ស្ត្រី​៣នាក់​​​ស្នើ​ឱ្យ​​ជួយ​​រំដោះ​ប្តី​និង​កូន​​​ដែល​​ទាហាន​​សៀម​​​ចាប់​យក​ទៅ​​​លក់​

ថ្ងៃអង្គារ ទី២៤ ខែឧសភា​ ឆ្នាំ២០១១​ ម៉ោង១៧:៤២ (ព័ត៍មានកោះសន្តិភាព)
ខេត្ត​បាត់​ដំបង​ ៖ ​ស្ត្រី​៣​នាក់​​​បាន​មក​ដល់​​ស្នាក់​ការ​សមាគមការពារ​​សិទ្ធិមនុស្ស​ «​អាដ​ហុក» ​ខេត្ត​ ​កាលពីព្រឹក​ថ្ងៃទី​​២៤ ឧសភា​ ដើម្បី​​ស្នើ​ដល់​​សមាគម​ការ​ពារ​សិទ្ធិ​​មនុស្ស​មួយ​នេះ​ជួយ​អន្តរាគមន៍​ រំដោះ​កូននិង​ប្តី​​របស់​ពួកគាត់​​​សរុប​ចំនួន​៨​នាក់​ ដែល​​ខ្លួន​កំពុង​​​រងទារុណកម្ម​​​នៅលើ​ទូកនេសាទ​​​ និង​​ខ្លះ​ទៀត​កំពុង​​លាក់​ខ្លួន​ក្បែរ​មាត់​សមុទ្រ​​នៃ​ប្រទេស​​ម៉ាឡេស៊ី​ ដោយសារ​​តែពួក​ទាហាន​​សៀម​ចាប់​យកទៅ​​លក់​កម្លាំង​ពលកម្ម​​បន្ត​ឱ្យ​ពួក​ នេសាទ​នៃ​ប្រទេស​នេះ ។
អ្នក​ស្រី​អ៊ាង ដុន អាយុ​៥៦ឆ្នាំ​ រស់​នៅ​ស្រុក​​​សំពៅ​លូន​ ជាប់​ព្រំដែន​​ប្រទេស​សៀម​​​បាន​និយាយ​​ថា ក្នុង​ចំណោម​កម្មករ​​​ខ្មែរ​ទាំង​៨​​នាក់​នោះ​ គឺ​មាន​កូន​ប្រុស​គាត់​ម្នាក់​និង​ក្មួយ​​ប្រុស​ម្នាក់​​​ផង ។ អ្នក​​ស្រី​បាន​ប្រាប់​ថា ពួកគេ​​​ធ្លាប់​​​ចេញ​​ចូល​ធ្វើ​​កម្មករ​លើទឹក​ដី​សៀម​​ជា​ប្រចាំ​​​ ដោយ​​មិន​ស្រប​​ច្បាប់​ទេ ប៉ុន្តែ​នៅ​ចុង​ក្រោយ​​​នេះ​ពួកគេ​ចេញ​​​ទៅតាំងពី​​ដើម​​​​ខែមករា ឆ្នាំ​២០១១​ តែ​គ្មាន​​ឮ​​ដំណឹង​សោះ លុះ​នៅ​ថ្ងៃទី​២០ ឧសភា​ ស្រាប់​តែ​​​កូន​ប្រុស​​គាត់​​ឈ្មោះ​ទិត្យ​​ ភ័ក្ត្រ​ អាយុ​​៣០ឆ្នាំ បាន​​ទូរស័ព្ទ​មក​ប្រាប់​​គាត់​ថា ពួកគេ​​ត្រូវ​​ទាហាន​​​សៀម​ចាប់​​យក​ទៅ​លក់​ឱ្យ​​​ធ្វើ​កម្មករ​​ចុះទូក​ នេសាទ​​នៅ​​ប្រទេស​ម៉ាឡេស៊ី​ ។ កូន​ប្រុស​​របស់​​គាត់​បាន​បញ្ជា​​ក់​ប្រាប់​​​ថា រូប​គេ​និង​គ្នីគ្នា​​​ចំនួន​​៥​នាក់​​ទៀត​​បាន​លោត​​ចុះ​ទឹក​ហែល​ឆ្លង​​ សមុទ្រ​​លាក់​ខ្លួន​ក្បែរ​​​សមុទ្រ​​មួយ​កន្លែង​​នៅ​ប្រទេស​​​ម៉ាឡេស៊ី​ រីឯ២​នាក់​​​ទៀត​កំពុង​​ស្ថិត​នៅលើ​​​ទូក​នេសាទ​​នោះ​​ហើយ​កំពុង​រង​ ទារុណកម្ម​​​ដែរ ។  ពេលឮដូច្នេះ​ទើប​គាត់​​មក​រក​អង្គការ​​​អាដ​ហុក​ឱ្យ​ជួយ​អន្តរាគមន៍​ ។

នៅវេលា​​ម៉ោង​​១២​ថ្ងៃ​ត្រង់​​​ថ្ងៃទី​២៤ ឧសភា ​កូន​ប្រុស​អ្នក​ស្រី​អ៊ាង ដុន ឈ្មោះ​ទិត្យ ភ័ក្ត្រ អាយុ​៣០ឆ្នាំ ​ដែល​កំពុង​សំងំ​​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​​​ពល​រដ្ឋ​​ម៉ាឡេស៊ី​មួយ​កន្លែង ​​នៅមាត់​សមុទ្រ​​​​បាន​​ប្រាប់​​កោះ​សន្តិភាព​​តាម​ទូរស័ព្ទ​ថា រូបគេ​​និង​គ្នីគ្នា​៥​នាក់​ទៀត​ដែល​មាន​ឈ្មោះ​​ឯម សុង ឈ្មោះ​សូ រ៉ា ឈ្មោះ​ប៊ី ស៊ីន ឈ្មោះ​មាស សារុន  និង​ឈ្មោះ​ទា សុខ កំពុង​សំងំ​​លាក់​ខ្លួន​​​ក្នុង​ផ្ទះ​​ពល​រដ្ឋ​ម៉ាឡេ​ស៊ី​មួ​យកន្លែង​ក្បែរ​ មាត់​​សមុទ្រ​​​ក្នុង​ខេត្ត​សារ៉ាវ៉ាត់​នៃ​ប្រទេស​សាម៉ាឡេស៊ី ។ ទិត្យ​ ភ័ក្ត្រ​ បាន​ប្រាប់​ទៀត​ថា រីឯពួក​ខ្លួន​​២​នាក់​​ទៀត​​គឺ​ឈ្មោះ​​ឆន ក្រិម និង​ឈ្មោះ​​ពឹង កំពុង​រងទារុណ​ម្ម​នៅលើ​ទូក​នេសាទ​​របស់​​ជនជាតិ​​ម៉ាឡេស៊ី​ ព្រោះ​​​ពួកគេតូចៗ​​មិន​អាច​​ហែលទឹក​​ឆ្លង​សមុទ្រ​​បាន​។​
កម្មករ​​ខ្មែរ​រូបនេះ​បាន​រៀបរាប់​​ថា ពួក​​ខ្លួន​​បាន​​ចូល​​ទៅ​ធ្វើ​កម្មករ​​ដោយ​មិន​ស្រប​ច្បាប់​​​លើទឹក​ដី​​ សៀម​ដែលពួក​ខ្លួន​​ធ្លាប់​ចេញ​ចូល​​ជា​ប្រចាំ​ ប៉ុន្តែ​​នៅ​ថ្ងៃ​​ទី​១៤ មេសា ​កន្លង​ទៅ ក៏ត្រូវ​​​ពួកទាហាន​​សៀម​​​ព័ទ្ធ​ចាប់​​​បញ្ជូន​​តាម​រថយន្ត​មក​កាន់​សមុទ្រ ​​ម៉ាឡេស៊ី​​​ដើម្បី​​លក់​ឱ្យ​ធ្វើ​ពលកម្ម​លើ​ទូក​​ជនជាតិ​​​ម៉ាឡេស៊ី​ ។ ​បុរស​នេះ​និយាយ​​ទៀត​ថា ​ពួក​ខ្លួន​​ត្រូវ​ធ្វើ​ដំណើរ​​តាម​ទូក​ចំនួន​១០​យប់​​ទើប​ដល់​ខេត្ត​ សារ៉ាវ៉ាត់ ប្រទេស​​ម៉ាឡេស៊ី​ ហើយ​​ខណៈនោះ​​ពួក​ខ្លួន​​៦​នាក់​​បាន​​លោត​ចុះពី​ទូក​​ពេល​យប់​​ដោយ​កាន់​ ប៊ីដុង​​ម្នាក់​១​ ហែល​ឆ្លង​សមុទ្រ​ ប្រហែល​​២០០​ម៉ែត្រ​ទើប​​ដល់​ច្រាំង​ ហើយ​​លាក់​ខ្លួន​​​មួយ​រយៈ​​ ។ ឈ្មោះទិត្យ ភ័ក្ត្រ​ ​បាន​​បញ្ជាក់​ថា ​ពេល​​ខ្លួន​​លោត​ចុះទឹក​​ហែល​បាន​បន្តិច​គេឮ​សំឡេង​​ស្រែក​​​ឱ្យជួយ​ដែល​ ទំនង​ម្ចាស់​ទូក​​វាយ​ធ្វើ​បាប​​ឈ្មោះ​​ក្រឹម​ និង​ឈ្មោះ​ពឹង ដែល​នៅលើទូក​​នោះ។
រីឯ​អ្នក​ស្រី​​ផាន់ សុវ៉ាង អាយុ​​៤៥ឆ្នាំ រស់​នៅ​​​ស្រុក​​សំពៅ​លូន​ ដែរ​បាន​និយាយ​ថា ​ប្តីរបស់​​គាត់​ក៏កំពុង​​លាក់​ខ្លួន​​​នៅជាមួយ​គេ​ដែរ​ក្រោយពី​​ហែល​ទឹក​ រួច​ពីទូកនេសាទ ។ ដោយ​ឡែក​​អ្នក​ស្រី​​ឆាយ ឈូន រស់​នៅ​​ស្រុក​កំរៀង​ ក៏​បាន​​​ប្រាប់​ដែរ​​ថា កូន​​ប្រុស​គាត់​​ម្នាក់​និង​ក្មួយ​ម្នាក់​​ក៏រត់​​រួចពីទូក​នេសាទ​នោះ​ហើយ​ ដែរ​ ។ ពួក​​គាត់​និយាយថា ពួកគាត់​​​មក​កាន់​ស្នាក់​ការ​​អាដ​ហុក​​នេះ​ក្នុងបំណង​​សុំ​ឱ្យ​ជួយ​ អន្តរាគមន៍​យ៉ាង​ណា​រំដោះ​កូន​ ក្មួយ​ និងប្តី​របស់​​គាត់​​ពី​ប្រទេស​​ម៉ាឡេ​ស៊ី​ផង ពិតមែន​តែពួកគេ​ឆ្លងដែន​ខុស​ច្បាប់​​​ក្តី ។
លោក​យិន ម៉េងលី ​មន្ត្រី​ស៊ើប​អង្កេត​អង្គការ​​​អាដ​ហុក​​​​ប្រចាំ​ខេត្តបាត់​ដំបង​​​ ​និង​ប៉ៃលិន​ បាន​​​ថ្លែង​​ថា យើង​បាន​​ទទួល​បណ្តឹង​របស់​​អាណា​ព្យាបាល​​ពលករ​ខ្មែរ​ទាំង​នោះ​​ហើយ​ ហើយ​យើង​​នឹង​បញ្ជូន​​​សំណុំរឿង​​នេះ​ទៅ​កាន់​ស្នង​ការ​​ដ្ឋាន​ខេត្ត​​ ដើម្បី​ចាត់​ការ​បន្ត ។ ​លោក​និយាយថា​ បើករណី​​ដែល​ស្នង​ការ​​ដ្ឋាន​ជួប​ការ​លំបាក​យើង​នឹងរាយ​ការណ៍​​ជូនទៅ​សមាគម​ ​អាដ​ហុក​​នៅ​ភ្នំពេញ​​ដើម្បី​​​សហការ​ជាមួយ​​ក្រសួង​​មហា​ផ្ទៃ​​ចាត់​ការ​ រឿង​នេះ​​​ឱ្យ​បាន​លឿន​ ព្រោះ​ពលករ​ទាំង​៨​​នាក់​នេះ​កំពុង​​​ជួបគ្រោះ​អាសន្ន​​យ៉ាង​ធ្ងន់​ធ្ងរ​ ដូច្នេះ​​​យើង​ត្រូវ​​​​តែពន្លឿន​ចំណាត់​ការ​នេះ ៕

No comments:

Post a Comment