ស្ត្រី​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ភាគ​ច្រើន​រង​គ្រោះ​ដោយ​ការ​យាយី​ផ្លូវ​ភេទ

2011-08-25
មន្ត្រី​បក្ស​ប្រឆាំង​នៅ​កម្ពុជា និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​បង្ហាញ​ថា ថៅកែ ឬ​ម្ចាស់​ផ្ទះ​ជា​ជន​ជាតិ​ម៉ាឡេស៊ី ដែល​ជួល​កម្មករ​ខ្មែរ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ បាន​ធ្វើ​បាប​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត បំបិទ​សិទ្ធិ​សេរីភាព។
RFA/Khe Sonorng
២៥-សីហា-២០១១៖ ពលករ​ខ្មែរ​ឈ្មោះ 
ស្រី ម៉ៅ ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​មក​ដល់​មណ្ឌល​
ស្ដារ​នីតិសម្បទា ថ្លែង​​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​ពី​
ប្រទេស​ម៉ាឡេស៊ី នៅ​ទីស្នាក់ការ​គណបក្ស 
សម រង្ស៊ី នា​រាជធានី​ភ្នំពេញ។
ក្នុង​ចំណោម​ស្ត្រី​ខ្មែរ​ចេញ​ទៅ​ធ្វើការ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ ម៉ាឡេស៊ី មាន​នារី​លើស​ពី ៥០% បាន​រង​គ្រោះ​ដោយ​កា​យាយី​ផ្លូវ​ភេទ​ពី​សំណាក់​ថៅកែ ឬ​ម្ចាស់ផ្ទះ និង​មិន​បាន​ទទួល​ប្រាក់​ឈ្នួល។
ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ផ្សាយ​បន្ត​ផ្ទាល់​តាម​វីដេអូ ឬ​ហៅ​ថា វីដេអូ ខនហ្វើរិន (Video Conference) ក្នុង​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា នាយិកា​អង្គការ តេនាហ្គានីតា (Tenaganita) មាន​ទីស្នាក់ការ​នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី លោកស្រី ស្រ៊ី ដារៀន (Srie Dharan) បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១១​នេះ លោកស្រី​បាន​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ចំនួន ៥៤​នាក់​រួច​មក​ហើយ​ដែល​បាន​រង​គ្រោះ​នៅ​ប្រទេស​នេះ។

លោកស្រី​បន្ត​ថា ស្ត្រី​ខ្មែរ​ដែល​ទៅ​ធ្វើការ​បម្រើ​តាម​ផ្ទះ​បាន​ទទួល​រង​ការ​បង្ខំ​ទាំង​ ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ បំបិទ​សិទ្ធិ​សេរីភាព ហើយ​ត្រូវ​បាន​គេ​ដក​យក​ឯកសារ​សម្គាល់​ខ្លួន​ផ្សេងៗ និង​លិខិត​ឆ្លង​ដែន​ជាដើម។ ក្រៅ​ពី​នោះ ពួក​គេ​ធ្វើការ​ពេញ​១​សប្ដាហ៍ ហើយ​មិន​បាន​ចុះ​កិច្ច​សន្យា​ការងារ​នោះ​ទេ។
ស្ត្រី​ពលករ​ឈ្មោះ ស្រី ម៉ៅ អាយុ ២៧​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ជួយ​សង្គ្រោះ​មក​ដល់​មណ្ឌល​ស្ដារ​នីតិសម្បទា បាន​ឲ្យ​ដឹង​តាម​រយៈ​វីដេអូ​ផ្សាយ​ផ្ទាល់​ពី​ប្រទេស​ម៉ាឡេស៊ី ថា នាង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នេះ​ចំនួន ៥​ឆ្នាំ​ហើយ ដែល​នាង​បាន​រង​គ្រោះ​ដោយ​ម្ចាស់​ផ្ទះ​វាយ​ធ្វើ​បាប និង​មិន​បាន​ទទួល​ប្រាក់​ឈ្នួល​សោះ​រហូត​មក​ដល់​ពេល​នេះ។
អ្នកស្រី ម៉ម ប៉ិច ពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន​នាំ​ពលករ ធី អេន ភី (T&P) ទៅ​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា កូនស្រី​របស់​អ្នកស្រី​បាន​បាត់​ដំណឹង​ជាង ៣​ឆ្នាំ​មក​ហើយ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ក្រុមហ៊ុន​បញ្ជូន​ពលករ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ​ពី​ក្រុមហ៊ុន​នោះ​ ទេ។
ឆ្លើយ​តប​បញ្ហា​នេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា រដ្ឋាភិបាល​ទើប​បាន​អនុម័ត​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​លើ​ការ​បញ្ជូន​ ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស​តាម​រយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ជា​ចំណែក​មួយ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ពលករ។ ប៉ុន្តែ​លោកស្រី​សុំ​ឲ្យ​មាន​កិច្ច​សហការ​ល្អ​ពី​ក្រុម​សង្គម​ស៊ីវិល។
លោកស្រី មូរ សុខហួរ អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពត គណបក្ស សម រង្ស៊ី បាន​មាន​មតិ​ថា អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​លើ​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ បរទេស​តាម​រយៈ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ដែល​រដ្ឋាភិបាល​ទើប​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា នោះ នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ចំណុច​មួយ​ចំនួន ដែល​នៅ​ក្នុង​អនុក្រឹត្យ​នេះ​មិន​បាន​និយាយ​អំពី​ការ​ផ្ដន្ទាទោស​ដល់​ភាគី​ ក្រុមហ៊ុន​នោះ​ទេ។
លោកស្រី មូរ សុខហួរ បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ស្ត្រី​ខ្មែរ​ប្រមាណ ៣​ម៉ឺន​នាក់​នៅ​ឆ្នាំ​២០១១​នេះ បាន​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​បម្រើ​តាម​ផ្ទះ។ ចំនួន​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​មាន​កង្វល់​ដែរ ថា ជា​ចំនួន​ដ៏​ច្រើន​ដែល​ស្ត្រី​ខ្មែរ​ចេញ​ទៅ​ទាំង​ប្រថុយប្រថាន និង​តែងតែ​រង​គ្រោះ៕

No comments:

Post a Comment