បោកយកទៅធ្វើស្រីបំរើផ្លូវភេទ

ស្ត្រីរងគ្រោះដែលត្រូវគេបោក យកទៅលក់ឈ្មោះ ផ. ស.ភ. អាយុ ២១ ឆ្នាំ រស់នៅក្នុងខ្ទមចាំដីរបស់ អ្នកដទៃជាមួយ ឪពុកម្តាយ ស្ថិតនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀន ស្វាយ ខេត្តកណ្តាល ត្រូវបានគេបោកយកទៅលក់ធ្វើជាស្ត្រី បម្រើផ្លូវភេទនៅឯខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១០ ប៉ុន្តែត្រូវបានលួចរត់ចេញពីក្រញ្ញាំតណ្ហា បុរសៗ មកដល់ផ្ទះវិញ ក៏ប្តឹងប៉ូលិសឱ្យចាប់ខ្លួនជនល្មើសបោកយកទៅលក់តែម្តងទៅ ។ ចំណែកស្ត្រីជាជនសង្ស័យដែលត្រូវអាជ្ញាធរចាប់ខ្លួនដោយចោទ ប្រកាន់ពីបទជួញដូរមនុស្ស និង ធ្វើអាជីវកម្មផ្លូវភេទនោះឈ្មោះ ឃៀង នី ហៅ សុខេន អាយុ ៤៨ ឆ្នាំ គ្មានមុខរបរ ពិតប្រាកដ រស់នៅផ្ទះជួល ស្ថិតនៅក្នុងភូមិ-ឃុំជាមួយគ្នាខាង លើ ។
ស្ថិតនៅក្នុងខ្ទមចាំដីរបស់អ្នកដទៃ ស្ត្រីជាម្តាយឈ្មោះ គៀត ធឿន អាយុប្រមាណ ៤០ ឆ្នាំ បានរៀបរាប់ឱ្យដឹងថា កាលពី ខែកញ្ញា ឆ្នាំ ២០១០ កន្លងទៅ ស្ត្រីជាជនសង្ស័យឈ្មោះ ឃៀង នី ហៅ សុខេន នោះ បានធ្វើដំណើរមកអង្គុយលេងនៅមុខខ្ទមរបស់ គាត់ដូចសព្វដង ហើយជួនពេលដែលក្រុមគ្រួសាររបស់គាត់ កំពុងស្នាក់នៅផ្ទះជុំគ្នាឪពុកកូននោះ ស្ត្រីឈ្មោះ ឃៀង នី ក៏ បានសួរដេញដោលពីនេះពីនោះ ជាពិសេសសួរពីជីវភាពគាត់ ហើយស្របពេលដែលគាត់ត្អូញត្អែរពីការខ្វះខាតក្នុងជីវភាព គ្រួសារផងនោះ ឈ្មោះ ឃៀង នី ហៅ សុខេន ក៏ចាប់ផ្តើមបបួលកូនស្រីគាត់ដែលជានារីរង គ្រោះឈ្មោះ ផ.ស.ភ. នោះ ឱ្យទៅជួយលក់បាយកូនស្រីរបស់ខ្លួន (ឃៀង នី) នៅភូមិអូរបីជាន់ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយប្រាប់ថា គ្រាន់តែជួយលក់បាយ មានកន្លែង ស្នាក់នៅស្រាប់ និង ហូបចុកស្រាប់ ក៏ទទួលបានប្រាក់ខែ ១០០ ដុល្លារ ក្នុងមួយខែនោះដែរ ។ ដោយជីវភាពក្រីក្រ បានព្រឹកខ្វះល្ងាច បានល្ងាច ខ្វះព្រឹកនោះ គាត់រួមទាំងប្តីក៏បានសម្រេចគ្នាឱ្យកូន ទៅធ្វើការនោះតែម្តង ដោយពុំបានពិចារណា វែងឆ្ងាយនោះទេ ព្រោះគិតថា រស់នៅជិតខាងគ្នា និង ស្គាល់គ្នាជាយូរមកហើយ ។

ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១០ មួយថ្ងៃ បន្ទាប់មក កូនស្រីគាត់ក៏បានចាកចេញពីផ្ទះទៅធ្វើ ការជាមួយកូនស្រីរបស់ស្ត្រីជាជនសង្ស័យនៅឯអូរ បីជាន់នោះទៅ លុះរហូតមកដល់ ខែ វិច្ឆិកា ពួកគាត់បានទទួលទូរស័ព្ទពីកូនស្រីដោយប្រាប់ថាឈ្មោះ ឃៀង នី មិនបានយកខ្លួន (ស្ត្រីរងគ្រោះ) ទៅធ្វើការជាអ្នកលក់ បាយឱ្យកូនស្រីគេដូចដែលគេបានប្រាប់នោះទេ គឺគេយកទៅដាក់ ក្នុងផ្ទះបនពេស្យាឱ្យរង់ចាំទទួលភ្ញៀវទៅវិញ ។ បានឮដូច្នេះស្ត្រីជា ម្តាយបានប្រញ្ញាប់ទៅប្តឹងប៉ូលិសឱ្យជួយអន្តរាគមន៍យកកូនស្រីមក វិញ ហើយ អាជ្ញាធរប៉ូលិសក៏បាន ឃាត់ខ្លួនស្ត្រីជនសង្ស័យ ឃៀង នី និង បានរំដោះយកកូនស្រីរបស់ គាត់មកវិញនៅថ្ងៃនោះផងដែរ ។

យើងងាកមកស្តាប់ការរៀបរាប់បន្តពីជីវភាពគ្រួសាររងគ្រោះ ថា កាលពីប៉ុន្មានឆ្នាំមុនគ្រួសាររបស់គាត់ក៏ជាអ្នកមានជីវភាព មធ្យមដូចគេដូចឯងនោះដែរ តែក្រោយមកប្តីគាត់បានធ្លាក់ខ្លួនឈឺ ធ្វើការមិនកើត ទើបគិតរកខ្ចីបុលពីធនាគារមកព្យាបាលជំងឺ និង បាន រកស៊ីចិញ្ចឹមជីវិតខ្លះផង ។ ក្រោយពីបានប្រាក់មក ពួកគាត់បានចាប់ យករបរមួយគឺជាអ្នកទិញ-លក់អេតចាយ ប៉ុន្តែដោយការប្រកប មិនបានកាក់កបត្រូវខាតបង់អស់ទាំងដើមទាំងចុង ហើយដោយ សារតែរកប្រាក់សងធនាគារមិនបាននោះ ក៏ត្រូវធនាគាររឹបអូសដី និង ផ្ទះអស់ទៅ ទើបធ្វើឱ្យពួកគាត់ធ្លាក់ខ្លួនមកសុំខ្ទមអ្នកជិតខាងរស់ នៅបែបនេះ ។

ក្រោយពីបានត្រឡប់មកដល់ផ្ទះវិញ សារព័ត៌មានក៏បានចុះជួប សម្ភាសផ្ទាល់ជាមួយនារីរងគ្រោះឈ្មោះ ផ.ស.ភ. ពីដំណើរជីវិត ដែលបានភ្លក្សរសជាតិជាអ្នកបម្រើផ្លូវភេទនោះ ។ ស្ត្រីរងគ្រោះ ផ.ស.ភ. បានរៀបរាប់ទាំងទឹកមុខអៀនខ្មាសថា បន្ទាប់ពីបានឈាន ជើងចូលទឹកដីខេត្តបន្ទាយមានជ័យ ជាលើកដំបូងស្នាក់នៅផ្ទះបនស្រីនោះ គេពុំបានឱ្យ ធ្វើអ្វីនោះទេ ហាក់ដូចជាបន្សាំឱ្យខ្លួនស៊ាំទៅនឹងការរស់នៅជាមួយនារីបម្រើផ្លូវភេទមុនៗ ហើយ រហូតបីថ្ងៃបន្ទាប់មក គេបានចាប់ផ្តើមឱ្យខ្លួនទទួលភ្ញៀវជាបន្តបន្ទាប់ ដែលថ្ងៃខ្លះខ្លួនត្រូវ ទទួលភ្ញៀវតែម្នាក់ ហើយថ្ងៃខ្លះត្រូវទទួលភ្ញៀវដល់ទៅបី ឬ បួននាក់ឯណោះ ដោយភ្ញៀវ ម្នាក់ គេត្រូវចំណាយប្រាក់ប្រាំដុល្លារ ឬ ពីរម៉ឺនរៀល សម្រាប់រួមភេទម្តង ហើយប្រាក់ពីរ ម៉ឺនរៀលនោះ ត្រូវបានមេបនចែកមកឱ្យខ្លួនពាក់កណ្តាលគឺចំនួនមួយម៉ឺនរៀល ។ រស់នៅ ទីនោះអស់រយៈពេលជិតពីរខែ ទើបខ្លួនហ៊ានលួចទូរស័ព្ទប្រាប់ពីរឿងរ៉ាវដែលនឹកស្មានមិនដល់ នេះ ។
ផ.ស.ភ. គឺជានារីម្នាក់ដែលរៀនបានត្រឹមថ្នាក់ទី ៤ ហើយរហូតដល់អាយុ ១៨ ឆ្នាំ ផ.ស.ភ. បានចាប់ផ្តើមការងារមួយជាមួយអាជីពជាកម្មការិនីរោងចក្រស្បែកជើងមួយនៅក្នុង ខេត្តកណ្តាល ។ ដោយសុខភាពមិនសូវល្អ ផ.ស.ភ. ក៏បានលាឈប់ពីការងារជាកម្មការិនីរោងចក្រស្បែកជើងនោះ បន្ទាប់ពីធ្វើការអស់រយៈពេលជាងមួយឆ្នាំមក ។
ស្ត្រីជនជាប់ចោទបានអះអាងថា គ្រួសាររងគ្រោះនេះគឺជាគ្រួសារមួយដែលត្រូវការប្រាក់ ត្រូវការចំណាយចាយវាយច្រើនលើសលប់ ដោយស្ត្រី ឃៀង នី អះអាងថា ស្ត្រីជាម្តាយ របស់នារីរងគ្រោះជាអ្នកចូលចិត្តលេងល្បែង ហើយឪពុកនារីរងគ្រោះគឺជាមនុស្សមានជំងឺ ទៀតផង ។ ស្ត្រីជាប់ចោទបន្តថា ខ្លួនពុំមានបំណងយកនារីរងគ្រោះទៅលក់ធ្វើជាស្រីបន ពេស្យានោះទេ ប៉ុន្តែពេលទៅដល់កន្លែងលក់បាយនោះ ម្តាយនារីរងគ្រោះបានទូរស័ព្ទប្រាប់ ឱ្យឈ្មោះ ឃៀង នី ជនជាប់ចោទរកខ្ចីប្រាក់ថៅកែឱ្យ ៨០ ម៉ឺនរៀល ហើយបើរកមិនបានទេ ឱ្យកូនគាត់លក់ខ្លួនទៅ ។ លុះពេលរកប្រាក់មិនបានគាត់ក៏ទៅជួបស្ត្រីមេបនត្រូវជាម្តាយមីងខ្លួន ហើយបានព្រមព្រៀងគ្នាដោយសន្តិវិធី ហើយស្ត្រីមេបនក៏បានឱ្យប្រាក់ខ្ចី ប៉ុន្តែដឹងអីឥឡូវត្រូវ គេចោទថាយកមនុស្សទៅលក់ ហើយត្រូវគេចាប់ដាក់ពន្ធនាគារ ។ មិនត្រឹមតែខ្លួនទេ ថែម ទាំងម្តាយមីងជាមេបននៅឯខេត្តបន្ទាយមានជ័យនោះក៏ត្រូវប៉ូលិសចាប់ខ្លួនដែរ ៕

អត្ថបទនេះ ដកស្រង់ចេញពីភ្នំពេញដេលីញូវ

No comments:

Post a Comment