច​បាន​ស្រែក​ហៅ​គេ​ឱ្យ​ជួយ និង ដាក់ក្មួយ ចុះ ។ ​ពេល​នោះ ឈ្មោះ​ឡុង​ហ៊ួត បាន​ដេញ​​តាម​នាង​​ពី​ខាង​ក្រោយ ​និងចាប់នាង​​បាន​ក៏​ព្យាយាម អារ.ក​​នាង​ម្តងទៀត ព្រម​ទាំង​ដាល់​ត្រូវ​ពោះ​នាង​១​ដៃ​ ។ នាងបំភ្លឺទៀតថា គេ​ស្ទុះ​ទៅ​យក​កាំបិត​ខ្វែវ​មក​បម្រុង​កាប់​​នាង​បន្ថែម​ តែ​​ត្រូវ​បាន​អ្នក​ភូមិ​ចូល​មក​ចាប់​ជាប់ ឯនាង​ត្រូវ​បាន​ឪពុ​កម្តាយ​នាំ​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក ​ស្រី​សន្ធរ ៕

No comments:

Post a Comment