ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១១:២៩(ព័ត៍មានកោះសន្តិភាព)
ខេត្តកំពង់ចាម ៖
ការទាក់ទងតាមទូរស័ព្ទវាចាសាសងរវាងកំលោះស្រុកបាធាយម្នាក់
និងក្រមុំខេត្តសៀមរាបម្នាក់ ក្នុងវ័យ១៩ឆ្នាំដូចគ្នា
បានក្លាយជាចំណងស្នេហ៍កួចត្របាញ់ចូលគ្នាកាន់តែស្អិតរមួតឡើងៗ
ថ្វីបើមិនដែលបានឃើញមុខគ្នាក៏ដោយ។
ការទំនាក់ទំនងគ្នាតាមទូរស័ព្ទបាន១ឆ្នាំ
ក៏បានឃើញមុខគ្នាតាមការណាត់នាវេលាល្ងាចថ្ងៃទី២២ ឧសភា
ក្នុងពេលដែលនាងក្រមុំមកចូលរួមមង្គលការនៅស្រុកជើងព្រៃ
ហើយកំលោះស្រុកបាធាយដែលថាស្មោះស្ម័គ្រស្នេហាតាមទូរស័ព្ទនោះ
ក្លាយជាជនចាប់រំលោភទៅវិញ។
លោកវរសេនីយ៍ត្រី ហេង វុទ្ធី
អធិការនគរបាលស្រុកជើងព្រៃបានប្រាប់កោះសន្តិភាពថា
នៅវេលាម៉ោង១២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី២៣
ឧសភា
រូបលោកបានទទួលបណ្តឹងតាមទូរស័ព្ទពីប្រជាពលរដ្ឋរស់នៅភូមិចំបក់
ឃុំសំពងជ័យ ស្រុកជើងព្រៃ ថា
មានករណីចាប់ស្ត្រីដាក់ម៉ូតូនៅក្បែរកន្លែងរោងមង្គលការកូនអ្នក
ស្រុក។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម
រូបលោកបានដឹកនាំកម្លាំងព្រហ្មទណ្ឌស្រុកចុះទៅជាបន្ទាន់
ដើម្បីស្រាវជ្រាវ ហើយបានជួបនាងក្រមុំឈ្មោះ ម.ស.ភ
រស់នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលបានអះអាងថា
រងគ្រោះដោយការចាប់រំលោភ
ហៅមកសាកសួររកមូលហេតុឱ្យបានដឹងច្បាស់លាស់។
នារីរងគ្រោះព្រោះព្រាននារីជាគូស្នេហ៍តាមទូរ
ស័ព្ទបានរៀបរាប់ថា មានពេលមួយនៅក្នុងឆ្នាំ២០១០
នាងបានស្គាល់គ្នាតាមរយៈលេខទូរស័ព្ទដៃរបស់ឈ្មោះភុំ វិរៈ
ហើយបានទាក់ទងគ្នាទៅវិញទៅមកជាច្រើនលើកច្រើនសា
រហូតដល់បានស្គាល់ចិត្តថ្លើមគ្នាសុំសេចក្តីស្នេហា។ នៅថ្ងៃទី២២
ឧសភា នាងបានមកចូលរួមមង្គលការបងប្អូននៅឃុំសំពងជ័យ
ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាប់នឹងស្រុកបាធាយ។
លុះដល់ពេលល្ងាចឈ្មោះវិរៈ
បានទូរស័ព្ទទាក់ទងមករកនាងក៏បានជួបមុខគ្នា
ហើយបាននាំគ្នាជិះម៉ូតូC125 មួយគ្រឿង ពណ៌ខ្មៅ ទៅហូបស៊ុបនៅហាង
«៣៣៣» នៅស្គន់ ស្រុកជើងព្រៃ។ នាងបានចោទថា ក្នុងពេលនោះឈ្មោះវិរៈ
បានប្រើល្ប៉ិចឱ្យនាងផឹកស្រារហូតដល់ស្រវឹង
ហើយឌុបនាងមកកាន់ផ្ទះសំណាក់យីហោ «តាំង ស្រីងួន»
បានចាប់នាងរំលោភសេពសន្ថវៈរហូតបានសម្រេចតាមបំណង។
នៅចន្លោះម៉ោង១០ទៅ១១យប់ ថ្ងៃដដែល គឺថ្ងៃទី២២ ឧសភា
ក្រោយពេលរំលោភនាងរួចហើយ ជននេះបានឌុបនាងត្រឡប់មករោងការវិញ
តែទំនងជាខ្លាចគេចាប់ខ្លួន
ទើបទម្លាក់នាងចោលនៅចម្ងាយប្រហែលជាង២០០ម៉ែត្រពីរោងការ។
ភ្លាមនោះនាងក៏បានស្រែកឱ្យគេជួយ
បង្កឱ្យមានការភ្ញាក់ផ្អើលនៅកន្លែងរោងការ
ទើបមានការដេញចាប់ឈ្មោះវិរៈ រហូតដល់ភូមិផ្អាវ ឃុំផ្អាវ
ស្រុកបាធាយ ស្រាប់តែបាត់ស្រមោលរកមិនឃើញ។
លោកវរសេនីយ៍ត្រី ហេង វុទ្ធី
អធិការនគរបាលស្រុកជើងព្រៃបញ្ជាក់ថា
ក្រោយពីធ្វើការស្រាវជ្រាវ
និងមានការចូលរួមសហការពីកម្លាំងនគរបាលស្រុកបាធាយ
នាម៉ោង៣រសៀល ថ្ងៃទី២៣ ឧសភា សមត្ថកិច្ចក៏បានកោះហៅឈ្មោះវិរៈ
មកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលឃុំផ្អាវ ព្រោះមានលេខទូរស័ព្ទ
និងម៉ូតូមានភិនភាគស៊ីសង្វាក់គ្នានឹងហេតុការណ៍ដែលបានកើតឡើង។
ក្រោយពីសាកសួររួច
សមត្ថកិច្ចក៏បានឃាត់ខ្លួនឈ្មោះនេះទៅតាមបណ្តឹងរបស់នាងក្រមុំ
រងគ្រោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ
ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូង។
នារីរងគ្រោះបានទាមទារសំណងជំងឺចិត្តចំនួន៨ពាន់ដុល្លារផងដែរ។
នេះជាមេរៀនមួយសម្រាប់ការទាក់ទងតាមទូរស័ព្ទ។
មិនខុសទេដែលពាក្យមួយនិយាយថា ស្គាល់មុខ ស្គាល់សម្តី
តែមិនស្គាល់ចិត្ត
ដូច្នេះមិនគប្បីបង្កាត់ភ្លើងស្នេហាទាំងងងឹតងងុលបែបនេះឡើយ៕
No comments:
Post a Comment