​កិច្ចប្រជុំ​​​ស្តីពីការ​​លុបបំបាត់​​​​​ការចម្លង​​មេ​រោគ​អេដស៍​​ពីមាតា​ទៅទារក​

រូបភាពសារព័ត៍មានកោះសន្តិភាព
​បុរីញូវយ៉ក​​ ៖ ​​សម័យ​ប្រជុំ​​ពេញអង្គ​របស់​កិច្ច​​ប្រជុំជាន់ខ្ពស់​​​មហាសន្និបាត​អង្គការ​​សហ​ប្រជាជាតិ​​ឆ្នាំ​២០១១ ​ស្តីពី​អេដស៍ បានប្រារព្ធ​ពិ​ធី​បើកនៅទីស្នាក់ការ​​កណ្តាល​​របស់អង្គការ​​​សហ​ប្រជាជាតិ​​បុរីញូវយ៉ក សហរដ្ឋអាមេរិក ​នៅព្រឹកថ្ងៃទី​​៨ មិថុនា ​ឆ្នាំ​២០១១ ។ ​ជាមួយ​នឹង​កិច្ចប្រជុំ​​​ជាន់ខ្ពស់​​ដ៏មានសារ​សំខាន់​នេះ ​វេទិកា​​​ជាប្រវត្តិសាស្ត្រ​​របស់ស្ត្រីទី​១ ​ទូទាំង​ពិភពលោក​ ដើម្បី​​​លុបបំបាត់​​ការ​ចម្លង​​ថ្មីមេរោគ​​អេដស៍​ពីមាតា​​ទៅកុមារ ​បានប្រារព្ធ​ពិធីបើក​ជា​ផ្លូវការ​​នៅ​រសៀលថ្ងៃទី​​៨ មិថុនា ដោយ​​មាន​វត្ត​មាន​​អញ្ជើញ​ចូលរួមពីស្ត្រី​ទី​១ ​ភរិយា​ថ្នាក់​ដឹកនាំ​​ប្រមុខ​រដ្ឋ ​ប្រមុខ​​រដ្ឋាភិបាល មកពី​ប្រទេស​ចំនួន​​២៧​លើ​ពិភព​លោក ​និង​ពី​តំណាង​​​ឥស្សរ​ជន​​ជាន់​ខ្ពស់របស់​​រដ្ឋាភិបាល​​ អង្គការ​​ជាតិ​-​អន្តរជាតិ​ និង​​សង្គម​ស៊ីវិល​​​សរុបប្រមាណ​​​៥០០នាក់ ​។

ព្រឹត្តិ​ការណ៍​​​ដ៏មានសារ​សំខាន់​ និង​ជា​ប្រវត្តិ​សាស្ត្រ​នេះ​​​ប្រព្រឹត្ត​​ទៅ​​ក្រោមអធិបតីភាព​​​ដ៏​ខ្ពង់ខ្ពស់​​របស់​លោកជំទាវ​​បាន ស៊ូន​តេក (Ban Soon Taek) ភរិយា​​​លោកបាន គីមូន ​​អគ្គ​លេខា​ធិការ​អង្គ​ការ​សហប្រជាជាតិ​ លោកជំទាវ​​ វ៉ោយ​ហ្សេរ៉ូ ​អាហ្ស៊ីប ម៉េសហ្វ៊ីន (Woizero Azeb Mesfin) ស្ត្រីទី​១​របស់​ប្រទេស​​អេត្យូពី និង​ជា​ប្រធាន​អង្គការ​​ស្ត្រីនៅ​បណ្តាប្រទេស​​អាហ្វ្រិក ​លោក​ម៉ាយ​ឃែល សាយឌីបេ (Michel Sidibe) នាយក​រដ្ឋ​ប្រតិបត្តិ​នៃកម្មវិធី​​​រួមរបស់​​អង្គ​ការ​​សហប្រជាជាតិ​​ស្តីពី​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ​និង​លោកជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ស្ត្រីទី១ របស់​កម្ពុជា ភរិយា​ដ៏​ឧត្តុង្គ​ឧត្តម​របស់​​​​សម្តេច​អគ្គមហាសេនាបតី​តេជោ​​ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា។

ថ្លែង​​​​សុន្ទរកថា​​បើក​កិច្ច​ប្រជុំ​កំពូលស្ត្រី​ទី​១ ​ទូទាំង​ពិភពលោក ដើម្បីលុប​បំបាត់​​ការចម្លង​ថ្មី ​មេរោគអេដស៍ពីមាតា​ទៅ​​ទារក​ លោកជំទាវ​បាន ស៊ូន​តេក ​បាន​គូសបញ្ជាក់​ថា ​ការ​ចម្លង​​មេរោគ​អេដស៍​ពីមាតាទៅទារក គឺ​ជា​រឿង​​​មួយ​ដ៏​​អយុត្តិធម៌ នៅ​លើពិភពលោក​នៃយើង ហើយក៏​ជា​​រឿង​​មួយដែល​​គេអាច​​​​ទប់ស្កាត់​​ជា​មុន​បាន ។ ទោះបីជា​​មានការ​រីក​ចម្រើន​​គួរ​ឱ្យ​កត់​សម្គាល់​​យ៉ាង​​ណាក្តី ​ក្នុងរយៈ​ពេលជាងមួយ​​ទស​វត្ស​​កន្លង​មក ក៏ដូច​សព្វថ្ងៃ​នេះដែរ ក្នុងមួយថ្ងៃៗ​មាន​ទារក​ប្រមាណ​​ជា​១ពាន់នាក់ ដែល​កើត​មក​ផ្ទុក​​មេ​រោគ​អេដស៍ ហើយ​ជំងឺ​​អេដស៍​នេះ គឺ​ជា​មូល​ហេតុ​​ចម្បង​នៃ​​មរណ ភាព​របស់​មាតា នៅក្នុង​ប្រទេស​​កំពុងអភិវឌ្ឍន៍ ។ ថ្ងៃនេះ​​​ស្ត្រីទី​១ នៃ​ពិភព​លោក​យើង​សុទ្ធតែ​មាន​​ការប្តេជ្ញា​ចិត្ត​ដូច​គ្នា​គឺអាច​សម្តែង​​នូវសុច្ឆន្ទៈ​នយោបាយ​របស់ខ្លួន​ និង​បញ្ជាក់​​​ពីសេចក្តី​​ត្រូវការ​ក្នុងការធា​នា​​ឱ្យបាន​ថា ​ពុំ​​មាន​​​ទារកណា​ម្នាក់​កើត​មក​​មាន​ផ្ទុកមេរោគ​អេដស៍​តទៅទៀត​ឡើយ នៅឆ្នាំ​​២០១៥ ខាង​មុខ​នេះ ​ជា​ពេលវេលា​ដ៏ធំ​ចំបង ដែលយើង​បាន​​សម្រេច​​នៅទីនេះ​។​

លោកម៉ាយឃែល សាយឌីបេ (Michel Sidibe) នាយក​ប្រតិបត្តិ​​នៃ​កម្មវិធី​​រួមរបស់​​​អង្គការ​​​សហប្រជាជាតិ ​ស្តីពីមេរោគ​អេដស៍​ និង​ជំងឺ​អេដស៍ មានប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ​ភាព​រំជួលចិត្ត​​ចំពោះបញ្ហានេះ នឹងធ្វើ​​ឱ្យ​​យើង​ប្តេជ្ញា​ចិត្ត​​យ៉ាង​ច្បាស់ ​និង​ឱ្យកាន់តែ​​ប្រសើរ​ឡើង​ ដល់​ការ​​លើក​កម្ពស់​​​សុខភាពស្ត្រី និង​កុមារ​ និង​ក្នុង​ការ​​​ប្រយុទ្ធនឹងជំងឺ​អេដស៍ ។​
បន្ទាប់មក​លោកជំទា​វកិត្តិ​ព្រឹទ្ធបណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​ស្ត្រីទី​១ នៃព្រះរាជាណា​ចក្រ​កម្ពុជា​ និងជា​ភរិយា​​ដ៏ឧត្តុង្គ​ឧត្តម​​សម្តេច​អគ្គ​មហា​សេនាបតីតេជោ​​​ហ៊ុន សែន ​បានអញ្ជើញ​​ថ្លែង​បទ​​​អន្តរាគមន៍​នៅក្នុង​​ពិធីបើក​​កិច្ចប្រជុំ​​ស្ត្រី​ទី​១ ទូទាំង​ពិភពលោក​ ដើម្បីលុបបំបាត់​​ការ​ចម្លង​មេរោគអេដស៍​ពីមាតាទៅទារក ។

បន្ទាប់ពីបទ​អន្តរាគមន៍​នៃ​លោកជំទាវ​​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​រួចមក លោក​ជំទាវ​​​ជា​ស្ត្រីទី​១នៃ​បណ្តា​ប្រទេស​ចូលរួម​បាន​​ឡើង​ថ្លែង​​ពីស្ថានភាព ការប្រយុទ្ធប្រឆាំង​ជំងឺ​អេដស៍ និង​បទពិសោធន៍​នៃប្រទេស​​រៀងៗខ្លួន ​ព្រមទាំង​​បានសម្តែង​​នូវការ​​គាំទ្រ​ចំពោះ​ការ​ខិត​ខំ​លុប​បំបាត់​​ ការ​ចម្លង​​ថ្មី​នៃ​មេ​រោគ​អេដស៍​​ពី​មាតា​ទៅ​ទារក ​ដោយ​បាន​ឯក​ភាពគ្នា​​កំណត់​ថា អេដស៍​ ​វា​មាន​​ន័យ​​លើស​ពី​ជំងឺ​ឆ្លង​ ព្រោះ​អេដស៍​​ជា​បញ្ហាសិទ្ធិ​មនុស្ស សេដ្ឋ​កិច្ច សង្គម និង​ការ​អភិ​វឌ្ឍ​របស់​សង្គម​ជាតិ​ និង​របស់​ពិភព​លោក​ទាំង​មូល ។ កិច្ច​ប្រជុំ​របស់​​ស្ត្រី​​១​​​របស់​ពិភព​លោក នៅ​​ពេល​នេះ​បាន​​គូស​បញ្ជា​ក់​ថា ការ​លុប​បំបាត់​​បាន​នូវការ​ចម្លង​​មេរោគ​អេដស៍​ គឺជា​ការ​លុប​បំបាត់​បាន​នូវ​រលក​ថ្មី​នៃ​ការ​រីក​រាល​ដាល​មេ​រោគ​អេដស៍​​ ឬ​ជា​ការ​សង្គ្រោះ​បាន​ជីវិត​ម្តាយ ​ជា​ការ​កសាង​បាន​នូវ​សុភមង្គល​​គ្រួសារ សុខុមាល​ភាព​សង្គម និង​ជា​ការ​ឈាន​ទៅ​សម្រេច​បាន​ចក្ខុ​វិស័យ​ពុំ​មាន​ការ​ចម្លង​ថ្មី​មេ​រោគ​អេដស៍​ ពុំ​មាន​ការ​​រើស​អើង​​ និង​ពុំ​មាន​​នរណា​​ម្នាក់​ស្លាប់​ដោយ​សារ​មេ​​​រោគ​អេដស៍​ឡើយ​នៅ​ឆ្នាំ​២០១៥ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ជំទាវស្ត្រី​១ ដែល​ចូល​រួម​កិច្ច​​ប្រជុំ​ថ្នាក់​​​ពិភព​លោក​បាន​​មាន​ប្រសាសន៍​​​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​សម្រេច​​ចក្ខុ​វិស័យ​ខាង​លើ​នេះ និង​បាន​អំពាវនាវ​​ឱ្យ​​សហ​គមន៍​ជាតិ-អន្តរ​ជាតិ​ រដ្ឋា​ភិបាល ​អង្គការ​សង្គម​ស៊ីវិល ​ដៃ​គូ​អភិ​វឌ្ឍន៍​របស់​សហ​​ប្រជា​ជាតិ​ អង្គ​ការ​មូល​និធិ​នានា សូម​បន្ត​ការ​ចូល​រួម​គាំទ្រ​​ទាំង​ស្មារតី​ បច្ចេក​ទេស ​ថវិកា ​ជា​ពិសេស​​បង្កើន​​​ទ្វេ​ដង​ថែម​ទៀត លើ​សាមគ្គី​ភាព បន្ត​ពង្រឹង​ពង្រីក​​កិច្ចសហ​ប្រតិ​បត្តិការ​ទូ​លំទូលាយ​ ដើម្បីរួម​​កម្លាំង​​គ្នា​ «កុំ​សាង​ពិភព​លោក​​​ដែល​មាន​មេ​រោគ​អេដស៍​ធ្វើ​ឱ្យ​បញ្ហា​​អេដស៍​ក្លាយ​ទៅ​ជា​​ស្រមោល​​នៅ​ក្នុង​អតីត​កាល»៕

No comments:

Post a Comment