ពល​ការិនី​ខ្មែរ​៤​នាក់​បម្រើ​ការ​នៅ​ម៉ាឡេស៊ី សុំ​ឲ្យ​ជួយ​អន្តរាគមន៍

2012-07-14
ពល​ការិនី​មួយ​ចំនួន​នៅ​ប្រទេស​ម៉ាឡេស៊ី (Malaysia) មិន​ចង់​បន្ត​ធ្វើ​ការងារ​នៅ​កន្លែង​នោះ​ទៀត​ទេ ដោយ​សារ​តែ​ថៅកែ​វាយ​ធ្វើ​បាប ក៏​ប៉ុន្តែ​ពួក​គេ​មិន​មាន​លទ្ធភាព​អាច​ចាក​ចេញ​ពី​ទីនោះ​បាន ដោយ​សារ​តែ​ថៅកែ បាន​ដក​ហូត​លិខិត​ឆ្លង​ដែន និង​គំរាម​កំហែង។
RFA/Sok Serey
ពលករ​ឈ្មោះ ស៊្រុន ច័ន្ទណាង (អាវ​ក្រហម) ដែល​ត្រូវ​ក្រុមហ៊ុន​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១១។
ពល​ការិនី​ខ្មែរ​ម្នាក់​ឈ្មោះ ផាន លក្ខិណា បាន​ទូរស័ព្ទ​ពី​ប្រទេស​ម៉ាឡេស៊ី ប្រាប់​កាល​ពី​រាត្រី​ថ្ងៃ​​សុក្រ ទី​១៣ ខែ​កក្កដា ថា ពួក​គេ​កំពុង​បម្រើ​ការ​នៅ​ក្នុង​ហាង​ធ្វើ​តៅហ៊ូ​មួយ ដែល​មាន​ផ្ទះ​លេខ ៦៦៤​អែស នៃ​ភូមិ​ម៉ាឡាកាងប៊ឺគិតម៉ាឡាកឺ។ ពល​ការិនី​ដដែល​បាន​ប្រាប់​តាម​ទូរស័ព្ទ​ទាំង​មាន​ការ​ភ័យ​ខ្លាច​ថា ពួក​នាង​ទៅ​បម្រើ​ការ​នៅ​ទីនោះ​រយៈពេល​១​ឆ្នាំ និង​៣​ខែ​ហើយ។ កន្លែង​ធ្វើ​ការ​នោះ គឺ​មាន​កម្មករ​ទាំង​អស់​ចំនួន​៥​នាក់ ដែល​ក្នុង​ចំណោម​នោះ មាន​ពល​ការិនី​ខ្មែរ​ចំនួន​៤​នាក់ ឈ្មោះ សុឃីម សម្ភស្ស និង​ស៊ីណែត។ ពេល​ខ្លះ​ពួក​គេ​ទាំង​នោះ បាន​ទទួល​រង​ការ​ធ្វើ​បាប​ពី​ថៅកែ។
ពល​ការិនី ផាន លក្ខិណា៖ «ថៅកែ​ធ្វើ​បាប​ខ្ញុំ​ណាស់ ពី​ម្សិល​មិញ​វាយ​មិត្តភក្ដិ​ខ្ញុំ​ម្នាក់។ ថៅកែ​ទិញ​បាយ​ឱ្យ​ពួក​ខ្ញុំ​ដូច​បាយ​ឆ្កែ​ស៊ី។ ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ពេល​ព្រឹក​ធ្វើ​តាំង​ពី​ម៉ោង​៦ និង​៣០​នាទី រហូត​ដល់​ម៉ោង ២​និង​៣០​នាទី។ ឡើង​ទៅ​ងូត​ទឹក​អី​ហើយ ចុះ​ទៅ​ក្រោម​វិញ​ធ្វើ​ការ​ទៀត។ ម៉ោង​១២​និង​៣០​នាទី​យប់ ធ្វើ​ការ​រហូត​ដល់​ម៉ោង​៣ ឡើង​ទៅ​លើ​ដេក ដេក​បាន​បន្តិច​ទេ។ គេ​ធ្វើ​បាប​ដូច​ធ្វើ​អី​ខុស​បន្តិច កាត់​លុយ ហើយ​សម្ដី​អាក្រក់។ បើ​នៅ​ខ្មែរ ក្រុមហ៊ុន​គេ​និយាយ​ថា ពួក​ខ្ញុំ​មក​ម៉ាឡេស៊ី ១​ខែ គឺ​២០០។ ពេល​មក​ដល់​ណេះ ថៅកែ​ខ្ញុំ​ប្រាប់​ថា ១​ខែ​គឺ​១៥០​ដុល្លារ ហើយ​ខ្ញុំ​ចង់​ចេញ​ពី​នេះ គាត់​អត់​ឱ្យ​ប៉ាសស្ព័រ​ខ្ញុំ​ទេ ឱ្យ​ខ្ញុំ​ចេញ​តែ​ខ្លួន គឺ​គាត់​ចង់​ឱ្យ​ប៉ូលិស​ចាប់​ខ្ញុំ»
ក្រុម​ពលករ​ខ្មែរ​ទាំង​នោះ​ត្រូវ​ការ​ជំនួយ​ពី​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ជួយ​ពួក​គេ​ឱ្យ​ចេញ​ផុត​ពី​កន្លែង​ដែល​ភ័យ​ខ្លាច។
អង្គការ ខារ៉ាម កម្ពុជា (CARAM Cambodia) ដែល​តែង​ជួយ​ដល់​ពលករ​ចំណាក​ស្រុក បាន​ឆ្លើយ​តប​បញ្ហា​នេះ​ថា គេ​នឹង​ធ្វើ​កិច្ច​សហការ​ជាមួយ​អង្គការ​ជា​ដៃគូ នៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ស្វែង​រក និង​ជួយ​ដល់​ពល​ការិនី​ខ្មែរ​ទាំង​នោះ។
លោក មាស សាណែត អ្នក​គ្រប់គ្រង​កម្មវិធី​របស់​អង្គការ ខារ៉ាម កម្ពុជា បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក នឹង​ស្វែង​រក​ទីតាំង​ធ្វើ​ការ​របស់​ពល​ការិនី​ខ្មែរ​ទាំង​នោះ ហើយ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដើម្បី​ជួយ​ពួក​គេ៖ «សំខាន់​បើ​សិន​ជា​មាន​លេខ​ទូរស័ព្ទ​របស់​ផ្ទះ​ថៅកែ​ហ្នឹង​មួយ​ទៀត អាហ្នឹង​យើង​មាន​ចំណាត់​ការ​លឿន ប៉ុន្តែ​ប្រសិន​ជា​មាន​អាសយដ្ឋាន​ដឹង​ច្បាស់​ហើយ ក៏​យើង​អាច​ធ្វើ​ការងារ​បាន​ដែរ។ ខ្ញុំ​ចំណាត់​ការ​ជាមួយ​ដៃគូ​ខ្ញុំ។ ស្រុក​ម៉ាឡាកា វា​រៀង​ឆ្ងាយ​បន្តិច ពី​ម៉ាឡេ»
សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) នៅ​ប្រទេស​កម្ពុជា​ធ្លាប់​បាន​ចេញ​របាយការណ៍​មួយ កាល​ពាក់​កណ្ដាល​ខែ​មិថុនា ដោយ​បង្ហាញ​ថា ពលករ​ពល​ការិនី​ដែល​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស នៅ​តែ​រង​ការ​ធ្វើ​បាប​ពី​ម្ចាស់​ផ្ទះ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជាច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ ហួស​កម្លាំង ដោយ​មាន​កម្មករ​ខ្លះ​បាន​ធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​ស្លាប់ និង​មាន​ការ​កេងប្រវ័ញ្ច​ប្រាក់​ឈ្នួល​ជាដើម។
សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ដើម​ឆ្នាំ​២០១២ គេ​បាន​ទទួល​បណ្ដឹង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ពី​គ្រួសារ​ពលករ​ពល​ការិនី​ចំណាក​ស្រុក​ចំនួន​១៤១​ករណី។ ចំនួន​នេះ​បាន​កើន​ឡើង​ជាង​ប្រាំ​ដង​ក្នុង​រយៈពេល​ដូច​គ្នា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១១ កន្លង​ទៅ។
កាល​ពី​ខែ​ឧសភា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អំពាវនាវ​ដល់​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ឱ្យ​ប្រកាន់​យក​គោលការណ៍​មនុស្សធម៌ និង​ច្បាប់​ការងារ ដើម្បី​គាំពារ​ដល់​ពលករ​ចំណាក​ស្រុក នៅ​កន្លែង​ធ្វើ​ការ ជៀសវាង​ការ​រំលោភ​សិទ្ធិ​មនុស្ស​លើ​ពលករ​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​នោះ។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ពលករ​ដែល​មាន​ជំនាញ​តិច​តួច គប្បី​ត្រូវ​បាន​ការពារ​សិទ្ធិ ស្រប​ទៅ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​អាស៊ាន​កន្លង​ទៅ។
បច្ចុប្បន្ន ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​ដែល​នាំ​ចេញ​ពលករ​ដ៏​ធំ​មួយ ទៅ​កាន់​ប្រទេស​ថៃ (Thailand) ម៉ាឡេស៊ី (Malaysia) កូរ៉េ​ខាង​ត្បូង (South Korea) និង​ប្រទេស​មួយ​ចំនួន​ទៀត៕

No comments:

Post a Comment