នាងខ្ញុំមានផ្ទៃពោះឬ?


       នៅពេលមានផ្ទៃពោះ ស្រ្តីទាំងឡាយតែងតែ មានស្ថានភាព សុខភាពប្រែប្រួល និងអាការខុសប្រក្រតី ឬខុសធម្មតាដែលចាស់ៗ តែងហៅថា ចាញ់កូន។ ចំពោះស្រ្តីដែលធ្លាប់មានគភ៌ច្រើនដង
ហើយនោះ មានភាពងាយស្រួលក្នុងការសង្កេតឬដឹងថាខ្លួនឯងមានគភ៌ឬក៏អត់។ ដោយ ឡែកស្រ្តីដែលទើបតែមានគភ៌ដំបូង មានការលំបាកបន្តិច ហើយជួនកាលមិនដឹងថាខ្លួន មានគភ៌ថែមទៀតផង។ តើមានវិធីអ្វីខ្លះដែលផ្តល់ភាពងាយស្រួលដល់ស្រ្តី ក្នុងការចំណាំ នូវអាការបញ្ជាក់ថាមានគភ៌?
      
ស្រ្តីដែលជាអនាគតមាតា អាចស្វែងយល់ពីអាការរោគ របស់ស្រ្តីនៅដំណាក់កាល ដំបូងនៃការចាប់ផ្តើមមានគភ៌ តាមរយៈការបកស្រាយរបស់លោកសាស្រ្តាចារ្យ លាង ច័ន្ទរឹទ្ឋអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ជាមួយទស្សនាវដ្តី សុខភាពយើង។       អាការដែលបញ្ជាក់ថាមានគភ៌
      
មានរោគសញ្ញាមួយចំនួន ដែលសុភាពស្រ្តីទាំងឡាយអាចចំណាំដោយខ្លួនឯងដោយ មិនចាំបាច់ទៅជួប ជាមួយគ្រូពេទ្យជំនាញ។ ប៉ុន្តែវិធីដែលប្រសើរបំផុត ដើម្បីឱ្យប្រាកដថា ពិតជាមានគភ៌មែន គឺទៅពិនិត្យនៅឯមន្ទីរពេទ្យ។ វាមិនត្រឹមតែជួយឱ្យ ស្រ្តីដឹងថាមានគភ៌ ប៉ុណ្ណោះទេ គ្រូពេទ្យថែមទាំងប្រាប់ពីវិធីការពារ និងថែទាំសុខភាពដល់ស្រ្តីនៅពេលមាន គភ៌ទៀតផង។
      
១)អាការដែលស្រ្តីចំណាំដោយខ្លួនឯង : រដូវគឺជាការឆ្លុះបញ្ចាំងពីបញ្ហាសុខភាពស្រ្តី ប្រសិនបើស្រ្តី មានរដូវទៀងទាត់ទៀត ហើយស្រាប់តែបាត់រដូវនោះ បញ្ជាក់ថាស្រ្តីនោះ អាចមានគភ៌។
      
ជាមួយគ្នានេះដែរ ស្រ្តីភាគច្រើនអាចមានអាការខុសពីធម្មតា ឬចាញ់កូន ដូចជា ការក្អូតចង្អោរ ហៀរទឹកមាត់នៅពេលព្រឹក មានអារម្មណ៍នឿយហត់ អស់កម្លាំង វិលមុខ ឆាប់មួម៉ៅជាដើម។ ជាពិសេសសុដន់ទាំងគូរបស់ស្រ្តី មានសភាពតឹងណែន រីឯការទទួល ទានចំណីអាហារក៏មានការប្រែប្រួលផងដែរ ដូចជាធ្វើឱ្យស្រ្តីធំក្លិនអាហារ មិនចង់ហូប អាហារដែលធ្លាប់ហូបរាល់ដង តែបែរជាងាកមកចង់ហូបម្ជូរជំនួសវិញ។
      
២)ការពិនិត្យដោយគ្រូពេទ្យជំនាញ :ស្រ្តីដែលមានអាការដូចរៀងរាប់ខាងលើនេះ គួរតែទៅពិនិត្យជាមួយគ្រូពេទ្យជំនាញ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា មានគភ៌ឬមួយ មកពីការបង្កជម្ងឺផ្សេងៗ។ គ្រូពេទ្យសាកសួរអំពីសុខភាពទូទៅ និងប្រវិត្តជម្ងឺផ្សេងៗ ដើម្បី រកកត្តាដែលនាំឱ្យមានគ្រោះថ្នាក់ដល់ការវិវត្តទារក និងម្តាយ ព្រមទាំងផ្តល់ដំបូន្មានដល់ ស្រ្តីជាម្តាយ។ ចំពោះការពិនិត្យមាត់ស្បូនឃើញមានពណ៌ស្វាយ ហើយមានរាងទន់នៅ ពេលដែលស្ទាបមាត់ស្បូន។ ការវិវត្តនៃទារកក្នុងផ្ទៃអាចកំណត់ទៅបានដោយការពិនិត្យ ឆ្លុះអេកូ។
      
ដំបូន្មានអ្នកប្រឹក្សា
      
ចំពោះស្រ្តីដែលមានគភ៌ទាំងអស់ គួរតែទៅរកការពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីកំណត់ទីតាំងរបស់គភ៌ដែលកំពុងកើតនោះ ស្ថិតនៅក្រៅស្បូន ឬក្នុងស្បូន ឬកូនជា
ពង ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ដល់ស្រ្តីជាម្តាយ។ ការពិនិត្យផ្ទៃពោះមានសារៈសំខាន់ ណាស់ ព្រោះអាចរកកត្តាគ្រោះថ្នាក់ ការលូតលាស់ចំពោះទារក និងការតាមដានចំពោះ សុខភាពរបស់ស្រ្តីជាម្តាយឱ្យមានសុវត្ថិភាព។
      
ដោយ ទស្សនាវដ្តីសុខភាពយើង អ្នកប្រឹក្សា លោកសាស្រ្តាចារ្យ លាងច័ន្ទរឹទ្ឋ អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕

No comments:

Post a Comment