ដោយ តាំង សារ៉ាដា
2012-07-11
សហគមន៍អន្តរជាតិជំរុញឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដោះស្រាយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បញ្ហានិទណ្ឌភាព និងការទាមទារឲ្យមេបក្សប្រឆាំងវិលត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមការបោះឆ្នោតសកលនៅឆ្នាំ២០១៣ ខាងមុខ។
ការអំពាវនាវរបស់សហគមន៍អន្តរជាតិធ្វើឡើងនៅមុនដំណើរទស្សនកិច្ចរបស់អ្នកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែកក្កដា ខាងមុខ។
នៅស្របពេលដែលរដ្ឋាភិបាលទីក្រុងភ្នំពេញ ខិតខំប្រឹងប្រែងកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន (Washington) នោះ កម្ពុជាខ្លួនឯងនៅមិនទាន់បានសម្អាតបញ្ហាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ និងរ៉ាំរ៉ៃ ពីក្រោយឆាកនយោបាយគ្រប់គ្រងប្រទេសរបស់ខ្លួននៅឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានមូលដ្ឋានក្នុងបុរី (New York) សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៩ ខែកក្កដា កន្លងទៅថ្មីៗនេះ បានជំរុញឲ្យអ្នកស្រី ហ៊ីលឡារី គ្លិនតុន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ត្រូវជជែកឲ្យបានច្បាស់ជាសាធារណៈ ឬជាឯកជនជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ចំណងមិត្តភាពរវាងកម្ពុជា និងអាមេរិក នឹងមិនអាចមានភាពជិតស្និទ្ធទៅបានទេ ដរាបណារដ្ឋាភិបាលទីក្រុងភ្នំពេញ មិនទាន់ធ្វើឲ្យប្រសើរនូវការគោរពសិទ្ធិមនុស្សជាអាទិភាពនោះ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក ប្រែត អាដាម (Brad Adams) ថ្លែងថា ទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក មានសារសំខាន់ណាស់សម្រាប់កម្ពុជា ពីព្រោះរាល់បណ្ដាប្រទេសរីកចំរើន និងអ្នកវិនិយោគធំៗនៅលើពិភពលោក សុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់អាមេរិក ដូច្នេះដើម្បីអាចបង្កើតទំនាក់ទំនងល្អជាមួយអាមេរិកបាន លុះត្រាកម្ពុជា ជម្រះឲ្យអស់នូវវិបត្តិសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបំបាត់អំពើពុករលួយជាលក្ខណៈប្រព័ន្ធ ក្នុងប្រទេសរបស់ខ្លួនជាមុន។
លោក ប្រែត អាដាម៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់បានណាស់នៅនូវភាពស្របច្បាប់នៃរដ្ឋាភិបាលរបស់ខ្លួន ពីព្រោះកេរ្តិ៍ឈ្មោះរបស់គាត់ក្នុងពិភពលោកត្រូវគេស្គាល់ថា ជាបុរសជើងខ្លាំង និងជាមេដឹកនាំផ្ដាច់ការ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់មិនអាចមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកបានទេ ល្គឹកណាគ្មានការផ្លាស់ប្ដូរ និងធ្វើឲ្យប្រសើរនូវស្ថានភាពគោរពសិទ្ធិមនុស្ស។ ម្យ៉ាងទៀតក្រុមអ្នកវិនិយោគអាមេរិកមានសារសំខាន់ណាស់សម្រាប់កម្ពុជា ប៉ុន្តែសួរថា តើក្រុមហ៊ុនណាដែលហ៊ានបណ្ដាក់ទុននៅកម្ពុជា ប្រសិនកម្ពុជា ខ្លួនឯងគ្មាន ការគោរពច្បាប់ ហើយរាល់ប្រព័ន្ធគ្រប់គ្រងរដ្ឋសុទ្ធសឹងជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ដូច្នេះក្រុមហ៊ុនទាំងនោះនឹងមិនអាចមានទំនុកចិត្តរកស៊ីនៅកម្ពុជា បានទេ។ រាល់ប្រទេសផ្ដល់ជំនួយធំៗនៅលើពិភពលោក ភាគច្រើនដើរតាមការដឹកនាំរបស់សហរដ្ឋអាមេរិក ដោយសារអាមេរិកមានឥទ្ធិពលលើបញ្ហាច្រើនលើឆាកអន្តរជាតិ និងនៅតែជាប្រទេសមហាអំណាចដ៏សំខាន់មួយលើពិភពលោក។ ដូច្នេះប្រសិនបើសហរដ្ឋអាមេរិក មិនចង់មានចំណងមិត្តភាពជាមួយកម្ពុជា វានឹងធ្វើអោយប្រទេសដទៃៗទៀត មានទំនាក់ទំនងចង្អៀត ឬមិនចង់មានភាពជិតស្និទ្ធជាមួយកម្ពុជាដែរ»។
អ្នកស្រី ហ៊ីលឡារី គ្លិនតុន នឹងធ្វើដំណើរនឹងទៅដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១១ កក្កដា អមជាមួយក្រុមអ្នកវិនិយោគធំៗពីសហរដ្ឋអាមេរិកមួយចំនួន។
ឆ្លើយតបទៅនឹងប្រសាសន៍លោក ប្រែត អាដាម (Brad Adams) នេះដែរ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោល និងប្រតិកម្មថា ទស្សនៈរបស់លោក អាដាម គ្រាន់តែជាការមួលបង្កាច់ និងជាការវាយប្រហារប៉ុណ្ណោះ។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជាកំពុងបន្តកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យជាមួយសហរដ្ឋអាមេរិក ហើយថា កម្ពុជាកំពុងធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងវិស័យសង្គមកិច្ចដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រជាជាតិរបស់ខ្លួន។
លោកបន្តថា អ្វីដែលលោក ប្រែត អាដាម កំពុងលើកឡើងគឺមិនបានឆ្លុះបញ្ចាំងអំពីទត្ថភាពជាក់ស្ដែងក្រោមការដឹកនាំនៃរដ្ឋបាលរបស់លោក ហ៊ុន សែន៖ «កម្ពុជានៅសម័យកាលតេជោ ហ៊ុន សែន ជាកម្ពុជាមានភាពស្មើគ្នា ភាពជាដៃគូជាមួយសហរដ្ឋអាមេរិក ទាំងវិស័យការងារទូត វិស័យសន្តិសុខ ...។ ខ្ញុំមិនមានការចាប់អារម្មណ៍ខ្ពស់ចំពោះ ប្រែត អាដាម ទេ។ ប្រែត អាដាម មិនមែនគ្រាន់តែជាអង្គការសង្គមស៊ីវិលមួយ ហើយសំឡេង ប្រែត អាដាម ជាសំឡេងមួយដែលវាយប្រហារនៅកម្ពុជារហូត...»។
អង្គការ Human Rights Watch បានរាយការណ៍ថា ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា បានវាយប្រហារធ្ងន់ៗទៅលើក្រុមអ្នករិះគន់ ដូចជាករណីចាប់ខ្លួនពលរដ្ឋតំបន់បឹងកក់ចំនួន ១៥នាក់ ហើយកាត់ទោសពួកគេភ្លាមៗឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ។
ការសម្លាប់សកម្មជនការពារព្រៃឈើ លោក ឈុត វុទ្ធី កាលពីខែមេសា ដែលសមត្ថកិច្ចនៅមិនទាន់បានស៊ើបអង្កេតរកជនដៃដល់ពិតប្រាកដយកមកផ្តន្ទាទោស។ ព្រះតេជគុណ លួន សុវ៉ាត ត្រូវបានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គំរាមចាប់ផ្សឹក ប្រសិនបើព្រះអង្គហ៊ានចូលរួមឃ្លាំមើលការធ្វើកូដកម្ម ឬបាតុកម្មរបស់ពល រដ្ឋ។
ការបាញ់សម្លាប់ក្មេងស្រីអាយុ ១៤ឆ្នាំ ឈ្មោះ ហេង ចន្ថា កាលពីខែឧសភា ក្នុងខេត្តក្រចេះ ដោយសារការចុះដោះស្រាយទំនាស់ដីធ្លីរបស់កម្លាំងសមត្ថកិច្ចនៅមិនទាន់មានការទទួលខុសត្រូវ។ ការចេញដីកាតាមចាប់ខ្លួនសកម្មជនការពារដីធ្លីក្នុងខេត្តក្រចេះ ចំនួន ៥នាក់ពីបទចោទថា បានព្យាយាមបង្កើតតំបន់អបគមន៍ រួមនឹងការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការតាមចាប់ខ្លួនលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ FM 105 ថា ជាមេខ្លោងក្នុងការបង្កើតតំបន់អបគមន៍ក្នុងខេត្តក្រចេះ។ ម្យ៉ាងទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់គំរាមផងដែរថា លោកនឹងបិទទ្វាវ៉ៃឆ្កែ ប្រសិនបើជនណា ឬក្រុមណាហ៊ានបះបោរ ដូចនៅប្រទេសទុយណេស៊ី (Tunisia)។
ទាក់ទិនទៅនឹងសេចក្ដីថ្លែងការណ៍របស់មន្ត្រីអង្គការឃ្លាំមើលសិទ្ធិអន្តរជាតិរូបនេះ អ្នកវិភាគឯករាជ្យអំពីស្ថានការណ៍នយោបាយ និងនីតិរដ្ឋនៅកម្ពុជា លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោកសំណូមពរ ឲ្យអ្នកស្រី ហ៊ីលឡារី គ្លិនតុន ជជែក និងជំរុញជាសំខាន់ដល់រដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាឲ្យមានប្រព័ន្ធតុលាការឯករាជ្យ។
លោកបន្តថា កាលណាកម្ពុជា គ្មានប្រព័ន្ធយុត្តិធម៌ត្រឹមត្រូវ ដ៏គួរឲ្យទុកចិត្តពីមហាជន នោះការរំលោភសិទ្ធិមនុស្ស ជម្រកនិទណ្ឌភាព ឬភាពគ្មានដាក់ទោសពៃរ៍ដល់ជនល្មើសច្បាប់ និងអំពើពុករលួយនៅតែជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍជាតិ។
យោងតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ កម្ពុជាមានកាតព្វកិច្ចបង្កើតតុលាការឯករាជ្យ ហើយដើម្បីឲ្យប្រព័ន្ធតុលាការមានឯករាជ្យទៅបាន លុះត្រាតែមានការធានាថា រាល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការផ្សេងៗទៀត មិនត្រូវជាសមាជិករបស់គណបក្សកាន់អំណាច។
តំណាងរាស្ត្រពីខាងគណបក្សជំទាស់ លោក សុន ឆ័យ មានប្រសាសន៍ថា សេចក្ដីថ្លែងការណ៍ និងប្រសាសន៍របស់លោក ប្រែត អាដាម គឺជាការរំលឹកដល់សហរដ្ឋអាមេរិក ដែលជាប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោយពីកម្ពុជា បានរៀបចំប្រទេសរបស់ខ្លួនកន្លងមក តាមរយៈការចូលរួមពីអង្គការសហប្រជាជាតិ ដែលតម្រូវឲ្យកម្ពុជា មានកាតព្វកិច្ចក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវ។
អង្គការ Human Rights Watch ក៏បានជំរុញឲ្យអ្នកស្រី ហ៊ីលឡារី គ្លិនតុន ទាមទារដល់រដ្ឋាភិបាលទីក្រុងភ្នំពេញ អនុញ្ញាតឲ្យមេបក្សប្រឆាំង លោក សម រង្ស៊ី វិលចូលប្រទេសវិញដោយឥតលក្ខខណ្ឌ ដើម្បីចូលរួមការបោះឆ្នោតសកល ឆ្នាំ២០១៣ ខាងមុខ បើមិនដូច្នោះទេ នោះការបោះឆ្នោតនឹងមិនមានភាពស្របច្បាប់ ហើយសហរដ្ឋអាមេរិកនឹងមិនត្រូវទទួលស្គាល់លទ្ធផលឆ្នោតនាពេលនោះឡើយ៕
No comments:
Post a Comment