ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានត្រូវសមត្ថកិច្ចប៉ូលិសចាប់ឃាត់ខ្លួនកាលពីព្រឹក ថ្ងៃទី៣១ ធ្នូ ក្រោយពីនាំខ្លួនមកសាកសួរ ដោយចោទប្រកាន់ពីបទចែកចាយរូបអាសអាភាសរបស់គូស្នេហ៍មួយគូនៅ ផ្ទះសំណាក់ផ្កាយមាស ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងមានការថតវីដេអូទុកមើលផង ។លោកវរសេនីយ៍ទោសិទ្ធ ឡោះ នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានឱ្យដឹងថា យុវជនជាប់ចោទដែលបាញ់រូបភាពចម្លងតាមទូរស័ព្ទដៃផ្សាយជាសាធារណៈ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះម៉ូលីវណ្ណ រដ្ឋា អាយុ១៩ឆ្នាំ ជាកូនជាងហាងលក់ទូរស័ព្ទដៃយីហោពិភពអាកាសថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ ចំពោះការឃាត់ខ្លួននេះគឺដោយមានការយល់ព្រមពីលោកតន់ សីហតេជៈ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ។
លោកនាយការិយាល័យបានបន្តទៀតថា បើតាមការរៀបរាប់បំភ្លឺពីគូសេ្នហ៍ដែលជាតួក្នុងវីដេអូនោះបាន ប្រាប់ឱ្យដឹងថា ពួកគេជាសង្សារនឹងគ្នា ហើយកាលពីវេលាម៉ោង៥ល្ងាច ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១០ កន្លងទៅ ក្នុងឱកាសមានពិធីរៀបចំខួបកំណើតរបស់តួស្រី ពួកគេបាននាំគ្នាទៅដេកនៅផ្ទះសំណាក់ផ្កាយមាសរយៈពេល៣០នាទី ហើយក៏បានស្ម័គ្រថតដាក់ទូរស័ព្ទដៃម៉ាក LG មានរយៈពេលជិត១នាទីនៅក្នុងបន្ទប់នោះ ។ បន្ទាប់មកពួកគេបានយកទូរស័ព្ទដៃនោះទៅបញ្ចាំនៅហាងលក់ទូរស័ព្ទ ដៃយីហោពិភពអាកាសថ្មីដែលមានម្ចាស់ឈ្មោះនាក់ វុឌ្ឍី ក្នុងតំលៃ៥០ដុល្លារដោយមិនបានគិតថា ក្នុងទូរស័ព្ទមានវីដេអូឃ្លីបដែលពួកគេបានថតនោះទេ ។ លុះពេលទៅយកទូរស័ព្ទដៃវិញ ស្រាប់តែអស់ថ្ម ចំណែកប៊្លូធូត្រូវបានគេបើកទៀត ហើយពេលនោះខ្លួនក៏មានការសង្ស័យដែរ ។
ចំណែកជនជាប់ចោទឈ្មោះម៉ូលីវណ្ណ រដ្ឋាបានឆ្លើយប្រាប់សមត្ថកិច្ចថា ក្រោយពីទទួលបញ្ចាំ គេបានយកទូរស័ព្ទដៃនោះមកត្រួតពិនិត្យមើលឃើញវីដេអូ ឃ្លីបនោះមានរូបក្មេងស្រីម្នាក់ដេកស្លៀកកន្សែងពោះគោជាមួយបុរសម្នាក់ ក្នុងបន្ទប់មួយ រួចរូបគេក៏យកវីដអូឃ្លីបនោះទៅឱ្យឈ្មោះលន់ គឹមឡេង មើល និងបានថតចម្លងចូលក្នុងកុំព្យូទ័រ ហើយក៏លុបចេញ ។លោកវរសេនីយ៍ទោសិទ្ធ ឡោះ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី៣០ ធ្នូ ឆ្នាំ២០១០ វីដេអូឃ្លីបនោះត្រូវបានគេបាញ់ប៊្លូធូចែកចាយពីទូរស័ព្ទមួយទៅ ទូរស័ព្ទមួយ ជាពិសេសក្នុងចំណោមសិស្សវិទ្យាល័យសម្តេចឪ (ហៅសាលាលើ) ។
បច្ចុប្បន្ន យុវជនជាប់ចោទឈ្មោះម៉ូលីវណ្ណ រដ្ឋា ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដោយជាប់ចោទពីបទចែកចាយរូបភាពអាសអាភាស ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គល ។ នេះជាមេរៀនសំរាប់អ្នកក្រោយទៀត ៕
No comments:
Post a Comment