អំពី​ឈ្មោះ​ឈើ​ខ្លះ​នៅ​ស្រុក​ខ្មែរ

បទពាក្យប្រាំពីរ

១- ឈើ​ព្រៃ​កុំ​កុះ​ដុះ​ដី​ខ្មែរ សង្កែ​លន្តែ​គគីរ​ជ្រៃ អង្កោល​អង្កាញ់​អង្គា​ដី អង្គា​បុស្ប​ក្ដី​អង្គញ់​ស្វា។

២- ព្រីង​ព្រុស​ជន្លុស​ជន្លាត់​ដៃ ជក់​ជម្ពូព្រៃ​ច័ន្ទក្រស្នា ផ្អុង​ផ្អាវ​ខ្វិត​ខ្វាយ​ស្ដៅ​ឆាំ​ឆា កែស​គរ​រកា កន្ទ្រោក​ងប់។

៣- ចាក​ចង្ក្រង់ស្វា​ចារ​ចាន់​ចែង ក្រឡក​ក្រឡាញ់​ទ្រៀល​ត្រុំ​ត្រប់ ដកពរ​ដកពាយ​វាយ​ទន្លាប់ រយាង​ក្រខុប​ឈ្លីក​រាក់​បាត។

៤- ខ្លុង​ត្បែង​ស្លា​ស្លែង​ត្រែង​ទ្រយឹង ទ្រមែង​ឪជ្រឹង​ត្រាច​ត្រឡាត់ ទ្រមួច​ទ្រមូង​កណ្ដោល​បាត ចង្អួរត្មាត​លាំងសាត​ស្នាយ​ដែល​ស្មេ។

៥- ពង្រ​ពង្រៀង​ល្វៀង​ថ្ងែ​ថ្ងាន់ ម៉ៃសាក់​ប៉ែន​ចាន់(១)ព្កុល​ពុត​ធ្លេ ដើម​ច្រកែងទួយ​ល្បក​ល្វា​ល្វេ អង្គ្រង​អង្គ្រេ​គ្រើល​ក្រៃ​ក្រុង។

៦- មាក់ប្រេង​មាក់ប្រាង​មាក់សាង​សោក មាក់ដោក​ឪឡោក​ក្ងោក​រុយរង្គ ភ្នំភ្នែង​អំបែងថ្ងែ​កន្ទ្រង់ រង​កន្ទួត​ប្រោង​ទន្ទ្រាន​ព្រៃ។

៧- រាំង​ភ្នំ​រាំង​សាប​រាំង​អន្លក់ ចាន់​ក្រុង​ចំបក់​ចែង​ចាន់​ត្រី ស្រឡ​ស្រឡៅ​ដើម​ស្រឡី ស្រឡឹត​សន្ទៃ​រៃ​សណ្ដាន់។

៨- លំពស់​លំពង់​រពាក់​ផ្ដៅ ក្រវក់​ក្របៅ​ថ្កូវ​ក្រវាន់ ក្រវា​ពុកឆ្មា​ទ្រនំមាន់ ពីងពុង​ពក​ពន់​ពេល​ពួច​អួល។

៩- គូលែន​ធូរេន​មៀន​មង្ឃុត សាវម៉ាវ​សាវយុត​ល្មុត​ល៉្មើ​ស្រល់ ខ្នុរណាំង​បាយស្រា​សេដា​រោល ប្រសាក់​ញី-ឈ្មោល​អំពរ​អំពា។

១០- អណ្ដូង​ព្រះ​ប្រី​ស្តី​កកោះ លឿងរាជ​លាជ​ផ្ទុះ​ភ្លាំង​កំភ្លា សម្បុល​ស្តុកស្តុល​ខ្នុរ​ស័ត្បា ស្រអំ​សណ្តា​ស្តៅ​ជ័របាញ់។

១១- ដើម​ស្នែង​ក្របី​ដើម​ស្នែង​គោ មាន​ស្នែង​ប្រើស ពោធិ៍​ចង​ចំព្រេញ ឈើ​កែវ​ឈើ​ខ្មៅ​ឈើទាល​ត្រាញ់ រំដេង​រំដេញ​រំដែលគោល។

១២- ត្រសេក​ត្រសុំ​ទ្រនំ​អាអូត លាយ​លោទ​និគ្រោធ​ត្នោត​ដូង​ថ្កុល សម៉​ស្រគំ​ម្រុម​ម្នាស់​ម្នាល់ កន្ទួត​កណ្ដោល​កំបោរ​រាក់។

១៣- ដើម​បាយ​ដំណើប​ដើម​ក្ដាំង​បាយ បាយ​ក្រញេញ​ក្រាយ​មេកង​ម្កាក់ ពោន​ពពាល​ខែ​ចម្ប៉ា​ដាក់ ក្លាំពូ​ក្លាំពាក់​ចង្ក្រង់​ត្មាត។

១៤- ប្រដាក់​មាក់បាត​មុម​ក្វាត​ទ្រាំង ច្រនៀង​ផ្ចឹក​រាំង​ទាំង​ភ្លូបាត ស្ពុង​រលួស​ផ្អុង​ផ្លុង​បាយម៉ាត ស្មាច់​ស្មិត​ត្មាត​បាត បេង​នាងនួន។

១៥- ដើម​ទេព្វិរូ​សម្បុរ​ល្វែង មន្ទារ​បុស្ប​ស្បែង​បណ្ដើរ​កូន ដូងព្រៃ​ដូងព្រះ​ដួងចែម​ពូន ដូងប្រេង​បាត់​កូន​ត្បែង​បាយស្រា។

១៦- មាន​ដើម​ឆ្កែស្រែង​សែង​ព្រះអាទិត្យ ដើមចិត្ត​មូលភ្លើង​ស្នួល​ត្រុំ​ស្វា ភូដាន​ភូវាក​ផ្ដៀក​ទន្សា ដើម​ទឹកដោះខ្លា​ទឹកដោះស្បាត។

១៧- ពោធិ៍​បេង​ញញិញ​ធ្មេញត្រី​ធ្មុត អង្អួត​អង្រុត​ជ្រៃ​អាចម៍​សត្វ ក្រវាញ​ប្រផេញ​ព្រះកម្ចាត់ ឆ្នូត​ឆ្នាល់មាន់​ស្បាត​ថ្ម​ចង្ក្រាន។

១៨- ត្បាល់​ដែក​អង្រែ​ដែក​ដើម​ត្បាល់កិន មើម​ថ្នាំ​ខ្មែរ-ចិន​ជ័រ​កំញាន ជើងគោ​ជើងចាប​ដើម​ចង្ក្រាន វល្លិ៍មាស​វល្លិ៍មៀន​ស្នាយ​ទឹក​ក្ដី។

១៩- កន្ទោក​កន្ទៃ​ដើម​កិន្ទ្រា ឃ្លេ​ឃ្លៃ​ពន្លា​ធ្លក​ល្វាដី បង្គៅ​បង្គារ​ពពារ​ធ្មៃ ប្រមោយដំរី​ស្មៃ​ក្លឹន​ទា។

២០- ដើម​កុមារពេជ្រ​ម្រេច​ទន្សាយ រលា​រលាយ​ស្រុន​ស្គន់​ស្គា ខ្សេវ​ខ្សួស​អំបោះ​ដើម​សៀងព្រា សង្ឃួច​សង្ឃា​សង្ឃ័រ​សួយ។

២១- ភ្លង​ភ្លូ​ជម្ពូ​ជន្លួញ​បរ ព្រីងចាន់​ព្រីងជ័រ​ខ្ចាស់​ប្របួយ ហៃសាន​ព្រីងថ្ម​ចំបក់​ស្រួយ ទ្រនំ​បង្គួយ​ព្រីង​ដោះក្របី។

២២- ព្រីងភ្នំ​ព្រីងធំ​ព្រុម​ព្រីងបាយ ព្រីងអួល​ដូនកាយ​លិនដំរី ក្ទម្ព​ខ្ទឹង​កំភ្លឹង​ក្របី​បី កន្ទ្រាំ​ធារី​ព្រាល​វេញ​ខ្សែ។

២៣- ព្នៅ​ព្នឹល​អម្ពិល​អំពៅ​ព្រៃ អម្ពិលទឹក​ក្ដី​អម្ពិល​ប្រក់ផ្លែ កន្ទាំងបាយស​កន្ទាំងហែ ជន្លង់លួត​ផ្លែ​ដើម​ជ្រួយភ្នំ។

២៤- មាន​ប្រមាត់ដី​ប្រមាត់មនុស្ស ប្រមាត់ថ្ម-ក្រួស(២)ដោះ​ក្រមុំ ភ្លងក្អែក​ភ្លងកាច់​ភ្លុក​ភ្លូភ្នំ កប្បាស​ភ្លូធំ​បំពង់រឿង។

២៥- ដើម​ក្រចកចាស់​ក្រចកចាប ចង្រៀក​ភ្នែកព្រាប​សង្កែភ្លើង បន្លែផ្អែម​ឈើអែម​ទាល់​កន្ថឿង បើសបេ​ឡើយ​លឿង​ដើម​ឈើ​តូច។

២៦- អញ្ចាញ​អញ្ជាន់​ភ្លៅមាន់​ក្តី ប្ញស្សីស្រុក-ព្រៃ​ដង្កោខ្មោច ក្រញូង​ក្រមរ​ក្រកោ​ពួច ទៀនព្រៃ​ក្រាក​ក្រូច​ដើម​បាយទា។

២៧- វល្លិ៍ជុយ​សាវម៉ាវវល្លិ៍​ប្រក្រុង ក្រាំង​ឈាមអន្ទង់​ប្រង់មនស្វា ទំពាំងបាយជូរ ទ្រមាក់ខ្លា ផ្ញៀវ​ក្របៅស្វា​បាយរមាស។

២៨- អាឡ​លែនពែន​មាន​វល្លិ៍ត្រី វល្លិ៍ស្លត​ស្លា​អី​សម្បួរទេស វល្លិ៍ប្រេង​វល្លិ៍យាវ​សាវទាវ​ទ្រាស រុក-រ​ក្បុង​ក្បៀស​ជណ្តើរស្វា។

២៩- វល្លិ៍អន្ទង់ស​អន្ទង់វិត អង្គញ់​ដង្ហឹត​ក្រោក​វល្លិ៍ចារ ឪណុល​ឪឡ​រកាំរញា ឈើទាល​ឈើទា​សាមសិប​ប្លាយ(៣)។

៣០- ទ្រៀក​ទ្រលឹងទឹង​ទ្រមូង​សេក ស្វាយមាស​ស្វាយចេក​ដើម​នាងស្វាយ ស្វាយសួគ៌​ស្វាយស​រលួសបាយ មាន​ក្រពុលបាយ​ស្វាយចន្ទី។

៣១- មាន​ស្វាយអន្លក់​ស្វាយពងត្រង ស្វាយកណ្តោល​ផង​មាន​ស្វាយព្រៃ មាន​ស្វាយគគីត​-​ក្បាលដំរី ខ្ទិះ​ពុំសែន​ក្ដី​ស្វាយរបា។

៣២- វល្លិ៍​នំដំរី​វល្លិ៍​រមៀត មាន​វល្លិ៍វិក​ទៀត​វល្លិ៍​ពងស្វា ទាំង​ព្រះកម្ចាយ​ខ្លូត​ខ្លែងព័រ មាន​ក្រញិប-ស​អំបោះព្រះ។

៣២- អំព្រំប្រែក្រោយ​អំព្រំព្រិច ឥសីផ្សំស្រេច​ដំឡូងបាស អង្គ្រេមអង្ក្រម​អំព្រំព្រះ អំផ្ទក់​អំបឹះ​ដើម​សេត្តបា។

៣៣- មាន​ដំឡូងស្រំ​ដំឡូងទឹក ដំឡូងឈើ​និង​ដំឡូងដែខ្លា ដំឡូងឈាមមាន់​ដំឡូង​ស្យា ដំឡូងជ្រូក​លិង្គស្វា​ដំឡូងទៀន​ក្ដី។

៣៤- ពុំសែន​ពុទ្ធជាត ពេចចង្វា ស្គួយ​ចង្កូមស្កា​កន្ទួតព្រៃ សំរោង​សំពុង​សំកុង​ក្ដី សូភី​នួនស្រី និង​បុស្បា។

៣៥- ក្ដាំងងា​មាលតី​ចម្ប៉ី-ស ដកម៉ៃ​សំព័រ​មាន​ម្លិះលា ដកខឹម​ម្លិះរួត និង​ចម្ប៉ា ដើម​រំយោលផ្កា(៤)ចាន់គិរី។

៣៦- ពពេល​ឥន្ទនេល​ដើម​គ្រាប់បែក ត្រកួនកន្ទែង​ប្របក់ព្រៃ នាងនក់​កំព្រាម​ដើម​ដីប្លី មាន​កប្បាសព្រៃ​ល្ងៀង​អាចម៍កូនងា(៥)។

៣៧- ទាំង​កន្ទ្រោកខ្មោច​កន្ទ្រោកដំរី ទ្រៀលដោះក្របី និង​ទ្រៀលស្វា ប្រឡៅអំពែ​ខ្មួញភីកា កោដ្ឋកែវ​ពាន់តា​ស្លែងដងដឹង។

៣៨- ដើម​កម្រើកគុម្ព​កាំរទេះ កន្ទ្រៀក​ក្រុងឆេះ​ប្រាំដំឡឹង ដើម​ក្រុងសំរឹទ្ធ​កំពេញប៉ើង ជាយស្បៃ ស្បៃរឿង​ត្របែកភ្លុក។

៣៩- ពុទ្រា​ល្វាព្រៃ​ញព្រៃ​ផង ញបាត​ទំពូង​ដើម​ក្រំពុក ទន្លា​ទន្សែ​ត្រធៀង​ត្រថុក ទម្លាយរត​រោគ​នគរជុំ។

៤០- ដើម​ស្មាក្របី​ក្របីត្រោស គោមួយ​នាគបុស្ប​មាន​ចេកទុំ តាត្រាវ​ចេកទេស​ច្រេស​សុក្រំ ត្រាង​ត្រសេកភ្នំ​ច្រមាស​ត្អួ។

៤១- មាន​ព្រះអង្កោល​អង្គល់​ផង សម្រក​សំរង​និង​ពួចជូរ ថ្មរាប់​ថ្មទ័ព​ពពូលថ្ម មាន​អំពឹលវល្លិ៍​អង្គាសីល។

៤២- ពពូលសំឡី​ពពូលរមៀត ពពូលទឹក​ទៀត​វល្លិ៍កញ្ជ្រឹល ស្លឹកត្រចៀកគោ​ពពកវិល មាន​វល្លិ៍ទឹក​ទឹល​ទ្រនំកំភេម។

៤៣- ដើម​ស្លាតាឱន​និង​ស្លាព្រៃ ស្អំ​សន្លឹកបី(៦)រំលាយឈាម មាន​ស្រគំកាច់​សាគូរនាម បុសនាគ​បាយក្រៀម​បាយកក​ដែរ។

៤៤- មាន​គគីរម្សៅ​គគីរថ្ម លំពាន់​ឈើពួរ​ឈើ-ស​ជ្រែ កញ្ជើបាយដាច​ដូង​ដាង​ដែរ អង្គ្រង​មុង្គ្រេ​ព្រះទ្រហឹង។

៤៥- ដើម​ទន្ទ្រានខេត្រ​ត្មាតទន្ទ្រាន មក្លឿ​មន​មៀន​ផ្ដៅ​សោម​សឹង ដើម​ដង្កៀបក្តាម​សណ្តែកក្លឹង្ក មាន​ទាំង​វល្លិ៍ថ្នឹង​ខ្ចឹង​ភ្លៅនាង។

៤៦- ដំរីប្រាំដក​ក្រចកអណ្តើក ក្រចៅ​វល្លិ៍វើក​ប្រវែក​ល្ងៀង ផ្តៅព្រះ ព្រះផ្តៅ ព្រះព្នៅ​ស្ទាង កោងកាង​សាងញ៉ាង​ទាំង​ព្រៃថ្នាំង។

៤៧- ញក្លាយ​ខ្នាយមាន់​ចន្ទុលភ្នំ គគិតកោត​ព្រំលួត​រទាំង ស្តុករាជ រាជដាស​ស្ងាវ​ស្លាប៉ាង រាជឆ្ពឹស​មុខឈ្នាង​ម្រាមនាង​ផង។

៤៨- ជ្រៃក្រឹម​ជ្រៃលៀប​ជ្រៃល័ក្ខ​ស្នាយ ជ្រៃបាយ​ដូនកាយ​ដើម​ល្ហុងខ្វង ល្ហុងខ្ញែរ​តែ​ទៀប​ផ្តៅដំបង ក្រូចសើច​ក្រូចចងសក់​-​ពោធិ៍សាត់។

៤៩- រោគក្រហម-សក្រ កាកី អង្កត់ខ្មៅ​ក្ដី​ដៃរហាត់ ជ័យភ្លា​ជាលា ពភ្លា​អាចម៍សត្វ រាជមាស​ខ្ជាយ​ល្មៀត​សណ្តែកខ្មោច។

៥០- ឡេវអាវ​អាវលាវ​អាវក្រពើ ម្លូព្រៃ​វាក់វើ​ម្រះព្រៅ​តូច មាន​ម្រះព្រៅភ្នំ​ដើម​ត្រុំខ្មោច កួយ​គុយ​វល្លិ​ក្ដួច​រំលាយស្មង។

៥១- មាន​ដំបងយក្ស​លំពែងព្រះរាម ប្រោះ​ប្រទាលក្តាម​ក្បាលកន្លង់ មាន​សុកព្រះរាម​ក្លន​ខ្លែងគង់ កំឡែង​ជ័រចុង​ច្រត់ឥសី។

៥២- ក្រសាំង​ឆ្អឹងពស់ ក្រឡាំពែ បញ្ញើក្អែក​ដែរ​ក្រាសក្រកី រំលៀង​នាងផ្អែក​បណ្តូលពេជ្រ​ក្ដី ដោះគន់​ពងត្រី​វល្លិ៍​ឡែឡ។

៥៣- រៀបរាប់​មិន​គ្រប់​ឈប់​ប៉ុនហ្នឹង ទុក​គ្រាន់​ក្មេង​ដឹង​ស្គាល់​តៗ ដូន​តា​ដាក់​ឈ្មោះ​គ្រប់​ឈើ​វល្លិ យើង​គួរ​បន្ត​រក្សា​ថែ៕៚
................................................
លេខ​យោង ៖ ១- ដើម​ចាន់​ប៉ែន, ២-វល្លិ​ក្រួស, ៣-វល្លិ​សាមសិប-ប្លាយ ជា​ពាក្យ​បំពេញ​ជួន, ៤-ដើម​ផ្កា​រំយោល, ៥- ដើម​ល្ងៀង​អាចម៍​កូន​ង៉ា ជា​ពាក្យ​បំពេញ​ជួន, ៦-ដើម​បី​សន្លឹក។

No comments:

Post a Comment