ជន​រង​គ្រោះ​ដោយសារ​ទឹក​អាស៊ីដ​និយាយ​ពី​ភាព​អយុត្តិធម៌​​ក្នុង​តុលាការ​​កម្ពុជា

2011-07-09
ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ពី​ការ​ជះ​ទឹក​អាស៊ីដ ដែល​ដឹក​នាំ​ដោយ​ភរិយា​របស់​មន្ត្រី​រដ្ឋាភិបាល​ដ៏​មាន​អំណាច​ម្នាក់​កាល​ពី ១២​ឆ្នាំ​មុន នៅ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​តុលាការ​ក្រុង​ភ្នំពេញ ដែល​ពួក​គាត់​ចាត់​ទុក​ថា បាន​កាត់​ទោស​ជន​ដៃដល់​មិន​សមស្រប​ទៅ​តាម​នីតិវិធី និង​មិន​បាន​រក​យុត្តិធម៌​ពិត​ប្រាកដ​ដល់​សាច់ញាតិ​របស់​គេ។
RFA Photo
១៩-មីនា-២០១០៖ ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីដ អ្នកស្រី តាត ម៉ារីណា នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​សហរដ្ឋ​អាមេរិក។
លោក តាត សុក្វាន់ដូ បង​ប្រុស​បង្កើត​របស់​លោកស្រី តាត ម៉ារីណា ដែល​ជា​ជន​រងគ្រោះ​ពី​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីដ កាល​ពី​ឆ្នាំ​១៩៩៩ ពី​សំណាក់​ភរិយា​របស់​មន្ត្រី​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​១៩៩៩ មិន​សុខ​ចិត្ត​ក្រោយ​ពី​បាន​ដឹង​ថា សមត្ថកិច្ច និង​មន្ត្រី​តុលាការ​ក្រុង​ភ្នំពេញ អះអាង​ថា គេ​បាន​កាត់​ទោស​ជន​ដៃដល់​រយៈពេល​មួយ​ឆ្នាំ ហើយ​ព្យួរ​ទោស​សាកល្បង​ចំនួន ៥​ឆ្នាំ​នោះ។
លោក​ថ្លែង​ថា ដំណើរ​កាត់​ទោស​ដូច្នេះ មិន​សម​ស្រប​ទៅ​តាម​នីតិវិធី​ច្បាប់ ដោយសារ​ក្រុម​គ្រួសារ​របស់​លោក​ទាំង​អស់​មិន​ដែល​បាន​ដឹង​ទាំង​មុន និង​ក្រោយ​ការ​ជំនុំជម្រះ​នោះ ៖ «អា​រឿង​ខ្ញុំ​កាត់​ទោស​ពី​ក្រោយ​ខ្នង​ ដែល​ខ្ញុំ​អត់​បាន​ដឹង​ហ្នឹង ជា​រឿង​អយុត្តិធម៌​ជា​ទីបំផុត ហើយ​ប្អូន​ខ្ញុំ​ស្ទើរ​តែ​ដាច់​ជីវិត​នៅ​ស្រុក​ខ្មែរ​ទៅ​ហើយ កុំ​តែ​បាន​ខ្ញុំ​ខិតខំ​កាត់​កេរ្តិ៍​កាត់​ខ្មាស​ពី​អាមេរិក ដើម្បី​បាន​យក​ប្អូន​ចេញ​ពី​ស្រុក​ខ្មែរ​ហ្នឹង ដើម្បី​ឲ្យ​ប្អូន​រស់រាន​មាន​ជីវិត ប្រសិន​បើ​នៅ​ស្រុក​ខ្មែរ​ហ្នឹង ប្អូន​ខ្ញុំ​ស្លាប់​បាត់​ទៅ​ហើយ។ ពេល​កាត់​ទោស​អ៊ីចឹងៗ ក្រោយ​ខ្នង​ហ្នឹង ហើយ​ប្អូន​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ ក្រុម​គ្រួសារ​របស់​ខ្ញុំ​អត់​មាន​ដឹង​អ្វី​បន្តិច តើ​មាន​ភាព​យុត្តិធម៌​មក​ពី​ណា​មក?»
ប្រតិកម្ម​របស់​លោក តាត សុក្វាន់ដូ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​បាន​ឮ​ទូរទ
ស្សន៍​អប្សរា​របស់​គណបក្ស​កាន់​អំណាច​នៅ​ កម្ពុជា ចុះ​ផ្សាយ​សម្ដី​របស់​លោក ជីវ កេង ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ និយាយ​ថា សមត្ថកិច្ច​កម្ពុជា បាន​ធ្វើ​កិច្ចការ​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ទៅ​តាម​ផ្លូវ​ច្បាប់​គ្រប់​ ជ្រុងជ្រោយ។
លោក ជីវ កេង បាន​ថ្លែង​ដូច្នេះ ៖ «ករណី​ជះ​ទឹក​អាស៊ីដ​លើ​កញ្ញា តាត ម៉ារីណា នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ធ្វើការ​ជំនុំ​ជម្រះ​ចប់​សព្វគ្រប់​អស់​ហើយ តាម​សាលក្រម​លេខ ៧៨.ជ ចុះ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០០០ ហើយ​សាលក្រម​នេះ​បាន​ចូល​ជា​ស្ថាពរ​ទៅ​ហើយ ហើយ​សម្រេច​ផ្ដន្ទា​ទោស​ជនល្មើស​ឈ្មោះ ឃួន សុផល រយៈ​ពេល​មួយ​ឆ្នាំ ហើយ​ព្យួរ​ទោស​ដោយ​សាកល្បង​រយៈពេល ៥​ឆ្នាំ។ អ៊ីចឹង​មាន​ការ​អនុវត្ត​ចប់​សព្វ​គ្រប់​អស់​ហើយ»
កាល​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ អ្នកស្រី ឃួន សុផល ភរិយា​របស់​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ដឹកនាំ​បក្ស​ពួក​មួយ​ចំនួន ធ្វើការ​វាយ​ប្រហារ​ទឹក​អាស៊ីដ​ស្រោចស្រព​ពេញ​ខ្លួន​លើ​អ្នកស្រី តាត ម៉ារីណា កាល​ពី​មាន​វ័យ ១៦​ឆ្នាំ ជា​តារា​ខារ៉ាអូខេ។
អ្នកស្រី តាត ម៉ារីណា ដែល​សព្វ​ថ្ងៃ​មាន​កូន​ពីរ​នាក់​កំពុង​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​រំឭក​អំពី​ហេតុការណ៍​ដ៏​រន្ធត់​ឲ្យ​មជ្ឈដ្ឋាន​នានា​ដឹង​យ៉ាង​ដូច្នេះ ៖ «គាត់ ​មក​ដល់ គាត់​អង្គុយ​ជិត​ខ្ញុំ ហើយ​គាត់​ថា នាង​ឯង​ដឹង​អញ​ថា​ជា​អ្នក​ណា គាត់​បាន​និយាយ​អ៊ីចឹង។ នៅ​ក្នុង​ហេតុការណ៍​ហ្នឹង​កើត​ឡើង​មាន​មនុស្ស​ស្រី និង​ប្រុស​ប្រមាណ​ពី ៥ ទៅ ៦​នាក់ បាន​នាំ​គ្នា​ព្រួត​វ៉ៃ​លើ​រូប​រាង​កាយ​នាង​ខ្ញុំ។ ពួក​គេ​ហក់​ធាក់ អុក​នឹង​ជង្គង់​ចំ​មុខ ហើយ​និង​ដើម​ទ្រូង។ ពេល​ដែល​គេ​វ៉ៃ​អ៊ីចឹង​ទៅ ខ្ញុំ​ស្ទះ​ដង្ហើម​ដួល​សន្លប់​នៅ​លើ​ដី។ ក្រោយ​មក​ស្រាប់​តែ​ខ្ញុំ​មាន​អារម្មណ៍​រោល​ឆេះ​ពេញ​ខ្លួន​របស់​នាង​ខ្ញុំ។ ទឹក​អាស៊ីដ​បាន​ស្រោច​ពេញ​លើ​ផ្ទៃ​មុខ និង​ភ្នែក​របស់​នាង​ខ្ញុំ។ នាង​ខ្ញុំ​មិន​អាច​បើក​ភ្នែក​បាន ពេល​នោះ​ខ្ញុំ​គិត​ថា វា​ប្រាកដ​ជា​ខ្វាក់​ហើយ»
អ្នកស្រី​បាន​ថ្លែង​ទាំង​ទ្រហោ​យំ​ថា អ្នកស្រី​តែង​នឹក​ឃើញ​សុបិន​អាក្រក់​រៀងរាល់​យប់​អំពី​ហេតុការណ៍​ដែល​បាន​ កើត​ឡើង ហើយ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​ជា​ម្ចាស់​ដាក់​ទោស​អ្នកស្រី​ឲ្យ​ក្លាយ​ជា​មនុស្ស​ មិន​មែន​មនុស្ស ខ្មោច​មិន​មែន​ខ្មោច​អស់​មួយ​ជីវិត​យ៉ាង​ដូច្នេះ? ដែល​សូម្បី​សង្គម​មិន​រក​យុត្តិធម៌​ឲ្យ​បាន​នោះ។
អ្នកស្រី តាត ម៉ារីណា បន្ថែម​ដូច្នេះ ៖ «ខ្ញុំ​គិត​ថា នៅ​ស្រុក​ខ្មែរ​យើង​វា​គ្មាន​យុត្តិធម៌​សម្រាប់​ប្រជាជន​នោះ​ទេ ប្រសិន​បើ​គេ​បិទ​សំណុំ​រឿង​របស់​ខ្ញុំ​មែន ច្បាប់​គេ​ធ្វើ​របៀប​អ៊ីចឹង​នោះ ច្បាប់​វា​គ្មាន​យុត្តិធម៌​សម្រាប់​ប្រជាជន ហើយ​និង​ខ្មាស​ដល់​អន្តរជាតិ​ដែល​គេ​មើល​មក​ស្រុក​ខ្មែរ​យើង​រៀងរាល់​ថ្ងៃ។ ស្រុក​ខ្មែរ​របស់​យើង​ដូច​អន្តរជាតិ​គេ​បាន​និយាយ​អ៊ីចឹង ហើយ​ខ្ញុំ​មាន​ការ​ឈឺ​ចាប់។ តើ​យុត្តិធម៌​នៅ​ឯ​ណា? គឺ​គ្មាន។ ខ្ញុំ​ចង់​ឃើញ​ស្រុក​ខ្មែរ​មាន​ការ​ផ្លាស់ប្ដូរ ហើយ​មាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​ទូទៅ ហើយ​និង​ស្ទួយ​ស្រុក​ខ្មែរ។ ខ្ញុំ​សូម​ជម្រាប​តាម​ត្រង់ ចាប់​តាំង​ពី​ថ្ងៃ​កើត​ហេតុ​នេះ​មក ឥឡូវ​រាល់​ថ្ងៃ រូប​ខ្ញុំ​មិន​ដែល​ដេក​លង់លក់​ស្រួល ឬ​ឈប់​គិត​ថ្ងៃ​កើត​ហេតុ​មក​លើ​រូប​ខ្ញុំ​មួយ​ថ្ងៃ​ដែរ។ នេះ​ជា​ទោស​សម្រាប់​ជីវិត​ខ្ញុំ​អស់​មួយ​ជីវិត។ អ្នក​ដែល​ប្រព្រឹត្ត​ល្មើស​គឺ​គេ​នៅ​ក្រៅ​ឃុំ​មាន​សេរីភាព ចំណែក​ខ្ញុំ​ជា​អ្នក​ជាប់​គុក ព្រោះ​ខ្ញុំ​ជា​ជន​រង​គ្រោះ ហើយ​ស្លាកស្នាម​នោះ​នៅ​ជាប់​ខ្លួន​របស់​នាង​ខ្ញុំ​អស់​មួយ​ជីវិត»
ទោះ​បី​ជា​មាន​ការ​ឆ្លើយ​បំភ្លឺ​របស់​ជន​រង​គ្រោះ អំពី​ហេតុការណ៍​ឧក្រិដ្ឋកម្ម​ទឹក​អាស៊ីដ និង​ភាព​សោកស្ដាយ​ដែល​រូប​សម្ផស្ស​របស់​នាង​ត្រូវ​បាន​បំផ្លាញ​ទាំង​ស្រុង​ យ៉ាង​ណា​ក៏ដោយ ក៏​លោក ទូច ណារ៉ុថ ស្នងការ​ក្រុង​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ថ្លែង​តាម​រយៈ​ទូរទស្សន៍​អប្សរា​ថា សមត្ថកិច្ច​កម្ពុជា បាន​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​រួច​រាល់​ហើយ ម្យ៉ាង​ទៀត រយៈពេល​នៃ​ការ​ដាក់​ទោស​ទណ្ឌ​ជន​ល្មើស ក៏​បាន​ផុត​រលត់​បាត់​ផង​ដែរ។
លោក​ថ្លែង​ដូច្នេះ ៖ «យើង​ចាត់ការ ហើយ​យើង​បាន​កសាង​សំណុំ​រឿង​ទៅ​តុលាការ​រហូត​ដល់​តុលាការ​ចេញ​សាលក្រម ហើយ​សាលក្រម​នោះ​បាន​ចូល​ជា​ស្ថាពរ​ទៅ​ហើយ សម្រេច​ផ្ដន្ទា​ទោស​ជន​ល្មើស​បង្ក​របួស​ស្នាម​ដោយ​ចេតនា ផ្ដន្ទា​ទោស​រយៈពេល​មួយ​ឆ្នាំ ហើយ​យើង​ព្យួរ​ទោស ក៏​ប៉ុន្តែ​គឺ​សាកល្បង​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ហ្នឹង​រយៈពេល​ប្រាំ​ឆ្នាំ។ ដូច្នេះ​យើង​គិត​មើល តាំង​ពី​ឆ្នាំ​២០០១ ២០០២ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ អាជ្ញាយុកាល​វា​ផុត​ហើយ​នៃ​ការ​ព្យួរ​ទោស​នេះ។ ដូច្នេះ​យើង​ឃើញ​ហើយ​ថា មិន​មែន​យើង​មិន​ចាត់ការ​ទេ យើង​ចាត់ការ»
វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​បន្ថែម​ពី​លោក ទូច ណារ៉ុថ និង​លោក ជីវ កេង ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ បាន​ទេ ទាក់ទិន​ទៅ​នឹង​ការ​កាត់​ទោស​អ្នកស្រី ឃួន សុផល កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០០ ថា​តើ​ការ​កាត់​ទោស​នោះ​ធ្វើ​ឡើង​ដោយ​កំបាំង​មុខ​ជន​ដៃដល់ ហើយ​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែរ ឬ​យ៉ាង​ណា​នោះ?
ផ្អែក​តាម​នីតិវិធី​ព្រហ្មទណ្ឌ​សម័យ​អន្តរកាល​ចែង​ថា ក្រោយ​ពី​តុលាការ​ប្រកាស​សាលក្រម​កំបាំង​មុខ​ហើយ ត្រូវ​ជូន​ដំណឹង​ដល់​ជន​ជាប់​ចោទ និង​ជន​រងគ្រោះ​ឲ្យ​ដឹង​ដើម្បី​ទុក​រយៈពេល ១៥​ថ្ងៃ ប្ដឹង​ជំទាស់​ការ​សម្រេច​របស់​តុលាការ ហើយ​មាន​រយៈពេល​ពីរ​ខែ​ទៀត​អាច​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍ គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​ការ​ជូន​ដំណឹង។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រសិន​បើ​តុលាការ​មិន​បាន​ជូន​ដំណឹង​អំពី​ការ​កាត់​ក្ដី​ទាំង​កំបាំង​មុខ​ ជន​រងគ្រោះ និង​ជន​ជាប់​ចោទ នោះ​ដំណើរ​រក​យុត្តិធម៌​អាច​មាន​ភាព​ចន្លោះប្រហោង។
លោក អំ សំអាត មាន​ប្រសាសន៍​បញ្ជាក់​ដូច្នេះ ៖ «នៅ​ក្នុង​រឿង​ហ្នឹង ប្រសិន​បើ​តុលាការ​មិន​មាន​ការ​ជូន​ដំណឹង​ទៅ​តាម​នីតិវិធី​ស្អី​ទេ វា​អាច​ថ្លោះធ្លោយ​នៅ​ក្នុង​នីតិវិធី​ហ្នឹង។ បើ​សិន​ជា​មាន​ការ​ថ្លោះធ្លោយ​មិន​ជូន​ដំណឹង អា​ហ្នឹង​វា​គឺ​ជា​រឿង​មួយ​សម្រាប់​យុត្តិធម៌​របស់​ជន​រងគ្រោះ។ អ្វី​ក៏ដោយ​ដែល​គេ​ចែង​នៅ​ក្នុង​នីតិវិធី​នេះ គឺ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ភាគី​ទាំង​សង​ខាង កាលណា​វា​ចន្លោះប្រហោង​កន្លែង​ណា​មួយ​បាត់បង់​កន្លែង​ណា​មួយ​នោះ ភាព​យុត្តិធម៌​សម្រាប់​គាត់​ហ្នឹង​ក៏​វា​បាត់បង់​ទៅ​តាម​ហ្នឹង​ដែរ»
លោក តាត សុក្វាន់ដូ បង​ប្រុស​របស់​អ្នកស្រី តាត ម៉ារីណា មាន​ប្រសាសន៍​ថា ការ​កាត់​ទោស​របស់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០០ ធ្វើ​ឡើង​យ៉ាង​អាថ៌កំបាំង ៖ «រឿង​កាត់​ទោស ឃួន សុផល ថ្មើរ​ណា​អី​ថ្មើរ​ណា អត់​ដឹង​អី​បន្តិច គ្មាន​នរណា​ម្នាក់​ដឹង​ទេ។ គេ​កាត់​ក៏​គ្នា​គេ គេ​សម្រុះសម្រួល​ក៏​គ្នា​គេ​តែ​ប៉ុណ្ណឹង​តើ។ ក្រុម​គ្រួសារ​របស់​ខ្ញុំ​គ្មាន​នរណា​ដឹង​ទេ។ ទោះ​បី​យ៉ាង​ក៏​អាច​ទាក់ទង ម៉ារីណា ថា ជន​ប្រព្រឹត្ត​បទល្មើស​លើ​ប្អូន​ស្រី​របស់​ខ្ញុំ​ហ្នឹង គេ​បាន​កាត់​ទោស​អ៊ីចេះ អ៊ីចុះ ឬ​មួយ​ក៏​ប្អូន​ខ្ញុំ​មិន​សុខ​ចិត្ត​ត្រូវ​ប្តឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍​ទៀត​ បាន។ ប៉ុន្តែ​អ្វីៗ​អត់​មាន​ដឹង​អី​ទាំង​អស់ កាត់​ទោស​កាល​ពី​ឆ្នាំ​២០០០ ហ្នឹង ក៏​ខ្ញុំ​អត់​ដឹង​ដែរ។ កាត់​ទោស​អាថ៌កំបាំង​ដូច្នេះ​វា​អត់​សម​សោះ ខ្ញុំ​មិន​ដែល​ឮ​តុលាការ​ណា​អ៊ីចឹង ទើប​តែ​ឮ​តុលាការ​ក្រុង​ភ្នំពេញ មួយ​នេះ​ឯង»
លោក​មាន​ប្រសាសន៍​បន្ត​ថា លោក​មិន​អាច​បញ្ចប់​ករណី​ប្អូន​ស្រី​របស់​លោក​ត្រង់​ចំណុច​អយុត្តិធម៌​ ដូច្នេះ​ទេ ហើយ​លោក​នឹង​បន្ត​ដំណើរ​ការ​ប្ដឹង​អំពី​ករណី​នេះ​ត​ទៅ​មុខ​ទៀត តាម​រយៈ​សហគមន៍​អន្តរជាតិ៕

No comments:

Post a Comment