ដោយ សុខ សេរី
(អ្នកយកព័ត៍មានអាស៊ីសេរី)
2011-11-11
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ គ្រោងប្ដឹងទៅគណៈកម្មាធិការសិទ្ធិមនុស្សរបស់សភាជាតិនៅក្នុងប្រទេស ម៉ាឡេស៊ី ក្នុងខែវិច្ឆិកានេះ ដើម្បីឲ្យបើកការស៊ើបអង្កេតស៊ីជម្រៅមួយ ជុំវិញការស្លាប់របស់ពលការិនីខ្មែរចំនួន ៩ នាក់ យ៉ាងអាថ៌កំបាំង នៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ ២០១១ នេះ ដោយសារគ្មានការបញ្ជាក់អំពីមូលហេតុជាក់លាក់។
១១-វិច្ឆិកា-២០១១៖ អ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី ថតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អ្នកស្រី មូរ សូខហួរ មានប្រសាសន៍ ប្រាប់អ្នកកាសែត នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ១១ ខែវិច្ឆិកា នៅពេលវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញថា ករណីស្លាប់នេះ គឺជារឿងធ្ងន់ធ្ងរ មិនអាចទទួលយកបានទេ។
អ្នកស្រី មូរ សូខហួរ មានប្រសាសន៍ ប្រាប់អ្នកកាសែត នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ១១ ខែវិច្ឆិកា នៅពេលវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញថា ករណីស្លាប់នេះ គឺជារឿងធ្ងន់ធ្ងរ មិនអាចទទួលយកបានទេ។
អង្គការការពារសិទ្ធិមនុស្ស នៅក្នុងប្រទេសម៉ាឡេស៊ី កំពុងតែត្រៀមសហការផ្ដល់មេធាវីប្ដឹងរឿងនេះ នៅពេលសំណុំរឿងត្រូវបានចងក្រងរួចហើយ។
លោកឧត្ដមសេនីយ៍ត្រី ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍ថា លោកបានដឹងរឿងការស្លាប់នោះដែរ។ កន្លងមក អាជ្ញាធរបាននាំឪពុកម្ដាយពលការិនីមួយចំនួន ទៅពិនិត្យសាកសពនៅប្រទេសម៉ាឡេស៊ី៖ «ការរកយុត្តិធម៌យ៉ាងណានោះ គឺអាស្រ័យទៅលើសមត្ថកិច្ចរបស់ប្រទេសម៉ាឡេស៊ី ពីព្រោះវាជាសមត្ថកិច្ចរបស់គាត់ ដោយសារថា ការស្លាប់នោះ គឺស្លាប់លើទឹកដីនៃប្រទេសម៉ាឡេស៊ី។ គ្រាន់យើងមានការជំរុញឲ្យខាងភាគីម៉ាឡេស៊ីនោះ គាត់រកការពិត និងបើកការស៊ើបអង្កេតជាដើម»។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងប្រធានសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា លោក អ៊ន ប៊ុនហាក់ បានទេ នៅថ្ងៃទី ១១ ខែវិច្ឆិកា ដើម្បីសុំសេចក្ដីអត្ថាធិប្បាយជុំវិញការប្ដឹងនេះ។
កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១១ កន្លងទៅនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ឈ្មោះ យូមែនរ៉ាយ វ៉ច (Human Rights Watch) បានទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជា កែសម្រួលបទបញ្ញត្តិមួយចំនួន ដើម្បីគ្រប់គ្រងក្រុមហ៊ុននាំចេញពលករ ទៅប្រទេសម៉ាឡេស៊ី ក្រោយពីបានរកឃើញថា មានស្ត្រីកុមារជាច្រើនពាន់នាក់ នៅប្រទេសម៉ាឡេស៊ី និងនៅមណ្ឌលហ្វឹកហ្វឺននៅកម្ពុជា ទទួលបាននូវការការពារតិចតួចណាស់ពីការបង្ខាំងមនុស្សខុសច្បាប់។ ពលករទាំងនោះ រងការគេងប្រវ័ញ្ចកំលាំងពលកម្ម និងបោកប្រាស់គ្រប់ជំហាន។
សិទ្ធិសេរីភាពទាក់ទងជាមួយក្រុមគ្រួសារត្រូវបានបិទ និងគ្មានថ្នាំព្យាបាល នៅពេលធ្លាក់ខ្លួនឈឺ។
រហូតមកដល់ពេលនេះ មានពលករកម្ពុជាចំនួនប្រមាណ ៥ ម៉ឺននាក់ ធ្វើការងារនៅប្រទេសម៉ាឡេស៊ី ក្នុងនោះ មានពលករចំនួន ៣ ម៉ឺននាក់ធ្វើការងារនៅតាមផ្ទះ។ បច្ចុប្បន្ន មានក្រុមហ៊ុននាំចេញពលករសរុបចំនួន ៣៤ ក្រុមហ៊ុន នៅកម្ពុជា។
ដោយឡែកក្រុមហ៊ុនឈ្មោះ ធី.អែន.ភី (T&P) បានផ្អាកសកម្មភាពទាំងស្រុងហើយ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសារាចរចុះថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១១ កន្លងទៅនេះ ក្រោយពីផ្ទុះរឿងអាស្រូវជួញដូរមនុស្ស និងការបង្ខាំងមនុស្សខុសច្បាប់។ ប៉ុន្តែ ក្រុមហ៊ុនដ៏ទៃទៀត កំពុងតែដំណើរការជាធម្មតា៕
No comments:
Post a Comment