យ៉ុង ចាន់កន្និកា ផ្កា​មួយទង​នៅតែ​រីក​ក្នុង​សួន​សិល្បៈ

រូបថត រស្មី
កញ្ញា​​យ៉ុង ចាន់​កន្និកា
រាជធានីភ្នំពេញ ៖ ក្នុង​វ័យ​​​២២​ឆ្នាំ កញ្ញា​យ៉ុង ចាន់កន្និកា ​បា​ន​​ដុះដាល​ចេញពី​សាកល​វិទ្យា​ល័យ​​ភូមិន្ទវិចិត្រ​​សិល្បៈ​កាលពីឆ្នាំ​​ ​២០០០ ​​។ មុនពេល​រីកដុះ​ដាល​ក្នុងអាជីព​ចំរៀង​ នាង​​​ប្រឡង​​ច្រៀង​ក្នុង​កម្មវិធី «ពន្លក​តារា» របស់​ស្ថានីយ​​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥ ​ជាប់​ចំណាត់ថ្នាក់​​​លេខ​២ ដោយ​​​ច្រៀង​បទ «ស្នេហ៍​ក្រោមម្លប់​ជ្រៃ» ។ តាំង​ពីពេល​នោះ​​មក នាង​​​បណ្តែត​ជីវិត​ចូលប្រឡូក​ក្នុង​​វិស័យ​សិល្បៈ​ចំរៀង​​​រហូត​ដល់​​សព្វ​ ថ្ងៃនេះ ។ នាង​​ថត​សម្លេង​​ចូលស៊ីឌី​​ និងថត​​កាយ​វិកា​រ​ខារ៉ាអូខេ ​ឱ្យ​ផលិត​កម្ម​ជា​ច្រើន​​ទាំង​ក្នុង និងក្រៅ​​ប្រទេស ដូចជា​ផលិត​កម្ម​ SSB រៃមាស តោមាស SM ជាដើម ​។


ដោយសារ​តែ​​មាន​រូប​សម្ផស្ស​​​ស្រស់​ស្អាត​​ មានទឹកដមសម្លេង​​ពីរោះ​​ធ្វើ​ឱ្យ​ប្រិយមិត្ត​​​ទស្សនិក​ជន​គាំទ្រ​​នាង​ យ៉ាង​​ច្រើន​​​រហូត​មាន​កេរ្តិ៍​​​​ឈ្មោះ​ល្បី ។ ជាពិសេស​នោះ នាង​​​កាន់តែ​​ល្បី​ខ្លាំង​តាម​រយៈ​​បទ «វា​ចាស្រី​​​ឡង់សេ» ។ ​ក្រោយ​​ពេល​មាន​កេរ្តិ៍​ឈ្មោះ​​​​​ល្បី​​មក កញ្ញាស្រីតូច្រឡឹង​​ចាន់​កន្និកា ​ធ្លាប់​​បាន​ចេញទៅ​សម្តែង​​នៅ​​ប្រទេស​បារាំង​​​​២ដង ​និង​ប្រទេស​អូស្ត្រាលី​​​​២ដង​ ។  កញ្ញា​​យ៉ុង ចាន់​កន្និកា ​​លេចមុខ​​ក្នុង​​វិស័យ​សិល្បៈ​​​​ចំរៀង​​តាំង​ពី​​​​នៅក្មេង​រហូត​​​ពេលនេះ ពេញ​វ័យ​​ហើយ​​​កាន់តែ​លូតលាស់​​ខ្លាំង​ឡើង​ក្នុង​​​អាជីព​របស់​​ខ្លួន ។ នាង​ប្រកាន់​​យក​អាជីព​​នេះ​យ៉ាង​ខ្ជាប់ខ្ជួន​ ហើយ​បាន​​​​សម​បំណង​របស់ខ្លួន​។
ក្រៅ​ពីបង្ហាញ​​មុខ​​តាមកម្មវិធី​ប្រគំតន្ត្រី​​របស់​ ស្ថានីយ​​ទូរទស្សន៍​​​នានា គេឃើញ​​នាង​​ផងដែរ​ក្នុង​កម្មវិធីខារ៉ាអូខេ​របស់ស្ថានីយ​​ទូរទស្សន៍​​មួយ ។​​ កញ្ញា​​យ៉ុង ចាន់​កន្និកា ​ក្រៅពីអាជីពជា​តារា​ចំរៀង​​​ និង​សំដែង​​កាយវិកា​រ​ខារ៉ាអូខេ នាង​​​មានហាង​លក់​សំលៀកបំពាក់​​ទាន់សម័យ​​ និង​ហាង​​អ៊ុត​សក់​មួយ​នៅ​​សង្កាត់​បឹង​កេងកង​ទី២ ខណ្ឌ​ចំការមន ។  ទាក់ទិន​នឹងរឿង​ស្នេហា​ កញ្ញា​យ៉ុង ចាន់​កន្និកា អះអាង​ថា ​នាង​មិនទាន់​មាន​​ជាប់​​ពាក់ព័ន្ធ​​ជាមួយបុរស​​ណា​ម្នាក់​​ទេ ៕

No comments:

Post a Comment