កោះសន្តិភាព
រាជធានីភ្នំពេញ ៖ ស្រ្តីមានផ្ទៃពោះម្នាក់និងកូនប្រុសស្រីពីរនាក់ បានស្លាប់ជាមួយគ្នាយ៉ាងអាណោចអាធ័មនៅលើឡៅតឿក្នុងផ្ទះបន្ទាប់ពីមានអគ្គិភ័យឆាបឆេះផ្ទះរបស់ខ្លួនលេខ១៣៨E1Z ផ្លូវលេខ១៣៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង២៣និង៤៥នាទីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ ដែលជាវេលាជិតឆ្លងចូលឆ្នាំថ្មី២០១២ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី២ដែលទៅដល់កន្លងែកើតហេតុនិយាយថា ជនរងគ្រោះបីនាក់ម្តាយនិងកូនដែលស្លាប់ក្នុងអគ្គិភ័យនេះម្តាយឈ្មោះហែម ចាន់ថន អាយុ៣៥ឆ្នាំ និងកូនពីរនាក់ ម្នាក់ឈ្មោះនេន លីហ្សា ភេទស្រី អាយុ១០ឆ្នាំ និងម្នាក់ទៀតឈ្មោះនេន បញ្ញា ភេទប្រុសអាយុ៤ឆ្នាំ ។ ចំណែកបុរសជាប្តីដែលមិនមានវត្តមានពេលមានអគ្គិភ័យនេះត្រូវគេស្គាល់ថាឈ្មោះហ្វា ចាន់ថា អាយុ៤០ឆ្នាំ ជាចុងភៅនៅភោជនីយដ្ឋានយីហោប៉េកាំង ។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍និយាយថា នាវេលាម៉ោងនេះគេឃើញមានផ្សែងហុយទ្រលោមចេញពីក្នុងផ្ទះរបស់ស្រ្តីរងគ្រោះខាងលើ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយអន្តរាគមន៍ យកទឹកជះដើម្បីសង្គ្រោះជនរងគ្រោះដែលជាប់នៅក្នុងផ្ទះ ។ ប៉ុន្តែមិនឮសំឡេងស្រែកឱ្យជួយទេ តែក៏មានអ្នកខ្លះថាបានឮសំឡេងស្ត្រីជាម្ចាស់ផ្ទះស្រែកឱ្យជួយផងដែរហើយក៏ស្ងាត់ទៅ ។ អស់រយៈពេលប្រហែល២០នាទី ភ្លើងក៏បានរលត់និងអស់ផ្សែង ទើបនាំគ្នាយកដែកស្បែងមកគាស់ទម្លុះទ្វារដើម្បីចូលពិនិត្យមើលព្រោះសង្ស័យថា មានអ្នកស្លាប់ក្នុងផ្ទះ ។ លុះពេលនាំគ្នាចូលទៅមើលឃើញឆេះសម្ភារមួយចំនួននៅជាន់ក្រោមហើយក៏ឡើងអើតមើលលើឡៅតឿ ស្រាប់តែឃើញស្រ្តីជាម្តាយនិងកូនប្រុសស្រីពីរនាក់ដេកស្លាប់តម្រៀបគ្នាហាក់ដូចជាកំពុងដេកលង់លក់ តែស្រ្តីជាម្តាយក៏ដូចជាកូនមិនមានស្លាកស្នាមភ្លើងឆេះរោលនោះទេ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ផ្ទះដែលជួបគ្រោះអគ្គិភ័យរហូតឆក់យកជីវិតម្តាយនិងកូនពីរនាក់នេះ មានទំហំប្រហែលបួនម៉ែត្របួនជ្រុងប៉ុណ្ណោះ ដោយជនរងគ្រោះមកជួលស្នាក់នៅក្នុងមួយខែ៣០ដុល្លារនិងជួលអស់រយៈជាងបីឆ្នាំមកហើយគឺជាបន្ទប់តូចមួយ។ នៅពេលមានហេតុការណ៍ឆេះផ្ទះ បុរសជាប្តីមិនបាននៅផ្ទះទេ ទើបមានការយល់ឃើញថា ប្រសិនបើប្តីនៅផ្ទះប្រហែលមិនឈានដល់ការស្លាប់ម្តាយនិងកូនពីរនាក់ឡើយ ហើយការស្លាប់នេះទំនងជាបណ្តាលមកពីផ្សែងខ្មួលខ្មាញ់ក្នុងបន្ទប់ធ្វើឱ្យអស់ខ្យល់អុកស៊ីហ្សែន និងថប់ដង្ហើម ។
ក្នុងហេតុការណ៍នេះដែរ គេឃើញមានវត្តមានលោកអភិបាលខណ្ឌដូនពេញ និងនគរបាលមូលដ្ឋានចុះដល់កន្លែងកើតហេតុ ហើយលោកសុខ សម្បត្តិ អភិបាលខណ្ឌបានឧបត្ថម្ភដល់នគរបាលនិងសង្កាត់ចំនួន១០ម៉ឺនរៀលដើម្បីការពារទីតាំងខាងលើ រហូតដល់ព្រឹកមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលមុនពេលនគរបានជំនាញធ្វើការពិនិត្យរកមូលហេតុដែលនាំឱ្យមានអគ្គិភ័យឆក់យកជីវិតម្តាយ-កូនបីនាក់ដែលនឹកស្មានមិនដល់នេះ។
បុរសជាប្តីនិយាយថា មុនពេលកើតហេតុគាត់បានបបួលប្រពន្ធនិងកូនទៅលេងនៅកោះពេជ្រដែលជាថ្ងៃឆ្លងឆ្នាំសាកលដែរ ប៉ុន្តែប្រពន្ធមិនព្រមទៅដោយនិយាយថា នៅមើលការផ្សាយបន្តផ្ទាល់ពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុតាមរយៈទូរទស្សន៍បាយ័នវិញ ។ ពេលនោះគាត់បានប្រាប់ប្រពន្ធទៀតថា បើមានហេតុការណ៍ណាមួយកើតឡើងត្រូវទូរស័ព្ទប្រាប់ឱ្យដឹងផងហើយនិងបានប្រាប់កន្លែងទុកកូនសោផ្ទះដែរ ។ បុរសជាប្តីបញ្ជាក់ថា ខណៈពេលកំពុងនៅកោះពេជ្រក៏មានគេទូរស័ព្ទប្រាប់ថា ផ្ទះរបស់គាត់ត្រូវភ្លើងឆាបឆេះ ហើយមិនដឹងប្រពន្ធនិងកូនបែបណាទេ។ ពេលទទួលដំណឹងដ៏អកុសលនេះភ្លាមគាត់ប្រញាប់ប្រញាល់ជិះម៉ូតូមកដល់ផ្ទះក៏ឃើញប្រពន្ធនិងកូនប្រុសស្រីពីរនាក់ដេកស្លាប់តម្រៀបគ្នានៅលើឡៅតឿហាក់ដូចជាពួកគេដេកលង់លក់យ៉ាងដូច្នេះ ។
ព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១២ នគរបាលជំនាញបានចុះមកពិនិត្យផ្ទះកើតហេតុ តែមិនទាន់អះអាងពីមូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យនេះទេ ។ រីឯអ្នកកាសែតក៏មិនត្រូវបានឱ្យចូលថតយករូបភាពម្តាយនិងកូនស្លាប់ក្នុងផ្ទះនោះដែរ ៕ ប៊ុនរី
No comments:
Post a Comment