យោងតាមក្រុមប្រឆាំងស៊ីរីថា អ្នកកាសែតបារាំងម្នាក់ លោក REMI OCHLIK និងស្ត្រីអ្នកកាសែតអាមេរិកលោកស្រី MARIE COLVIN បានត្រូវស្លាប់ កាលពីថ្ងៃទី២២ កុម្ភៈ ក្នុងទីក្រុងហូម ភាគកណ្តាលស៊ីរី ដោយសារត្រូវគ្រាប់ផ្លោង។ លោក REMI OCHLIK អាយុ២៨ឆ្នាំ ជាអ្នកកាសែតថតរូបសង្គ្រាមឱ្យទីភ្នាក់ងារព័ត៌មានបារាំង IP.3 PRESS ដែលលោករួមគ្នាបង្កើតឡើងកាលពីឆ្នាំ២០០៥ ។
លោកធ្លាប់ចុះទៅថតរូបភាពក្នុងបដិវត្តន៍អារ៉ាប់ឆ្នាំ២០១១ នៅប្រទេសទុយនីស៊ី អេហ្ស៊ីប និងលីប៊ី ហើយចេញផ្សាយក្នុងទស្សនាវដ្តីបារាំង PARIS MATCH កាសែត LE MONDE ទូរទស្សន៍ VSD ទស្សនាវដ្តី TIME MAGAZINE ឬកាសែត THE WALL STREET JOURNAL ។ លោកដណ្តើមបានពានរង្វាន់ GRAND PRIX នៃ មហោស្រពកាសែតអឺរ៉ុប SCOOP GRAND LILLE កាលពីខែធ្នូ ឆ្នាំ ២០១១ ហើយជាជ័យលាភីពានរង្វាន់ WORLD PRESS ដោយសារព័ត៌មានមួយរបស់លោកនៅលីប៊ី ។
ចំណែកលោកស្រី MARIE COLVIN វិញ ជាជនជាតិអាមេរិករស់នៅក្នុងទីក្រុងឡុងដ៍ ហើយជាអ្នកយកព័ត៌មានពីសង្គ្រាមសម្រាប់កាសែតអង់គ្លេស SUNDAY TIMES ដោយលោកស្រីធ្លាប់ចុះយកព័ត៌មានក្នុងជម្លោះជាច្រើននៅយូហ្គោស្លាវី អ៊ីរ៉ង់ ស្រីលង្កា ហើយថ្មីៗនេះ ចូលយកព័ត៌មានក្នុងព្រឹត្តិការណ៍និទាឃរដូវអារ៉ាប់ រួចលោកស្រីទើបចុះមកយកព័ត៌មាននៅស៊ីរី។ សាក្សីម្នាក់បញ្ជាក់ប្រាប់រ៉យទ័រថា គ្រាប់ផ្លោងមួយគ្រាប់ធ្លាក់ចំផ្ទះមួយដែលអ្នកកាសែតទាំង២នាក់នេះស្នាក់ ហើយពួកគេបន្ទាប់មកត្រូវគ្រាប់រ៉ុក្កែតមួយគ្រាប់ទៀតពេលរត់ចេញ។
កាសែតអង់គ្លេស THE TELEGRAPH លាតត្រដាងថា ពួកភ្នាក់ងារសម្ងាត់លីបង់អាចចាប់បានការនិយាយគ្នាតាមវិទ្យុទាក់ទងរបស់កងទ័ពស៊ីរី ហើយបង្ហាញថា អ្នកកាសែតទាំង២នាក់ នេះត្រូវគេប៉ងសម្លាប់ពេលបាញ់ប្រហារលើមជ្ឈមណ្ឌលសារព័ត៌មានមួយនៅក្រុងហូម ។ ការស្តាប់កិច្ចសន្យានេះអាចស្តាប់ឮពួកនាយទាហានស៊ីរីបញ្ជាឱ្យសម្លាប់អ្នកកាសែតទាំងឡាយណាដែលស្ថិតនៅដែនដីស៊ីរី ៕
No comments:
Post a Comment