ដោយ វោហារ ជាតិ
2012-03-06
មន្ត្រីសាលាខេត្តព្រះសីហនុ និងអង្គការការពារសិទ្ធិមនុស្សប្រចាំខេត្តទេសចរណ៍មួយនេះ ដាក់ឈ្មោះប្រធានបទខុសៗគ្នា សម្រាប់ទិវាសិទ្ធិនារី ថ្ងៃ៨ មីនា។
ខាងមន្ទីរកិច្ចការនារីខេត្តលើកពាក្យស្លោកថា «អ្នកម្ដាយដ៏ឆ្នើមរបស់ខ្ញុំ»។ ចំណែកអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) បានដាក់ពាក្យស្លោកថា «យើងត្រូវការប្រព័ន្ធយុត្តិធម៌រឹងមាំ ដើម្បីប្រឆាំងអំពើហិង្សាផ្នែក យេនឌ័រ (Gender)។
មន្ទីរកិច្ចការនារីរួមទាំងមន្ត្រីសាលាខេត្តព្រះសីហនុ បានប្រារព្ធទិវាអន្តជាតិនារី៨ មីនា ខួបលើកទី ១០១ នៅថ្ងៃទី៦មីនា។ ពិធីនេះត្រូវបានគេធ្វើឡើងរយៈពេល២ថ្ងៃ មុនទិវាអន្តជាតិនារី៨ មីនា។
នៅក្នុងពិធីនេះ អ្នកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានថ្លែងថា អ្នកស្រីនឹងខិតខំធ្វើការដើម្បីកាត់បន្ថយគម្លាតយេនឌ័រ ឲ្យស្ថិតនៅកម្រិតទាបបំផុត។ អ្នកស្រីបន្តថា ការងារជាចម្បងលប់បំបាត់គម្លាត យេនឌ័រនៅកម្រិតបឋម និងមធ្យមសិក្សាបឋមភូមិ ជួយបណ្ដុះបណ្ដាលឧបត្ថម្ភគាំទ្រអ្នកគ្រូ ផ្ដល់អាហារូបត្ថម្ភ គ្រួសារសិស្សស្រីៗ ក្រីក្រ ដើម្បីឲ្យពួកគេក្លាយជាអ្នកម្ដាយដ៏ឆ្នើមទៅអនាគត។
អ្នកស្រី សៅ កាន៖ «បានន័យថា នៅក្នុងអត្ថន័យនេះ គឺចង់ឲ្យកូនៗនឹកឃើញគុណម្ដាយ។ ម្ដាយខំពរពោះតាំងពីមួយខែរហូតដល់ ៩ ខែ ១០ ថ្ងៃ។ អ្នកម្ដាយគាត់ខំតស៊ូបីបាច់ចិញ្ចឹមកូនឲ្យក្លាយជាមនុស្សល្អនៅក្នុងសង្គម»។
លោក ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ ចូលរួមជាអធិបតីក្នុងពិធីនោះ។ លោកបានក្រើនរំលឹកដល់ស្ថាប័នទាំងអស់នៅក្នុងខេត្តជួយគាំទ្រកម្មវិធីនេះឲ្យបានសម្រេចគោលដៅ។
លោក ស្បោង សារ៉ាត់៖ «ដូចជានៅកងរាជអាវុធហត្ថ ឬនៅស្នងការយោធា ឬនៅអង្គភាពធំដែលមានបងៗ ជានារីច្រើន យើងត្រូវតែធ្វើ។ ហើយគ្មានអ្វីទេ សំខាន់បំផុតយើងត្រួតពិនិត្យសកម្មភាពការងាររបស់យើងឡើងវិញ»។
ស្របពេលដែលក្រុមមន្ត្រីរដ្ឋាភិបាលប្រារព្ធទិវាអន្តជាតិនារី៨ មីនានេះ អង្គការពារសិទ្ធិមនុស្សអាដហុកនៅខេត្តព្រះសីហនុ បានសុំឲ្យរដ្ឋាភិបាលជួយពង្រឹងប្រព័ន្ធយុត្តិធម៌ដោយយល់ឃើញថា កន្លងមកការអនុវត្តប្រព័ន្ធច្បាប់ មិនបានត្រឹមត្រូវ តាមអាជីព បានរួមចំណែកធ្វើឲ្យមានការរំលោភសិទ្ធិស្ត្រីមួយផ្នែកធំ។
កញ្ញា ណាប់ សុម៉ាលី មន្ត្រីសិទ្ធិមនុស្ស អង្គការលីកាដូ ប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា កន្លងមក ករណីរំលោភសិទ្ធិស្ត្រីមិនត្រូវបានដោះស្រាយតាមច្បាប់ទេ ច្រើនតែបញ្ចប់ដោយធ្វើសម្របសម្រួលតាមរយៈក្រៅប្រព័ន្ធតុលាការ ។ ការសម្រុះសម្រួលរវាងភាគីដើមបណ្ដឹង និងចុងចោទ ច្រើនកើតឡើងទាំងករណីបណ្ដឹងរដ្ឋប្បវេណី និងបណ្ដឹងអាជ្ញា ដែលមន្ត្រីតុលាការច្រើនតែបញ្ចប់ដោយងាយ។
កញ្ញាបន្តថា ជាទូទៅការរំលោកសិទ្ធិនារីដែលលេចធ្លោជាងគេ គឺការរំលោភសេពសន្ថវៈ និងហិង្សាក្នុងគ្រួសារ ហើយជនប្រព្រឹត្តបទល្មើសច្រើនរួចខ្លួន មិនបានទទួលទោសតាមច្បាប់ដែលជាហេតុធ្វើឲ្យជនរងគ្រោះកាន់តែឈឺចាប់ខ្លាំងទៅទៀត ចំណែកជនល្មើស ក៏ចេះតែហ៊ានប្រព្រឹត្តល្មើសបន្តទៀត។
កញ្ញា ណាប់ សុម៉ាលី៖ «អ៊ីចឹង បើសិនជាក្នុងករណីយអំពើហិង្សាក៏ដោយ ករណីរំលោភសេពសន្ថវៈក៏ដោយ បើសិនជាជនរងគ្រោះសុខចិត្តទទួលយកសំណងរដ្ឋប្បវេណីហើយសុំដកបណ្ដឹងវិញ។ តុលាការគួរបន្តនីតិវិធី ពីព្រោះបណ្ដឹងអាជ្ញាមិនរលត់ទេ បើទោះជនរងគ្រោះគាត់ព្រមទទួលយកសំណងក៏ដោយ»។
របាយការណ៍អង្គការពារសិទ្ធិមនុស្សលីកាដូខេត្តព្រះសីហនុបង្ហាញថា ការរំលោភសិទ្ធនារី បានកើនឡើងខ្ពស់នៅចាប់តាំងពី ឆ្នាំ២០១០ ដល់ឆ្នាំ២០១២។ ពោលគឺ នៅឆ្នាំ២០១០ ករណីរំលោភស្ត្រីនិងកុមារមាន១២ករណី។ ចំនួននេះកើនឡើងដល់១៤ករណីនៅឆ្នាំ២០១១។ ហើយក្នុងរយៈពេលពីរខែដើមឆ្នាំ២០១២នេះ មានករណីរំលោភសិទ្ធិនារីពីរករណីទៅហើយ។
តែទោះយ៉ាងណាក្ដី អ្នកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្តព្រះសីហនុ អះអាងផ្ទុយពីរបាយការណ៍នេះ។ អ្នកស្រីបញ្ជាក់ថា ការរំលោភសិទ្ធិនារីបានថយចុះច្រើនណាស់ ដោយសាររដ្ឋាភិបាលបានអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋទាំងនៅទីក្រុង ទាំងជនបទឲ្យយល់ដឹងអំពីការរំលោភសិទ្ធិនារី រួមទាំងការរំលោភសិទ្ធិមនុស្សទូទៅ៕
No comments:
Post a Comment