បញ្ហាការជ្រើសរើសពលការិនីទៅធ្វើការនៅម៉ាឡេស៊ី
ដោយ ម៉ៅ សុធានី
2011-06-10
ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានបដិសេធជាញឹកញាប់ក៏ដោយ ក៏របាយការណ៍ស៊ើបអង្កេតមួយកាលពីពេលថ្មីៗនេះ បានរកឃើញភស្តុតាងជាច្រើនដែលបង្ហាញថា ក្រុមហ៊ុនបញ្ជូនពលការិនីកម្ពុជា ទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី មានពលការិនីខ្លះជាកុមារីនៅមិនទាន់គ្រប់អាយុ ហើយត្រូវបានថៅកែជនជាតិម៉ាឡេស៊ី វាយធ្វើបាប និងចាប់រំលោភផ្លូវភេទ។ពលការិនីខ្មែរដែលធ្វើចំណាកស្រុកទៅធ្វើការជាស្ត្រីបម្រើតាម ផ្ទះនៅប្រទេសម៉ាឡេស៊ី ជួបប្រទះនឹងបញ្ហាជាច្រើន។ នេះជាការអះអាងរបស់លោកស្រី ហ្យូសណា ផោឌែល (Jyotsna Poudyal) មន្ត្រីស៊ើបអង្កេតរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលបានចុះធ្វើការស៊ើបអង្កេតករណីនេះដោយផ្ទាល់ជាមួយសហសេវិក ម្នាក់ទៀត រយៈពេល ៣សប្ដាហ៍នៅក្នុងប្រទេសកម្ពុជា និងមួយសប្ដាហ៍ទៀតនៅប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗកន្លងមកនេះ។
លោកស្រីបន្តថា ៖ «ការពិតទៅ អង្គការ Human Rights Watch ធ្វើដំណើរទៅប្រទេសកម្ពុជា និងម៉ាឡេស៊ី ចន្លោះពីខែមេសា និងឧសភា កន្លងមកនេះ ដើម្បីពិនិត្យមើលស្ថានភាពទាក់ទងនឹងពលការិនីខ្មែរដែលធ្វើចំណាក ស្រុក ទៅធ្វើការជាអ្នកបម្រើនៅតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី និងវិធានការមួយចំនួនរបស់ក្រសួងពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងការពារស្ត្រីទាំងនោះកុំឲ្យធ្លាក់ខ្លួនជាជនរងគ្រោះក្នុងអំពើ ហិង្សា វាយធ្វើបាប ការចាប់រំលោភផ្លូវភេទ។ ខ្ញុំសូមបញ្ជាក់ថា របាយការណ៍ពិស្ដារនេះនឹងចុះផ្សាយជាសាធារណៈនៅក្នុងខែកញ្ញា ឆ្នាំ២០១១នេះ ។ ប៉ុន្តែយើងកំពុងធ្វើការវិភាគពិនិត្យឲ្យបានហ្មត់ចត់ និងរង់ចាំការបញ្ជាក់ពីមន្ត្រីរដ្ឋាភិបាលកម្ពុជា និងព័ត៌មានបន្ថែម។ ប៉ុន្តែខ្ញុំអាចប្រាប់ពីអ្វីដែលយើងរកឃើញ និងព្រួយបារម្ភ»។
លោកស្រី ហ្យូសណា ផោឌែល បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃទី៦ ខែមិថុនា នេះថា ក្រោយពីបានជួបពិភាក្សាជាមួយពលការិនីខ្មែរជាច្រើន មន្ត្រីស្ថានទូតខ្មែរ ក្រុមហ៊ុនជ្រើសរើសពលករ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅប្រទេសម៉ាឡេស៊ីមក លោកស្រីមានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ក្រោយពីបានរកឃើញថា ពលការិនីខ្មែរដែលទៅធ្វើការជាអ្នកបម្រើនៅផ្ទះក្នុងប្រទេស ម៉ាឡេស៊ី ជួបប្រទះនឹងបញ្ហាជាច្រើន។
លោកស្រី ហ្យូសណា ផោឌែល ៖ «អ្វីដែលខ្ញុំរកឃើញ គឺស្ត្រី និងយុវនារីទាំងនោះពុំមានលិខិតឆ្លងដែន ពុំមានប្រាក់កាក់ ទទួលបានព័ត៌មានតិចតួច សូម្បីតែភាសាក៏មិនសូវចេះដែរក្នុងការនិយាយប្រាប់គេនៅពេលមាន បញ្ហាចង់ឲ្យគេជួយ។ និយាយឲ្យចំទៅ ស្រីពលការិនីទាំងនោះគឺរស់នៅដោយខ្លួនគេ ពុំមាននរណាជួយ សូម្បីតែគេរងនឹងការធ្វើបាប និងការចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញ។ បញ្ហាទាំងនេះហើយដែលធ្វើឲ្យយើងមានការព្រួយបារម្ភខ្លាំងណាស់។ ម្យ៉ាងវិញទៀត យើងរកឃើញថា ពលការិនីទាំងនោះជំពាក់ប្រាក់ក្រុមហ៊ុន ហើយត្រូវធ្វើការសងគេវិញ រួមទាំងតម្លៃសេវាផងដែរ»។
បញ្ជាក់ប្រាប់បន្ថែមទៅលើការរកឃើញរបស់មន្ត្រីស៊ើបអង្កេតរបស់ អង្គការ Human Rights Watch នេះ លោកស្រី មូរ សុខហួរ តំណាងរាស្ត្រនៃគណបក្ស សម រង្ស៊ី និងជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ទទួលស្គាល់ថា ស្ត្រី និងយុវវ័យខ្មែរដែលទៅធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីនោះ ពុំមានច្បាប់ការពារត្រឹមត្រូវឡើយ។
លោកស្រីតំណាងរាស្ត្រ មូរ សុខហួរ បានមានប្រសាសន៍បន្តថា ទោះបីជាក្រុមហ៊ុនដែលជ្រើសរើសពលករខ្មែរប្រព្រឹត្តអំពើខុសឆ្គង ក៏ដោយ ក៏ក្រសួងពាក់ព័ន្ធកម្ពុជា ពុំបានចាត់វិធានការសមស្របណាមួយដើម្បីទប់ស្កាត់ឡើយ ៖ «ក្រសួង ការងារ មិនអាចទប់ទល់ មិនអាចតាមដាននូវអំពើដែលប្រព្រឹត្តខុសច្បាប់ ហើយក្រុមហ៊ុនមួយចំនួននោះមិនទទួលទណ្ឌកម្មពីច្បាប់ ដូចជាយកលិខិតឆ្លងដែនពីពលរដ្ឋ បង្កឲ្យក្រុមគ្រួសារខ្ចីលុយ ជំពាក់សងរាប់ឆ្នាំ ធ្វើសំបុត្រកំណើតក្លែងក្លាយ ដោយដំឡើងអាយុក៏ដោយ»។
ទាក់ទងនឹងការលើកឡើងរបស់មន្ត្រីស៊ើបអង្កេតរបស់អង្គការ Human Rights Watch និងលោកស្រីតំណាងរាស្ត្រ មូរ សុខហួរ លោក កុយ គួង អ្នកនាំពាក្យនៃក្រសួងការបរទេសកម្ពុជា បានថ្លែងប្រតិកម្មថា ក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងរឿងបញ្ហាពលករខ្មែរដែលទៅធ្វើការនៅ ប្រទេសក្រៅ។
ក៏ប៉ុន្តែបើតាមការអះអាងរបស់លោកស្រី ហ្យូសណា ផោឌែល មន្ត្រីស៊ើបអង្កេតនៃអង្គការ Human Rights Watch ដែលទើបបានបញ្ចប់ការស៊ើបអង្កេតរយៈពេលមួយខែ ទាក់ទងនឹងករណីពលការិនីខ្មែររាប់ពាន់នាក់ដែលទៅធ្វើការជាអ្នក បម្រើតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី បានរកឃើញថា មានពលការិនីត្រូវគេកេងប្រវ័ញ្ចពលកម្ម និងរំលោភសិទ្ធិមនុស្សតាមរូបភាពផ្សេងៗ។ ខ្លះត្រូវទទួលរងគ្រោះពីការវាយធ្វើបាប ការបង្អត់អាហារ ធ្វើការច្រើនហួសម៉ោងមិនមានពេលឈប់សម្រាក។
បន្ថែមពីនេះ ស្ថានទូតខ្មែរនៅទីក្រុងកូឡាឡាំពួរ មិនមានអនុព័ន្ធការងារទទួលខុសត្រូវ ដើម្បីជួយដោះស្រាយនៅពេលដែលមានទូរស័ព្ទហៅចូលពីស្ត្រី និងកុមារីរងគ្រោះ ដែលបានអង្វរករសុំឲ្យជួយពួកគេ ខណៈកំពុងជាប់ឃុំឃាំងក្នុងផ្ទះ និងត្រូវបានថៅកែជនជាតិម៉ាឡេស៊ី ចាប់រំលោភផ្លូវភេទ និងដកហូតលិខិតឆ្លងដែន។
របាយការណ៍ពិស្ដារនៃការរកឃើញបញ្ហាដែលបានរៀបរាប់ខាងលើនេះរបស់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នេះ នឹងចេញផ្សាយជាសាធារណៈនៅខែកញ្ញា ឆ្នាំ២០១១ ខាងមុខនេះ៕
No comments:
Post a Comment