មន្ត្រី​អាជ្ញាធរ​អប្សរា​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ជា​ថ្មី​ទៀត


RFA/Hang Savyouth

២៤-មិថុនា-២០១១៖ ក្មេង​ស្រី​ឈ្មោះ ឈៀង ស៊ាប (ឆ្វេង) និង​ក្មេង​ស្រី​ឈ្មោះ ហ៊ន សុវេង នៅ​ទីស្នាក់ការ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​សៀមរាប
ក្មេង​ស្រី​ជំទង់ ២​នាក់ ដែល​ក្នុង​ចំណោម​នោះ​ម្នាក់​គឺ​ជា​អនីតិជន​នៅ​ប្រាសាទ​បន្ទាយស្រី បាន​នាំ​គ្នា​មក​ដល់​ទីស្នាក់ការ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​​​ ក្នុង​ខេត្ត​សៀមរាប កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២៤ ខែ​មិថុនា បំណង​​ស្វែង​រក​ការ​ជួយ​ជ្រោមជ្រែង​ខាង​ផ្លូវ​ច្បាប់​ ដើម្បី​ធ្វើ​ពាក្យ​បណ្តឹង​មួយ​ប្រឆាំង​នឹង​មន្ត្រី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ​របស់​អាជ្ញាធរ​អប្សរា​​មួយ​ចំនួន បន្ទាប់​ពី​គេ​អះអាង​ថា ក្រុម​សណ្ដាប់ធ្នាប់​អាជ្ញាធរ​អប្សរា​នៅ​តំបន់​នោះ ​បាន​ប្រើ​ដំបង​ឆក់​លើ​រាងកាយ​ពួកគេ​បណ្ដាល​ឱ្យ​មាន​ស្លាកស្នាម​ដែល​អាច​ ប្រឈម​មុខ និង​បញ្ហា​សុខភាព​នៅ​ពេល​ខាង​មុខ​ផង​នោះ។

ក្មេងស្រី​ម្នាក់​ឈ្មោះ ហ៊ន សុវេង អាយុ ១៧​ឆ្នាំ បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​២៤ ខែ​មិថុនា ថា នាង​គ្រាន់​តែ​កាន់​ក្រមា​មួយ​ដើរ​ចល័ត​ទៅ​លក់​ឱ្យ​អ្នក​ទេសចរណ៍​នៅ​ជិត​ បរិវេណ​តូប​លក់​នៃ​ប្រាសាទ​បន្ទាយស្រី ​ក៏​បណ្ដាល​ឱ្យ​ក្រុម​សណ្ដាប់ធ្នាប់​របស់​អាជ្ញាធរ​អប្សរា​ប្រចាំ​ទី​នោះ​ បញ្ជា​កម្លាំង​ទៅ​ដក​ហូត​យក​ក្រមា​នោះ បណ្ដាល​ឱ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា ហើយ​អាជ្ញាធរ​អប្សរា​នោះ​បាន​ប្រើ​ដំបង​ឆក់​លើ​រាងកាយ​របស់​នាង។
ហ៊ន សុវេង រៀបរាប់​ដូច្នេះ ៖ «នៅ​កំពុង​តែ​មាន​ភ្ញៀវ​ខ្ញុំ​កាន់​ អីវ៉ាន់​លក់​ធម្មតា គេ​ថា កុំ​ឱ្យ​ខ្ញុំ​លក់​អ៊ីចឹង​វា​បង្ក​ទៅ​ជា​អនាធិបតេយ្យ។ ពេល​ស្ងាត់​ភ្ញៀវ​ទៅ​គេ​ក៏​ដេញ​ខ្ញុំ​ទៅ​លក់​ឯ​ក្រោយ​វិញ ខ្ញុំ​ក៏​មិន​ឮ​មាត់​អី​ដែរ ដល់​មួយ​សន្ទុ​ឈ្មោះ សុខ បូរ៉ា បាន​ប្រាប់​ឱ្យ​កូន​ចៅ​ចាប់​យក​អីវ៉ាន់​ខ្ញុំ​ទៅ ខ្ញុំ​ចាប់​ទាញ​ក្រមា​ទៅ​វិញ​ទៅ​មក ​ពួក​អ្នក​លក់​ចល័ត​ទាំង​អស់​គ្នា​ឃើញ​ទៅ​ក៏​បាន​រត់​មក​ជួយ​ប្រវាយប្រតប់​ គ្នា​គេ​ទាញ​ប្រដាប់​ឆក់​មក ខ្ញុំ​អត់​បាន​លែង​ក្រមា»
ក្មេងស្រី​ម្នាក់​ទៀត​ឈ្មោះ ឈៀង ស៊ាប អាយុ ២១​ឆ្នាំ បាន​មាន​ប្រសាសន៍​បន្ថែម​ថា នាង​ក៏​ត្រូវ​អាជ្ញាធរ​អប្សរា​ប្រើ​ដំបង​ឆក់​លើ​រាងកាយ​ដែរ​ នៅ​ពេល​ដែល​នាង​ឃើញ​មិត្តភ័ក្ដិ​របស់​នាង​ប្រតាយប្រតប់​​ជាមួយ​កម្លាំង​ អាជ្ញាធរ​អប្សរា ហើយ​នាង​រត់​ទៅ​ជួយ​នោះ ៖ «ខ្ញុំ​ថា ដើរ​ទៅ​ផ្ទះ នៅ​ពេល​នោះ​ខ្ញុំ​ឃើញ​​ពួកម៉ាក​ខ្ញុំ​ចាប់​ប្រតាយប្រតប់​ជាមួយ សុខ បូរ៉ា អាជ្ញាធរ​អប្សរា​ហ្នឹង ខ្ញុំ​ក៏​ទៅ​ជួយ។ អាជ្ញាធរ​អប្សរា​ម្នាក់​គាត់​បាន​កាន់​ដំបង​ឆក់​យក​មក​ឆក់​ខ្ញុំ គេចុច​ត្រែតៗ វា​មាន​ភ្លើង ២ ហើយ​យក​មក​ឆក់​កែងដៃ​ខ្ញុំ ហើយ​និង​ឆក់​ចំ​ពោះ ពេល​នោះ​ខ្ញុំ​ដួល​ប៉ះ​នឹង​តុ​គេ រួច​ធ្លាក់​មក​លើ​ការ៉ូឡា ពេល​ហ្នឹង​ខ្ញុំ​ឃើញ​គេ​ចាប់ Guide (ចិន) មក​ពី Guide ចិន​បាន​ថតរូប»
ទោះ​យ៉ាង​ណា​លោក ព្រំ ករុណា ដែល​ជា​ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ និង​ប្រតិបត្តិការ​របស់​អាជ្ញាធរ​អប្សរា បាន​មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មិថុនា ថា លោក​ពុំ​ទាន់​បាន​ដឹង​បញ្ហា​ដែល​កើត​ឡើង​នៅ​តំបន់​ប្រាសាទ​បន្ទាយស្រី នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ ៖ «រង​នាយកដ្ឋាន​មួយ គាត់​ទទួល​ការងារ​ខាង​ហ្នឹង គាត់​អត់​ឃើញ​រាយការណ៍​មក​ថា​ម៉េច​ផង ទើប​បង​ឯង​និយាយ​ហ្នឹង​បាន​ខ្ញុំ​ដឹង​ណា»
ចំណែក​លោក ព្រឹម វិរៈ ដែល​ជា​អ្នក​គ្រប់គ្រង​កម្លាំង​អាជ្ញាធរ​អប្សរា​ប្រចាំ​ប្រាសាទ​បន្ទាយស្រី នោះ មិន​បាន​ទទួល​ទូរស័ព្ទ​ដើម្បី​ធ្វើ​ការ​ពន្យល់​បញ្ហា​នោះ​យ៉ាង​ណា​ឡើយ។
ក្មេង​ស្រី ២​នាក់​ដែល​អះអាង​ថា រូបគេ​បាន​ទទួល​រង​ឧបករណ៍​ឆក់​របស់​មន្ត្រី​អាជ្ញាធរ​អប្សរា​នោះ បាន​ឱ្យ​ដឹង​ថា គេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​ទារ​ប្រាក់​ចំនួន​ប្រមាណ ១.៤០០​ដុល្លារ​សហរដ្ឋ​អាមេរិក ថ្លៃ​ជំងឺ​ចិត្ត​ពី​មន្ត្រី​អាជ្ញាធរ​អប្សរា​ដែល​បាន​ប្រព្រឹត្ត​អំពើ​នោះ ហើយ​និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ដាក់​ទោស​អ្នក​ទាំង​នោះ​ទៅ​តាម​ វិន័យ​រដ្ឋបាល​​របស់​មន្ត្រី​រាជការ​ផង។
អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា គេ​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ទាំង ២​នាក់​នោះ ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ករណី​នោះ​បន្ត នៅ​​មុន​ពេល​ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើ​អន្តរាគមន៍​តាម​ផ្លូវ​ច្បាប់។
នេះ​ជា​លើក​ទី​២​ហើយ​ដែល​អាជ្ញាធរ​អប្សរា​ប្រចាំ​ប្រាសាទ​បន្ទាយស្រី ទទួល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជាពលរដ្ឋ។
កាល​ពី​អំឡុង​ខែ​មីនា កន្លង​ទៅ អ្នក​តំណាង​រាស្ត្រ ឪពុក​ម្ដាយ​​កុមារ និង​កុមារ​ខ្លះ បាន​ធ្លាប់​ចោទ​ប្រកាន់​មន្ត្រី​អាជ្ញាធរ​អប្សរា​នៅ​បន្ទាយស្រី ម្ដង​មក​ហើយ​ថា បាន​ប្រើ​អំពើ​​​ហិង្សា​វាយ​ដំ និង​គំរាមកំហែង​​ទៅ​​លើ​រូបកាយ​កុមារ​ជា​អ្នក​ដើរ​លក់​វត្ថុ​អនុស្សាវរីយ​ជា ​ច្រើន​នាក់ ដែល​អំពើ​នោះ​គឺ​ខុស​ច្បាប់ និងរំ​លោភ​ទៅ​លើ​សិទ្ធិ​ការពារ​កុមារ​ផង៕​​​

No comments:

Post a Comment