ខេត្តរតនគិរី ៖ សមត្ថកិច្ចប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តបានឃាត់ខ្លួនយុវជនម្នាក់ពីបទចាប់បង្ខាំងក្មេងស្រីសិស្សសាលាម្នាក់ទុកក្នុងផ្ទះរបស់ខ្លួនរយៈពេល១៣ថ្ងៃ ដើម្បីរំលោភ។ យុវជនជាប់ចោទនេះឈ្មោះខាត់ សីហា ហៅចែម អាយុ១៧ឆ្នាំ រស់នៅសង្កាត់ឡាបានសៀក ក្រុងបានលុង ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៥ កុម្ភៈ វេលាម៉ោង៧យប់នៅចំណុចដីចម្ការរបស់ខ្លួន ស្ថិតនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ។
តាមការបំភ្លឺរបស់មន្ត្រីប៉ូលិសក្រុងបានលុង ឱ្យដឹងថា ក្មេងស្រីរងគ្រោះអាយុ១៧ឆ្នាំជាសិស្សវិទ្យាល័យហ៊ុនសែន ភូមិថ្មី រស់នៅក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ឆ្ងាយពីផ្ទះជនជាប់ចោទប្រមាណ៥០-៦០ម៉ែត្រប៉ុណ្ណោះ ។
បើតាមការបំភ្លឺពីក្មេងស្រីរងគ្រោះបានឱ្យសមត្ថកិច្ចដឹងថា នៅយប់ថ្ងៃទី១១ កុម្ភៈ វេលាម៉ោង៨ទៅ៩យប់ ជនខាងលើបានហៅនាងទៅជួបនៅក្រោមផ្ទះតែ២នាក់ទេ។ នៅយប់នោះដាច់ភ្លើងងងឹតឈឹង ស្រាប់តែជននោះស្ទុះមកចាប់នាងខ្ទប់មាត់ជាប់ និងលើកបីនាងឡើងលើផ្ទះចូលក្នុងបន្ទប់ដេក ហើយរំលោភនាងបានសម្រេច២ដង ក្នុងមួយយប់នោះ ។ នាងបានបន្តថា ជននោះបានទិញថ្នាំម្យ៉ាងឱ្យនាងលេបចំនួន៣គ្រាប់ ធ្វើឱ្យនាងងងុយដេកអស់កម្លាំងងើបដើរអត់រួច ទោះចង់ស្រែកហៅឱ្យគេជួយក៏អត់កម្លាំងស្រែកដែរ ហើយនាងត្រូវបានគេបង្ខាំងអស់រយៈពេល១៣ថ្ងៃ និងរំលោភបានសម្រេច៩ដង និងឱ្យនាងហូបបាយតែពេលយប់បានចំនួន៧លើកគត់ ធ្វើឱ្យនាងអស់កម្លាំងខ្លាំងណាស់រយៈពេល១៣ថ្ងៃនេះ ។
សមត្ថកិច្ចដដែលបានបន្តទៀតថា ជនជាប់ចោទខាងលើពេលចាប់ខ្លួនថ្មីៗខំព្យាយាមលាក់រឿងមិនព្រមសារភាពទេ តែសមត្ថកិច្ចបានខិតខំប្រើគ្រប់វិធី ទើបគេព្រមឆ្លើយសារភាពថា «មែន» តែគេអត់បានចាប់បង្ខាំងនាងទេ គឺនាងព្រមព្រៀងដោយខ្លួនឯង ព្រោះបានទំនាក់ទំនងគ្នា៧-៨ខែមកហើយ ។ យុវជនរូបនេះបានបដិសេធពីរឿងទិញថ្នាំឱ្យនាងលេបនោះថា មិនពិតទេ តែបានទិញបាយឱ្យនាងហូបតែពេលយប់មែន ព្រោះពេលថ្ងៃខ្លាចគេឃើញដឹងថានាងនៅលើផ្ទះ ហើយបើមានគេមកលេងផ្ទះគេលើកនាងដូរមកបន្ទប់ផ្សេងទៀត ។
មន្ត្រីសមត្ថកិច្ចបន្តទៀតថា បានជាគេដឹងថានាងរងគ្រោះនៅក្នុងបន្ទប់ជនជាប់ចោទដោយសារតែឪពុកមាជនជាប់ចោទទៅបូមទឹកមុខផ្ទះនោះពេលឡើងលើផ្ទះបានឮសំឡេងក្មេងស្រីរងគ្រោះស្រែកហៅឱ្យគេជួយ ទើបបែកការណ៍ដល់សមត្ថកិច្ចទៅរំដោះនាងមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានបំភ្លឺថា គាត់ខំដើររកកូនស្រីគ្រប់ទិសទីទាំងអស់ ស្រាប់តែឃើញកូននៅក្បែរផ្ទះខ្លួនចម្ងាយតែ៥០-៦០ម៉ែត្រ ហើយបើទុកនាងតែ៣-៤ថ្ងៃទៀតពិតជាស្លាប់មិនខាន ព្រោះឃើញកូនដេកសន្លប់ស្តូកស្តឹងក្នុងផ្ទះជនជាប់ចោទទាំងរាងកាយស្លេកស្លាំងស្ទើរគ្មានដង្ហើមទៅហើយ ។
លោកជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបានឱ្យដឹងថា ជនជាប់ចោទខាងលើត្រូវចោទពីបទរំលោភមានស្ថានទម្ងន់ទោសអាចជាប់គុកចាប់ពី៧ឆ្នាំទៅ១៥ឆ្នាំ ៕
No comments:
Post a Comment