នាយក​រដ្ឋមន្ត្រី​ខ្មែរ​ត្រៀម​ធ្វើ​ការ​ជា​មួយ​រដ្ឋាភិបាល​ថៃ​ថ្មី​ក្នុង​រឿង​ព្រំដែន

2011-07-06
ការ​ឈ្នះ​​​​ឆ្នោត​របស់​​គណបក្ស ភឿថៃ នៅ​ប្រទេស​ថៃ កាល​​ពី​ថ្ងៃ​ទី ៣ ខែ​កក្កដា ឆ្នាំ ២០១១ ​មាន​ប្រទេស​ជា​ច្រើន​​សាទរ និង​​សន្យា​ថា គេ​នឹង​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មេ​ដឹកនាំ​ថ្មី នៃ​ប្រទេស​នេះ។ ​ក្នុង​នោះ មាន​​សហរដ្ឋ​អាមេរិក ប្រទេស​កម្ពុជា ព្រម​ទាំង​ប្រទេស​ដទៃ​មួយ​ចំនួន​ទៀត។
AFP PHOTO/Nicolas ASFOURI
៣-កក្កដា-២០១១ ៖ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) អបអរ​សាទរ​ជ័យជម្នះ​របស់​លោក​ស្រី នៅ​សេនាធិការ​បក្ស ភឿថៃ នា​ក្រុង​បាងកក ប្រទេស​ថៃ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ២០១១ បាន​ប្រកាស​ជា​ផ្លូវការ គាំទ្រ​ជ័យ​ជម្នះ​របស់​គណបក្ស ភឿថៃ (Peu Thai Party) ដែល​ដឹកនាំ​ដោយ​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ថៃ។ លោក​សន្យា​ថា លោក​នឹង​បន្ត​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ក្នុង​ស្មារតី​សន្តិភាព និង​វិជ្ជមាន​ជាមួយ​រដ្ឋាភិបាល​ថៃ​ថ្មី ដែល​ដឹកនាំ​ដោយ​លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra)។

ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​នៅ​ឯ​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​ មួយ ក្រោម​ជំនួយ​របស់​ប្រទេស​ចិន នៅ​ឯ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ២០១១ ដែល​មាន​ប្រជា​ពល​រដ្ឋ​ចូលរួម​ជាង ១.០០០ នាក់ ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក​ត្រៀម​ខ្លួន​ធ្វើ​ការ​ជាមួយ​លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រ ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ៖ «ហើយ​សង្ឃឹម​ ថា នឹង​ធ្វើ​ការ​ជា​មួយ​គ្នា ក្នុង​ឋានៈ​ក្រប​ខណ្ឌ​ជា​ដៃ​គូរ​ក្នុង​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ កម្ពុជា-ថៃ​ផង រវាង​មហា​អនុ​តំបន់​មេគង្គ​ផង និង​យន្តការ​អាមិក (AMEC) ផង​ដែរ។ ក៏​ដូច​ជា​ក្រប​ខណ្ឌ​អាស៊ាន យន្តការ​ដទៃ​ទៀត ដែល​យើង​មាន​មក​ហើយ។ សង្ឃឹម​យ៉ាង​ដូច្នេះ ទាំង​កង​ទ័ព ទាំង​ប្រជា​ពលរដ្ឋ នៅ​តាម​ព្រំដែន មិន​ថា​នៅ​ខាង​កម្ពុជា មិន​ថា​នៅ​ខាង​ថៃ​ទេ គឺ​មាន​ការ​សប្បាយ​រីករាយ​ជា​មួយ​នឹង​ជោគ​ជ័យ ដែល​មាន​រួច​មក​ហើយ​របស់​គណបក្ស ភឿថៃ»។
លោក​បណ្ឌិត​សភាចារ្យ រស់ ចន្រ្តាបុត្រ ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិសាស្ត្រ នៅ​កម្ពុជា មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា ការ​គំរាម​កំហែង​ផ្នែក​យោធា​ថៃ​មក​លើ​កម្ពុជា នៅ​តាម​ព្រំដែន អាច​នឹង​ធូរ​ស្រាល ដោយ​សារ​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​គណបក្ស ភឿថៃ កន្លង​មក។ ប៉ុន្តែ កម្ពុជា និង​ថៃ នៅ​មាន​បញ្ហា​ធំៗ ជា​ច្រើន ដើម្បី​ដោះ​ស្រាយ ដែល​បាន​បន្សល់​ទុក​ដោយ​លោក អាប់ភិស៊ីត វ៉េតឆាឈីវ៉ាក់។
លោក​បណ្ឌិត រស់ ចន្រ្តាបុត្រ ៖ «ដក​ខ្លួន​ជា​សមាជិកភាព​ពី​ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​ដែរ​ឬ​ទេ។ អន្ទាក់​ទី​២ គឺ​តុលាការ​យុត្តិធម៌​ទី​ក្រុង ឡាអេ ដែល​សៀម​ត្រូវ​តែ​ប្រឈម​ជាមួយ​នឹង​កម្ពុជា។ ទី​៣ ប្រទេស​សៀម​ហ្នឹង​ត្រូវ​តែ​ប្រឈម​ជាមួយ​នឹង​ក្រុម​ប្រឹក្សា​សន្តិសុខ​ អង្គការ​សហ​ប្រជា​ជាតិ​ទៀត ពី​ព្រោះ​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ ធ្លាប់​បាន​កោះ​អំពី​បញ្ហា​ សៀម​ឈ្លាន​ពាន​មក​លើ​កម្ពុជា ហើយ​ធ្លាប់​បាន​ប្រគល់​អាណត្តិ​នេះ ទៅ​ឲ្យ​ឥណ្ឌូណេស៊ី ធ្វើជា គេ​ហៅ​ថា ជា​អ្នក​សម្រប​សម្រួល​បញ្ហា​កម្ពុជា»។
ប្រព័ន្ធ​ឃោសនា​នៃ​ប្រទេស​ថៃ ឈ្មោះ ម្កុត (MCOT) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ៣ ខែ​កក្កដា ឆ្នាំ ២០១១ បាន​ឲ្យ​ដឹង​ថា គណបក្ស ភឿថៃ ដឹក​នាំ​ដោយ​ប្អូន​ស្រី​ពៅ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Sinawatra) គឺ​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រ បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​សាកល នៅ​ប្រទេស​ថៃ​ចំនួន ២៦៥ អាសនៈ ប្រៀបធៀប​នឹង​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក អាប់ភិស៊ីត វ៉េតឆាឈីវ៉ាក់ គឺ​ទទួល​បាន​ចំនួន ១៥៩ អាសនៈ នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​នៅ​សភា ចំនួន ៥០០។
អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក អាប់ភិស៊ីត វ៉េតឆាឈីវ៉ាក់ បាន​ប្រកាស​លា​ចេញ​ពី​តំណែង​ជា​មេ​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី ៤ ខែ​កក្កដា​ថ្មីៗ នេះ ក្រោយ​ពី​ចាញ់​ក្នុង​ការ​បោះឆ្នោត​សាកល​នោះ។
គណបក្ស ភឿថៃ មិន​បាន​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជា​មួយ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក អាប់ភិស៊ីត នោះ​ទេ។ ប៉ុន្តែ បាន​ប្រកាស​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជា​មួយ​គណបក្ស​ចំនួន ៤ ទៀត។
ប្រទេស​កម្ពុជា​នឹង​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី ៤ ឆ្នាំ នៅ​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ទី ៧ ខែ​កក្កដា ឆ្នាំ ២០១១ បន្ទាប់​ពី​ប្រទេស​កម្ពុជា​ទទួល​ជោគជ័យ​ក្នុង​ការ​ដាក់​ប្រាសាទ​ព្រះវិហារ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក កាល​ពី​ថ្ងៃ​ទី ៧ ខែ​កក្កដា ឆ្នាំ ២០០៨ មក ដែល​ញ៉ាំង​ឲ្យ​យោធា​ថៃ បើក​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០០៨៕

No comments:

Post a Comment