ដោយ ម៉ៅ សុធានី
2010-12-02
គណៈកម្មាធិការ ទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១០នេះ បានជជែកពិភាក្សាលើសេចក្ដីព្រាងច្បាប់អន្តរជាតិ ប្រឆាំងអំពើហិង្សាលើស្ត្រី និងកុមារ ដើម្បីចូលរួមកាត់បន្ថយអំពើហិង្សាលើស្ត្រី និងកុមារទូទាំងពិភពលោក។
អំពើហិង្សាលើស្ត្រី និងកុមារ ដូចជាការចាប់រំលោភបំពាន និងការធ្វើអាជីវកម្មផ្លូវភេទ គឺកើតមានឡើងនៅគ្រប់ទីកន្លែង គ្រប់ស្រទាប់វណ្ណៈទូទាំងពិភពលោក មិនថាជាតិសាសន៍ណាទេ។
ដើម្បីចូលរួមក្នុងការទប់ស្កាត់ និងបញ្ឈប់រាល់សកម្មភាពហិង្សាលើស្ត្រី និងកុមារទូទាំងពិភពលោក សហរដ្ឋអាមេរិកបានបង្កើតសេចក្តីព្រាងច្បាប់អន្តរជាតិមួយ ដែលគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានធ្វើការជជែកពិភាក្សាលម្អិតលើមាត្រានីមួយៗ នៅថ្ងៃទី២ ខែធ្នូនេះ ហើយសេចក្តីព្រាងច្បាប់អន្តរជាតិនេះ គឺតម្រូវឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក រៀបចំគម្រោងផែនការ ៥ឆ្នាំ ក្នុងការផ្តល់ថវិកាសម្រាប់ការកាត់បន្ថយនូវរាល់ទម្រង់នៃអំពើ ហិង្សាលើស្ត្រី និងកុមារ នៅក្នុងប្រទេសចំនួនប្រមាណជា ២០ប្រទេសក្នុងពិភពលោក។
វិទ្យុអាស៊ីសេរី នៅពុំទាន់ដឹងថា តើក្នុងប្រទេសទាំង ២០នោះ មានកម្ពុជាដែរ ឬទេ?
ក្នុងសេចក្តីថ្លែងការណ៍ជូនដំណឹងរបស់នាយកដ្ឋានទំនាក់ទំនងព្រឹទ្ធ សភាអាមេរិក កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០ កន្លងមកនេះ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់អន្តរជាតិប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងកុមារនេះ សហរដ្ឋអាមេរិកនឹងផ្តល់ថវិកាដល់ប្រទេសមួយចំនួន ដែលមានអត្រាខ្ពស់នៃរាល់ទម្រង់អំពើហិង្សា តាមរយៈការពង្រឹងពង្រីកសេវាផ្នែកផ្លូវច្បាប់ សេវាសុខភាព ផ្តល់ឱកាសច្រើនដល់ស្ត្រី និងកុមារក្នុងវិស័យអប់រំ ផ្នែកសេដ្ឋកិច្ច ការផ្សព្វផ្សាយអប់រំអំពីបទដ្ឋានសង្គម ជាពិសេសគឺនៅក្នុងតំបន់ដែលមានជម្លោះសង្គ្រាម និងមានកើតគ្រោះមហន្តរាយធម្មជាតិជាដើម។
ទាក់ទងនឹងអំពើហិង្សាក្នុងគ្រួសារនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន នេះ ទោះបីជាកម្ពុជា មានច្បាប់ប្រឆាំងអំពើហិង្សាលើស្ត្រី និងកិច្ចគាំពារដល់ជនរងគ្រោះ ដែលសភាបានអនុម័តកាលពីខែតុលា ឆ្នាំ២០០៥ក្តី គេសង្កេតឃើញថា អំពើហិង្សាលើស្ត្រី និងកុមារ ការជួញដូរ និងការចាប់រំលោភផ្លូវភេទ នៅតែបន្តកើតមានឡើងឥតឈប់ឈរ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកផ្នែកការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ បានមានប្រសាសន៍ថា អំពើហិង្សាក្នុងគ្រួសារ ការជួញដូរផ្លូវភេទ គឺជាបញ្ហារួម ដែលគ្រប់ៗគ្នាត្រូវចូលរួមទប់ស្កាត់ ៖ «កន្លងមក ស្ត្រីជាច្រើននៅក្នុងគ្រួសារ ទទួលយកថា អំពើហិង្សាក្នុងគ្រួសារគឺជារឿងធម្មតា គឺជារឿងផលកម្ម ប៉ុន្តែឥឡូវនេះ យើងចង់ឲ្យប្រជាពលរដ្ឋយើងទាំងប្រុសទាំងស្រី បានយល់ដឹងថា អំពើហិង្សា ទោះបីជាក្នុងរូបភាពណាក៏ដោយ គឺជាអំពើខុសច្បាប់ ជាការរំលោភសិទ្ធិមនុស្ស»។
ការស្រាវជ្រាវរបស់ក្រសួងកិច្ចការនារី បានរកឃើញថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៤នាក់ បានទទួលរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ ហើយភាគច្រើនលើសលប់ គឺបណ្តាលមកពីបុរស ឬស្វាមី ប្រើប្រាស់គ្រឿងស្រវឹង ហើយវាយធ្វើបាបភរិយា និងគូសង្សារ។
ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្វើការផ្ទាល់ក្នុងការដោះស្រាយបញ្ហាស្ត្រី និងកុមារនៅកម្ពុជា បានឲ្យដឹងថា បញ្ហាដែលជំរុញឲ្យមានការកើនឡើងនៃការចាប់រំលោភ និងអាជីវកម្មជួញដូរផ្លូវភេទនេះ គឺបណ្តាលមកពីនិទណ្ឌភាព ឬការមិនដាក់ទោសជនល្មើស ភាពក្រីក្ររបស់ជនរងគ្រោះ និងការសម្រុះសម្រួលយកប្រាក់សំណងពីជនល្មើសជាដើម។ ចំពោះបញ្ហាហិង្សាក្នុងគ្រួសារវិញ ភាគច្រើនស្ត្រីរងគ្រោះមិនចង់បែកបាក់គ្រួសារ ខ្លាចកូនគ្មានឪពុក ទើបសុខចិត្តស៊ូទ្រាំនឹងការវាយធ្វើបាប ទាំងផ្លូវកាយ ផ្លូវចិត្តពីស្វាមីរាប់សិបឆ្នាំ ដោយសង្ឃឹមថា ស្វាមីខ្លួននឹងកែប្រែអាកប្បកិរិយា ងាកមកយកចិត្តទុកដាក់គិតគូរអាណិតស្រឡាញ់ប្រពន្ធកូន។
ស្ត្រីរងគ្រោះម្នាក់សុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា អ្នកស្រីត្រូវបានស្វាមីវាយធ្វើបាបតាំងតែពីមានកូនមួយ រហូតដល់មានកូន ៧នាក់។
អ្នកស្រីថា ការដែលសុខចិត្តស៊ូទ្រាំនេះ ព្រោះសង្ឃឹមថា ក្រែងលោដល់អាយុចាស់ៗរៀងខ្លួនទៅ ប្តីនឹងកែប្រែមារយាទមកគិតគូរប្រពន្ធកូនវិញ ៖ «គេវាយធ្វើបាប ខ្ញុំ បោកខ្ញុំទៅនឹងឥដ្ឋជាន់កខ្ញុំ ហើយខ្ញុំចេះតែទ្រាំ ព្រោះកូនៗនៅតូច។ តែឥឡូវកូនធំហើយ គេនៅតែប្រព្រឹត្តហិង្សាដដែលមកលើខ្ញុំ»។
របាយការណ៍ប្រចាំឆ្នាំលើកទី១០ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ផ្សាយកាលពីខែមិថុនា ឆ្នាំ២០១០ បានឲ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រភព ជាទីកន្លែងឆ្លងកាត់ និងជាទិសដៅ ដែលទាំងបុរស ស្ត្រី និងកុមារ ត្រូវបានក្រុមទុច្ចរិតកេងប្រវ័ញ្ច ទាញយកផលកម្រៃតាមរយៈមុខរបរជួញដូរផ្លូវភេទ ការបង្ខិតបង្ខំពលកម្ម ការបង្ខំឲ្យទៅសុំទាន និងធ្វើជាស្ត្រីបម្រើនៅតាមគេហដ្ឋាន។
របាយការណ៍ប្រចាំឆ្នាំរបស់អង្គការ Human Rights Watch ក៏បានបង្ហាញថា ស្ត្រីនិងកុមារីជាច្រើនពាន់នាក់ក្នុងមួយឆ្នាំៗ នៅក្នុងប្រទេសមួយចំនួន មានប្រទេសកុងហ្គោ (Congo) អ៊ូហ្គង់ដា (Uganda) និងអាហ្វហ្គានីស្ថាន (Afghanistan) ត្រូវទទួលរងអំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ៕
No comments:
Post a Comment