ជម្ងឺធ្លាក់សរបស់ស្រី្ត


      ក្នុងចំណោមមូលហេតុនានា ដែលធ្វើឱ្យស្ត្រីអញ្ជើញទៅពិគ្រោះ ជាមួយគ្រូពេទ្យនោះ ការធ្លាក់សក៏ជាបញ្ហាមួយដែលស្រ្តីតែងតែយក ចិត្តទុកដាក់ខ្លាំងផងដែរ។ ការធ្លាក់សនេះ អាចកើតមាននៅលើស្រ្តី
គ្រប់រូប។ ដោយការខ្មាសអៀន ស្រ្តីមួយចំនួនមិនហ៊ានមកពិគ្រោះជាមួយគ្រូពេទ្យទេហើយ ខ្លះទៀតក៏ធ្វើការព្យាបាលទៅតាមការណែនាំតៗគ្នាដែរ ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ ការ ធ្វើបែបនេះជាការខុសឆ្គង មួយព្រោះជម្ងឺនានាមិនអាចដូចគ្នា បានទេហើយត្រូវការរោគ វិនិច្ឆ័យត្រឹមត្រូវ ទើបការព្យាបាលទទួលបានប្រសិទ្ឋភាព។        នៅក្នុងលេខនេះ ទស្សនាវដ្តី សុខភាពយើង បានធ្វើការសម្ភាសន៍ជាមួយលោក សាស្រ្តាចារ្យ វេជ្ជបណ្ឌិត លៀង ច័ន្ទរិទ្ឋ ឯកទេសរោគស្រ្តីនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ធ្វើការបកស្រាយនូវប្រធានបទធ្លាក់សនេះជូនស្រ្តីខ្មែរគ្រាន់ជាការយល់ដឹងពីបញ្ហានេះ។
      
ធ្លាក់ស ជាអ្វី?
      
ធ្លាក់សជាការធ្លាក់នូវវត្ថុរាវដែលមិនមែនមានពណ៌ក្រហម ពោលគឺជាការហូរនូវទឹក រាវមួយប្រភេទ ដែលមិនមែនជាឈាមដែលហូរមកតាមទ្វាមាស ឬ ប្រដាប់បន្តរពូជស្រ្តី។ ការធ្លាក់សនេះមានពីរប្រភេទ គឺការធ្លាក់សដោយសារតែមានជម្ងឺ និង ការធ្លាក់សធម្មតា មិនមានជម្ងឺ។
       1)
ការធ្លាក់សមានជម្ងឺ: ជាការធ្លាក់សរមួយប្រភេទដែលមានធុំក្លិន ហើយពេលខ្លះ ទៀតអាចធ្លាក់ឈាមមកជាមួយទៀតផង។ ការធ្លាក់សនេះបណ្តាលមកពីមេរោគ ហើយ នាំឱ្យកើតជម្ងឺស្រ្តីនេះតែម្តង ក្នុងន័យថាការធ្លាក់សជារោគសញ្ញាមួយនៃរោគស្រ្តី។ មេរោគ ដែលបង្កឱ្យមានការធ្លាក់សមានច្រើនប្រភេទ។
       2)
ការធ្លាក់សធម្មតា មិនមានជម្ងឺ: ជាការធ្លាក់សរដែលមានសណ្ឋានដូចជាទឹកសម្បោរ ជាទឹករំអិល ឬ ដូចផ្នែកសនៃពងមាន់ ហើយពុំមានធុំក្លិនទេ។ ជាទូទៅបើគេយកសនោះ ទៅពិនិត្យមើល គេមិនឃើញមានកោសិកាអ្វីទេមិនឃើញមានមេរោគ និងគ្មានគ្រាប់ឈាម សឡើយ។ នៅក្នុងមជ្ឈដ្ឋានប្រដាប់បន្តពូជស្រ្តីមានអាស៊ីតបាសប៉េអាស់(pH) ចាប់ពី៣,
ទៅ ៤,៥។ មជ្ឈដ្ឋានប្រដាប់បន្តពូជស្រ្តីមានអាស៊ីតបាសប៉េអាស់យ៉ាងនេះអាចទប់ទល់នឹង ជម្ងឺផ្សេងៗបាន ដែលធ្វើឱ្យស្រ្តីអាចការពារនឹង ជម្ងឺនានាដោយអាចជួយ បង្អាក់ការកកើត មេរោគដទៃទៀតបានជាច្រើននៅក្នុងប្រដាប់បន្តពូជស្រ្តី។
      
ការធ្លាក់សជារោគសញ្ញានៃជម្ងឺផ្សេងទៀត
      
ការធ្លាក់សជារោគសញ្ញានៃជម្ងឺមួយចំនួនដែលមានដូចជា ការរលាកទ្វារមាសរលាក ស្បូនជាដើម។ ស្រ្តីដែលមានជម្ងឺទាំងនេះតែងមានការធ្លាក់ស និងមានរោគសញ្ញាផ្សេងៗ ទៀត។
      
܀܀ធ្លាក់សមានធុំក្លិន
      
܀܀ក្រហាយនៅប្រដាប់ភេទ
      
܀܀រមាស់ទ្វារមាស
      
܀܀ឈឺចាប់ពេលរួមភេទ
      
܀܀នោមញឹកញាប់ ហើយផ្សារជាដើម
      
មូលហេតុដែលបង្កឱ្យស្រ្តីមានធ្លាក់ស
      
ការធ្លាក់សអាចបណ្តាលមកពីផ្សិត។ ការធ្លាក់សម្យ៉ាងទៀតនោះគឺ វាកើតមកពី មេរោគជាច្រើនដែលរួមផ្សំគ្នា កកើតទៅជាសនេះឡើង។ មួយវិញទៀតនោះចំពោះស្រ្តី ដែលប្រើប្រាស់ថ្នាំពន្យារកំណើត និងចំពោះស្រ្តីដែលមានផ្ទៃពោះក៏អាចមានធ្លាក់សបាន ដែរ។ មេរោគដែលនាំឱ្យ មានការធ្លាក់ស មានដូចជាផ្សិត ទ្រីកូម៉ូណាល់ហ្គាណឺរ៉ឺឡាជា ដើម។ ការវិវត្តន៍ពីមេរោគមួយទៅមេរោគមួយទៀត ការធ្លាក់សមានសភាពខុសៗគ្នាពីរោគ ស្រ្តីដែលបង្កឱ្យមានការធ្លាក់សមួយទៅរោគស្រ្តីមួយទៀត។ ការមានអាការខុសគ្នានេះតម្រូវ ឱ្យគ្រូពេទ្យកំណត់រោគវិនិច្ឆ័យឱ្យច្បាស់លាស់ ដើម្បីដាក់ចេញជាការព្យាបាលមួយឱ្យមាន ប្រសិទ្ឋភាព។ ដូចនេះការធ្លាក់សមានមូលហេតុច្រើន ពេលខ្លះមានមេរោគតែមួយប្រភេទ ហើយពេលខ្លះមានមេរោគច្រើនប្រភេទដែលបង្ក។
      
ការព្យាបាលជម្ងឺធ្លាក់
      
កាព្យាបាលជម្ងឺធ្លាក់ស គឺអាចព្យាបាលបានទៅតាមប្រភេទនៃមេរោគដែលបង្កហើយ ក៏មានប្រសិទ្ឋភាពទៅតាមមេរោគទាំងនោះផងដែរ។ លោកអ្នកគួរតែព្យាយាមធ្វើយ៉ាងណា កុំឱ្យខូចមជ្ឈដ្ឋានប៉េអាស់ នៅត្រង់ប្រដាប់បន្តពូជស្រ្តីព្រោះបើប៉េអាស់ខូចមេរោគទាំងឡាយ អាចជ្រាត ចូលយ៉ាងឆាប់រហ័ស ទៅក្នុងខ្លួនស្រ្តីបាន។ ប៉េអាស់នឹងខូចដោយសារតែស្រ្តី ឧស្សាហ៍លាងសម្អាតប្រដាប់ភេទញឹកញាប់ពេក ដោយមិនត្រឹមត្រូវជាដើម។
      
ផលវិបាកនៅវ័យចំណាស់
      
ចំពោះស្រ្តីដែលវ័យចំណាស់ គាត់មិនមានធ្លាក់សទេ។ ភាពស្ងួតនៅប្រដាប់ភេទ នោះបណ្តាលមកពីកង្វះអ៊ីដ្រូហ្សែន។ ប៉ុន្តែបើគាត់មានការធ្លាក់ស ហើយមានធំក្លិននិងមាន ធ្លាក់ឈាមតិចៗ លាយមកជាមួយនោះ ត្រូវតែប្រុងប្រយ័ត្ន ព្រោះនេះជារោគសញ្ញានៃជម្ងឺ មហារីកមាត់ស្បូន។ ចំណែកឯស្រ្តីដែលនៅលីវ ពេលដែលជិតដល់ពេលមានរដូវ ឬពាក់ កណ្តាល នៃថ្ងៃរដូវ តែងតែមានការធ្លាក់ទឹករំអិលដែលមិនមែនជាជម្ងឺ និង មិនមែនជាការ ធ្លាក់សមានជម្ងឺទេ។
      
វិធីបង្ការជម្ងឺធ្លាក់ស
      
វិធីបង្ការជម្ងឺនេះ ធ្វើឡើងនៅតាមមេរោគដែលបង្ក។ វិធីមួយទៀតនោះគឺ ស្រ្តីមិនត្រូវ លាងសម្អាតប្រដាប់ភេទច្រើនដងពេកទេក្នុងមួយថ្ងៃ និងត្រូវធ្វើការសម្អាតឱ្យបានត្រឹមត្រូវ គឺចាប់ផ្តើមធ្វើការសម្អាតពីផ្នែកខាងមុខទៅផ្នែកខាងក្រោយ ទើបជាការត្រឹមត្រូវល្អនិងអាច ចៀសផុតពីជម្ងឺស្រ្តីនានាបានទៀតផង។
      
ដំបូន្មានអ្នកជំនាញ
      
បើលោកស្រី អ្នកនាងមានធ្លាក់សដែលមិនធម្មតាមានធុំក្លិន មានការឈឺចាប់និង មានរយ:ពេលយូរច្រើនថ្ងៃនោះ លោកស្រីអ្នកនាងត្រូវតែប្រញាប់មកជួបអ្នកជំនាញដើម្បី ប្រឹក្សា និង រកវិធីព្យាបាលឱ្យទាន់ពេលវេលា ចៀសវាងការមកកាន់មន្ទីរពេទ្យយឺតពេល ធ្វើឱ្យជម្ងឺកាន់តែធ្ងន់ធ្ងរ។
      
ដោយ : យឿង សុវណ្ណា អ្នកប្រឹក្សា សាស្រ្តាចារ្យ លៀង ច័ន្ឋរិទ្ឋ អនុប្រធាននៃ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។

No comments:

Post a Comment