អំពី ស្រ្តីភាព


ពាក្យ « ស្រី » មួយម៉ាត់ ដែលខ្មែរយើងប្រើជាឈ្មោះមនុស្សស្រីនោះ ឃ្លាតមកពីពាក្យសំស្រ្កឹត ថា
« ស្រ្តី » គឺមនុស្សជាតិដែលមានភេទទីទៃពីបុរស, ទីទៃពីខ្ទើយ ។ ភាសាបាលីថា «ឥត្ថី » ប្រែតាម ន័យវចនានុក្រមខ្មែរថា « មនុស្សដែលបុរសគួរចង់បាន, ដែលជាគូរនឹងបុរស » ។

ពាក្យ « ស្រី » មួយម៉ាត់ទៀត (សំ.) ដែលខ្មែរយើងច្រើនប្រើជាពាក្យរួមពីខាងដើមស័ព្ទដទៃ, ដូចជា ព្រះស្រីសព៌ជ្ញ (ព្រះសម្ពុទ្ធ), ស្រីសួស្តី, ស្រីស្រឹង្គារ ស្រីដែលមានលំអគួរឲ្យកើតសេចក្តី ស្រលាញ់,....។ ភាសាបាលីថា « សិរី » ប្រែថា លំអដែលគួរឲ្យកើតសេចក្តីស្រលាញ់, សួស្តី, មង្គល, ជោគ, សេចក្តីសុខ, សេចក្តីចំរើន, បុណ្យ, ភ័ព្វ, ព្រេងសំណាង, អំណាច, តេជះ ។
តទៅនេះ យើងនឹងលើកយក ភេទ លំអ និងករណីយកិច្ចរបស់ « ស្រ្តីភាព » មកពិចារណា ដូចតទៅៈ
ក) ភេទរបស់ស្រ្តីៈ តាមធម្មជាតិ ជាភេទខ្សោយ សាច់ទន់ជ្រាយ កាយទន់ភ្លន់ ចិត្តទន់ ឆាប់ខឹង ឆាប់ជា, ផ្ទុយពីភេទបុរសដែលជាខ្លាំង សាច់រឹង កាយរឹងប៉ឹង ចិត្តរឹង ក្រខឹង ក្រជា ។
រឿងខ្សោយ រឿងខ្សោយនេះ មិនថាតែភេទមនុស្សជាស្រីជាប្រុសនោះទេ សូម្បីតែភេទសត្វ ជាញីជា
ឈ្មោល ក៏ដូចគ្នា ។
ខ) លំអរបស់ស្រ្តីៈ ក្នុងគម្ពីរធម្មបទខុទ្ទកនិកាយ មាននិយាយពីលំអប្រាំប្រការរបស់ស្រ្តី (បញ្ចពិធកល្យាណី) ពោលគឺ លំអរបស់នាងវិសាខា ។ លំអទាំង ៥ នោះគឺៈ
១. កេសកល្យាណ លំអសក់
២. មំសកល្យាណ លំអសាច់
៣. អដ្ឋិកល្យាណ លំអឆ្អឹង លំអធ្មេញ
៤. ឆវិកល្យាណ លំអសម្បុរស្បែក
៥. វយកល្យាណ លំអវ័យ (ចាំសាច់) ។

លំអទាំង ៥ នេះ នាងវិសាខាមានគ្រប់ តាំងពីបឋមវ័យ រហូតដល់បច្ឆិមវ័យ។ ឯស្រ្តីដទៃទៀត មិនអាចរក្សាលំអទាំង ៥ បានគ្រប់វ័យទេ ។
មានលំអ ៣ ប្រការដោយឡែក ដែលគេឲ្យតម្លៃលើលំអស្រ្តីខ្មែរគឺ ល្អរូប ល្អរាង និងល្អរៅ ។
ព្រះភិក្ខុ ញ៉ែម គឹមតេង ប្រធានអង្គការសន្តិសេនា នៅខេត្តស្វាយរៀង បានមានពុទ្ធដីកា
បំភ្លឺអំពីន័យ នៃលំអទាំង ៣ ប្រការនេះថាៈ

ល្អរូប គឺមានរូបសម្បត្តិល្អណាស់ ទាំងញញឹមក៏ស្រស់ទៀត,
ល្អរាង គឺរូបភាព ហៅថាសណ្ឋានរាងល្អ
ល្អរៅ គឺសំដៅយកអាកប្បកិរិយាល្អ,មារយាទថ្លៃថ្នូរ,
ចិត្តគំនិងស្លូតបូត សុភាពរាបសារ ។

គ) ករណីយកិច្ចរបស់ស្រ្តីៈ ធម្មជាតិតាត់តែងស្រ្តីមក សម្រាប់ធ្វើជាមាតា
របស់លោកសំរាប់ ចិញ្ចឹមបុត្រធីតា ថែរក្សាគ្រឹះស្ថាន និងទ្រព្យសម្បត្តិ ។
តាំងពីដើមបឋមភទ្ទកប្បមក មនុស្សក្នុងលោកគ្រប់ប្រទេស គេនិយមទុកស្រ្តីឲ្យនៅតាម
ធម្មជាតិ គឺគេមិនឲ្យពួកស្រ្តីធ្វើការធ្ងន់, ប្រើកំលាំងខ្លាំង ដូចជាលើកដាក់ លីសែង កាប់គាស់
វាយដំ ធ្វើចម្បាំងជាដើមនោះទេ, ភារៈទាំងនេះ គេទុកជាភារៈខាងពួកបុរស, ឯពួកខាងស្រ្តី
គេប្រើតែខាង ការងារស្រាលៗ ដូចជា ស្លដាំ ដេរប៉ាក់ ថែទាំកូនចៅ ជាដើម ។ និយាយដោយ
ខ្លីគឺ ប្រុសៗជាអ្នកធ្វើ ការនៅព្រៃ ស្រីៗជាអ្នកធ្វើការនៅផ្ទះ ។
សម័យបុរាណ, ប្រទេសខ្លះ គេថ្នមពួកស្ត្រីដល់ទៅយកសំពត់រុំជើងតាំងពីតូចៗ ដើម្បីកុំឲ្យដើរ
ឆ្ងាយពីផ្ទះ ជាការទប់ភេទស្រ្តីឲ្យនៅតាមធម្មជាតិ, ប៉ុន្តែឥឡូវនេះប្រពៃណីនេះរលុបបាត់អស់
ទៅហើយ ។ ប្រទេសខ្មែរយើង ក៏និយមទុកពួកស្រ្តីឲ្យប្រព្រឹត្តទៅតាមធម្មជាតិដើមដែរ ។
សម័យបុរាណ, អ្នកស្រុកមិនឲ្យស្រ្តីរៀនអក្សរ, គេនិយាយបន្លាចគ្នាថា « មិនត្រូវឲ្យរៀនអក្សរ ព្រោះតែរៀនចេះទៅ និងសរសេរសំបុត្រទៅរកប្រុសឈ្មោលតាមអំពើចិត្ត » ។ ពាក្យបន្លាចនេះ បានធ្វើឲ្យស្រ្តីខ្មែរច្រើនភាគរយមិន ចេះអក្សរ, ប៉ុន្តែ សម័យបច្ចុប្បន្ន គេលែងឮពាក្យបន្លាចនេះ
ទៀតហើយ, គេត្រឡប់ជាឮនិយាយ ប្រាប់គ្នាថា ត្រូវតែឲ្យស្ត្រីរៀនសូត្រគ្រប់មុខវិជ្ជាដើម្បីសេចក្តី
រីកចំរើននៃប្រទេសជាតិ ។ ក្រោយពេលប្រទេសជាតិបានរំដោះរួចពីរបបប្រល័យពូជសាសន៍នាឆ្នាំ១៩៧៩ ជាពេលដែល ចាប់ផ្តើមកសាងមាតុប្រទេសពីកំរិតទាបគេឃើញពាក្យស្លោកថា «នារីជាមាតានៃពិភពលោក», «គ្មាននារីចូល រួមមិនអាចកសាងសង្គមបានឡើយ » ។ នេះជាពាក្យស្លោកមានតម្លៃអប់រំ តម្លៃវ
ប្បធម៌ និងតម្លៃ នយោបាយ ។ ដោយសារការអនុវត្តពាក្យស្លោកនេះ ទើបមានកំលាំងនារីចូល រួមការងារសង្គមយ៉ាងផុលផុស ។ នៅក្នុងករណីយកិច្ចនិងកាតព្វកិច្ចរបស់ខ្លួន នារីកម្ពុជាមានគុណសម្បត្តិច្រើនក្នុងការចូលរួមចំណែក ស្តារ កសាង និងការពារមាតុភូមិ ។
ពិតមែនតែធម្មជាតិតាក់តែងឲ្យស្រ្តីមានភេទខ្សោយ សាច់ទន់ជ្រាយ កាយមិនរឹងប៉ឹង ចិត្តទន់ ប៉ុន្តែ ស្រ្តីអាចបង្ហាត់កាយរបស់ខ្លួនតាមក្បួនអនាម័យ និងអត្តពលកម្មឲ្យរឹងប៉ឹង ឲ្យរហ័សរហួន, អប់រំ ចិត្តតាមក្បួនសិក្សាឲ្យមានប្រាជ្ញាវាងវៃប៉ិនប្រសប់លើសធម្មតាបាន មិនអន់ជាងបុរសប៉ុន្មានទេ
ជួនកាលមានគ្រាន់បើជាងបុរសខ្លះដោយអន្លើៗផង ប្រសិនជាគេព្យាយាមហ្វឹកហាត់ និងអប់រំម៉ឹង
ម៉ាត់ម៉តចត់ មែនទែន ។ យ៉ាងណាមិញៈ
សម័យមុនពុទ្ធកាលៈ មានស្រ្តីម្នាក់ឈ្មោះនាង «អមរា» ជាមហេសីនៃព្រះមហោសថ
ពោធិសត្វ ជារាជបណ្ឌិតនៃព្រះបាទវិទេហរាជ ។ ថ្ងៃមួយ អាចារ្យទាំង ៤ នាក់ ដែលជាគូសត្រូវនឹង ព្រះមហោសថ បានលួចកែវមណីព្រះរាជទ្រព្យទៅលក់អោយនាងអមរា, នាងបានទទួលទិញដោយ កត់ឈ្មោះអ្នកលក់ ទាំងពេលទិញ, ហើយពួកអាចារ្យទូលព្រះមហាក្សត្រ មួលបង្កាច់ថាព្រះមហោសថ
លួច ។ ព្រះរាជាទ្រង់ព្រះបញ្ជាឲ្យហៅព្រះមហោសថ ។ ព្រះមហោសថឃើញថាកែខ្លួនពុំបានក៏ប្រាប់ នាងអមរាថា គួរភៀសខ្លួនសិន ។ ពេលនោះ ពួកអាចារ្យចង់បាននាងអមរាជាភរិយា ក៏ឲ្យដំណឹងថា នឹងទៅជួបនាងក្នុងវេលាយប់នៅផ្ទះនាង ។ ឯនាងអមរា ឲ្យកម្មករជីករណ្តៅ ក្រោមផ្ទះដាក់លាមកក្នុង រណ្តៅនោះក្រាលក្តារពីលើ ធ្វើគន្លឹះឲ្យជាន់របូត ហើយក្រាលកម្រាលដូច អាសនៈធម្មតា ។ វេលាពួកអាចារ្យមកដល់ ដើរជាន់កម្រាល ក៏ធ្លាក់ទៅក្នុងរណ្តៅនោះ រណ្តំក្បាលគ្នា។ នាងអមរាក៏ឲ្យ ចាប់អាចារ្យទាំង ៤ នាក់ចងភ្ជាប់គ្នានាំទៅថ្វាយព្រះរាជា។ ព្រះអង្គ ទ្រង់ព្រះវិនិច្ឆ័យថាកំហុសនេះ ធ្លាក់ទៅលើអាចារ្យទាំង ៤ ។ ព្រះមហោសថរួចខ្លួនដោយសារនាង អមរាជាមហេសី ដែលជាស្ត្រីបាន
សិក្សា មានប្រាជ្ញាច្រើនជួយដោះកុន។
សម័យពុទ្ធកាលៈ មានស្រ្តីម្នាក់ឈ្មោះនាង ខុជ្ជុត្តរា ជាស្រ្តីបំរើពួកព្រះស្នំរបស់ព្រះឧទេន
ព្រះចៅក្រុងកោសម្ពីមានព្រះនាងសម្មាវតីជាដើមដែលព្រះរាជាទ្រង់ហាមពួកព្រះស្នំមិនឲ្យទៅស្តាប់ ព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធនៅក្រៅវាំង ។ ព្រះស្នំទាំងនោះបានចាត់ឲ្យនាងខុជ្ជុត្តរាទៅ
ស្តាប់ធម៌ ហើយឲ្យនាំយកព្រះធម៌នោះមកសំដែងប្រាប់ព្រះស្នំ ។ នាងខុជ្ជុត្តរាបានទៅស្តាប់ និងបាន សំដែងធម៌ឲ្យព្រះស្នំស្តាប់រាល់ថ្ងៃ ក៏បានទៅជាអ្នកប្រាជ្ញមួយរូប ពូកែខាងសំដែងធម៌ បានលាភ
សក្ការៈច្រើន ។
មានរឿងនិទានមួយទៀត ក្នុងសម័យពុទ្ធកាលដែរថាៈ មានស្រ្តីម្នាក់ឈ្មោះនាងកុណ្ឌលកេសី
ជាកូននៃរាជគ្គហសេដ្ឋី នាងបានសុំឲ្យបិតាលោះចោរម្នាក់ដែលពេជ្ឈឃាតបណ្តើរយកទៅសំលាប់ យកមកធ្វើប្តី ។ ចោរមកនៅផ្ទះសេដ្ឋី តែចង់ទៅនៅព្រៃវិញ, វាល្បួងនាងឲ្យជូនវាទៅព្រៃ ដើម្បីលា បំណន់ក្បែរមាត់ជ្រោះនៅជើងភ្នំមួយ វាឲ្យនាងស្លៀកពាក់ល្អ មានគ្រឿងមាសពេជ្រជាច្រើន ដើម្បី សំលាប់យកគ្រឿងប្រដាប់ស៊ីចាយ ។ លុះទៅដល់មាត់ជ្រោះ ចោរប្រុងសំលាប់នាង ។ នាងកុណ្ឌល កេសីគិតថា «ធម្មតាប្រាជ្ញាដែលគេខំរៀនសូត្រមក គេមិនដែលយកវាទៅស្ងោរស៊ីជាអាហារទេ
គេត្រូវប្រើវា ដោះខ្លួនឲ្យផុតពីភ័យអាសន្ន »។ លុះគិតហើយ នាងលួងចោរថា «អ្នកបង! ខ្ញុំដឹងគុណ
ណាស់ ដែលអ្នកបានមកធ្វើជាប្តីខ្ញុំនេះ តែមុននឹងព្រាត់ចាកអ្នក ខ្ញុំសូមបូជាគុណអ្នកសិន សឹមស្លាប់» ។ ថាហើយក៏សំពះទៅទិសទាំង ៤ ដើរប្រទក្សិណចោរ ៣ ជុំ ហើយច្រានចោរទម្លាក់ ជ្រោះស្លាប់ទៅ ។
កាលដែលចោរធ្លាក់ជ្រោះ ពួករុក្ខទេវតាដែលអាស្រ័យនៅព្រៃនោះក៏ស្រែកបន្លឺឲ្យសព្ទសាធុ
ការថាៈ
ន សោ សព្វេសុ ឋានេសុ បុរិសោ ហោតិ បណ្ឌិតោ
ឥត្ថីបិ បណ្ឌិតោ ហោតិ តត្ថ តត្ថ វិចក្ខណា ។

ប្រែថាៈ បុរសមិនមែនជាបណ្ឌិតគ្រប់ហេតុទាំងពួងទេ, ស្រ្តីក៏ជាបណ្ឌិតអាចពិចារណាក្នុង
ហេតុនោះៗដែរ ។


គឺថាៈ អ្នកប្រាជ្ញមិនមែនមានតែបុរសទេ, ស្រ្តីបើខំរៀនសូត្រចំណេះវិជ្ជាខាងផ្លូវលោកក្តី ខាង
ផ្លូវធម៌ក្តី ក៏បានជាអ្នកប្រាជ្ញដូចគ្នា ។
នៅសម័យនគរភ្នំ (ហ្វូណន់) គ្រឹស្តសតវត្សទី១៖
យើងមានមេនាយកជាតិខេមរៈ ហើយជាស្រ្តីភាព បានតាំងខ្លួនជាស្តេច មានព្រះនាមជាក្សត្រិយ
លីវយី ឬ សោម៉ា (កូនព្រះចន្ទ) ដែលខ្មែរហៅថា «នាងសក់ក្រអូប» ទ្រង់សោយរាជ្យលើកោះ
គោកធ្លក ឬ ប្រទេសខ្មែរ ។ មានព្រះរាជាមួយព្រះអង្គ ទ្រង់ចាកចេញពីប្រទេសឥណ្ឌាភាគខាង
ត្បូង ចូលមកកាន់ប្រទេសខ្មែរដំបូងបំផុត ព្រះនាម «ព្រះបាទកុមេរុ» ។ ព្រះរាជាអង្គនេះបានធ្វើ សង្រ្គាមនឹងព្ររាជិនីព្រះនាមលីវយី ។
កាលព្រះរាជិនីលីវយីចាញ់សង្គ្រាមហើយ ព្រះនាងក៏សព្វព្រះទ័យទទួលយកព្រះបាទកុមេរុ
ជាព្រះស្វាមី អភិសេកសោយរាជ្យសម្បត្តិនៅនគរវ្នំ (ភ្នំ) ។ ព្រះមហាក្សត្រអង្គនេះហើយជាដើម
ព្រះរាជវង្ស គឺសន្តតិវង្សទី ១ នៃប្រទេសកម្ពុជា ។ រឿងនេះសរឲ្យឃើញថា ប្រទេសខ្មែរដំបូង
បំផុតមាន ស្រ្តីខ្មែរជាស្តេចគ្រប់គ្រង ។
សម័យអង្គរ (គ្រឹស្តសតវត្សទី ១៣) :
សិលាចារឹកនៅប្រាសាទអង្គរប្រាប់ថា «ព្រះនាងអគ្គមហេសី នៃព្រះបាទជ័យវរ្ម័នទី៧ ពូកែ
លើសលប់ ឥតនរណាស្មើខាងវិទ្យាសាស្រ្ត និង បរមត្ថសាស្ត្រ ព្រះរាជាទ្រង់តាំងជាបរិនាយិកា ក្នុងព្រះអារាមព្រះពុទ្ធសាសនាដ៏ល្បីល្បាញ មួយ ព្រះនាងបានបង្រៀនពួកស្រ្តី» គឺព្រះនាងនេះ
ហើយដែលធ្វើឲ្យយើងដឹងដោយសិលាចារឹកយ៉ាងធំមួយ នៅប្រាសាទភិមានអាកាស ដែលព្រះនាងតែងដោយព្រះអង្គឯងថា៖ « ព្រះនាងគង់នៅក្នុងទីកន្លែងមួយ ឈ្មោះនរេន្ទ្រាស្រម
ជាទីសិក្សា ដែលពួកស្រ្តីរាជបិរពារមករៀនសូត្រ ព្រះនាងមាននាមល្បីល្បាញក្នុងទីនោះ
ដោយការគោរព របស់សិស្សទាំងឡាយ ព្រះនាងក៏ធ្វើឲ្យពួកស្ត្រីទាំងនោះបានសេចក្តីសុខ ឧបមាដូចជាទេវធីតាឈ្មោះសរស្វតីបែងភាគ មក...ព្រះនាងបានផ្សាយសេចក្តីមេត្តាព្រះមហាក្សត្រ ចំពោះស្ត្រីណាដែលចូលចិត្តសិក្សាវិទ្យាសាស្ត្រ ឧបមាដូចជាទឹកទិព្វ យ៉ាងប្រសើរដែលហូរចេញមក ជាសេចក្តីចេះដឹង » ។
សម័យព្រះរាជវាំងកោះស្លាកែត (គ.ស. ១៨៣៤ ដល់ ១៨៤១) :
ប្រទេសកម្ពុជាមានស្រ្តីភាពជាព្រះរាជិនី គឺព្រះអង្គម៉ី ក្សត្រីព្រះរាជបុត្រីព្រះបាទឧទ័យរាជា (ព្រះ
អង្គចន្ទ) ស្តេចឡើងសោយរាជ្យតំណពីព្រះវររាជបិតា គង់នៅក្នុងព្រះបរមរាជវាំងកោះស្លាកែត
(ត្រើយពោធិ៍ព្រះបាទ) ក្នុងខេត្តកណ្តាល ។ រជ្ជកាលនេះ ជារជ្ជកាលទី ៧៨ នៃសន្តតិវង្សប្រទេស
កម្ពុជា, មុនរជ្ជកាលព្រះករុណាបរមកោដ្ឋ (អង្គដួង) ដែលគង់នៅព្រះបរមរាជវាំងឧតុង្គមានជ័យ ។
សម័យភ្នំពេញ (គ.ស. ១៩៥៥) :
ប្រទេសកម្ពុជា មានព្រះមហាក្សត្រ ២ ព្រះអង្គ គឺព្រះករុណាជាអម្ចាស់ជីវិតតំកល់លើត្បូង ព្រះបាទសម្តេចព្រះនរោត្តម សុរាម្រឹត ជាព្រះរាជស្វាមី និងសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ
មុនីវង្ស កុសុមៈនារីរ័ត្ន សិរីវឌ្ឍនា ជាព្រះអគ្គមហេសី ទ្រង់ឡើងសោយរាជសម្បត្តិ ពីថ្ងៃទី ៣ ខែ
មីនា ឆ្នាំ ១៩៥៥ ជារជ្ជកាលទី ៨៤ នៃព្រះសន្តតិវង្សប្រទេសកម្ពុជា តំណពីរជ្ជកាលទី ៨៣ នៃព្រះ
ករុណ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះរាជបុត្រដ៏ឆ្នើមរបស់ព្រះអង្គ ។
ការសិក្សារបស់យើងដោយសង្ខេបមកប៉ុណ្ណេះ បញ្ជាក់ឲ្យឃើញថាៈ ស្រ្តីភាពដែលធម្មជាតិ តាក់មកជាភេទខ្សោយ សាច់ជ្រាយ កាយទន់ភ្លន់ ចិត្តមិនសូវរឹងប៉ឹងនោះ បើបណ្តោយទុកតាម ធម្មជាតិក៏ខ្សោយតាមដើម ប៉ុន្តែបើគេបានអប់រំបន្ទំនិស្ស័យដោយក្បួនអនាម័យ ក្បួនវិទ្យាសាស្ត្រ
និង ក្បួនសិក្សាយ៉ាងម៉ឹងម៉ាត់ ក៏ទៅជាមនុស្សខ្លាំង សាច់រឹង កាយរឹងប៉ឹង ចិត្តពូកែក្លាហានមាន
ប្រាជ្ញាប៉ាធី ស្មើនឹងបុរសដែរ ឬពូកែជាងបុរសខ្លះដោយអន្លើក៏សឹងមាន ។
ព្រោះហេតុនោះបានជា មនុស្សលោកសម័យបច្ចុប្បន្ន គេនិយមឲ្យស្រ្តីធ្វើវិធីហាត់ប្រាណដើម្បីឲ្យ ស្រ្តីមានសុខភាព ឲ្យមានកំលាំងពលំរឹងប៉ឹង រហូតដល់អាចធ្វើជាទាហាន ឬជាពេទ្យទាហាន ទៅប្រតិបតិ្តការងារក្នុងកងទ័ពបាន, ឲ្យស្រ្តីរៀនអក្សរដើម្បីឲ្យមានប្រាជ្ញាជ្រៅជ្រះ រហូតដល់ធ្វើជា សាស្រ្តាចារ្យ ជាអ្នករាជការកាន់មុខតំណែងធំៗបាន, ឲ្យរៀនសិល្បៈវិជ្ជាគ្រប់បែប ដើម្បីឲ្យបានជា
សិល្បករ ជាហត្ថករ ឧស្សាហករ ពាណិជ្ជករ កសិករ និងកម្មករជំនាញៗសំរាប់ជំរុញសេដ្ឋកិច្ចរបស់ ប្រទេសឲ្យមានវឌ្ឍនភាព -ល- ។
ប្រទេសកម្ពុជាយើង ចាប់តាំងពីសម័យរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយម រហូតដល់សម័យ រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺឲ្យស្រ្តីមានសិទ្ធិស្មើនឹងបុរស, អាចបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួន, អាចឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោតជ្រើសតាំងខ្លួនជាតំណាងរាស្រ្ត, ឲ្យស្រ្តីហាត់ប្រាណតាម អត្តពលកម្មវិធី ឲ្យមានរាងកាយរឹងមាំ មានសុខភាព, ឲ្យហាត់កាន់កាំភ្លើង, ដួចក្នុងផែនការព្រះ សីហនុ ដែលតាំងស្រ្តីខ្មែរឲ្យជានារីក្លាហាន ដំណាលគ្នានឹងបុរសដែលតាំងជាកងជីវពលកាន់ កាំភ្លើងប្រតិបត្តិការសាមគ្គីមានជោគជ័យ ដរាបដល់ដណ្តើមយកឯករាជ្យពេញទីជូនមាតុប្រទេស បាន
ពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។
ឈានចូលដល់សតវត្សទី ២១, សតវត្សនៃអរិយធម៌ខាងស្មារតី, អនាគតនៃប្រទេសកម្ពុជា យើង នឹងមានវឌ្ឍនភាពដោយសារកំលាំងស្រ្តីខ្មែរ ដែលមានចំណេះដឹង ចំណេះធ្វើ ហើយរួបរួមគ្នា ការពារនិងអភិវឌ្ឍប្រទេសជាតិ ឲ្យបានរីកចំរើនជាភិយ្យោភាព ក្រោមបាវចនា ជាតិ សាសនា
ព្រះមហាក្សត្រ ស្របតាមន័យនៃគតិបណ្ឌិតថា ៖ ស្ត្រីជាពលភាពប្រទេសជាតិ អាចជួយប្រុស វាតសកម្មភាព ជួយជាតិសាសនាប្រាជ្ញគួរជ្រាប យោងដីសំណាបស្រីយោងប្រុស

ដោយ ឱម ខែម

No comments:

Post a Comment