អ្នកស្រី មូរ សុខហួរ៖ នាយករដ្ឋមន្ត្រី​ព្រម​ផ្អាក​ការ​បញ្ជូន​ពលករ​ទៅ​ម៉ាឡេស៊ី

2011-10-14
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូ សុខហូរ បាន​អះអាង​នៅ​ថ្ងៃ​​១៤ ខែ​តុលា ឆ្នាំ​២០១១​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​យល់​ព្រម​តាម​សំណើ​របស់​អ្នកស្រី សុំ​ឲ្យ​ផ្អាក​ការ​បញ្ជូន​ពលការិនី​ទៅ​ប្រទេស​ម៉ាឡេស៊ី ដោយសារ​តែ​មាន​ការ​ព្រួយបារម្ភ​លើ​ស្ថានការណ៍​ជួញដូរ​មនុស្ស។
RFA/Sok Serey
១៤-តុលា-២០១១៖ តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នៅ​រដ្ឋ​សភា។
អ្នកស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​សភា​ជាតិ​ថា ការ​យល់​ព្រម​នេះ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ជួប​សន្ទនា​ផ្ទាល់​មាត់​នៅ​សភា​ ជាតិ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា៖ «ខ្ញុំ​បាន​សុំ​ពី​សម្ដេច ហើយ​សម្ដេច​យោគយល់ សម្ដេច​យល់​នូវ​ការ​លំបាក​របស់​ស្ត្រី​ខ្មែរ​យើង។ ខ្ញុំ​មាន​ការ​អបអរ​សាទរ​គោរព​នូវ​អ្វី​ដែល​ជា​ការ​ណែនាំ​ពី​សម្ដេច​ទៅ​ ឯកឧត្ដម សុខ អាន អម្បាញ់មិញ​ថា ឲ្យ​មើល​រឿង​ស្ត្រី​ម៉ាឡេស៊ី (ស្ត្រី​ខ្មែរ​យើង​បញ្ជូន​ទៅ​ប្រទេស​ម៉ាឡេស៊ី) មាន​គ្រោះថ្នាក់​ធ្ងន់​ពេក។ សម្ដេច​យល់យោគ ដឹង​នូវ​ករណី​ហ្នឹង នូវ​ការ​ស្នើ​របស់​ខ្ញុំ។ ឥឡូវ​សម្ដេច​បាន​បញ្ជា​អប្បាញ់ម៉ិញ ទៅ​ឯកឧត្ដម សុខ អាន ដើម្បី​បញ្ចប់ ហើយ​ខ្ញុំ ចំពោះ​ខ្ញុំ​ថា ឲ្យ​ផ្អាក​មួយ​រយៈ​ដើម្បី​ឈាន… ប៉ុន្តែ​សម្ដេច​សុំ​ឲ្យ​មាន​ការ​បញ្ចប់​សម្រាប់​តែ​ម៉ាឡេស៊ី​ទេ»
ក្រុម​អ្នក​កាសែត​បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​ពី​លោក សុខ អាន អំពី​រឿង​នេះ នៅ​ឯ​សភា​ជាតិ ប៉ុន្តែ​លោក សុខ អាន បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​ណា​មួយ​ទេ ដោយ​លោក​ជាប់​រវល់។
នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​របស់​ក្រសួង​មហាផ្ទៃ បាន​បើក​យុទ្ធនាការ​យ៉ាង​សកម្ម​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្រុមហ៊ុន ធី អែន ភី (T&P) នៅ​ខេត្ត​កំពង់ឆ្នាំង គឺ​សង្គ្រោះ​បាន​ពលការិនី​មិន​ទាន់​គ្រប់​អាយុ ១៨​ឆ្នាំ ចំនួន ៣៥​នាក់ ក្រោយ​ពី​មាន​បណ្ដឹង​ពី​ឪពុក​ម្ដាយ​របស់​ពលការិនី​ទាំង​នោះ។
មេការ​ចំនួន ៤​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ នៅ​ខេត្ត​កំពង់ឆ្នាំង។
ក្រុមហ៊ុន ធី អែន ភី មាន​គម្រោង​នាំ​ចេញ​ពលការិនី​ទាំង​នោះ​ទៅ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ ម៉ាឡេស៊ី ប៉ុន្តែ​ឯកសារ និង​ឈ្មោះ​របស់​ពលករិនី​ទាំង​នោះ​ត្រូវ​បាន​គេ​ក្លែង​បន្លំ។
អាជ្ញាធរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កំពុង​តែ​បន្ត​យុទ្ធនាការ​នេះ​ទៀត នៅ​ខេត្ត​ពោធិ៍សាត់៕

No comments:

Post a Comment